ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 6

Read Scripture freely. Divine Threads study for this chapter is coming later.

1គ្រានោះហឹបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីនអស់រយៈពេលប្រាំពីរខែ។
2ក្រោយមកពួកភីលីស្ទីនបានអញ្ជើញពួកបូជាចារ្យ និងពួកគ្រូទាយមក​​ហើយសួរថា៖ «តើយើងត្រូវប្រព្រឹត្តដូចម្តេចចំពោះហឹបរបស់ព្រះអម្ចាស់នេះ? សូមប្រាប់ពួកយើងនូវរបៀបបញ្ជូនហឹបនេះទៅកន្លែងដើមវិញយ៉ាងដូចម្តេច?»
3ពួកបូជាចារ្យ និងគ្រូទាយបានឆ្លើយថា «បើអស់លោកបញ្ជូនហឹបរបស់ព្រះជាម្ចាស់របស់អុីស្រាអែលត្រឡប់ទៅវិញ កុំបញ្ជូនទៅដោយគ្មានតង្វាយឲ្យសោះ គឺត្រូវមានទាំងតង្វាយទទួលកំហុសដល់ព្រះអង្គទៅជាមួយដែរ។ នោះអស់លោកនឹងបានជាស្បើយពីគ្រោះកាច ហើយមុខជាដឹងថា មូលហេតុអ្វីបានជាព្រះហស្តរបស់ព្រះអង្គមិនដកចេញពីអស់លោករហូតមកដល់ពេលនេះ»។
4ពួកគេបានសួរតបវិញថា៖ «តើអ្វីទៅជាដង្វាយទទួលកំហុសដែលយើងត្រូវថ្វាយត្រឡប់ទៅព្រះអង្គវិញ?»។ ពួកគ្រូឆ្លើយថា៖ «ចូរធ្វើដុំសាច់មាសប្រាំដុំ កណ្តុរមាសប្រាំ លេខប្រាំនេះជាតំណាងឲ្យមេដឹកនាំនៃជនជាតិភីលីស្ទីនទាំងប្រាំរូប។ ដ្បិត ទាំងមេដឹកនាំ ទាំងពួកអស់លោកសុទ្ធបានរងគ្រោះកាចដូចគ្នា។
5អស់លោកត្រូវធ្វើគំរូដុំសាច់ និងកណ្តុរដែលរាតត្បាតក្នុងស្រុក ហើយថ្វាយសេរីល្អដល់ព្រះនៃជនជាតិអុីស្រាអែល។ ធ្វើដូច្នេះ ប្រហែលជាព្រះអង្គដកព្រះហស្តចេញពីព្រះ ពីស្រុក និងពីអស់លោក។
6ហេតុអ្វីបានជាអស់លោកធ្វើចិត្តរឹងរូសដូចជាជនជាតិអេសុីប និងស្តេចផារ៉ោនដែលបានធ្វើចិត្តរឹងរូសដូច្នេះ? ធ្វើដូច្នោះហើយ ដែលព្រះជាម្ចាស់នៃជនជាតិអុីស្រាអែលបានប្រព្រឹត្តចំពោះពួកគេយ៉ាងធ្ងន់ធ្ងរបែបនោះ។ តើមិនមែនជនជាតិអេសុី​បអនុញ្ញាតឲ្យពួកគេចាកចេញ ហើយពួកគេបានចាកចេញទៅទេឬអី?
7ពេលនេះ ចូររៀបចំរទេះថ្មីមួយជាមួយ ហើយមេគោពីរក្បាលដែលនៅបំបៅកូន ជាគោមិនធ្លាប់ទឹមសោះ។ ចងគោនោះទឹមនឹងរទេះ ឯកូនរបស់វាត្រូវយកទៅក្រោលចេញពីមេដែលទឹមនោះ។
8រួចយកហឹបរបស់ព្រះអម្ចាស់មកដាក់លើរទេះនោះ។ ដាក់រូបដែលធ្វើពីមាសទាំងនោះ ដែលត្រូវបញ្ជូនទៅថ្វាយព្រះអង្គជាតង្វាយដឹងកំហុសនៅក្នុងប្រអប់មួយហើយដាក់ទៅម្ខាង។ បន្ទាប់មក ចូរបណ្តាយឲ្យវាចេញទៅដោយខ្លួនវាចុះ។
9ឯអស់លោក ចូរឃ្លាំមើល បើរទេះនោះតម្រង់ទៅឯបេតសេ‌ម៉េសដោយខ្លួនវា នោះមានន័យថា គឺព្រះអម្ចាស់ហើយដែលបានវាយប្រហារឲ្យមានមហន្តរាយដ៏សម្បើមនេះ។ ប៉ុន្តែ បើមិនដូច្នោះទេ គឺមិនមែនព្រះអង្គទេដែលវាយប្រហារពួកយើង តែគ្រោះកាចនោះបានកើតឡើងលើពួកយើងដោយឯកឯងវិញ»។
10ពួកគេបានធ្វើតាមអ្វីដែលបានបង្គាប់ ពួកគេបានយកមេគោដែលកំពុងបំបៅកូនដាក់ទឹមនឹងរទេះ ហើយយកូនវាទៅឯក្រោល។
11ពួកគេបានដាក់ហឹបរបស់ព្រះអម្ចាស់នៅលើរទេះ ជាមួយនឹងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាសក្នុងនោះដែរ។
12គោបានតម្រង់ទៅឯបេតសេម៉េស។ គោបានដើរលើផ្លូវ ដើរទៅយឺតៗដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។ ពួកអ្នកដឹកនាំភីលីស្ទីនបានដើរតាមក្រោយរទេះទៅព្រំប្រទល់របស់បេតសេម៉េស។
13ខណៈនោះអ្នកនៅបេតសេម៉េសកំពុងប្រមូលផលស្រូវរបស់ពួកគេនៅជ្រលងភ្នំ។ ពេលពួកគេបានឃើញហឹបដូច្នេះ ពួកគេមានអំណរជាខ្លាំង។
14រទេះបានមកចម្ការរបស់លោកយ៉ូស្វេជាអ្នករស់នៅបេតសេម៉េស ហើយឈប់ទីនោះ។ នៅទីនោះមានផ្ទាំងថ្មធំមួយ ពួកគេបានដោះឈើរទេះនោះ ព្រមទាំងយកមេគោទាំងពីរនោះថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ផង។
15ពួកលេវីបានយកហឹបរបស់ព្រះអម្ចាស់ និងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាស ហើយដាក់នៅលើផ្ទាំងថ្មដ៏ធំនោះ។ ឯអ្នករស់នៅបេតសេម៉េសក៏បានថ្វាយតង្វាយដុត និងធ្វើយញ្ញបូជាក្នុងថ្ងៃតែមួយនោះផងដែរ។
16នៅពេលអ្នកដឹកនាំទាំងប្រាំរូបរបស់ពួកភីលីស្ទីនបានឃើញដូច្នេះ ពួកគេក៏បានវិលត្រឡប់ទៅឯក្រុងអេក្រូនវិញនៅថ្ងៃដដែរ។
17ទាំងនេះគឺជារូបដុំសាច់មាសដែលពួកភីលីស្ទីនដាក់មកជាមួយ ជាតង្វាយលុបលាងកំហុសដល់ព្រះអម្ចាស់៖ មួយសម្រាប់ក្រុងអាដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាដ និងមួយទៀតសម្រាប់ក្រុងអេក្រូនផងដែរ។
18ឯកណ្តុរមាសទាំងប្រាំ ក៏ដូចជាចំនួននៃទីក្រុងទាំងប្រាំរបស់ស្រុកភីលីស្ទីនដែលស្ថិតនៅក្រោមការដឹកនាំនៃអ្នកដឹកនាំទាំងប្រាំរូបនោះដែរ គឺទាំងក្រុងដែលរឹងមាំ និងទាំងភូមិតូចៗ។ គេបានយកហឹបរបស់ព្រះអម្ចាស់ ទៅដាក់នៅជិតផ្ទាំងថ្មដ៏ធំសម្បើមនោះ ហើយថ្មនោះគឺជាបន្ទាល់អំពីហឹបនៅក្នុងចម្ការរបស់លោកយ៉ូស្វេ អ្នកបេតសេម៉េសរហូតដល់សព្វថ្ងៃនេះ។
19ព្រះអម្ចាស់បានប្រហារមនុស្សដែលរស់នៅបេតសេម៉េស ដោយសារតែពួកគេបានសម្លឹងមើលហឹបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារពួកគេឲ្យស្លាប់ ៥០, ០៧០នាក់។ ពួកគេបានយំសោក ដោយពួកគេត្រូវបានព្រះអម្ចាស់ដាក់ទោស។
20អ្នករស់នៅបេតសេម៉េសខ្លះបាននិយាយថា៖ «តើមាននរណាអាចឈរនៅចំពោះព្រះអម្ចាស់បាន ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ? តើអ្នកណានឹងយកហឹបទៅឆ្ងាយពីយើងបាន?»
21ពួកគេបានបញ្ជូនអ្នកនាំសារទៅឯអ្នកស្រុកគារយ៉ាតយ៉ារីម ដោយនិយាយថា៖ «ពួកភីលីស្ទីបានបញ្ជូនហឹបនៃព្រះអម្ចាស់មកវិញហើយ សូមអស់លោកអញ្ជើញមកយកទៅជាមួយអស់លោកវិញចុះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។