1ជាចុងក្រោយ បងប្អូនអើយ យើងលើកទឹកចិត្ត និងដាស់តឿនដល់បងប្អូននៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្ត។ ដូចដែលបងប្អូនបានទទួលសេចក្តីបង្គាប់ពីយើងរួចហើយ អំពីរបៀបនៃការដើរយ៉ាងណាឲ្យគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ គឺដើរក្នុងរបៀបនេះឯង ដើម្បីឲ្យអ្នកបានធ្វើការច្រើនថែមទៀត។
2ដ្បិត បងប្អូនបានដឹងស្រាប់ហើយ ពីការណែនាំដែលយើងបានផ្តល់ដល់អ្នករាល់គ្នាតាមរយៈព្រះអម្ចាស់យេស៊ូ។
3ដ្បិត នេះគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានជ្រះស្អាត ដោយចៀសចេញពីការប្រព្រឹត្តខុសសីលធម៌ខាងផ្លូវភេទ
4ដែលបងប្អូនម្នាក់ៗបានដឹងរួចមកហើយ ពីរបៀបនៃការគ្រប់គ្រងរូបកាយរបស់ខ្លួន នៅក្នុងភាពដ៏វិសុទ្ធ និងថ្លៃថ្នូរ
5មិនត្រូវនៅក្នុងតណ្ហាក្រាស់ (ដូចសាសន៍ដទៃដែលមិនស្គាល់ព្រះជាម្ចាស់ឡើយ)។
6កុំឲ្យនរណាម្នាក់ធ្វើរំលង និងខុសឆ្គងជាមួយបងប្អូនរបស់ខ្លួននៅក្នុងរឿងនេះឡើយ។ ដ្បិត ព្រះអម្ចាស់នឹងសងសឹកជាមួយនឹងការទាំងអស់នោះ ដូចដែលយើងបានដាស់តឿនបងប្អូន និងថ្លែងជាមួយបងប្អូនពីមុនរួចហើយ។
7ដ្បិត ព្រះជាម្ចាស់មិនបានហៅយើងមកនៅក្នុងភាពមិនស្អាតឡើយ ប៉ុន្តែ នៅក្នុងភាពបរិសុទ្ធវិញ។
8ដូច្នេះហើយ អ្នកណាដែលបដិសេធការនេះ គឺបដិសេធព្រះជាម្ចាស់ ដែលប្រទានភាពបរិសុទ្ធដល់អ្នក។
9ទាក់ទងនឹងសេចក្តីស្រឡាញ់បងប្អូនអើយ អ្នកបានធ្វើហើយ មិនចាំបាច់ឲ្យនរណាសរសេរសំបុត្រមកកាន់បងប្អូនឡើយ ព្រោះព្រះជាម្ចាស់បានបង្រៀនដល់បងប្អូនដោយផ្ទាល់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក។
10ពិតណាស់ បងប្អូនបានធ្វើការនេះ ជាមួយបងប្អូនគ្រប់គ្នា ដល់អស់អ្នកដែលនៅស្រុកម៉ាសេដូនទាំងអស់។
11ប៉ុន្តែ យើងសូមដាស់តឿនដល់បងប្អូន ចង់ឲ្យបងប្អូនរស់នៅជាមួយគ្នាដោយស្ងៀមស្ងាត់ គិតពីការងារខ្លួនឯង ហើយខំប្រឹងធ្វើការ ដូចដែលយើងបានបង្គាប់ដល់បងប្អូន។
12ដើម្បីឲ្យបងប្អូនបានដើរត្រឹមត្រូវចំពោះអ្នកនៅខាងក្រៅ និងគ្មានអ្វីដែលខ្វះខាតឡើយ។
13បងប្អូនអើយ យើងមិនចង់ឲ្យបងប្អូនយល់ច្រឡំឡើយ អំពីអស់អ្នកដែលដេកលក់ទៅហើយ ដើម្បីកុំឲ្យអ្នករាល់គ្នាយំសោកដូចមនុស្សដទៃទៀតដែលពួកគេមិនដឹងច្បាស់អំពីអនាគត។
14ដ្បិត បើយើងជឿថា ព្រះយេស៊ូបានសុគត ហើយរស់ឡើងវិញ ហើយ ព្រះជាម្ចាស់បាននាំអស់អ្នកដែលបានដេកលក់នៅក្នុងព្រះអង្គឡើងមកវិញដែរ។
15ដោយហេតុនេះ យើងនិយាយមកកាន់បងប្អូន តាមរយៈព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលនៅរស់នៅឡើយ យើងនឹងនៅរហូតទាល់តែព្រះអម្ចាស់យាងត្រឡប់មកវិញ យើងប្រាកដជាមិនឡើងទៅមុនអស់អ្នកដែលបានដេកលក់នោះទេ។
16ដ្បិត ព្រះអម្ចាស់ផ្ទាល់នឹងចុះពីស្ថានសួគ៌មក។ ព្រះអង្គនឹងយាងមកជាមួយនឹងសម្រែកមួយ ជាមួយនឹងសម្លេងរបស់មហាទេវតា និងជាមួយនឹងសម្លេងត្រែរបស់ព្រះជាម្ចាស់ ហើយអ្នកដែលស្លាប់ក្នុងព្រះគ្រិស្ត នឹងរស់ឡើងវិញមុនគេ។
17បន្ទាប់មកយើងគឺជាអ្នកដែលនៅសល់ ក៏រស់ឡើងវិញដែរ យើងនឹងឡើងទៅជួបជាមួយគ្នានៅឯពពក។ តាមរបៀបនេះឯង យើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។
18ដូច្នេះហើយ ចូរកម្សាន្តចិត្តដល់គ្នាទៅវិញទៅមកជាមួយនឹងពាក្យទាំងនេះ។