ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ធីម៉ូថេ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ជាដំបូងនេះ ខ្ញុំសូមផ្តែផ្តាំឲ្យអធិស្ឋានសូមព្រះជាម្ចាស់ ទូលអង្វរព្រះអង្គ ហើយអរព្រះគុណព្រះអង្គសម្រាប់មនុស្សទាំងអស់ផង
2ចូរអធិស្ឋានសម្រាប់ស្តេច និងអ្នកកាន់អំណាចគ្រប់រូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត និងមិនមានចលាចល ក្នុងការគោរពប្រតិបត្តិព្រះជាម្ចាស់ និងមានជីវិតថ្លៃថ្នូរ។
3នេះគឺជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះនៃយើងរាល់គ្នា។
4ព្រះអង្គគាប់ព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ និងបានស្គាល់សេចក្តីពិតយ៉ាងច្បាស់។
5ដ្បិត មានព្រះជាម្ចាស់តែមួយ និងមានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស គឺព្រះគ្រិស្តយេស៊ូ។
6ព្រះអង្គបានបូជាព្រះកាយរបស់ព្រះអង្គ ដើម្បីលោះមនុស្សទាំងអស់គ្នា ទុកជាស្មរបន្ទាល់នៅពេលកំណត់មកដល់។
7ដោយសារមូលហេតុនេះ ព្រះអង្គតែងតាំងខ្ញុំផ្ទាល់ឲ្យធ្វើជាអ្នកប្រកាសសក្ខីភាព និងជាសាវ័ក។ ខ្ញុំនិយាយការពិត។ ខ្ញុំមិននិយាយកុហកទេ។ ខ្ញុំជាអ្នកបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្តីពិត។
8ហេតុដូចនេះហើយបានជា ខ្ញុំចង់ឲ្យបុរសទាំងអស់នៅគ្រប់ទីកន្លែង អធិស្ឋាន ហើយលើកដៃឡើងដោយចិត្តបរិសុទ្ធ ដោយមិនមានកំហឹង និងឈ្លោះប្រកែកគ្នាឡើយ។
9ដូចនេះដែរ ខ្ញុំក៏ចង់ឲ្យស្រ្តីទាំងអស់ស្លៀកសម្លៀកបំពាក់សមរម្យ មានភាពរម្យទម និងមានទំនួលខុសត្រូវ។ ពួកគេមិនគួរក្រងសក់ ពាក់មាស ឬគ្រឿងអលង្ការ ឬសម្លៀកបំពាក់ថ្លៃៗទេ។
10ខ្ញុំចង់ឲ្យពួកគេស្លៀកពាក់សមរម្យ ដែលជាស្រ្តីគោរពប្រតិបត្តិ កោតខ្លាចព្រះជាម្ចាស់​ តាមរយៈការធ្វើកិច្ចការល្អវិញ។
11នៅពេលរៀនព្រះបន្ទូល ស្ត្រីត្រូវតែចេះរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់បង្គាប់ទាំងស្រុង។
12ខ្ញុំមិនអនុញ្ញាតឲ្យស្រ្តីបង្រៀន ឬប្រើសិទ្ធិអំណាចត្រួតត្រាលើប្តីឡើយ ប៉ុន្តែ ត្រូវរស់នៅដោយស្ងៀមស្ងាត់វិញ។
13ដ្បិត ព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន បន្ទាប់មកបង្កើតនាងអេវ៉ាតាមក្រោយ។
14លោកអដាំមិនមែនជាអ្នកចាញ់បោកទេ ប៉ុន្តែ គឺស្ត្រីវិញទេតើដែលចាញ់បោក ហើយរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ថែមទៀតផង
15ទោះបីជានាងត្រូវបានសង្គ្រោះតាមរយៈការបង្កើតកូនក្តី លុះត្រាតែពួកគេមានជំនឿ និងសេចក្តីស្រឡាញ់ សុភាពរាបសា ព្រមទាំងមានកិរិយាបរិសុទ្ធផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។