ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 5

Read Scripture freely. Divine Threads study for this chapter is coming later.

1គ្រានោះ ពួកភីលីស្ទីនបានយកហឹបរបស់ព្រះជាម្ចាស់ទៅ ពួកគេបានយកពីអេបេនអេសុីរ ទៅដាក់នៅឯអាសដូឌ។
2ពួកភីលីស្ទីនបានយកហឹបរបស់ព្រះជាម្ចាស់ ទៅដាក់នៅក្នុងដំណាក់នៃព្រះដាកុនហើយដាក់នៅក្បែររូបសំណាកព្រះដាកុន។
3នៅព្រឹកថ្ងៃបន្ទាប់ អ្នកក្រុងអាសដូឌ បានឃើញព្រះដាកុនរលំមុខដល់ដីនៅចំពោះហឹបរបស់ព្រះអម្ចាស់។ ដូច្នេះ ពួកគេបានលើករូបព្រះដាកុនទៅដាក់កន្លែងដើមវិញ។
4ក៏ប៉ុន្តែ នៅព្រឹកបន្ទាប់ទៀតគេបានក្រោកឡើងពីព្រលឹម បានឃើញរូបព្រះដាកុននោះដួលមុខនឹងដីនៅចំពោះហឹបរបស់ព្រះអម្ចាស់ទៀត។ ក្បាលរបស់រូបព្រះដាកុន និងដៃទាំងពីរបានដាច់ចេញពីខ្លួននៅឯមាត់ទ្វារដំណាក់នោះ គឺនៅសល់តែដងខ្លួនរូបព្រះដាកុនប៉ុណ្ណោះ។
5ហេតុនេះហើយ មកទល់ថ្ងៃនេះពួកបូជាចារ្យ និងអស់អ្នកដែលមកដំណាក់នៃព្រះដាកុនមិនដើរជាន់លើមាត់ទ្វារដំណាក់របស់ព្រះដាកុននៅក្រុងអាសដូឌទេ។
6ព្រះហស្តរបស់ព្រះអម្ចាស់បានប្រហារអ្នកក្រុងអាសដូឌ។ ព្រះអង្គបានធ្វើឲ្យពួកគេអន្តរាយដោយដុះដុំសាច់ចំពោះអ្នកក្រុងអាសដូឌ និងអស់អ្នកដែលនៅតំបន់ជិតៗនោះ។
7ពួកអ្នកក្រុងអាសដូឌបានយល់ឃើញអំពីអ្វីដែលកំពុងកើតឡើង ដោយពួកគេនិយាយថា៖ «ហឹបរបស់ព្រះជាម្ចាស់នៃជនជាតិអីុស្រាអែលមិនត្រូវនៅជាមួយពួកយើងទេ ពីព្រោះព្រះហស្តរបស់ព្រះអង្គបានប្រហារយើង និងប្រឆាំងព្រះដាកុនរបស់យើងធ្ងន់ធ្ងរណាស់»។
8ដូច្នេះ ពួកគេបានអញ្ជើញអ្នកដឹកនាំភីលីស្ទីនទាំងអស់មកជួបជុំគ្នា ដោយចោទសួរទៅកាន់អ្នកដឹកនាំទាំងនោះថា៖ «តើយើងត្រូវធ្វើដូចម្តេចជាមួយនឹងហឹបនៃព្រះរបស់ជនជាតិអុីស្រាអែល?» ក្រុមអ្នកដឹកនាំទាំងនោះឆ្លើយថា៖ «ចូរយកហឹបនៃព្រះរបស់ជនជាតិអុីស្រាអែលនោះទៅដាក់នៅក្រុងកាដវិញ»។ ពួកគេក៏សែងហឹបរបស់ព្រះជាម្ចាស់របស់ជនជាតិអុីស្រាអែលត្រឡប់ទៅទីនោះ។
9កាលពួកគេបានយកទៅទីនោះហើយ ព្រះហស្តនៃព្រះអម្ចាស់ក៏នៅតែធ្វើឲ្យអ្នកក្រុងនោះអន្តរាយ គឺធ្វើឲ្យមានការភាន់ច្រឡំយ៉ាងខ្លាំងចំពោះអ្នកក្រុងនោះ។ ព្រះអង្គបង្កឲ្យអ្នកក្រុងនោះ ទាំងតូចទាំងធំកើតដុំសាច់លើពួកគេ។
10បន្ទាប់មក ពួកគេបានបញ្ជូនហឹបរបស់ព្រះជាម្ចាស់ទៅឯក្រុងអេក្រូន។ ប៉ុន្តែ ពេលហឹបរបស់ព្រះជាម្ចាស់មកដល់ក្រុងអេក្រូន នោះអ្នកក្រុងបានស្រែកឆោឡោថា៖ «គេបានយកហឹបរបស់ព្រះជាម្ចាស់របស់ជនជាតិអុីស្រាអែលមកដល់យើងហើយ ដើម្បីសម្លាប់យើង និងប្រជាជននៅទីនេះ»។
11ក្រោយមក ពួកគេបានអញ្ជើញពួកអ្នកដឹកនាំក្នុងស្រុកភីលីស្ទីនមកជុំគ្នា ហើយនិយាយទៅកាន់ពួកនោះថា៖ «ចូរបញ្ជូនហឹបនៃព្រះរបស់ជនជាតិអុីស្រាអែលចេញ ត្រូវឲ្យហឹបនេះត្រឡប់ទៅកន្លែងដើមវិញ ធ្វើដូច្នេះពួកយើង និងប្រជាជនរបស់យើងនឹងមិនស្លាប់ទេ»។ ដោយហេតុ ភាពជ្រួលច្របល់ស្លន់ស្លោផ្ទុះឡើងតាមទីក្រុង ប្ញទ្ធានុភាពនៃព្រះនេះធ្ងន់ធ្ងរពេកហើយ។
12អស់អ្នកដែលរួចពីស្លាប់ ត្រូវកើតដុំសាច់ ហើយសម្រែករបស់អ្នកក្រុងបានលាន់ឮដល់មេឃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។