1ថ្ងៃទាំងនោះក៏បានមកដល់ គឺពួកភីលីស្ទីនបានប្រមូលគ្នាដើម្បីវាយប្រហារអ៊ីស្រាអែល។ ព្រះបាទអគីសបានថ្លែងទៅដាវីឌថា៖ «លោកជ្រាបច្បាស់ហើយថា លោកនឹងទៅចម្បាំងជាមួយនឹងយើង គឺទាំងលោក និងអ្នកដែលនៅជាមួយលោក»។
2លោកដាវីឌបានទូលព្រះបាទអគីសវិញថា៖ «ទ្រង់ជ្រាបថាទូលបង្គំជាអ្នកបម្រើទ្រង់អាចធ្វើអ្វីថ្វាយទ្រង់ស្រាប់ហើយ»។ ព្រះបាទអគីសបានមានរាជឱង្ការតបថា៖ «ដូច្នេះ យើងនឹងតែងតាំងលោកឲ្យធ្វើជាកងការពារយើងជារៀងរហូត»។
3ពេលនោះ លោកសាំយូអែលបានលាចាកលោកហើយ ហើយអ៊ីស្រាអែលទាំងមូលបាននាំគ្នាកាន់ទុក្ខលោក និងបានបញ្ចុះលោកនៅក្នុងភូមិរ៉ាម៉ា ជាកន្លែងកំណើតរបស់លោក។ ឯព្រះបាទសូលបានហាមមិនឲ្យមានអ្នកណាខាបព្រលឹង ឬវិញ្ញាណនៅក្នុងស្រុកឡើយ។
4ក្រោយមក ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះជំរំនៅស៊ូណែម ហើយព្រះបាទសូលក៏បានកែនទ័ពនៅអ៊ីស្រាអែលទាំងអស់ផងដែរ រួចទៅបោះជំរំនៅគីលបោ។
5នៅពេលព្រះបាទសូលបានឃើញទ័ពរបស់ភីលីស្ទីន ស្តេចភ័យខ្លាចជាខ្លាំង ហើយស្តេចមានព្រះហប្ញទ័យរន្ធត់ជាខ្លាំង។
6ស្តេចបានទូលអង្វរសុំជំនួយពីព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ពុំបានឆ្លើយតបស្តេចវិញទេ ទោះតាមសុបិន្ត តាមយូរីម ឬតាមព្យាការីក្តី។
7បន្ទាប់មក ព្រះបាទសូលបានបញ្ជាដល់រាជ្យបម្រើថា៖ «ចូរទៅរកមេមត់់ដែលអាចខាបព្រលឹងមនុស្សស្លាប់ ហើយយើងនឹងទៅសួរដើម្បីឲ្យដឹងថាត្រូវធ្វើដូចម្តេច»។ ពួករាជ្យបម្រើបានទូលស្តេចថា៖ «មើល មានស្ត្រីម្នាក់នៅអេនដោរដែលអាចនិយាយជាមួយព្រលឹងអ្នកស្លាប់បាន»។
8ព្រះបាទសូលបានក្លែងខ្លួនឯង ដោយស្លៀកពាក់ជាមនុស្សផ្សេងទៀតហើយបានចេញទៅជាមួយនឹងមនុស្សពីរនាក់ទៀតដើម្បីទៅឯស្ត្រីនោះទាំងយប់។ ស្តេចបានមានរាជឱង្ការថា៖ «សូមទាយឲ្យខ្ញុំ ខ្ញុំសូមអង្វរ គឺហៅវិញ្ញាណឲ្យឡើងមក តាមឈ្មោះដែលខ្ញុំប្រាប់»។
9ស្ត្រីនោះបានតបទៅស្តេចវិញថា៖ «មើល តើលោកមិនជ្រាបទេឬថា ព្រះបាទសូលបានប្រព្រឹត្តដូចម្តេចខ្លះ គឺស្តេចបានហាមប្រាមមិនឲ្យនរណាខាបវិញ្ញាណមនុស្សស្លាប់លើទឹកដីនេះទេ។ ដូច្នេះ ហេតុអ្វីបានជាលោកមកអង្គុយដាក់អន្ទាក់យកជីវិតរបស់ខ្ញុំយ៉ាងនេះ ឬមួយលោកចង់ធ្វើឲ្យអស់ជីវិតឬ?»
10ព្រះបាទសូលបានស្បថដោយនូវព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅយ៉ាងណា នាងនឹងគ្មានទោសអ្វីដោយសារការនេះទេ»។
11បន្ទាប់មក ស្ត្រីនោះបាននិយាយថា៖ «តើចង់ឲ្យខ្ញុំហៅអ្នកណាឲ្យឡើងមក?» ព្រះបាទសូលបានមានរាជឱង្ការតបថា៖ «សូមខាបហៅលោកសាំយូអែលឲ្យខ្ញុំ»។
12ពេលនេះ ស្ត្រីនោះបានឃើញលោកសាំយូអែល ហើយបានស្រែកដោយសម្លេងខ្លាំង និងបាននិយាយទៅព្រះបាទសូលថា៖ «ហេតុអ្វីបានជាទ្រង់បោកប្រាស់ខ្ញុំម្ចាស់ដូច្នេះ? គឺព្រះករុណាគឺជាព្រះបាទសូលទេតើ»។
13ស្តេចបានថ្លែងទៅស្ត្រីនោះថា៖ «កុំខ្លាចអ្វី តើនាងបានឃើញអ្វី?» នាងបានទូលព្រះបាទសូលថា៖ «ខ្ញុំម្ចាស់បានឃើញមានម្នាក់កំពុងចេញពីផែនដី»។
14ស្តេចបានមានរាជឱង្ការសួរស្ត្រីនោះថា៖ «តើលោកនោះមានទ្រង់ទ្រាយបែបណា?» ស្ត្រីនោះបានតបវិញថា៖ «មានបុរសចំណាស់ម្នាក់កំពុងតែមក លោកស្លៀកពាក់រ៉ូប»។ ព្រះបាទសូលបានយល់ឃើញថា នោះគឺលោកសាំយូអែលហើយ ស្តេចក៏ឱនមុខដល់ដី និងសម្តែងសេចក្តីគោរព។
15លោកសាំយូអែលបានទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណារំខានទូលបង្គំ ហើយហៅទូលបង្គំឡើងមកដូច្នេះ?» ព្រះបាទសូលតបវិញថា៖ «ខ្ញុំបានថប់បារម្ភជាខ្លាំងដោយពួកភីលីស្ទីនបានប្រមូលគ្នាមកវាយប្រហារ ហើយព្រះជាម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអង្គពុំឆ្លើយតបនឹងខ្ញុំទៀតទេ សូម្បីតែតាមរយៈព្យាការី ឬតាមសុបិន្តក្តីក៏គ្មានដែរ។ ហេតុដូច្នេះហើយ ទើបខ្ញុំហៅលោកឡើងមកដើម្បីប្រាប់ខ្ញុំថា ខ្ញុំគួរធ្វើបែបណា»។
16លោកសាំយូអែលបានមានប្រសាសន៍ឡើងថា៖ «ព្រះករុណាសួរទូលបង្គំធ្វើអ្វី តាំងពីព្រះអម្ចាស់បោះបង់ព្រះករុណាមក ព្រះអង្គបានត្រឡប់ទៅជាសត្រូវរបស់ព្រះករុណាហើយទេតើ?»
17ព្រះអម្ចាស់បានប្រព្រឹត្តដូច្នេះស្របតាមព្រះបន្ទូលរបស់ព្រះអង្គដែលគួរធ្វើហើយ។ ព្រះអម្ចាស់បានហែករាជ្យអាណាចក្រពីព្រះហស្តរបស់ព្រះកុរណា រួចបានប្រទានឲ្យអ្នកផ្សេងទៀត គឺដាវីឌ។
18ពីព្រោះព្រះករុណាពុំបានស្តាប់បង្គាប់ព្រះសូរ្យសៀងរបស់ព្រះអម្ចាស់ទេ ហើយក៏ពុំបានធ្វើតាមព្រះពិរោធរបស់ព្រះអង្គទៅលើជនជាតិអាម៉ាឡេកដែរ ហេតុដូច្នេះ ទើបព្រះអង្គប្រព្រឹត្តបែបនេះចំពោះព្រះករុណា។
19លើសពីនេះទៅទៀត ព្រះអម្ចាស់បានប្រគល់អ៊ីស្រាអែល ព្រមទាំងព្រះករុណាទៅក្នុងដៃរបស់ពួកភីលីស្ទីនថែមទៀតផង។ ថ្ងៃស្អែក ព្រះករុណា ព្រមទាំងបុត្រនឹងមកនៅជាមួយទូលបង្គំហើយ។ ព្រះអម្ចាស់ក៏ប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងដៃរបស់ពួកភីលីស្ទីនដែរ»។
20បន្ទាប់មក ព្រះបាទសូលបានដួលទាំងជំហរភ្លាមៗទៅលើដី ហើយបានតក់ស្លុតជាខ្លាំងពីព្រោះពាក្យទាំងប៉ុន្មានរបស់លោកសាំយូអែល។ ស្តេចគ្មានកម្លាំងកំហែងទៀតទេ ព្រោះស្តេចពុំបានសោយព្រះស្ងោយអស់ជាច្រើនថ្ងៃច្រើនយប់។
21ស្ត្រីនោះបានមកឯព្រះបាទសូល ហើយបានឃើញទ្រង់តក់ស្លុតជាខ្លាំង នាងបានទូលទ្រង់ថា៖ «ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់បានស្តាប់ និងធ្វើតាមព្រះបន្ទូលទ្រង់ហើយ ទូលបង្គំបានដាក់ជីវិតនៅក្នុងព្រះហស្តទ្រង់ និងបានស្តាប់តាមរាជបញ្ជាទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ហើយ។
22ហេតុដូច្នេះពេលនេះ ខ្ញុំម្ចាស់សូមអង្វរទ្រង់ សូមព្រះសន្តាប់ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបចំព្រះស្ងោយបន្តិចបន្តួចជូនទ្រង់។ សូមទ្រង់សោយសិន ដើម្បីប្រមូលកម្លាំងហើយអាចយាងត្រឡប់ទៅវិញ»។
23ប៉ុន្តែ ព្រះបាទសូលបានបដិសេធថា៖ «យើងមិនសោយអាហារនេះទេ»។ តែពួករាជបម្រើទ្រង់ ទាំងស្ត្រីនោះបានទទូចស្តេច ហើយស្តេចក៏ព្រមតាមពាក្យពួកគេ។ ដូច្នេះ ស្តេចបានក្រោកពីដី ហើយគង់នៅលើគ្រែវិញ។
24ស្ត្រីនោះបានយកកូនគោដែលបំប៉នក្នុងផ្ទះ ហើយនាងបានប្រញាប់ទៅសម្លាប់វា រួចយកម្សៅមកច្របាច់ដើម្បីធ្វើនំបុ័ងឥតមេជាមួយ។
25នាងបានយកមកថ្វាយស្តេចសូល និងពួករាជបម្រើទ្រង់ ហើយពួកគេបានទទួលទានទាំងអស់គ្នា។ បន្ទាប់ពី ទទួលរួចក៏បានក្រោកឡើង ហើយចាកចេញពីទីនោះទាំងយប់។