1គ្រានោះ ពួកភីលីស្ទីនបានប្រមូលគ្នាទាំងអស់មកបោះទ័ពនៅអាផេក ឯអ៊ីស្រាអែលក៏បានមកបោះជំរំនៅក្បែរប្រភពទឹកនៅយេសរាល។
2ពួកអ្នកដឹកនាំពួកភីលីស្ទីនបានដឹកនាំទ័ពទាំងរាប់រយ និងរាប់ពាន់នាក់ចេញទៅ ហើយលោកដាវីឌទាំងអ្នកដែលនៅជាមួយលោកនៅជាមួយទ័ពជួរក្រោយជាមួយព្រះបាទអគីស។
3បន្ទាប់មក មានអ្នកដឹកនាំភីលីស្ទីនបានសួរថា៖ «តើពួកហេព្រើរទាំងនេះមកធ្វើអ្វីនៅទីនេះ?» ព្រះបាទអគីសបានតបទៅអ្នកដឹកនាំរបស់ពួកភីលីស្ទីននោះថា៖ «គឺលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះបាទសូល ដែលជាស្តេចអ៊ីស្រាអែល បានមករស់នៅជាមួយយើងប៉ុន្មានឆ្នាំនេះមកហើយ ហើយយើងមិនដែលឃើញលោកមានកំហុសម្តងណាទេរហូតមកដល់ថ្ងៃនេះ»។
4ប៉ុន្តែ អ្នកដឹកនាំនោះខឹងនឹងព្រះបាទអគីស ដោយបាននិយាយថា៖ «មិនត្រូវឲ្យអ្នកនេះចូលរួមជាមួយយើងទេ ឲ្យវាត្រឡប់ទៅកន្លែងដើមវាវិញទៅ កុំឲ្យវាចូលរួមច្បាំងជាមួយយើងជាដាច់ខាត។ ធ្វើដូច្នេះវានឹងមិនក្លាយជាសត្រូវរបស់យើងនៅឯសមរភូមិឡើយ។ តើធ្វើដូចម្តេចថា គេនឹងជានាជាមួយចៅហ្វាយចាស់របស់គេវិញនោះ? តើវានឹងមិនសម្លាប់ពួកមនុស្សរបស់យើងទេឬអី?
5តើនេះមិនមែនជាលោកដាវីឌដែលគេនាំគ្នារាំ និងច្រៀងតគ្នាទៅវិញទៅមកថា៖ «ព្រះបាទសូលបានសម្លាប់រាប់ពាន់នាក់ ឯលោកដាវីឌសម្លាប់បានរាប់ម៉ឺននាក់ទេឬអី?»។
6ភ្លាមនោះព្រះបាទអគីសបានហៅលោកដាវីឌ ហើយមានរាជឱង្ការថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ លោកពិតជាល្អនឹងខ្ញុំ ហើយទាំងចេញទៅប្រយុទ្ធ ទាំងត្រឡប់មកវិញ លោកគ្មានកំហុសអ្វីទេតាំងពីលោកទើបមកនៅជាមួយយើង និងរហូតមកដល់ថ្ងៃនេះ។ ទោះយ៉ាងណាក្តី មេដឹកនាំមិនពេញចិត្តនឹងលោកទេ។
7សូមលោកត្រឡប់ទៅវិញដោយសុខសាន្តចុះ ធ្វើដូច្នេះលោកនឹងមិនធ្វើឲ្យមេដឹកនាំភីលីស្ទីនមិនសប្បាយចិត្តឡើយ»។
8លោកដាវីឌបានទូលទៅព្រះបាទអគីសវិញថា៖ «តើទូលបង្គំបានធ្វើអ្វីខុស? តើទ្រង់បានទតឃើញទូលបង្គំជាអ្នកបម្រើទ្រង់មានកំហុសអ្វីតាំពីដំបូងរហូតមកទល់ពេលនេះ ហើយនិងពេលចេញទៅវាយប្រយុទ្ធនឹងសត្រូវរបស់ទ្រង់?»
9ព្រះបាទអគីសបានតបវិញថា៖ «យើងជ្រាបហើយថា លោកគ្មានកំហុសអ្វីទាំងអស់។ នៅចំពោះមុខយើង លោកដូចជាទេវតានៃព្រះ ប៉ុន្តែ ទោះយ៉ាងនេះក្តី មេដឹកនាំភីលីស្ទីនបាននិយាយថា៖ «មិនត្រូវឲ្យអ្នកនេះទៅចម្បាំងជាមួយយើងជាដាច់ខាត»។
10ដូច្នេះ ចូរក្រោកពីព្រលឹមជាមួយនឹងបាវបម្រើរបស់យើងឯទៀតដែលបានមកជាមួយលោក ហើយភ្លឺឡើងចូរចេញដំណើរទៅចុះ»។
11លោកដាវីឌបានក្រោកពីព្រលឹម ទាំងលោក និងមនុស្សដែលនៅជាមួយចាកចេញពេលព្រឹក ត្រឡប់ទៅទឹកដីភីលីស្ទីនវិញ។ ឯពួកទ័ពភីលីស្ទីនបានបន្តដំណើរឡើងទៅយេសរាលតទៀត។