1ពួកអ្នករស់នៅទីរហោស្ថានស៊ីភបានមកជួបព្រះបាទសូលនៅឯគីបៀរទូលស្តេចថា៖ «លោកដាវីឌកំពុងលាក់ខ្លួននៅលើទួលហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។
2ព្រះបាទសូលបានក្រោកឡើងចេញទៅទីរហោស្ថានស៊ីភ ដោយបានជ្រើសរើសយកទាហានបីពាន់នាក់ពីអ៊ីស្រាអែលទៅជាមួយដើម្បីតាមរកដាវីឌនៅឯទីរហោស្ថានស៊ីភ។
3ព្រះបាទសូលបានបោះជំរំនៅលើទួលហាគីឡាដែលនៅពីមុខវាលយេស៊ីម៉ូន។ ប៉ុន្តែ លោកដាវីឌកំពុងនៅឯវាលរហោស្ថាន ហើយបានឃើញថា ព្រះបាទសូលកំពុងមកតាមរកចាប់លោកនៅឯទីរហោស្ថាន។
4ដូច្នេះ លោកដាវីឌក៏បានចាត់អ្នកស៊ើបការណ៍ឲ្យទៅស៊ើប ហើយបានដឹងថា ព្រះបាទសូលពិតជាបានមកមែន។
5លោកដាវីឌបានក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះបាទសូលបានបោះជំរំ លោកបានឃើញទីតាំងដែលស្តេចផ្ទំ និងកន្លែងលោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពរបស់ស្តេចសម្រាកដែរ។ ព្រះបាទសូលផ្ទំនៅក្នុងជំរំហើយទាហានបោះជំរំនៅជំវិញស្តេច ដេកទាំងអស់គ្នា។
6លោកដាវីឌបាននិយាយទៅលោកអហ៊ីម៉ាឡេក ជាជនជាតិហេត និងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ដែលជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើមានអ្នកណាហ៊ានទៅជំរំព្រះបាទសូលជាមួយខ្ញុំ?» លោកអប៊ីសាយបានតបថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។
7ដូច្នេះ លោកដាវីឌ និងលោកអប៊ីសាយបានចេញទៅជំរំទាហ៊ាននោះទាំងយប់។ ព្រះបាទសូលកំពុងផ្ទំក្នុងជំរំ ដែលមានលំពែងដោតជាប់នឹងដីជិតក្បាលដំណេកស្តេចផង។ ឯលោកអប៊ីនើរ និងទាហានដេកនៅជុំវិញស្តេច។
8លោកអប៊ីសាយបានប្រសាន៍ទៅលោកដាវីឌថា៖ «ថ្ងៃនេះ ព្រះជាម្ចាស់បានប្រគល់ខ្មាំងសត្រូវរបស់លោកមកក្នុងដៃលោកហើយ។ ឥឡូវនេះ សូមលោកអនុញ្ញាតឲ្យខ្ញុំដោតស្តេចឲ្យជាប់នឹងដីជាមួយនឹងលំពែងតែមួយដងលំពែងប៉ុណ្ណោះ។ ខ្ញុំនឹងមិនដោតស្តេចជាលើកទីពីរទេ»។
9លោកដាវីឌបានមានប្រសាសន៍ទៅលោកអប៊ីសាយវិញថា៖ «កំុសម្លាប់ស្តេចឲ្យសោះ ព្រោះគ្មាននរណាលើកដៃសម្លាប់អ្នកដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក រួចមិនទទួលទោសនោះទេ»។
10លោកដាវីឌបានបន្តថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ គឺព្រះអម្ចាស់ជាអ្នកយកជីវិតស្តេចផ្ទាល់ ឬទុកឲ្យស្តេចរស់នៅឲ្យអស់ជីវិត ឬធ្វើឲ្យស្តេចអស់ជីវិតនៅពេលចេញសមរភូមិចុះ។
11សូមព្រះអម្ចាស់ឃាត់ខ្ញុំមិនឲ្យខ្ញុំលើកដៃប្រហារអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេកឡើយ ប៉ុន្តែ ពេលនេះ សូមលោកចូលទៅយកតែលំពែង និងថូទឹកដែលនៅក្បាលដំណេករបស់ស្តេច ហើយយើងចេញទៅវិញ»។
12ដូច្នេះ លោកដាវីឌបានយកលំពែង និងថូទឹកពីក្បាលដំណេកព្រះបាទសូល ហើយអ្នកទាំងពីរក៏បានចាកចេញទៅ។ គ្មានអ្នកណាម្នាក់បានឃើញអ្នកទាំងពីរ ឬដឹងរឿងនេះទេ ក៏គ្មានអ្នកណាម្នាក់ភ្ញាក់ ព្រោះអ្នកទាំងអស់នោះលង់លក់ទាំងអស់ ដោយសារព្រះអម្ចាស់បានធ្វើឲ្យពួកគេលង់លក់ខ្លាំង។
13បន្ទាប់មក លោកដាវីឌបានឆ្លងទៅម្ខាងហើយឈរលើកំពូលភ្នំពីចម្ងាយដែលឆ្ងាយពីជំរំពួកគេ។
14លោកដាវីឌបានស្រែកទៅទាហាន និងលោកអប៊ីនើរជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ហេតុអ្វីមិនឆ្លើយតបដូច្នេះ?» លោកអប៊ីនើរបានឆ្លើយថា៖ «តើអ្នកជាអ្នកណា បានជាហ៊ានស្រែកមកព្រះរាជាដូច្នេះ?»
15លោកដាវីឌបានប្រសាសន៍ទៅលោកអប៊ីនើរថា៖ «តើលោកមិនមែនជាអ្នកក្លាហានទេឬ? តើមាននរណាខ្លាំងដូចលោកនៅស្រុកអ៊ីស្រាអែល? ហេតុអ្វីពេលនេះលោកពុំបានការពារចៅហ្វាយរបស់លោក គឺព្រះរាជាឲ្យល្អដូច្នេះ? ព្រោះមានគេបានចូលទៅក្នុងជំរំដើម្បីធ្វើឃាតព្រះរាជា ជាចៅហ្វាយរបស់លោក។
16លោកធ្វើនេះមិនល្អទេ។ ខ្ញុំជម្រាបលោកដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកសមតែស្លាប់ ពីព្រោះលោកពុំបានការពារចៅហ្វាយរបស់ខ្លួន ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឲ្យល្អទេ។ ឥឡូវ ចូររកមើល ឯណាទៅលំពែង និងថូទឹកនៅក្បាលដំណេកស្តេច?»
17ព្រះបាទសូលចាំសម្លេងរបស់លោកដាវីឌ រួចមានបន្ទូលថា៖ «នេះជាសម្លេងឯងឬ បុត្របិតា?» លោកដាវីឌបានឆ្លើយថា៖ «មែនហើយ នេះជាសម្លេងទូលបង្គំ។
18ហេតុអ្វីបានជាទ្រង់តាមទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអ្វី? តើដៃទូលបង្គំបានប្រព្រឹត្តអាក្រក់អ្វី?
19ហេតុនេះ ទូលបង្គំសូមទ្រង់ព្រះសណ្តាប់ពាក្យរបស់ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ចុះ។ បើព្រះអម្ចាស់ជាអ្នកធ្វើរឿងនេះចង់ប្រហារទូលបង្គំ សូមឲ្យព្រះអង្គទទួលយកតង្វាយរបស់ទូលបង្គំផង ប៉ុន្តែ បើជាមនុស្សជាអ្នកដុកដាន់វិញ សូមពួកគេត្រូវបណ្តាសានៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ព្រោះពួកគេបានបណ្តេញទូលបង្គំចេញ ដើម្បីមិនឲ្យទូលបង្គំចេញពីស្រុកកំណើតដែលព្រះអម្ចាស់បានប្រទានឲ្យ គឺពួកគេបាននិយាយថា ចេញទៅថ្វាយបង្គំព្រះដទៃទៅ។
20ហេតុដូច្នេះ សូមកុំឲ្យគេកំចាយឈាមទូលបង្គំលើដីដែលឆ្ងាយពីព្រះវត្តមានរបស់ព្រះអម្ចាស់ឡើយ ដោយស្តេចនៃអ៊ីស្រាអែលបានដេញតាមប្រហារទូលបង្គំដូចតាមប្រមាញ់ចៃមួយនៅលើភ្នំដូច្នោះដែរ»។
21បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការឡើងថា៖ «បិតាបានខុសហើយ។ មករកបិតាវិញមក ដាវីឌបុត្របិតា។ បិតាលែងធ្វើបាបបុត្រទៀតហើយ ពីព្រោះជីវិតបិតាមានតម្លៃចំពោះបុត្រដល់ថ្ងៃនេះ។ មើល បិតាបានធ្វើទាំងល្ងិតល្ងង់ ហើយបានប្រព្រឹត្តកំហុសមួយយ៉ាងធំ»។
22លោកដាវីឌបានឆ្លើយតបវិញថា៖ «មើលចុះ នេះជាលំពែងរបស់ស្តេច! សូមបញ្ជូនយុវជនម្នាក់ឲ្យឆ្លងមកយក ហើយប្រគល់ជូនទ្រង់វិញចុះ។
23សូមព្រះអម្ចាស់ឆ្លើយតបនឹងម្នាក់ៗតាមសេចក្តីសុចរិត និងភាពស្មោះត្រង់របស់អ្នកនោះចុះ ពីព្រោះព្រះអម្ចាស់បានប្រគល់ទ្រង់មកក្នុងដៃទូលបង្គំថ្ងៃនេះ ប៉ុន្តែ ទូលបង្គំមិនប្រហារមនុស្សដែលព្រះអង្គបានអភិសេកឡើយ។
24សូមមើលចុះ ជីវិតរបស់ទ្រង់មានតម្លៃខ្លាំងប៉ុណ្ណាក្នុងកែវភ្នែកទាំងពីររបស់ទូលបង្គំថ្ងៃនេះ ដូច្នេះ សូមឲ្យជីវិតរបស់ទូលបង្គំមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ដែរ ហើយសូមព្រះអម្ចាស់សង្គ្រោះទូលបង្គំចេញពីបញ្ហាទាំងអស់ផង»។
25បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅលោកដាវីឌថា៖ «សូមឲ្យបុត្របានពរណាលោកដាវីឌ! បុត្រពិតជាធ្វើកិច្ចការដ៏សម្បើម ហើយទទួលជោគជ័យមិនខាន»។ លោកដាវីឌក៏បានចាកចេញទៅ ហើយព្រះបាទសូលបានត្រឡប់ទៅរាជ្យវាំងវិញដែរ។