1ពេលនោះពួកភីលីស្ទីនបានវាយប្រហារអ៊ីស្រាអែល។ ទាហានរបស់អ៊ីស្រាអែលបានរត់បាក់ទ័ពនៅចំពោះមុខពួកភីលីស្ទីន ហើយបានបាត់បង់ជីវិតនៅលើភ្នំគីលបោ។
2ទ័ពភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រារបស់ស្តេច។ ពួកភីលីស្ទីនបានសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា។
3សង្គ្រាមកាន់តែធ្ងន់ធ្ងរប្រឆាំងព្រះបាទសូល ហើយទ័ពបាញ់ព្រួញបានតាមទាន់ព្រះបាទសូល។ ស្តេចបានតក់ស្លុតជាខ្លាំងដោយបានឃើញពួកគេដេញយ៉ាងដូច្នេះ។
4បន្ទាប់មក ព្រះបាទសូលបានថ្លែងទៅអ្នកកាន់គ្រឿងសឹកស្តេចថា៖ «ចូរដកដាវរបស់ឯង ហើយចាក់សម្លាប់យើងចុះ។ យើងមិនចង់ឃើញហេតុការកំពុងតាមយើងបែបនេះទេ ចូរចាក់យើងមក»។ ប៉ុន្តែអ្នកកាន់គ្រឿងសឹករបស់ស្តេចនោះមិនហ៊ានទេ ដោយភ័យខ្លាចខ្លាំងពេក។ ដូច្នេះព្រះបាទសូលបានហូតដាវហើយផ្តួលខ្លួនឯងនឹងមុខដាវ
5អ្នកកាន់គ្រឿងសឹកនោះឃើញព្រះបាទសូលសោយទិវង្គតដូច្នេះ ក៏ផ្តួលខ្លួនលើដាវរួចក៏ស្លាប់ទៅជាមួយស្តេចដែរ។
6ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបី ព្រមទាំងអ្នកកាន់គ្រឿងសឹករបស់ស្តេច រួមទាំងអ្នកនៅសមរភូមិទាំងអស់បានស្លាប់ក្នុងថ្ងៃដូចគ្នា។
7ពេលទ័ពអ៊ីស្រាអែលដែលនៅម្ខាងទៀតនៃជ្រលងភ្នំ និងអស់អ្នកដែលនៅឯនាយម្ខាងទៀតនៃទន្លេយ័រដាន់បានឃើញថា ទាហានអ៊ីស្រាអែលបានរត់បាក់ទ័ព ហើយព្រះបាទសូលព្រមទាំងបុត្រារបស់ស្តេចបានសោយទិវង្គត ពួកគេបានបោះបង់ទីក្រុងរបស់ខ្លួន រួចគេចខ្លួនទៅ។ ឯពួកភីលីស្ទីនបានមករស់នៅក្នុងទីក្រុងរបស់ពួកគេ។
8ថ្ងៃបន្ទាប់ ពួកភីលីស្ទីនបានចេញមកប្រមូលរបស់របរចេញពីសព ហើយពួកគេបានឃើញសាកសពរបស់បុត្រាទាំងបីរបស់ស្តេចសូល និងព្រះបាទសូលនៅលើភ្នំគីលបោ។
9ពួកគេបានកាត់ក្បាលរបស់ស្តេច ហើយដកគ្រឿងសឹករបស់ស្តេចចេញ រួចបានបញ្ជូនទៅគ្រប់តំបន់នៃស្រុកភីលីស្ទីន ហើយនាំដំណឹងនេះទៅតាមវិហារនៃព្រះរបស់ពួកគេ និងដល់ប្រជាជនផង។
10ពួកគេបានដាក់គ្រឿងសឹករបស់ស្តេចនៅក្នុងវិហាររបស់ព្រះអាស្តារ៉ូត យកសាកសពរបស់ទ្រង់ទៅចងផ្ជាប់នឹងជញ្ជាំងទីក្រុងបេតសាន។
11អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដបានឮដំណឹងពីអ្វីដែលពួកភីលីស្ទីនបានធ្វើចំពោះព្រះបាទសូល
12អ្នកប្រយុទ្ធទាំងអស់បានក្រោកឡើង ហើយចេញទៅទាំងយប់ រួចបានយកព្រះសពរបស់ព្រះបាទសូល និងបុត្រាពីជញ្ជាំងក្រុងបេតសានមកវិញ។ ពួកគេបានត្រឡប់ទៅក្រុងយ៉ាបេស ហើយយកសពទៅបូជានៅទីនោះ។
13ក្រោយមក ពួកគេបានយកធាតុទៅបញ្ជុះនៅក្រោមដើមជ្រៃមួយនៅក្នុងយ៉ាបេស ហើយបានតមអាហារប្រាំពីរថ្ងៃ។