1លោកដាវីឌបានមានប្រសាសន៍ក្នុងចិត្តថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន គ្មានអ្វីប្រសើរជាងរត់ភៀសខ្លួនចូលទៅស្រុកភីលីស្ទីនទេ នោះព្រះបាទសូលនឹងបោះបង់ការតាមរកខ្ញុំនៅក្នុងទឹកដីអ៊ីស្រាអែលនេះមិនខាន ដោយហេតុនេះ ខ្ញុំនឹងគេចខ្លួនពីព្រះហស្តរបស់ស្តេចទើបរួចជីវិត»។
2លោកដាវីឌបានក្រោកឡើង និងចេញទៅជាមួយនឹងមនុស្សដែលនៅជាមួយខ្លួនទាំងប្រាំមួយរយនាក់ ឆ្ពោះទៅរកស្តេចអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក ស្តេចក្រុងកាថ។
3លោកដាវីឌបានរស់នៅជាមួយនឹងស្តេចអគីសនៅក្រុងកាថ ទាំងលោក និងអ្នកនៅជាមួយលោកបានតាំងទីលំនៅទីនោះ។ លោកដាវីឌក៏បានយកប្រពន្ធទាំងពីរទៅជាមួយដែរ មាននាងអហ៊ីឡោម អ្នកស្រុកយ៉េសរាល និងនាងអប៊ីកែល អ្នកភូមិកើមែល ដែលជាអតីតប្រពន្ធរបស់លោកណាបាល។
4មានគេទូលប្រាប់ព្រះបាទសូលថា លោកដាវីឌបានភៀសខ្លួនទៅនៅក្រុងកាថ ស្តេចក៏លែងតាមរកលោកដាវីឌតទៅទៀត។
5លោកដាវីឌបានទូលស្តេចអគីសថា៖ «បើព្រះអង្គគាប់ព្រះទ័យ សូមទ្រង់ប្រទានតំបន់ណាមួយនៃទីក្រុងក្នុងស្រុកនេះដល់ពួកទូលបង្គំរស់នៅផង មិនគួរឲ្យទូលបង្គំយើងខ្ញុំរស់នៅជាមួយស្តេចក្នុងក្រុងរបស់ស្តេចឡើយ»។
6ឮដូច្នេះ ព្រះបាទអគីសបានប្រទានក្រុងស៊ីគឡាក់ឲ្យនៅថ្ងៃនោះ។ ហេតុដូច្នេះហើយ ក្រុងស៊ីគឡាក់ជាកម្មសិទ្ធិរបស់ស្តេចយូដាមកដល់សព្វថ្ងៃនេះ។
7លោកដាវីឌបានស្នាក់នៅក្នុងស្រុកភីលីស្ទីនអស់រយៈពេលមួយឆ្នាំបួនខែពេញ។
8លោកដាវីឌ និងអ្នកដែលនៅជាមួយលោកបានទៅវាយប្រហារជាច្រើនកន្លែង ដោយទៅលុកលុយជនជាតិកេស៊ូរី ទឹកដីរបស់ពួកកេស៊ើរ និងទឹកដីរបស់ពួកអាម៉ាឡេក។ ជនជាតិទាំងនោះបានតាំងទីលំនៅចាប់តាំងពីស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។ ពួកគេរស់នៅតំបន់ទាំងនោះតាំងសម័យបុរាណមកមេ្ល៉ះ។
9លោកដាវីឌបានវាយលុកទឹកដីនោះ ហើយមិនទុកឲ្យមនុស្សប្រុសស្រីណាម្នាក់នៅជីវិតឡើយ លោកដាវីឌក៏បានប្រមូលចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់រួចត្រឡប់មកជួបព្រះបាទអគីសវិញ។
10ព្រះបាទអគីសបានមានរាជឱង្ការសួរថា៖ «តើឯងបានចេញទៅវាយតំបន់ណាខ្លះថ្ងៃនេះ?» លោកដាវីឌទូលឆ្លើយវិញថា៖ «ទៅវាយភាគខាងត្បូងយូដា» ឬ «វាយភាគខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬ «វាយនៅភាគខាងត្បូងពួកកែន»។
11លោកដាវីឌមិនទុកជីវិតមនុស្សប្រុសស្រីហើយនាំមកក្រុងកាថឡើយ គឺដោយគិតថា មិនចង់ឲ្យអ្នកទាំងនោះនិយាយអ្វីពីពួកយើង ហើយលោកដាវីឌធ្វើនេះឬធ្វើនោះឡើយ»។ នេះជារបៀបដែលលោកដាវីឌប្រព្រឹត្តកាលលោកកំពុងរស់នៅស្រុកភីលីស្ទីន។
12ដូច្នេះ ព្រះបាទអគីសបានជឿជាក់លើលោកដាវីឌដោយគិតថា៖ «លោកដាវីឌបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលរបស់ខ្លួនស្អប់ខ្ពើមយ៉ាងខ្លាំង ដូច្នេះ លោកដាវីឌនឹងនៅធ្វើជាអ្នកបម្រើរបស់យើងជារៀងរហូត»។