1នាងហាណាបានអធិស្ឋានដោយនិយាយថា៖ «ព្រះអម្ចាស់ធ្វើឲ្យដួងចិត្តខ្ញុំម្ចាស់មានអំណរក្រៃលែង។ ស្នែងរបស់ខ្ញុំម្ចាស់ត្រូវបានលើកតម្កើងក្នុងព្រះអម្ចាស់។ មាត់របស់ខ្ញុំម្ចាស់អាចបើកឡើងតទល់នឹងសត្រូវរបស់ខ្ញុំម្ចាស់ ពីព្រោះខ្ញុំម្ចាស់មានអំណរក្នុងសេចក្តីសង្គ្រោះរបស់ព្រះអង្គ។
2គ្មាននរណាបរិសុទ្ធដូចព្រះអម្ចាស់ឡើយ គឺគ្មាននរណាដូចទ្រង់ឡើយ ហើយក៏គ្មានថ្មដាណាដូចព្រះជាម្ចាស់របស់យើងដែរ។
3ចូរកុំឲ្យមានអំនួតអួតបំបោងទៀតទៅ ក៏កុំពោលពាក្យក្រអឺតក្រទមចេញពីមាត់ផងដែរ។ ដ្បិត ព្រះអម្ចាស់គឺជាព្រះដែលជ្រាបគ្រប់ទាំងអស់ ហើយព្រះអង្គនឹងវាល់ទៅតាមអំពើដែលបានប្រព្រឹត្ត។
4ធ្នូរបស់អ្នកខ្លាំងពូកែព្រះអង្គនឹងកាច់បំបាក់ តែព្រះអង្គបំពាក់កម្លាំងដូចក្រវ៉ាត់ចង្កេះដល់អ្នកដែលភ្លាត់ដួលវិញ។
5អ្នកដែលធ្លាប់ឆ្អែតបែរជាខ្វះខាតស្វែងរកអាហារ រីឯអ្នកដែលឃ្លានវិញនឹងបានចម្អែតក្រពះ។ សូម្បី ស្ត្រីអារអាចសម្រាលបានកូនប្រាំពីរនាក់ ឯស្ត្រីដែលមានកូនជាច្រើន នឹងទៅជាស្លោកស្រពោនវិញ។
6ព្រះអម្ចាស់ដកជីវិត ហើយព្រះអង្គក៏ជាអ្នកប្រទានជីវិតដែរ។ ព្រះអង្គយកគេទៅស្ថានមនុស្សស្លាប់ ហើយក៏ជាអ្នកលើកគេពីស្លាប់បានដែរ។
7ព្រះអម្ចាស់ធ្វើឲ្យអ្នកមានទៅជាក្ររហាម ហើយលើកអ្នកខ្វះខាតឲ្យទៅជាមាន។ ព្រះអង្គជាអ្នកបន្ទាប និងជាអ្នកដែលលើកគេឡើង។
8ព្រះអង្គលើកអ្នកទាល់ក្រចេញពីធូលីដី។ ព្រះអង្គលើកអ្នកក្រខ្សត់ពីគំនរផេះ ហើយដាក់ឲ្យគេអង្គុយជាមួយអ្នកមានអំណាច ព្រមទាំងគ្រងរាជ្យលើកន្លែងដ៏កិត្តិយសផង។ ដ្បិត សសរគ្រឹះផែនដីជារបស់ព្រះអម្ចាស់ ហើយព្រះអង្គបានតាំងពិភពលោកនៅលើគ្រឹះនេះ។
9ព្រះអង្គនឹងការពារជើងមនុស្សស្មោះត្រង់របស់ព្រះអង្គ ប៉ុន្តែ មនុស្សអាក្រក់នឹងត្រូវវេទនាក្នុងភពសូន្យសុង ពីព្រោះគ្មានអ្នកណាទទួលជ័យជម្នះដោយកម្លាំងបាយឡើយ។
10អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់នឹងត្រូវបែកជាចំណែកតូចៗ ដ្បិត ព្រះអង្គនឹងបញ្ជាឲ្យរន្ទះបាញ់ប្រឆាំងនឹងអ្នកទាំងនោះពីស្ថានសួគ៌។ ព្រះអម្ចាស់នឹងជំនុំជម្រះរហូតដល់ទីបញ្ចប់នៃផែនដី ព្រះអង្គនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។
11ក្រោយមកលោកអែលកាណាក៏បានត្រឡប់ទៅផ្ទះរបស់លោកនៅឯរ៉ាម៉ា។ ឯកុមារតូចបាននៅបម្រើព្រះអម្ចាស់ជាមួយនឹងលោកបូជាចារ្យអេលីនៅទីនោះ។
12ពេលនេះកូនប្រុសៗរបស់លោកអេលីជាមនុស្សគ្មានបានការ។ ពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។
13តាមទម្លាប់របស់ពួកបូជាចារ្យជាមួយប្រជាជនគឺដូច្នេះ នៅពេលមានអ្នកណា យកយញ្ញបូជាមកថ្វាយ បាវបម្រើរបស់បូជាចារ្យចូលមកទាំងមានសមមុខបីនៅនឹងដៃ ខណៈកំពុងចម្អិនសាច់នោះ។
14បាវនោះយកសមចាក់ក្នុងខ្ទះ ឆ្នាំង ថ្លាង ឬកំសៀវនោះ រួចចាក់សាច់នឹងសមយកទៅជាចំណែករបស់បូជាចារ្យទាំងអស់នោះ។ ពួកគេធ្វើដូច្នេះចំពោះជនជាតិអុីស្រាអែលដែលយកតង្វាយមកសុីឡូនោះគ្រប់ៗគ្នា។
15ការនោះកាន់តែអាក្រក់ឡើង គឺមុនពេលគេដុតខ្លាញ់ នោះបាវរបស់បូជាចារ្យបានចូលមក ហើយនិយាយទៅបុរសដែលកំពុងថ្វាយយញ្ញបូជាថា៖ «ចូរឲ្យសាច់ដែលត្រូវអាំងនោះមកបូជាចារ្យឯណេះ ព្រោះលោកនឹងមិនទទួលសាច់ដែលបានស្ងោររួចពីអ្នកទេ ប៉ុន្តែ លោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។
16បើបុរសនោះនិយាយថា៖ «គេត្រូវតែដុតខ្លាញ់ជាមុនសិន រួចសូមលោកយកតាមចិត្តចុះ»។ នោះបាវរបស់បូជាចារ្យនឹងនិយាយថា៖ «ទេ ចូរឲ្យសាច់នោះមកយើងឥឡូវនេះ បើមិនដូច្នោះទេ យើងនឹងប្រើកម្លាំងបាយទាំងបង្ខំ»។
17អំពើបាបរបស់ពួកគេកាន់តែអាក្រក់ឡើងៗនៅចំពោះព្រះអម្ចាស់ ដោយពួកគេបានបន្ថោកតង្វាយរបស់ព្រះអម្ចាស់។
18ឯកុមារសាំយូអែលបាននៅបម្រើព្រះអម្ចាស់ ដោយស្លៀកពាក់ក្រណាត់ទេសឯកជាមួយនឹងអាវអេផូដផង។
19រៀងរាល់ឆ្នាំម្តាយរបស់កុមារបានធ្វើរ៉ូបតូចឲ្យ គឺនៅពេលដែលនាងបានឡើងមកថ្វាយយញ្ញបូជាប្រចាំឆ្នាំជាមួយប្តីរបស់នាង។
20លោកអេលីបានឲ្យពរលោកអែលកាណា និងប្រពន្ធដោយប្រសាសន៍ថា៖ «សូមព្រះអម្ចាស់ប្រទានឲ្យអ្នកមានកូនថែមទៀតតាមរយៈស្ត្រីនេះ ពីព្រោះតែការទូលសូមរបស់នាងដែលបានធ្វើចំពោះព្រះអម្ចាស់»។ ក្រោយមក ពួកគេក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
21ព្រះអម្ចាស់បានជួយនាងហាណាម្តងហើយម្តងទៀត នាងក៏មានផ្ទៃពោះថែមទៀត។ នាងបានបង្កើតកូនប្រុសបីនាក់ និងកូនស្រីពីរនាក់ទៀត។ ឯកុមារសាំយូអែលក៏បានចម្រើនវ័យនៅចំពោះព្រះអម្ចាស់ដែរ។
22ពេលនោះ លោកអេលីកាន់តែចាស់ គាត់បានឮអំពីទង្វើអាក្រក់របស់កូនៗគាត់ចំពោះជនជាតិអីុស្រាអែលទាំងអស់ ហើយនិងអំពើដែលពួកគេបានដេកជាមួយស្រីៗដែលបម្រើនៅឯច្រកទ្វារចូលទៅកាន់ព្រះពន្លា។
23គាត់បានមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ? យើងបានឮអំពើទាំងប៉ុន្មានដែលពួកឯងបានប្រព្រឹត្តពីមនុស្សទាំងអស់នេះ»។
24ទេ កូនអើយ អ្វីដែលយើងបានឮពីពួកឯងនោះ មិនល្អទេ។ ពួកឯងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់លែងស្តាប់តាមហើយ។
25«បើម្នាក់ប្រព្រឹត្តបាបចំពោះម្នាក់ទៀត នោះព្រះជាម្ចាស់នឹងជំនុំជម្រះឲ្យ ប៉ុន្តែ បើម្នាក់ប្រព្រឹត្តបាបប្រឆាំងនឹងព្រះអម្ចាស់វិញ តើនរណាជាអ្នករកខុសត្រូវឲ្យ?» ទោះយ៉ាងណា ពួកគេមិនស្តាប់តាមឪពុករបស់ពួកគេដែរ ពីព្រោះព្រះអម្ចាស់ចង់សម្លាប់ពួកគេហើយ។
26រីឯកុមារសាំយូអែលក៏បានចម្រើនវ័យ ហើយថែមទាំងបានគាប់ព្រះទ័យដល់ព្រះអម្ចាស់ និងចំពោះមនុស្សផងដែរ។
27មានមនុស្សរបស់ព្រះជាម្ចាស់បានចូលមកឯលោកអេលី ហើយមានប្រសាន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ តើយើងមិនបានសម្តែងខ្លួនយើងដល់ដូនតារបស់ឯង ខណៈពួកគេស្ថិតនៅស្រុកអេសីុប ជាទាសកររបស់ស្តេចផារ៉ោនទេឬអី?
28យើងបានជ្រើសរើសឯងពីកុលសម្ព័ន្ធអីុស្រាអែលទាំងអស់ឲ្យធ្វើជាបូជាចារ្យរបស់យើង គឺឲ្យបម្រើអាសនារបស់យើង ហើយដុតគ្រឿងក្រអូប ទាំងពាក់អាវអេផូដនៅចំពោះមុខយើងផង។ យើងបានផ្តល់ចំណែកនៃយញ្ញបូជាទាំងអស់ដែលប្រជាជនអីុស្រាអែលបានយកមកឲ្យយើងជាមួយនឹងភ្លើងដល់ដូនតារបស់ឯង។
29ចុះហេតុដូចម្តេចបានជាឯងប្រមាថយញ្ញបូជា និងតង្វាយដែលយើងបានតម្រូវឲ្យមាននៅក្នុងដំណាក់របស់យើងដូច្នេះ? ហេតុអ្វីបានជាឯងលើកកូនប្រុសៗខ្ពស់ជាងយើង ដោយយកខ្លាញ់ និងចំណែកដ៏ល្អបំផុតនៃតង្វាយដែលប្រជាជនអីុស្រាអែលយកមកឲ្យយើងមកទុកខ្លួនឯង។
30នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អីុស្រាអែល យើងបានសន្យាថា គ្រួសាររបស់ឯង និងដូនតារបស់ឯងត្រូវដើរចំពោះយើងជារៀងរហូត។ ប៉ុន្តែ ពេលនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ យើងលុបចោលសេចក្តីសន្យានេះហើយ ព្រោះយើងផ្តល់កិត្តិយសដល់អស់អ្នកដែលគោរពយើង ប៉ុន្តែ អស់អ្នកណាដែលមិនគោរពយើង យើងនឹងឈប់នឹកនាអ្នកនោះវិញដែរ។
31មើល គ្រាមួយនឹងមកដល់ គឺយើងនឹងធ្វើឲ្យកម្លាំងរបស់ឯង និងគ្រួសារឯងថមថយ ហើយគ្រួសាររបស់ឯងក៏ត្រូវបន្ថយអាយុផងដែរ។
32ឯងនឹងឃើញតែសេចក្តីទុក្ខព្រួយនៅក្នុងដំណាក់របស់យើង។ អ្វីៗដែលល្អនឹងត្រូវប្រទានឲ្យដល់កូនចៅអុីស្រាអែល ឯគ្រួសាររបស់ឯងនឹងលែងមានមនុស្សចាស់ទៀតហើយ។
33អស់អ្នកដែលយើងមិនបានកាត់ចេញពីអាសនារបស់យើង យើងនឹងឲ្យភ្នែករបស់គេទៅជាអន់ គេនឹងជួបតែការបាក់ទឹកចិត្តនៅក្នុងជីវិត។ ឯកូនចៅដែលកើតមកទៀតក្នុងគ្រួសាររបស់ឯងនឹងត្រូវស្លាប់។
34នេះជាទីសម្គាល់សម្រាប់អ្នក គឺវានឹងកើតទៅលើកូនប្រុសទាំងពីររបស់ឯង គឺហូបនី និងភីនេហាស។ ពួកគេទាំងពីរនឹងស្លាប់ក្នុងថ្ងៃតែមួយ។
35ឯយើង យើងនឹងលើកបូជាចារ្យដ៏ស្មោះត្រង់មួយរូបសម្រាប់យើង គេនឹងធ្វើតាមអ្វីដែលមាននៅក្នុងចិត្ត និងព្រលឹងរបស់យើង។ យើងនឹងឲ្យគ្រួសាររបស់គេរឹងមាំ ហើយគេនឹងបម្រើដល់ស្តេចដែលយើងបានតាំងឡើងជារៀងរហូត។
36អ្នកណាដែលនៅមានជីវិតពីក្នុងគ្រួសាររបស់ឯងនឹងមកលត់ជង្គង់នៅមុខអ្នកនោះដើម្បីសុំប្រាក់ និងអាហារពីអ្នកនោះដោយនិយាយថា៖ «សូមទុកឲ្យខ្ញុំធ្វើជាបូជាចារ្យម្នាក់ ដូច្នេះ ខ្ញុំនឹងមានអាហារបរិភោគ»។