ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 8

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលលោកសាំយូអែលមានវ័យចាស់បន្តិច លោកបានតាំងឲ្យកូនប្រុសៗរបស់លោកជម្រះក្តីឲ្យជនជាតិអុីស្រាអែល។
2កូនប្រុសទីមួយរបស់លោកឈ្មោះ យ៉ូអែល ទីពីរឈ្មោះ អប៊ីយ៉ា។ ពួកគេទាំងពីរគឺជាចៅហ្វាយនៅឯបៀរសេបា។
3ប៉ុន្តែ កូនប្រុសរបស់លោក ពុំបានដើរក្នុងផ្លូវរបស់លោកទេ ផ្ទុយទៅវិញអ្នកទាំងពីរគិតពីចង់បាន។ ពួកគេទាំងពីរបានទទួលសំណូក ហើយកាត់ក្តីដោយអយុត្តិធម៌។
4ក្រោយមក ពួកចាស់ទុំអុីស្រាអែលបានប្រមូលគ្នា ហើយទៅឯលោកសាំយូអែលនៅរ៉ាម៉ា។
5ពួកគេបាននិយាយទៅលោកថា៖ «មើល លោកមានវ័យចាស់ហើយ ហើយកូនប្រុសៗរបស់លោកមិនដើរតាមផ្លូវរបស់លោកទេ។ ដូច្នេះ សូមជ្រើសរើសស្តេចមួយអង្គមក សម្រាប់ដឹកនាំពួកយើងខ្ញុំដូចជាប្រជាជាតិនានាផងដែរ»។
6ប៉ុន្តែ លោកសាំយូអែលមិនសប្បាយចិត្តពេលពួកគេនិយាយថា៖ «សូមជ្រើសរើសស្តេចមួយអង្គមក សម្រាប់ដឹកនាំពួកយើងខ្ញុំ»។ ដូច្នេះហើយ ទើបលោកសាំយូអែលទូលអង្វររកព្រះអម្ចាស់។
7ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖ «ចូរធ្វើតាមអ្វីៗគ្រប់យ៉ាងដែលពួកគេសុំអ្នកចុះ ពួកគេពុំបានបដិសេធអ្នកចោលទេ គឺពួកគេបដិសេធយើងជាមហាក្សត្រដឹកនាំពួកគេទេតើ។
8ពួកគេកំពុងប្រព្រឹត្តនៅពេលនេះ ដូចពួកគេបានប្រព្រឹត្តតាំងពីថ្ងៃដែលយើងបាននាំពួកគេចេញពីស្រុកអេសុីបដែរ គឺបោះបង់យើង ហើយទៅបំរើព្រះដទៃវិញ ដូច្នេះ ពួកគេក៏ប្រព្រឹត្តដូច្នោះដែរ។
9ចូរស្តាប់តាមពួកគេចុះ ប៉ុន្តែ ត្រូវព្រមានពួកគេឲ្យច្បាស់ ហើយឲ្យពួកគេដឹងថា ស្តេចនឹងត្រួតត្រាលើពួកគេ»។
10ដូច្នេះ លោកសាំយូអែលក៏ប្រាប់នូវព្រះបន្ទូលទាំងអស់របស់ព្រះអម្ចាស់ដល់ពួកអ្នកដែលសុំចង់បានស្តេចនោះ។
11លោកបានមានប្រសាសន៍ថា៖ «ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នានឹងប្រព្រឹត្តដូច្នេះ ចំពោះអ្នករាល់គ្នា គឺស្តេចនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នាឲ្យធ្វើជាទាហានសេះ និងអ្នកបររទេសចម្បាំងរបស់ស្តេច និងខ្លះជាទាហានផងដែរ។
12ស្តេចនឹងតាំងឲ្យមានមេបញ្ជាការលើទាហានរាប់ពាន់នាក់ និងមេបញ្ជាការលើហាសិបនាក់ផងដែរ។ ស្តេចនឹងចាត់អ្នកខ្លះឲ្យព្យួរដីស្រែរបស់ស្តេច ខ្លះឲ្យច្រូតកាត់ចម្រូតរបស់ស្តេច ខ្លះធ្វើអាវុធសម្រាប់សង្គ្រាម និងគ្រឿងបំពាក់រទេះចម្បាំង។
13ស្តេចនឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យផលិតទឹកអប់ ខ្លះចម្អិនម្ហូប និងខ្លះទៀតជាអ្នកដុតនំបុ័ង។
14ស្តេចនឹងយកអ្វីៗដែលល្អបំផុតពីស្រែ ពីចម្ការទំពាំងបាយជូរ ពីចម្ការអូលីវរបស់អ្នករាល់គ្នា ឲ្យទៅមន្ត្រីជារាជ្យបម្រើស្តេច។
15ស្តេចនេះយកមួយភាគដប់នៃផលដំណាំ ពីទំពាំងបាយជូររបស់អ្នករាល់គ្នាទៅឲ្យមន្ត្រី និងរាជ្យបម្រើរបស់ស្តេចទៀតផង។
16ស្តេចក៏នឹងយកបាវប្រុសស្រី និងបុរសដែលពេញកម្លាំងខ្លាំងបំផុតរបស់អ្នករាល់គ្នា ថែមទាំងយកលារបស់អ្នករាល់គ្នាឲ្យមកធ្វើការឲ្យស្តេច។
17ស្តេចនឹងយកមួយភាគដប់នៃពីហ្វូងសត្វ ហើយឯអ្នករាល់គ្នាធ្វើជាទាសកររបស់ស្តេចផងដែរ។
18ពេលថ្ងៃនោះមកដល់ អ្នករាល់គ្នានឹងស្រែកអង្វររកជំនួយព្រះអម្ចាស់ដោយសារស្តេចដែលអ្នករាល់គ្នាបានជ្រើសតាំងសម្រាប់ខ្លួនឯង ប៉ុន្តែ ព្រះអម្ចាស់នឹងមិនឆ្លើយតបនឹងអ្នករាល់គ្នាឡើយនៅថ្ងៃនោះឡើយ។
19ទោះយ៉ាងនោះក្តី ប្រជាជនមិនស្តាប់លោកសាំយូអែលទេ ពួកគេបាននិយាយថា៖ «ទេ! យើងត្រូវតែមានស្តេចមួយអង្គ
20ធ្វើដូច្នេះ ពួកយើងនឹងបានដូចជាប្រជាជាតិនានាដែរ ហើយស្តេចនឹងដឹកនាំរកខុសត្រូវជូនពួកយើង ព្រមទាំងនាំមុខពួកយើងទៅច្បាំងនោះសមរភូមិផង»។
21ពេលលោកសាំយូអែលបានឮសំដីរបស់ប្រជាជន លោកក៏បានទូលទៅព្រះអម្ចាស់ម្តងទៀត។
22ព្រះអម្ចាស់បានតបទៅលោកសាំយូអែលវិញថា៖ «ចូរធ្វើតាមសម្តីពួកគេចុះ ចូររកមើលម្នាក់ឲ្យធ្វើជាស្តេចសម្រាប់ពួកគេទៅ»។ បន្ទាប់មក លោកសាំយូអែលក៏ប្រាប់ឲ្យប្រជាជនអុីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញសិនចុះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។