1គ្រានោះមកដល់នៅថ្ងៃទីបី ពេលដែលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយបានមកដល់ស៊ីគឡាក់ ពួកអាម៉ាឡេកបានមករាតត្បាតតំបន់ណេកិប និងស៊ីគឡាក់។ ពួកនោះបានវាយប្រហារក្រុងស៊ីគឡាក់និងដុតចោលថែមទៀត
2រួចបានកៀរស្រីៗ និងគ្រប់គ្នាដែលនៅទីនោះទៅទាំងតូចទាំងធំ។ ពួកគេពុំបានសម្លាប់អ្នកណាម្នាក់ទេ ប៉ុន្តែ កៀរយកទៅជាមួយពួកគេប៉ុណ្ណោះ។
3ពេលលោកដាវីឌ និងអ្នកដែលនៅជាមួយបានមកដល់ទីក្រុង ក្រុងនោះត្រូវបានដុតឆេះទៅហើយ ប្រពន្ធ និងកូនប្រុសស្រីរបស់ពួកគេក៏ត្រូវគេចាប់យកទៅទៀត។
4នោះ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានស្រែកយំរហូតអស់កម្លាំងលែងយំកើតទៀត។
5ប្រពន្ធទាំងពីររបស់លោកដាវីឌក៏ត្រូវគេចាប់យកទៅដែរ គឺនាងអហ៊ីណោម អ្នកស្រុកយេសរាល និងនាងអប៊ីកែលជាអតីតប្រពន្ធសពណាបាល អ្នកភូមិកើមែល។
6លោកដាវីឌបានព្រួយជាខ្លាំង ដោយមនុស្សដែលនៅជាមួយនិយាយគ្នាបម្រុងចោលលោកនឹងថ្ម ពីព្រោះពួកគេមានភាពជូរចត់ក្នុងវិញ្ញាណរបស់ខ្លួនខ្លាំងពេក ម្នាក់ៗបារម្ភពីកូនប្រុសកូនស្រីរបស់ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌបានពង្រឹងកម្លាំងលោកឡើងវិញ។
7លោកដាវីឌបានមានប្រសាសន៍ទៅលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូឌមកឲ្យខ្ញុំ»។ លោកអបៀថើរក៏យកអាវអេផូដមកជូនលោកដាវីឌ។
8លោកដាវីឌបានទូលអង្វរដល់ព្រះអម្ចាស់ដើម្បីបង្ហាញផ្លូវថា៖ «បើទូលបង្គំទៅតាមពួកទាហានទាំងនោះ តើទូលបង្គំតាមទាន់ពួកគេដែរឬទេ?» ព្រះអម្ចាស់បានឆ្លើយតបវិញថា៖ «ចូរទៅតាមចុះ ឯងមុខជាតាមទាន់ ថែមទាំងយកអ្វីៗទាំងអស់ត្រឡប់មកវិញមិនខាន»។
9ដូច្នេះ លោកដាវីឌបានចេញទៅជាមួយនឹងមនុស្សដែលនៅជាមួយទាំងប្រាំមួយរយនាក់ ពួកគេបានទៅដល់ទឹកជ្រោះបេសោរ ហើយមនុស្សមួយក្រុមត្រូវទុកចាំនៅទីនោះ។
10ប៉ុន្តែ លោកដាវីឌនៅតែបន្តដេញតាម ទៅជាមួយមនុស្សបួនរយនាក់ប៉ុណ្ណោះ ព្រោះពីររយនាក់ត្រូវទុកឲ្យចាំនោះទីនោះ ដោយពួកគេអស់កម្លាំងមិនអាចឆ្លងទឹកជ្រោះបេសោរនោះបាន។
11ពួកគេបានឃើញជនជាតិអេស៊ីបម្នាក់នៅឯវាលរួចនាំយកមកឯលោកដាវីឌ ពួកគេបាននំប័ុងមកឲ្យទទួលទាន ហើយបុរសនោះបានទទួលទាន រួចគេក៏បានយកទឹកមកជូនថែមទៀត។
12គេយកនំដែលធ្វើពីឧទុម្ពរក្រៀម និងទំពាំងបាយជូរក្រៀមមកជូនផងដែរ គាត់បានទទួលទានរួចមានកម្លាំងឡើងវិញ។ គាត់អត់អាហារ អត់ទឹកទទួលអស់បីថ្ងៃបីយប់មកហើយ។
13លោកដាវីឌបានសួរគាត់ថា៖ «តើលោកជានរណា ហើយមកពីណា?» គាត់បានតបវិញថា៖ «ខ្ញុំជាជនជាតិអេស៊ីប ជាបាវបម្រើរបស់ជនជាតិអាម៉ាឡេក ចៅហ្វាយរបស់ខ្ញុំបានបោះបង់ខ្ញុំចោលបីថ្ងៃហើយ ដោយសារខ្ញុំឈឺ។
14យើងបានទៅរាតត្បាតនៅតំបន់ណេកិបរបស់ជនជាតិកេរេធីម ជាទឹកដីរបស់ជនជាតិយូដា និងណេកិប ស្រុកកាលែប ហើយបានដុតក្រុងស៊ីគឡាក់ទៀតផង»។
15លោកដាវីឌបានសួរទៀតថា៖ «តើលោកអាចនាំខ្ញុំទៅរកក្រុមរាតត្បាតនោះបានឬទេ?» ជនជាតិអេស៊ីបនោះបានឆ្លើយថា៖ «សូមស្បថនឹងព្រះជាម្ចាស់ថា លោកនឹងមិនសម្លាប់ខ្ញុំ ឬប្រគល់ខ្ញុំទៅក្នុងដៃម្ចាស់របស់ខ្ញុំវិញទេ នោះខ្ញុំនឹងជូនលោកដេញតាមក្រុមរាតត្បាតនោះ»។
16ពេលជនជាតិអេស៊ីបនោះបាននាំលោកដាវីឌទៅដល់ទីនោះ ពួកចោរទាំងនោះបានរស់នៅពាសពេញទីនោះ ទាំងស៊ីផឹក និងរាំផងដោយព្រោះអ្វីៗដែលបានប្លន់យកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ។
17នៅថ្ងៃបន្ទាប់ លោកដាវីឌវាយលុកពួកគេតាំងពីព្រឹករហូតដល់ល្ងាច។ គ្មាននរណាម្នាក់រួចឡើយ លើកលែងតែយុវជនបួនរយនាក់ដែលបានជិះអូដ្ឋគេចខ្លួននោះចេញ។
18លោកដាវីឌបានយកមកវិញនូវអ្វីៗដែលពួកអាម៉ាឡេកបានប្លន់យកទៅទាំងអស់ ហើយបានរំដោះប្រពន្ធទាំងពីររបស់លោកមកដែរ។
19គ្មានអ្វីបាត់បង់ទេ ទាំងតូចទាំងធំ ក៏គ្មានកូនប្រុសស្រីត្រូវបានបាត់បង់ដែរ។ ប៉ុន្តែ ថែមទាំងបានជយភណ្ឌមកវិញសម្រាប់ខ្លួនថែមទៀតផង។ លោកដាវីឌបានប្រមូលគ្រប់បែបយ៉ាង។
20លោកដាវីឌបានរឹបអូសទាំងចៀមទាំងគោ ដែលមានអ្នកដឹកសត្វទាំងនោះផង។ ពួកគេបាននិយាយថា៖ «ជយភណ្ឌទាំងនេះជារបស់ដាវីឌ»។
21លោកដាវីឌបានមកជួបអ្នកដែលអស់កម្លាំងរងចាំនៅក្បែរទឹកជ្រោះបេសោរទាំងពីររយនាក់នោះ។ កាលបានឃើញលោកដាវីឌ ពួកគេបានចេញមកទទួលលោកដាវីឌ និងអស់អ្នកដែលត្រឡប់មកវិញជាមួយនឹងលោក។ ពេលលោកដាវីឌមកដល់ពួកគេ លោកបានសួរសុខទុក្ខពួកគេ។
22មានមនុស្សអាក្រក់មិនបានការមួយចំនួនក្នុងចំណោមអស់អ្នកដែលបានទៅជាមួយលោកដាវីឌបានមានប្រសាសន៍ថា៖ «ដោយពួកអ្នកទាំងនេះមិនបានទៅជាមួយពួកយើង យើងមិនគួរចែកជយភណ្ឌឲ្យពួកគេទេ។ គឺគ្រាន់តែប្រគល់ប្រពន្ធ និងកូនៗហើយឲ្យពួកគេចេញទៅ នោះគ្រប់គ្រាន់ហើយ»។
23ភ្លាមនោះ លោកដាវីឌបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូច្នេះឡើយ បងប្អូនអើយ តើព្រះអម្ចាស់បានប្រទានអ្វីខ្លះមកយើង។ ព្រះអង្គបានការពារយើង ហើយប្រគល់ពួកចោររាតត្បាតទាំងនោះមកក្នុងដៃរបស់យើងហើយ។
24មិនត្រូវស្តាប់តាមពាក្យអ្នកទាំងនេះឡើយ។ ដូច្នេះ ជយភណ្ឌត្រូវចែកជូនអ្នកគ្រប់គ្នាដែលទៅច្បាំង ហើយក៏ត្រូវជូនដល់អ្នកដែលរងចាំឥវ៉ានទាំងនេះដែរ គឺពួកគេម្នាក់ៗមានចំណែករៀងៗខ្លួន»។
25តាំងពីថ្ងៃនោះមក គេបានធ្វើតាមរហូតដល់បច្ចុប្បន្ននេះ ដោយសារ លោកដាវីឌបានធ្វើការនេះទៅជាច្បាប់សម្រាប់អ៊ីស្រាអែល។
26ពេលលោកដាវីឌបានមកដល់ ស៊ីគឡាក់វិញ លោកបានផ្ញើជយភណ្ឌខ្លាំងជូនចាស់ទុំស្រុកយូដាដែលជាមិត្តរបស់លោកទាំងមានប្រសាសន៍ថា៖ «មើលនេះ ទាំងនេះគឺជា ជយភណ្ឌដែលបានមកពីសត្រូវរបស់ព្រះអម្ចាស់»។
27លោកក៏បានផ្ញើខ្លះទៀតទៅចាស់ទុំនៅបេតអែល ទៅទិសខាងត្បូងនៃរ៉ាម៉ូត ចាស់ទុំនៅតំបន់យ៉ាទៀរ
28ចាស់ទុំដែលរស់នៅអារ៉ូអ៊ើរ អ្នកនៅស៊ីភម៉ូត ចាស់ទុំដែលនៅអែលធេម៉ូទាំងគ្នាផងដែរ។
29លោកក៏បានផ្ញើជូនចាស់ទុំដែលរស់នៅរ៉ាកាលក្រុងយេរ៉ាម្អែល និងនៅក្រុងកែនផង
30ចាស់ទុំនៅឯហោម៉ានិងចាស់ទុំដែលរស់នៅឯកោរអាសាន ចាស់ទុំដែលរស់នៅអាថាក
31ជូនអស់អ្នកដែលនៅហេប្រូន និងជូនអស់អ្នកដែលនៅគ្រប់ទីកន្លែងដែលលោកដាវីឌ និងមនុស្សដែលនៅជាមួយលោកបានធ្លាប់ឆ្លងកាត់។