ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 9

Read Scripture freely. Divine Threads study for this chapter is coming later.

1មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកមានឥទ្ធិពល គាត់ឈ្មោះថា គីស ជាកូនប្រុសរបស់លោកអបៀល ជាចៅរបស់លោកសេរោ និងជាចៅទួតរបស់លោកបេកូរ៉ា ហើយត្រូវជាចៅទួតរបស់លោកអភីយ៉ា ជាអ្នកក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
2គាត់មានកូនប្រុសម្នាក់ឈ្មោះ សូល ជាបុរសមានរាងសង្ហា។ គ្មានបុរសណាក្នុងចំណោមប្រជាជនអុីស្រាអែលដែលសង្ហាជាងបុរសម្នាក់នោះឡើយ។ ពីស្មាឡើងលើ ជាមនុស្សដែលមានមាឌធំខ្ពស់ជាងអ្នកផ្សេងទាំងអស់។
3ពេលនោះ លារបស់លោកគីស ជាឪពុករបស់លោកសូលបានវង្វេង។ ដូច្នេះ លោកគីស បានប្រាប់ឲ្យកូនប្រុស គឺសូល ថា៖ «ចូរយកបាវម្នាក់ទៅជាមួយកូន ហើយក្រោកឡើងចេញទៅរកលាដែលវង្វេងបាត់នោះ»។
4លោកសូលបានធ្វើដំណើរដល់ភ្នំអេប្រាអុីម ហើយបានឆ្លងកាត់ស្រុកសាលីសា ប៉ុន្តែ មិនឃើញលាទាំងនោះទេ។ បន្ទាប់មក ក៏ឆ្លងកាត់ស្រុកសាលីម ក៏នៅតែមិនឃើញ។ ពេលបានឆ្លងកាត់ស្រុកបេនយ៉ាមីន ក៏ពុំមានដំណឹងអ្វីដែរ។
5ពេលបានមកដល់ទឹកដីស៊ូភ លោកសូលបានមានប្រសាសន៍ទៅបាវរបស់គាត់ដែលមកជាមួយថា៖ «តោះ យើងត្រឡប់ទៅវិញ ក្រែងឪពុកខ្ញុំលែងខ្វល់ខ្វាយនឹងលាទាំងនោះ ហើយបែរជាមកព្រួយបារម្ភពីយើងវិញ»។
6ប៉ុន្តែ បាវនោះបាននិយាយមកលោកវិញថា៖ «សូមស្តាប់ខ្ញុំសិន មានអ្នកជំនិតរបស់ព្រះជាម្ចាស់ម្នាក់រស់នៅក្នុងក្រុងនេះ។ គាត់ជាមនុស្សដែលគេគោរព ហើយអ្វីៗដែលលោកបាននិយាយសុទ្ធតែកើតឡើង។ តោះយើងគួរទៅទីនោះ ប្រហែលជាគាត់អាចប្រាប់យើងនូវផ្លូវណាដែលយើងគួរទៅ»។
7នោះលោកសូលក៏តបទៅបាវវិញថា៖ «បើយើងទៅ តើយើងមានអ្វីទៅជូនលោកនោះ? ព្រោះនំបុ័ងក៏អស់ពីថង់ ហើយយើងក៏គ្មានអំណោយអ្វីជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ដែរ។ តើយើងមានអ្វី?»
8បាវបានតបលោកសូលវិញថា៖ «នេះនែ៎ ខ្ញុំមានប្រាក់មួយកាក់ដែលអាចយកជូនអ្នកជំនិតរបស់ព្រះជាម្ចាស់បាន ដើម្បីសុំឲ្យគាត់ប្រាប់យើងនូវផ្លូវដែលយើងត្រូវទៅ»។
9(នៅក្នុងស្រុកអុីស្រាអែលកាលពីមុន នៅពេលនរណាម្នាក់ចង់ស្វែងរកព្រះហប្ញទ័យនៃព្រះជាម្ចាស់ អ្នកនោះនិយាយថា៖ «មក ចូរយើងទៅរកគ្រូទាយ»។ ដោយព្រោះព្យាការីសព្វថ្ងៃនេះ អ្នកពីមុនហៅថាជា គ្រូទាយ)។
10នោះលោកសូលបានមានប្រសាសន៍ទៅបាវថា៖ «និយាយល្អណាស់ តោះយើងចេញទៅ»។ ដូច្នេះ ពួកគេចេញដំណើរទៅក្រុងដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ធ្លាប់រស់នៅ។
11ពេលទៅដល់ទីទួលនៃក្រុង ពួកគេឃើញនារីក្មេងៗកំពុងចេញមកដងទឹក លោកសូលនិងបាវបាននិយាយទៅពួកនាងថា៖ «តើមានគ្រូទាយនៅទីនេះឬទេ?»
12ពួកនាងបានឆ្លើយថា៖ «ចា៎ មើល គាត់នៅនឹងមុខលោកស្រាប់ហើយ។ ចូរទៅប្រញាប់ ពីព្រោះគាត់កំពុងមកទីក្រុងថ្ងៃនេះហើយ ដោយប្រជាជនត្រូវថ្វាយយញ្ញបូជានៅលើទីទួលខ្ពស់ថ្ងៃនេះដែរ។
13ពេលលោកចូលដល់ក្រុង លោកនឹងឃើញគាត់ មុនពេលគាត់ឡើងទៅទទួលទានអាហារនៅទីទួលខ្ពស់នោះ។ ប្រជាជនមិនបរិភោគអ្វីទាំងអស់ទាល់តែលោកមកសិន ពីព្រោះគាត់ជាអ្នកថ្វាយយញ្ញបូជានោះ ក្រោយមកអ្នកដែលត្រូវបានអញ្ជើញអាចបរិភោគបាន។ ចូរចេញទៅចុះ នោះអស់លោកនឹងឃើញគាត់មិនខាន»។
14ឮដូច្នេះពួកគេបានចេញដំណើរទៅឯទីក្រុង ពេលចូលដល់ក្រុង ពួកគេបានឃើញលោកសាំយូអែលដើរតម្រង់មកពួកគេ ទៅឯទីទួលខ្ពស់នោះ។
15ពេលវេលារបស់លោកសូលបានមកដល់ ព្រះអម្ចាស់បានបើកសម្តែងដល់លោកសាំយូអែលដូចតទៅថា៖
16«ស្អែកពេលថ្មើនេះ យើងនឹងបញ្ជូនបុរសម្នាក់ពីទឹកដីបេនយ៉ាមីនមកឯអ្នក ហើយអ្នកនឹងចាក់ប្រេងតាំងបុរសនោះឲ្យធ្វើជាស្តេចលើប្រជាជនអុីស្រាអែល។ បុរសនេះនឹងរំដោះប្រជាជនរបស់យើងពីដៃរបស់ពួកភីលីស្ទីន។ ពីព្រោះយើងបានមើលឃើញ ហើយអាណិតដល់ប្រជាជនរបស់យើង ដោយសម្លេងទូលអង្វររបស់ពួកគេរកជំនួយបានមកដល់យើង»។
17ពេលលោកសាំយូអែលបានឃើញលោកសូល ព្រះអម្ចាស់បានប្រាប់គាត់ថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក! បុរសនេះនឹងដឹកនាំប្រជាជនរបស់យើង»។
18បន្ទាប់មក លោកសូលបានចូលមកជិតលោកសាំយូអែលនៅឯខ្លោងទ្វារ ហើយបានមានប្រសាសន៍ថា៖ «សូមលោកប្រាប់ខ្ញុំពីផ្ទះគ្រូទាយផង តើនៅទីណា?»
19លោកសាំយូអែលបានតបនឹងលោកសូលវិញថា៖ «គឺខ្ញុំហើយជាគ្រូទាយ។ ចូរឡើងទៅទីទួលខ្ពស់មុនខ្ញុំចុះ ព្រោះថ្ងៃនេះលោកនឹងរួមអាហារជាមួយខ្ញុំ។ ព្រឹកឡើងខ្ញុំនឹងអនុញ្ញាតឲ្យលោកទៅវិញ ហើយខ្ញុំនឹងប្រាប់លោកគ្រប់យ៉ាងដែលមាននៅនឹងគំនិតរបស់លោក។
20រឿងបាត់សត្វលាពីបីថ្ងៃមុននោះ កុំបារម្ភទៀតឡើយ ព្រោះគេបានរកឃើញពួកវាវិញហើយ។ តើមិនមែនលោកទេឬជាបំណងប្រាថ្នារបស់ជនជាតិអុីស្រាអែល? តើមិនមែនលោក និងគ្រួសាររបស់ឪពុកលោកទេឬអី?»
21លោកសូលបានតបវិញថា «តើខ្ញុំមិនមែនមកពីកុលសម្ព័ន្ធបេនយ៉ាមីនទេឬអី ជាកុលសម្ព័ន្ធតូចជាងគេបំផុតរបស់អុីស្រាអែល? តើមិនមែនអំបូររបស់ខ្ញុំរឹតតែតូចជាងអំបូរផ្សេងៗនៃកុលសម្ព័ន្ធបេនយ៉ាមីនទេឬអី? ហេតុអ្វីបានជាលោកនិយាយមកដូចជាខ្ញុំនឹងអស្ចារ្យយ៉ាងនេះ?»
22លោកសាំយូអែលបានយកលោកសូល និងបាវរបស់លោកទៅឯវាល ហើយដាក់នៅកន្លែងអង្គុយពីមុខអ្នកផ្សេងៗដែលត្រូវបានអញ្ជើញមកប្រមាណជាសាមសិបនាក់។
23លោកសាំយូអែលបានមានប្រសាសន៍ទៅអ្នកចម្អិនម្ហូបថា៖ «ចូរយកចំណែកដែលខ្ញុំបានប្រគល់ឲ្យអ្នក ដែលខ្ញុំនិយាយថា ចូរដាក់ដោយឡែកនោះ»។
24អ្នកចម្អិនក៏យកសាច់ភ្លៅដែលបានញែកទុកនោះ មកដាក់នៅមុខលោកសូល។ បន្ទាប់មក លោកសាំយូអែលបានមានប្រសាសន៍ថា៖ «មើល អ្វីដែលបានរក្សាទុកនោះត្រូវបានដាក់នៅមុខរបស់លោកហើយ។ ចូរពិសារចុះ ពីព្រោះ ចំណែកនេះ ត្រូវបានរក្សាទុក ចាំរហូតពេលនេះមកដល់ គឺតាំងពីពេលដែលខ្ញុំបាននិយាយថា ខ្ញុំបានអញ្ជើញមនុស្ស»។ នោះ លោកសូលបានបរិភោគអាហារជាមួយនឹងលោកសាំយូអែលនៅថ្ងៃនោះ។
25ពេលពួកគេបានចុះពីទីទួលខ្ពស់ចូលទីក្រុងវិញ លោកសាំយូអែលបានមានប្រសាសន៍ជាមួយលោកសូលនៅលើដំបូលផ្ទះ។
26ពេលថ្ងៃរះឡើង លោកសាំយូអែលបានហៅលោកសូលនៅលើដំបូលផ្ទះថា៖ «ចូរក្រោកឡើង នោះខ្ញុំអាចបញ្ជូនអ្នកឲ្យទៅ»។ លោកសូលបានក្រោកឡើង អ្នកទាំងពីរ ទាំងលោកសូល និងលោកសាំយូអែលបានចេញទៅឯផ្លូវ។
27កាលពួកលោកបានដើរដល់ជាយក្រុងហើយ លោកសាំយូអែលបានប្រាប់លោកសូលថា៖ «ឲ្យបាវលោកទៅមុនយើងចុះ» បាវក៏បានចេញទៅមុន «តែលោកត្រូវនៅទីនេះបន្តិចសិន នោះខ្ញុំនឹងប្រាប់ព្រះរាជសាររបស់ព្រះជាម្ចាស់ដល់លោក»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។