1លោកសាំយូអែលបានយកដបប្រេងមក ហើយចាក់ពីលើក្បាលរបស់លោកសូល រួចថើបលោក។ លោកបានមានប្រសាសន៍ថា៖ «តើមិនមែនព្រះអម្ចាស់ទេឬអី ជាអ្នករើសតាំងអ្នកឲ្យធ្វើជាអ្នកដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ?
2ពេលដែលលោកចាកចេញពីខ្ញុំទៅថ្ងៃនេះ លោកនឹងឃើញបុរសពីរនាក់នៅក្បែរផ្នូររបស់លោកស្រីរ៉ាជែល ពួកគេនឹងនិយាយប្រាប់អ្នកថា លាដែលលោកកំពុងស្វែងរកនោះ បានរកឃើញវិញហើយ»។ ខណៈនេះ ឪពុករបស់លោកលែងខ្វល់ខ្វាយនឹងលាទាំងនោះហើយ គឺគាត់ខ្វល់ខ្វាយពីលោកដោយនិយាយថា៖ «តើកូនប្រុសរបស់ខ្ញុំយ៉ាងដូចម្តេចហើយ?»។
3បន្ទាប់មក អ្នកដើរទៅឆ្ងាយបន្តិច នោះអ្នកនឹងដល់ដើមឈើតាបោរ។ នឹងមានបុរសបីនាក់ដែលទៅឯទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែលជួបអ្នក ពួកគេម្នាក់កាន់ពពែបី ម្នាក់ទៀតកាន់នំបុ័យបីដុំ និងម្នាក់ទៀតកាន់ថង់ស្រាទំពាំបាយជូរ។
4ពួកគេនឹងជម្រាបសួរអ្នក ហើយឲ្យនំបុ័ងពីរដុំដល់អ្នក រួចអ្នកត្រូវយកពីដៃរបស់ពួកគេ។
5បន្ទាប់មក អ្នកនឹងទៅដល់ទីទួលសក្ការៈរបស់ព្រះជាម្ចាស់ ដែលជាកន្លែងដាក់ទ័ពរបស់ពួកភីលីស្ទីន។ ពេលអ្នកទៅដល់ក្រុង អ្នកនឹងជួបព្យាការីមួយក្រុមចេញមកពីទីទួលខ្ពស់ជាមួយនឹងពិន ស្គរ ខ្លុយ និងចាប៉ីផង ពួកគេនឹងថ្លែងព្រះបន្ទូល។
6ព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងយាងមកសណ្ឋិតលើអ្នក អ្នកក៏នឹងថ្លែងព្រះបន្ទូលជាមួយពួកគេផងដែរ ហើយអ្នកនឹងប្តូរទៅជាម្នាក់មួយផ្សេងទៀត។
7មើល ទីសម្គាល់ទាំងនេះនឹងកើតមានដល់អ្នក ចូរធ្វើអ្វីតាមតែអ្នកចង់ធ្វើចុះ ដ្បិត ព្រះជាម្ចាស់គង់នៅជាមួយអ្នកហើយ។
8ចូរទៅឯគីលកាល់មុនខ្ញុំចុះ ខ្ញុំនឹងចុះទៅឯអ្នកហើយថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាមេត្រីភាពនៅទីនោះ។ ចូររង់ចាំប្រាំពីរថ្ងៃ រហូតទាល់តែខ្ញុំទៅដល់ ហើយបង្ហាញអ្នកនូវអ្វីដែលអ្នកត្រូវធ្វើ។
9ពេល លោកសូលបែរខ្នងចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់បានប្រទានចិត្តមួយផ្សេងទៀតដល់លោក។ ហើយទីសម្គាល់ទាំងនោះបានកើតឡើងនៅថ្ងៃនោះ។
10ពេលពួកគេបានទៅដល់ទីទួល មានព្យាការីមួយក្រុមបានជួបពួកលោក ហើយព្រះវិញ្ញាននៃព្រះជាម្ចាស់បានយាងមកសណ្ឋិតលើលោក ហើយលោកក៏បានថ្លែងព្រះបន្ទូលជាមួយពួកគេផងដែរ។
11ពេលអស់អ្នកដែលធ្លាប់ស្គាល់លោកឃើញលោកថ្លែងព្រះបន្ទូលជាមួយក្រុមព្យាការី អ្នកទាំងនោះនិយាយគ្នាថា៖ «តើមានរឿងអ្វីកើតឡើងចំពោះកូនប្រុសលោកគីស? តើឥឡូវលោកសូលជាអ្នកក្នុងក្រុមព្យាការីដែរឬ?»
12មានបុរសនៅស្រុកជាមួយបានឆ្លើយថា៖ «ដូច្នេះ តើនរណាជាឪពុករបស់ពួកគេ?» ដោយសារហេតុការណ៍ទាំងនេះ គេនិយាយថា៖ «តើសូលជាម្នាក់ក្នុងក្រុមព្យាការីដែរឬ?»
13ពេលលោកបានបញ្ចប់ថ្លែងព្រះបន្ទូល លោកបានមកឯទីទួលខ្ពស់។
14ក្រោយមកឪពុកមាររបស់លោកសូលបានមានប្រសាសន៍មកលោក និងបាវលោកថា «តើពួកគេឯងបានទៅឯណា?» លោកបានតបថា «ទៅរកសត្វលា។ ពេលពួកយើងដឹងថា ពួកយើងមិនអាចរកវាឃើញទេ ពួកយើងបានទៅជួបលោកសាំយូអែល»។
15ឪពុកមារលោកសូលបានមានប្រសាសន៍ថា៖ «សូមប្រាប់ឪពុកមារផង តើលោកសាំយូអែលបានមានប្រសាសន៍អ្វីដល់ឯង»។
16លោកសូលបានតបទៅគាត់វិញថា៖ «លោកបានប្រាប់ពួកយើងជាច្រើនថា សត្វលាបានរកឃើញវិញហើយ»។ ប៉ុន្តែ លោកមិនបានប្រាប់រឿងរាជ្យសម្បត្តិដែលលោកសាំយូអែលបានមានប្រសាសន៍នោះទេ។
17ពេលនោះ លោកសាំយូអែលបានកោះហៅប្រជាជនឲ្យជួបជុំគ្នានៅចំពោះព្រះអម្ចាស់នៅឯមីសប៉ា។
18លោកបានថ្លែងទៅជនជាតិអុីស្រាអែលថា នេះជាអ្វីដែលព្រះអម្ចាស់ ជាព្រះរបស់អុីស្រាអែលមានព្រះបន្ទូលថា យើងបាននាំអុីស្រាអែលចេញពីអេសុីប ហើយយើងបានសង្គ្រោះអ្នករាល់គ្នាពីដៃរបស់ពួកអេសុីប និងពីដៃរបស់អាណាចក្រទាំងអស់ដែលបានយាយីអ្នករាល់គ្នា។
19ប៉ុន្តែ ថ្ងៃនេះ អ្នករាល់គ្នាបានបដិសេធយើងជាព្រះរបស់អ្នករាល់គ្នា ដែលសង្គ្រោះអ្នករាល់គ្នាពីទុក្ខភ័យ និងគ្រោះថ្នាក់ទាំងអស់របស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជានិយាយទៅសាំយូអែលថា៖ «ចូររើសតាំងស្តេចមួយអង្គឲ្យដឹកនាំយើង។ ឥឡូវនេះ ចូរបង្ហាញខ្លួនអ្នករាល់គ្នានៅចំពោះព្រះអម្ចាស់ទៅតាមកុលសម្ព័ន្ធ និងតាមអំបូររបស់អ្នករាល់គ្នាចុះ»។
20ដូច្នេះ លោកសាំយូអែលបាននាំកុលសម្ព័ន្ធរបស់អុីស្រាអែលទាំងអស់ឲ្យចូលជិត ហើយបានរើសប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។
21បន្ទាប់មក លោកបានឲ្យកុលសម្ព័ន្ធបេនយ៉ាមីនមកជិតតាមអំបូររបស់ពួកគេ បានរើសប៉ះចំអំបូរម៉ាទ្រី ហើយក៏រើសបានកូនរបស់លោកគីស គឺលោកសូល។ ប៉ុន្តែ ពេលគេទៅរកលោក គេមិនឃើញលោកទេ។
22បន្ទាប់មក ប្រជាជនចង់សាកសួរព្រះជាម្ចាស់ថែមទៀតថា៖ «តើមានបុរសណាផ្សេងនឹងមកឬទេ?» ព្រះអម្ចាស់បានមានព្រះបន្ទូលថា៖ «គេបានរត់ទៅពួននៅក្បែរឥវ៉ាន់ឯណោះ»។
23នោះគេបានរត់ទៅទីនោះ ហើយនាំលោកសូលពីទីនោះមក។ ពេលលោកឈរក្នុងចំណោមមនុស្ស លោកខ្ពស់ជាងគេទាំងអស់ តាំងពីស្មាឡើងទៅ។
24ក្រោយមកលោកសាំយូអែលបានប្រសាសន៍ទៅប្រជាជនថា៖ «តើអ្នករាល់គ្នាបានឃើញបុរសដែលព្រះជាម្ចាស់បានរើសនោះហើយឬនៅ? ក្នុងចំណោមប្រជាជនទាំងអស់គ្មាននរណាដូចលោកម្នាក់នេះទេ!» ប្រជាជនទាំងអស់បានស្រែកឡើងថា៖ «សូមឲ្យស្តេចមានអាយុយឺនយូរ!»។
25នោះ លោកសាំយូអែលបានប្រាប់ប្រជាជននូវច្បាប់ និងរបៀបរបបរបស់ស្តេច រួចកត់ទុកចូលក្នុងសៀវភៅមួយ ហើយដាក់នៅចំពោះព្រះអម្ចាស់។ ចុងក្រោយ លោកសាំយូអែលបានឲ្យប្រជាជនទាំងអស់ទៅផ្ទះរបស់គេរៀងៗខ្លួន។
26លោកសូលក៏បានទៅផ្ទះរបស់លោកនៅគីបៀរវិញដែរ ហើយក៏មានបុរសខ្លាំងខ្លះដែលព្រះជាម្ចាស់បានប៉ះពាល់ចិត្តបានទៅជាមួយលោកដែរ។
27ប៉ុន្តែ មានមនុស្សឥតបានការខ្លះនិយាយថា៖ «តើឲ្យបុរសនេះជួយសង្គ្រោះយើងយ៉ាងដូចម្តេច?» អ្នកទាំងនោះ ជាអ្នកស្អប់លោកសូល ហើយពុំបានយកអំណោយអ្វីឲ្យលោកឡើយ។ ប៉ុន្តែ លោកសូលមិនមាត់អ្វីទេ។