ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 7

Read Scripture freely. Divine Threads study for this chapter is coming later.

1អ្នកស្រុកគារយ៉ាតយ៉ារីមបានចុះមក ហើយយកហឹបរបស់ព្រះអម្ចាស់ ទៅឯផ្ទះរបស់លោកអប៊ីណាដាប់ នៅលើទួល។ ពួកគេបានជ្រើសរើសកូនប្រុសរបស់លោក គឺអេឡាសារ ឲ្យមើលថែហឹបរបស់ព្រះអម្ចាស់។
2ហឹបត្រូវបានទុកនៅឯគារយ៉ាតយ៉ារីមជាយូ គឺប្រហែលជាម្ភៃឆ្នាំ។ ឯពួកកូនចៅអុីស្រាអែលបានស្រែកអង្វរទៅរកព្រះអម្ចាស់វិញ។
3លោកសាំយូអែលបានមានប្រសាសន៍ទៅជនជាតិអុីស្រាអែលទាំងមូលថា៖ «បើអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញឲ្យអស់ពីចិត្ត គឺត្រូវរើរូបព្រះនៃសាសន៍ដទៃ និងព្រះអាស្តារ៉ូតចេញពីចំណោមអ្នករាល់គ្នា ហើយបែរចិត្តរបស់អ្នករាល់គ្នាមករកព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គតែមួយព្រះអង្គវិញ នោះព្រះអង្គនឹងសង្គ្រោះអ្នករាល់គ្នាពីកណ្តាប់ដៃពួកភីលីស្ទីនមិនខាន»។
4បន្ទាប់មក ពួកជនជាតិអុីស្រាអែលបានរើព្រះបាល និងព្រះអាស្តារ៉ូតចេញ ហើយបែរមកថ្វាយបង្គំព្រះអម្ចាស់តែមួយព្រះអង្គវិញ។
5លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចូរប្រមូលជនជាតិអុីស្រាអែលទាំងអស់មកមីសប៉ា ខ្ញុំនឹងទូលអង្វរដល់ព្រះអម្ចាស់សម្រាប់អ្នករាល់គ្នា»។
6ពួកគេបានប្រមូលគ្នីគ្នានៅឯមីសប៉ា និងបានយកទឹកមកចាក់នៅចំពោះព្រះអម្ចាស់។ នៅថ្ងៃនោះ ពួកគេនាំគ្នាតមអាហារ ហើយសារភាពថា៖ «ទូលបង្គំយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ហើយ»។ នៅទីនោះហើយ ដែលលោកសាំយូអែលបានដោះស្រាយវិវាទឲ្យ ហើយដឹកនាំរបស់ប្រជាជនអុីស្រាអែល។
7នៅពេលនោះ ពួកភីលីស្ទីនបានឮថា ប្រជាជនអុីស្រាអែលបានមកប្រមូលគ្នានៅឯមីសប៉ា នោះអ្នកដឹកនាំភីលីស្ទីនក៏បានវាយប្រហារអុីស្រាអែល។ ពេលប្រជាជនអុីស្រាអែលបានឮដូច្នេះ ពួកគេភ័យខ្លាចដល់ពួកភីលីស្ទីន។
8បន្ទាប់មក ពួកគេបាននិយាយទៅលោកសាំយូអែលថា៖ «សូមកុំបញ្ឈប់ការស្រែករកព្រះអម្ចាស់ជាព្រះរបស់យើងជំនួសពួកយើងឲ្យសោះ នោះព្រះអង្គនឹងសង្គ្រោះពួកយើងពីដៃរបស់ពួកភីលីស្ទីនមិនខាន»។
9លោកសាំយូអែលក៏បានយកកូនចៀមដែលកំពុងនៅបៅមកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ រួចលោកបានស្រែកអង្វរព្រះអម្ចាស់សម្រាប់ជនជាតិអុីស្រាអែល ហើយព្រះអម្ចាស់ក៏បានឆ្លើយតបមកវិញផងដែរ។
10ខណៈលោកសាំយូអែលកំពុងថ្វាយតង្វាយដុត ពួកទ័​ពភីលីស្ទីនបានចូលមកដល់វាយជនជាតិអុីស្រាអែល។ ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាឲ្យកើតមានផ្គរលាន់ឮឡើងនៅថ្ងៃនោះប្រឆាំងនឹងពួកភីលីស្ទីនវិញ ជាហេតុធ្វើឲ្យពួកគេមានការភាន់ច្រឡំ ហើយក៏បានបាក់ទ័ពនៅចំពោះមុខជនជាតិអុីស្រាអែល។
11ទ័ពអុីស្រាអែលក៏បានចេញពីមីសប៉ា តាមសម្លាប់ពួកភីលីស្ទីនទៅដល់បេតកា។
12ក្រោយមក លោកសាំយូអែលបានយកថ្មមួយមកដាក់ចន្លោះមីសប៉ា និងសេន។ លោកបានដាក់ឈ្មោះកន្លែងនោះថា អេបេន អេសុើរ ដោយថ្លែងថា៖ «មកទល់ពេលនេះ ព្រះអម្ចាស់នៅតែជួយយើង»។
13ដូច្នេះ ពួកភីលីស្ទីនបានបញ្ឈប់ការឈ្លានពាន ហើយលែងចូលរាតត្បាតដល់ព្រំប្រទល់អុីស្រាអែលទៀតដែរ។ ព្រះហស្តរបស់ព្រះអម្ចាស់បានប្រឆាំងនឹងពួកភីលីស្ទីនរហូតអស់មួយជីវិតរបស់លោកសាំយូអែល។
14តំបន់ទាំងប៉ុន្មានដែលពួកភីលីស្ទីនបានវាទយកពីអុីស្រាអែលក៏ត្រូវបានមកអុីស្រាអែលវិញ គឺចាប់ពីក្រុងអេក្រុនមកដល់កាថ នោះគឺជាតំបន់ដែលបានយកមកកាន់កាប់វិញពីពួកភីលីស្ទីន។ ក្រោយនោះមក មានសុខសន្តិភាពរវាង ជនជាតិអុីស្រាអែល និងជនជាតិអាម៉ូរី។
15លោកសាំយូអែលបានរកខុសត្រូវឲ្យជនជាតិអុីស្រាអែលអស់មួយជីវិតរបស់លោក។
16រៀងរាល់ឆ្នាំ លោកបានធ្វើដំណើរទៅបេតអែល ទៅគីលកាល់ និងទៅមីសប៉ា។ លោកបានកាត់ក្តីឲ្យជនជាតិអុីស្រាអែលនៅតំបន់ទាំងអស់នេះ។
17ក្រោយមកលោកបានត្រឡប់ទៅរ៉ាម៉ាវិញ ពីព្រោះផ្ទះរបស់លោកនៅទីនោះ ហើយលោកក៏ជម្រះក្តីឲ្យកូនចៅអុីស្រាអែលនៅទីនោះផងដែរ លោកថែមទាំងបានសង់អាសនាមួយថ្វាយដល់ព្រះអម្ចាស់ទៀតផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។