ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបន្ទូលរបស់ព្រះតាមរយៈលោកសាំយូអែលបានទៅដល់អុីស្រាអែលទាំងអស់។ គ្រានោះ អុីស្រាអែលបានចេញទៅច្បាំងនឹងពួកជនជាតិភីលីស្ទីន។ ពួកគេបានបោះជំរំទ័ពនៅឯអេបេនអេសុើរ ហើយពួកជនជាតិភីលីស្ទីនក៏បោះជំរំទ័ពនៅឯអាផេកដែរ។
2ពួកភីលីស្ទីនបានរៀបជួរទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងអុីស្រាអែល។ ការប្រយុទ្ធគ្នាក៏កើតឡើង អុីស្រាអែលបានចាញ់ទ័ពភីលីស្ទីន ហើយបានបាត់បង់ជីវិតអស់បួនពាន់នាក់នៅឯសមរភូមិ។
3អ្នកដែលរួចពីស្លាប់បានមកជំរំវិញ ពួកចាស់ទុំរបស់អុីស្រាអែលបាននិយាយថា «ហេតុអ្វីព្រះអម្ចាស់ធ្វើឲ្យយើងចាញ់នៅចំពោះមុខពួកភីលីស្ទីនថ្ងៃនេះ? ចូរយើងយកហឹបនៃសម្ពន្ធរបស់ព្រះអម្ចាស់ពីសុីឡូមកទីនេះ ដើម្បីឲ្យហឹបនោះនៅជាមួយពួកយើង ហើយយើងនឹងសុវត្ថិភាព រួចពីកណ្តាប់ដៃសត្រូវរបស់យើង»។
4ដូច្នេះ គេក៏បញ្ជូនមនុស្សទៅឯសីុឡូ ពួកគេបាននាំយកហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃពួកពលបរិវាដែលគង់ពីលើចេរូប៊ីន។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស ក៏មកជាមួយហឹបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ដែរ។
5នៅពេលហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានមកដល់ជំរំហើយ ទ័ពអុីស្រាអែលទាំងអស់បានស្រែកឡើងយ៉ាងខ្លាំងរហូតដល់ខ្ទរផែនដី។
6ពេលទ័ពភីលីស្ទីនបានឮសម្លេងស្រែកដូច្នេះ ពួកគេបាននិយាយគ្នាថា៖ «តើសម្រែករបស់ពួកសាសន៍ហេព្រេីរក្នុងជំរំនោះមានន័យដូចម្តេច»? បន្ទាប់មក ពួកគេបានដឹងថា ហឹបនៃព្រះអម្ចាស់បានមកដល់ជំរំហើយ។
7ពួកទ័ពភីលីស្ទីនបានភ័យខ្លាចជាខ្លាំងដោយនិយាយថា៖ «ព្រះរបស់ពួកវាបានមកដល់ជំរំហើយ»។ ខ្លះថា៖ «វេទនាហើយយើង! មិនដែលធ្លាប់មានដូច្នេះពីមុនទេ!
8វេទនាហើយយើង! តើអ្នកណានឹងការពារពួកយើងពីអំណាចនៃព្រះដ៏ខ្លាំងក្លាទាំងនោះទៅ? ដ្បិត ព្រះទាំងនោះហើយ ដែលបានវាយប្រហារពួកអេសុីបឲ្យវិនាសដោយគ្រោះកាចផ្សេងៗនៅឯវាលរហោស្ថាន។
9ចូរមានកម្លាំងឡើង អូហ៎ ទ័ពភីលីស្ទីន បើមិនដូច្នោះទេ អ្នករាល់គ្នានឹងទៅជាទាសកររបស់ជនជាតិហេព្រើរ ដូចដែលពួកគេធ្លាប់ជាទាសករមិនខាន ចូររឹងប៉ឹងឡើង ហើយចេញទៅប្រយុទ្ធចុះ»។
10ទ័ពភីលីស្ទីនបានចេញមកប្រយុទ្ធ ហើយវាយទ័ពអុីស្រាអែលឲ្យចាញ់។ ពួកគេបានរត់បាក់ទ័ពទៅតាមផ្ទះរៀងៗខ្លួន មានទ័ពជាច្រើនទៀតត្រូវបានសម្លាប់ គឺមានទ័ពថ្មើជើងរបស់អុីស្រាអែលបីម៉ឺននាក់បានស្លាប់។
11ឯហឹបនៃព្រះជាម្ចាស់ក៏ត្រូវរិបអូស ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស បានស្លាប់នៅទីនោះផងដែរ។
12មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលរួចជីវិតពីសមរភូមិបានរត់មកដល់សុីឡូនៅថ្ងៃដដែលនោះ ទាំងសម្លៀកបំពាក់រហែកហើយក្បាលប្រលាក់។
13ពេលមកដល់នោះ លោកអេលីកំពុងតែអង្គុយនៅលើកៅអីរបស់លោកនៅជិតផ្លូវដើម្បីចាំមើល ពីព្រោះចិត្តរបស់គាត់អន្ទះអន្ទែងនឹងហឹបនៃព្រះជាម្ចាស់ណាស់។ ពេលបុរសនោះបានចូលដល់ទីក្រុង ក៏រៀបរាប់នូវហេតុការណ៍ ហើយអ្នកក្រុងទាំងមូលក៏បានស្រែកយំទាំងអស់គ្នា។
14ពេលលោកអេលីបានឮសម្រែកឡើងខ្លាំង លោកបាននិយាយថា «តើសម្រែកត្រហោយំនេះមានន័យដូចម្តេច?» បុរសនោះបានរត់ប្រញាប់មកឯលោកអេលី ដើម្បីប្រាប់គាត់។
15ពេលនោះលោកអេលី មានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់លោកងងឹត គាត់មើលមិនឃើញទេ។
16បុរសនោះបាននិយាយទៅលោកអេលីថា៖ «ខ្ញុំជាម្នាក់ដែលបានរត់រួចពីសមរភូមិ។ ខ្ញុំបានគេចរួចខ្លួននៅថ្ងៃនេះ»។ លោកអេលីបានសួរថា៖ «តើវាកើតឡើងយ៉ាងដូចម្តេច កូនប្រុសអើយ?»
17បុរសដែលនាំដំណឹងនោះបានប្រាប់វិញថា៖ «ទ័ពអុីស្រាអែលបានរត់បាក់ទ័ពពីទ័ពភីលីស្ទីន។ ហើយថែមទាំងបានបាត់បង់ជីវិតយ៉ាងសម្បើមផង។ ឯកូនប្រុសទាំងពីររបស់លោក គឺហូបនី និងភីនេហាស ក៏បានស្លាប់ដែរ ហើយហឹបនៃព្រះជាម្ចាស់ត្រូវបានគេរិបអូសយកទៀត»។
18ខណៈបុរសនោះនិយាយអំពីហឹបនៃព្រះអម្ចាស់ នោះលោកអេលីក៏បានធ្លាក់ផ្ងាក្រោយពីកៅអីរបស់លោកនៅជិតក្លោងទ្វារ។ ករបស់គាត់បានបាក់ ហើយក៏ស្លាប់ ដោយព្រោះលោកចាស់ និងធ្ងន់ផង។ លោកបានដឹកនាំជនជាតិអុីស្រាអែលអស់រយៈពេលសែសិបឆ្នាំមកហើយ។
19ពេលនោះ កូនប្រសារស្រីរបស់លោក ដែលជាប្រពន្ធរបស់ភីនេហាសមានផ្ទៃពោះរៀបនឹងសម្រាល។ នាងបានឮដំណឹងថា ហឹបនៃព្រះជាម្ចាស់ត្រូវបានសត្រូវរឹបអូស ហើយឪពុកក្មេក និងប្តីបានស្លាប់ទៀត នោះនាងបានលុតជង្គង់ចុះរួចក៏សម្រាលកូន រូបកាយរបស់នាងមានការឈឺចាប់ក្រៃលែងនៅពេលនោះ។
20ខណៈនាងជិតដាច់ខ្យល់ស្លាប់ មានស្ត្រីៗមកមើល ហើយនិយាយទៅនាងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសម្រាលបានកូនប្រុសមួយហើយ»។ ប៉ុន្តែ នាងមិនបានតបតឬយកពាក្យរបស់គេនិយាយមកដាក់ក្នុងចិត្តទេ។
21នាងបានដាក់ឈ្មោះកូននោះថា អុីកាបុដ ដោយពោលថា៖ «សិរីរុងរឿងត្រូវបានដកចេញពីអុីស្រាអែលហើយ!» ដោយព្រោះហឹបនៃព្រះជាម្ចាស់ត្រូវគេកាន់កាប់ ដោយសារតែឪពុកក្មេក និងប្តីរបស់នាង
22នាងបានពោលឡើងថា៖ «សិរីរុងរឿងបាន ចេញឆ្ងាយពីអុីស្រាអែល ពីព្រោះហឹបនៃព្រះជាម្ចាស់ត្រូវបានគេកាន់កាប់ហើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។