ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 3

Read Scripture freely. Divine Threads study for this chapter is coming later.

1កុមារសាំយូអែលបានបម្រើព្រះអម្ចាស់ជិតលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូល ហើយក៏កម្របើកឲ្យព្យាការីឃើញនិមិត្តអ្វីដែរ។
2ពេលនោះ ភ្នែករបស់លោកអេលីចុះអន់ថយមើលមិនច្បាស់ទេ លោកបានសម្រាកនៅលើគ្រែរបស់លោក។
3ចង្កៀងរបស់ព្រះជាម្ចាស់មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលកំពុងគេងនៅក្នុងព្រះវិហារនៃព្រះអម្ចាស់ ជាកន្លែងដែលបានតម្កល់ហឹបរបស់ព្រះជាម្ចាស់។
4ព្រះអម្ចាស់បានហៅកុមារសាំយូអែល ហើយកុមារសាំយូអែលបានតបវិញថា៖ «បាទ»។
5កុមារសាំយូអែលក៏បានរត់ទៅឯលោកអេលីទាំងនិយាយថា៖ «បាទ ខ្ញុំមកដល់ហើយលោកតា»។ លោកអេលីបានមានប្រសាសន៍ថា៖ «តាមិនបានហៅឯងទេ ចូរទៅគេងវិញចុះ»។ រួចកុមារសាំយូអែលបានត្រឡប់ទៅគេងវិញ។
6ព្រះអម្ចាស់បានហៅម្តងទៀតថា៖ «សាំយូអែល»។ កុមារសាំយូអែលក៏បានក្រោកឡើងរត់ទៅរកលោកអេលីទាំងនិយាយថា៖ «បាទលោកតា ខ្ញុំមកដល់ហើយ»។ លោកអេលីបានឆ្លើយវិញថា៖ «យើងមិនបានហៅឯងទេ កូនប្រុសអើយ ចូរទៅគេងវិញចុះ»។
7ពេលនោះកុមារសាំយូអែលមិនធ្លាប់ជួបព្រះអម្ចាស់ទេ ហើយក៏មិនធ្លាប់ទទួលសារអ្វីពីព្រះអម្ចាស់បើកសម្តែងដល់ខ្លួនដែរ។
8ព្រះអម្ចាស់បានហៅកុមារសាំយូអែលជាលើកទីបី រួចកុមារសាំយូអែលក៏បានក្រោកឡើងម្តងទៀត ហើយរត់ទៅលោកអេលីដោយនិយាយថា៖ «បាទលោកតា ខ្ញុំមកដល់ហើយ»។ នោះលោកអេលីយល់ឃើញថា គឺព្រះអម្ចាស់បានហៅក្មេងប្រុសនេះហើយ។
9រួចលោកអេលីបានប្រាប់កុមារសាំយូអែលថា ចូរទៅគេងវិញចុះ បើមានឮសម្លេងហៅឯងម្តងទៀត ឯងត្រូវឆ្លើយថា៖ «ព្រះអម្ចាស់អើយ សូមមានព្រះបន្ទូលមក ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គកំពុងចាំស្តាប់ហើយ»។ ដូច្នេះ កុមារសាំយូអែលក៏បានវិលទៅគេងវិញនៅកន្លែងរបស់ខ្លួន។
10ព្រះអម្ចាស់ក៏បានយាងមកគង់នៅទីនោះ ព្រះអង្គបានហៅដូចលើកមុនៗថា៖ «សាំយូអែល សាំយូអែលអើយ»។ នោះ កុមារសាំយូអែលបានទូលតបវិញថា៖ «សូមមានព្រះបន្ទូលមក ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គកំពុងចាំស្តាប់ហើយ»។
11ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកុមារសាំយូអែលថា មើល យើងនឹងធ្វើឲ្យហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅពេលដែលត្រចៀកគ្រប់គ្នាបានឮ។
12នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តទាស់នឹងអេលីតាមអ្វីគ្រប់យ៉ាងដែលយើងបាននិយាយអំពីក្រុមគ្រួសាររបស់គាត់ គឺតាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់។
13យើងធ្លាប់បានប្រាប់គាត់រួចហើយ ថាយើងនឹងជំនំុជម្រះគ្រួសាររបស់គាត់ គឺដោយសារអំពើបាបដែលគាត់បានដឹងច្បាស់រួចមកហើយ កូនប្រុសៗរបស់គាត់បាននាំបណ្តាសាមកដាក់លើខ្លួនឯង ហើយគាត់ក៏ពុំបានបញ្ឈប់ពួកគេទេ។
14ដោយព្រោះតែការនេះហើយ យើងបានស្បថចំពោះគ្រួសាររបស់អេលីថា បាបរបស់គ្រួសារគាត់នឹងមិនអាចអត់ឱនឲ្យដោយយញ្ញបូជា ឬដោយតង្វាយណាមួយបានឡើយ»។
15កុមារសាំយូអែលបានគេងលង់លក់រហូតដល់ព្រឹក បន្ទាប់មក ភ្ញាក់ឡើងកុមារបានបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ ប៉ុន្តែកុមារសាំយូអែល ខ្លាចមិនហ៊ាននិយាយប្រាប់លោកអេលីអំពីនិមិត្តដែលបានឃើញនោះទេ។
16ក្រោយមក លោកអេលីបានហៅកុមារសាំយូអែលហើយសួរថា៖ «សាំយូអែល កូនអើយ»។ កុមារសាំយូអែលក៏បានតបវិញថា៖ «បាទលោកតា»។
17គាត់បានសួរថា៖ «តើព្រះអង្គបានមានបន្ទូលអ្វីខ្លះមកឯង? កុំលាក់បាំងនឹងតាឲ្យសោះ។ បើឯងលាក់នឹងតានូវពាក្យណាមួយដែលព្រះអង្គបានមានបន្ទូលនឹងឯង សូមឲ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះឯងដូច្នោះ ហើយរឹតតែលើសនោះទៀតចុះ»។
18កុមារសាំយូអែលបានប្រាប់គាត់គ្រប់យ៉ាង គឺមិនលាក់បាំងអ្វីឡើយ។ លោកអេលីបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះ សូមឲ្យព្រះអង្គប្រព្រឹត្តតាមតែព្រះអង្គគាប់ព្រះហប្ញទ័យចុះ»។
19សាំយូអែលបានចម្រើឡើង ហើយព្រះអង្គគង់ជាមួយ ទាំងធ្វើឲ្យសេចក្តីដែលបានថ្លែងទុកនោះកើតឡើងទាំងអស់។
20ជនជាតិអុីស្រាអែលទាំងអស់ ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា សុទ្ធតែបានដឹងថា សាំយូអែលគឺជាព្យាការីដែលព្រះអម្ចាស់បានរើសតាំង។
21ព្រះអម្ចាស់បានយាងមកនៅឯសុីឡូម្តងទៀត គឺព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គដល់លោកសាំយូអែលនៅឯងសុីឡូនោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។