1ពេលនោះ លោកសាំយ៉ូអែលបានស្លាប់ទៅហើយ។ កូនចៅអ៊ីស្រាអែលទាំងអស់បានមកជួបជុំគ្នា ហើយកាន់ទុក្ខដល់គាត់ រួចបានបញ្ចុះគាត់ក្នុងផ្ទះរបស់គាត់នៅរ៉ាម៉ា។ ឯលោកដាវីឌបានចុះទៅឯទីរហោស្ថានបារ៉ាសនវិញ។
2មានបុរសម្នាក់នៅម៉ាអូន ដែលមានដីធ្លីជាច្រើននៅកើមែល។ បុរសនោះជាអ្នកមានស្ដុកស្ដម្ភ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងកោររោមចៀមរបស់គាត់នៅភូមិកើមែល។
3គាត់មានឈ្មោះថា ណាបាល ហើយប្រពន្ធរបស់គាត់ឈ្មោះ អប៊ីកែល។ ប្រពន្ធជាស្ត្រីដែលមានប្រាជ្ញាវាងវៃ ហើយរូបសម្រស់ស្អាតល្អ។ ឯបុរសនោះ ជាមនុស្សឆេវឆាវ ហើយអាក្រក់។ គាត់ជាអ្នកមកពីអំបូរលោកកាលែប។
4លោកដាវីឌនៅឯទីរហោស្ថានបានឮថា លោកណាបាលកំពុងកោររោមចៀមរបស់លោក។
5ដូច្នេះ លោកដាវីឌក៏បានចាត់យុវជនរបស់លោកទៅជួបដប់នាក់។ លោកដាវីឌបានប្រាប់ទៅយុវជនទាំងនោះថា៖ «ចូរចេញដំណើរទៅឯភូមិកើមែល ទៅជួបលោកណាបាល ហើយជម្រាបសួរលោកក្នុងនាមខ្ញុំផងចុះ។
6អ្នករាល់គ្នាត្រូវនិយាយទៅលោកថា សូមលោកមានអាយុវែង។ សូមឲ្យលោកនិងគ្រួសារបានប្រកបដោយក្តីសុខសាន្ត ហើយអ្វីៗដែលលោកមានបានចម្រើនឡើងដែរ។
7ខ្ញុំឮថា លោកកំពុងកោររោមចៀម។ កាលគង្វាលរបស់លោកនៅជាមួយពួកយើង ពួកគេមានសុវត្ថិភាពណាស់ ហើយពួកគេក៏ពុំដែលបាត់អ្វីកាលពួកគេនៅឯកើមែលដែរ។
8សូមលោកសួរពួកគេមើលចុះ នោះគេនឹងនិយាយការពិតជូនលោកមិនខាន។ ឥឡូវនេះ សូមលោកមេត្តាដល់យុវជនរបស់ខ្ញុំនៅចំពោះមុខលោកនេះផង ដោយយើងបានមកជួបលោកនៅថ្ងៃបុណ្យនេះ។ សូមមេត្តាផ្តល់នូវអ្វីដែលលោកមានដល់យុវជនទាំងនេះ និងដល់ខ្ញុំ ដាវីឌនេះផងចុះ»។
9ពេលយុវជនរបស់លោកដាវីឌបានមកដល់ ពួកគេបានរៀបរាប់ដល់លោកណាបាលក្នុងនាមលោកដាវីឌ ហើយពួកគេក៏រង់ចាំចម្លើយមកវិញ។
10លោកណាបាលបានឆ្លើយតបនឹងយុវជនរបស់លោកដាវីឌវិញថា៖ «តើលោកដាវីឌជានរណា តើកូនប្រុសរបស់លោកអ៊ីសាយជានរណា? សព្វថ្ងៃនេះមានបាវបម្រើជាច្រើនបានរត់គេចពីចៅហ្វាយរបស់ខ្លួន។
11តើចង់ឲ្យយើងយកនំប័ុង និងទឹករបស់យើង ថែមទាំងយកសាច់ដែលយើងបានត្រៀមទុកសម្រាប់អ្នកកោររោមទៅឲ្យមនុស្សដែលយើងមិនដឹងមកពីណាឬ?»
12ឮដូច្នោះហើយ យុវជនទាំងនោះបានត្រឡប់ទៅវិញ ហើយបានរៀបរាប់គ្រប់យ៉ាងដល់លោកដាវីឌ។
13លោកដាវីឌបានប្រាប់ទៅអ្នកដែលនៅជាមួយថា៖ «អ្នកទាំងអស់គ្នា ចូរស្ពាយដាវចេញមក»។ មនុស្សទាំងអស់ក៏បានស្ពាយដាវរៀងៗខ្លួន។ លោកដាវីឌក៏ដូច្នោះដែរ។ លោកដាវីឌបានយកមនុស្សប្រហែលបួនរយនាក់ឲ្យមកតាម ហើយបានទុកពីររយនាក់ផ្សេងទៀតឲ្យមើលថែសម្ភារៈ។
14ប៉ុន្តែ មានបាវម្នាក់បានមកជម្រាបលោកស្រីអប៊ីកែល ជាប្រពន្ធរបស់លោកណាបាលថា៖ «លោកដាវីឌបានចាត់អ្នកនាំសារឲ្យទៅទីរហោស្ថានដើម្បីសួរសុខទុក្ខចៅហ្វាយរបស់យើង តែលោកបានជេរប្រមាថពួកគេទៅវិញ។
15តាមពិតពួកគេជាមនុស្សល្អដល់យើងណាស់។ យើងមានសុវត្ថិភាពល្អ ហើយមិនដែលបាត់បង់អ្វីឡើយពេលណាយើងបាននៅជាមួយពួកគេនៅឯទីវាល។
16ពួកគេជាជញ្ជាំងដែលការពារពួកយើងទាំងថ្ងៃទាំងយប់ គ្រប់ពេលដែលយើងឃ្វាលហ្វូងចៀមនៅជាមួយពួកគេ។
17ហេតុដូច្នេះ សូមទានជ្រាប ហើយពិចារណាថា តើលោកស្រីគួរធ្វើដូចម្តេច ព្រោះផលវិបាកដ៏អាក្រក់មកដល់ចៅហ្វាយរបស់យើង និងគ្រួសារទាំងមូលមិនខាន។ លោកណាបាលជាមនុស្សដែលគ្មានហេតុផល ហើយអាក្រក់ចំពោះអ្នកដទៃណាស់»។
18ភ្លាមនោះ លោកស្រីអប៊ីកែលបានប្រញាប់ប្រញាលយកនំបុ័ងពីររយដុំ ស្រាទំពាំងបាយជូរពីរដប ចៀមប្រាំក្បាលដែលបានរៀបចំហើយ លាជប្រាំតៅ ទំពាំងបាយជូរក្រៀមមួយរយកញ្ចប់ ព្រមទាំងនំដែលធ្វើពីផ្លែឧទម្ពរពីររយដុំ ដាក់លើខ្នងលា។
19លោកស្រីបាននិយាយទៅបាវបម្រើថា៖ «ចូរចេញទៅមុនខ្ញុំ ហើយខ្ញុំនឹងចេញទៅតាមក្រោយពួកឯង»។ ប៉ុន្តែ លោកស្រីមិនបានប្រាប់ប្តីលោកស្រី គឺលោកណាបាលទេ។
20ខណៈលោកស្រីបានជិះលាចុះតាមចង្កេះភ្នំ លោកដាវីឌ និងមនុស្សរបស់លោកក៏បានចុះតម្រង់មកលោកស្រីដែរ ហើយលោកស្រីបានជួបពួកគេ។
21លោកដាវីឌបានមានប្រសាសន៍ថា៖ «ខ្ញុំបានការពារអ្វីៗរបស់គាត់នៅឯទីរហោស្ថានដោយឥតប្រយោជន៍ គាត់មិនបានបាត់បង់អ្វីដែលជារបស់ទ្រព្យគាត់ទេ តែគាត់បែជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អទៅវិញ។
22សូមព្រះជាម្ចាស់ដាក់ទោសដាវីឌខ្ញុំនេះចុះ ហើយឲ្យរឹតតែធ្ងន់ចុះ បើខ្ញុំទុកជីវិតឲ្យប្រុសៗណាដែលនៅផ្ទះរបស់គាត់នៅរស់ដល់ព្រឹក»។
23ពេលលោកស្រីអប៊ីកែលបានឃើញលោកដាវីឌ លោកស្រីបានប្រញាប់ប្រញាល់ចុះពីខ្នងលា ហើយក្រាបនៅមុខលោកដាវីឌ ទាំងមុខ ហើយខ្លួនក្រាបដល់ដី។
24លោកស្រីបានក្រាបនឹងជើងរបស់លោកដាវីឌ ហើយនិយាយថា៖ «នាងខ្ញុំខុសហើយ លោកម្ចាស់។ សូមទុកឲ្យខ្ញុំជាបាវបម្រើរបស់លោកនិយាយទៅលោកសិន សូមស្តាប់ពាក្យខ្ញុំ ជាអ្នកបម្រើលោកម្ចាស់ផង។
25សូមលោកម្ចាស់កុំរវីរវល់នឹងមនុស្សអត់បានការ លោកណាបាលនេះឡើយ គាត់គឺដូចឈ្មោះរបស់គាត់អីចឹង។ លោកណាបាលជាឈ្មោះរបស់គាត់ ហើយភាពលីលាក៏នៅជាមួយគាត់ដែរ។ ប៉ុន្តែ ខ្ញុំជាអ្នកបម្រើរបស់លោកពុំបានជួបនឹងយុវជនរបស់លោកម្ចាស់ដែលចាត់ឲ្យមកទេ។
26លោកម្ចាស់អើយ ឥឡូវនេះ ដោយនូវព្រះជន្មរបស់ព្រះអម្ចាស់ និងលោកម្ចាស់ផ្ទាល់ដែលកំពុងមានជីវិត គឺថា ព្រះអម្ចាស់បានឃាត់លោកម្ចាស់មិនឲ្យបង្ហូរឈាម ហើយមិនឲ្យសងសឹកដោយដៃលោកម្ចាស់ផ្ទាល់ទេ សូមឲ្យសត្រូវរបស់លោកម្ចាស់ និងអស់អ្នកដែលចង់ប្រព្រឹត្តអាក្រក់ចំពោះលោកម្ចាស់ បានដូចជាលោកណាបាលចុះ។
27សូមលោកម្ចាស់ទទួលជំនូនដែលអ្នកបម្រើរបស់លោកម្ចាស់បានយកមកជូនលោកម្ចាស់ បានដល់យុវជនរបស់លោកម្ចាស់ចុះ។
28សូមអត់ទោសចំពោះសេចក្តីរំលងរបស់អ្នកបម្រើរបស់លោកម្ចាស់នេះផង ព្រះអម្ចាស់នឹងមុខជាធ្វើឲ្យលោកម្ចាស់រឹងមាំ ពីព្រោះលោកម្ចាស់បានចេញទៅច្បាំងរួមជាមួយនឹងព្រះអម្ចាស់ ហើយគ្មានអំពើអាក្រក់ណាមួយដែលមានក្នុងលោកម្ចាស់អស់មួយជីវិតឡើយ។
29មានអ្នកដែលក្រោកតាមយកជីវិតរបស់លោកម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកតាមការពារលោកជាប់ជានិច្ច ព្រះអង្គនឹងគប់ជីវិតរបស់ខ្មាំងសត្រូវលោកម្ចាស់ដូចគប់ខ្សែដង្ហក់ដែរ។
30ព្រះអម្ចាស់នឹងបំពេញសេចក្តីសន្យាគ្រប់យ៉ាងដែលព្រះអង្គបានសន្យានឹងលោកម្ចាស់ ហើយនឹងតាំងលោកឲ្យធ្វើជាអ្នកដឹកនាំលើអ៊ីស្រាអែលមិនខាន។
31សូមកុំឲ្យនេះក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់លោក ដោយបានបង្ហូរឈាមមនុស្សគ្មានកំហុស ឬដោយព្រោះលោកម្ចាស់បានព្យាយាមសង្គ្រោះខ្លួនឯងឡើយ។ កាលណាព្រះអម្ចាស់ធ្វើការទាំងនោះចំពោះលោកម្ចាស់ហើយ សូមនឹកចាំពីអ្នកបម្រើរបស់លោកនេះផង»។
32លោកដាវីឌបានប្រសាសន៍ទៅលោកស្រីអប៊ីកែលថា៖ «សូមព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលបានតម្កើងឡើង ព្រះអង្គបានចាត់នាងឲ្យមកជួបខ្ញុំថ្ងៃនេះប្រាកដមែន។
33នាងបានប្រកបដោយប្រាជ្ញា និងមានពរហើយ ដោយនាងបានទប់ខ្ញុំជាប់ថ្ងៃនេះពីការបង្ហូរឈាម និងពីការសងសឹកដោយផ្ទាល់ដៃរបស់ខ្ញុំ!
34ជាការពិត គឺព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលដែលមានព្រះជន្មគង់នៅបានឃាត់ខ្ញុំមិនឲ្យប៉ះពាល់នាងមែន។ បើនាងមិនប្រញាប់មកជួបខ្ញុំទេ មុខជាគ្មានមនុស្សប្រុសណាម្នាក់មានជីវិតរស់រានដល់ព្រឹកឡើង សូម្បីតែទារក»។
35ដូច្នេះ លោកដាវីឌព្រមទទួលជំនូនពីដៃលោកស្រីដែលបាននាំយកមកជូនលោក ហើយនិយាយថា៖ «ចូរត្រឡប់ទៅផ្ទះរបស់នាងវិញដោយសុខសាន្តចុះ ខ្ញុំព្រមស្តាប់សំដីរបស់នាង ហើយទទួលតាមពាក្យនាងហើយ»។
36លោកស្រីអប៊ីកែលបានត្រឡប់មកលោកណាបាលវិញ។ គាត់បានធ្វើពិធីជប់លៀងយ៉ាងធំ ដូចជប់លៀងស្តេច លោកណាបាលមានចិត្តរីករាយយ៉ាងខ្លាំង ព្រោះលោកបានស្រវឹងជោកជាំ។ ហេតុដូចនេះ លោកស្រីមិនបាននិយាយអ្វីជាមួយគាត់រហូតដល់ព្រឹកឡើង។
37ពេលព្រឹកឡើង ជាតិស្រាបានសាបអស់ពីលោកណាបាល ប្រពន្ធរបស់លោកបានជម្រាបលោកនូវរឿងរ៉ាវទាំងអស់នោះ លោកក៏គាំងបេះដូង នៅស្តូកស្តឹងដូចថ្ម។
38ប្រមាណជាដប់ថ្ងៃក្រោយមកព្រះអម្ចាស់បានប្រហារលោកណាបាល ហើយបានស្លាប់ទៅ។
39ពេលលោកដាវីឌបានឮដំណឹងថា លោកណាបាលបានស្លាប់ ក៏បានមានប្រសាសន៍ថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរកយុត្តិធម៌រវាងទូលបង្គំ និងណាបាល ហើយបានឃាត់ទូលបង្គំមិនឲ្យប្រព្រឹត្តអាក្រក់។ ដ្បិត ព្រះអង្គបានឆ្លើយតបអំពើអាក្រក់របស់លោកណាបាលធ្លាក់លើក្បាលរបស់គាត់វិញ»។ ក្រោយមកលោកដាវីឌបានចាត់អ្នកបម្រើឲ្យទៅនិយាយនឹងលោកស្រីអប៊ីកែល ស្នើឲ្យលោកស្រីធ្វើជាភរិយារបស់លោក។
40ពេលអ្នកបម្រើរបស់លោកដាវីឌបានមកដល់ជួបលោកស្រីអប៊ីកែលនៅភូមិកើមែល ពួកគេបាននិយាយទៅលោកស្រីថា៖ «លោកដាវីឌបានចាត់យើងខ្ញុំឲ្យមកជួបលោកស្រី សូមឲ្យលោកស្រីធ្វើជាភរិយារបស់លោក»។
41លោកស្រីបានក្រោកឡើង ឱនមុខដល់ដីហើយនិយាយថា៖ «មើល អ្នកបម្រើស្រីរបស់លោកម្ចាស់ គឺគ្រាន់តែជាអ្នកបម្រើដែលលាងជើងឲ្យពួកអ្នកបម្រើរបស់លោកម្ចាស់ប៉ុណ្ណោះ»។
42លោកស្រីក៏ប្រញាប់ក្រោកឡើង ជិះលើខ្នងលាទាំងមានបាវបម្រើស្រីប្រាំនាក់ទៀតទៅជាមួយផង រួចបានទៅតាមអ្នកនាំសាររបស់លោកដាវីឌ ហើយបានក្លាយជាភរិយារបស់លោក។
43លោកដាវីឌក៏បានយកនាងអហ៊ីណោម ពីស្រុកយេសរាលធ្វើជាភរិយាដែរ។ ពួកនាងទាំងពីរបានក្លាយជាភរិយារបស់លោក។
44ហើយព្រះបាទសូលក៏ធ្លាប់បានលើកព្រះនាងមិកាល់ជាបុត្រីឲ្យធ្វើជាភរិយារបស់លោកដាវីឌដែរ តែក្រោយមកបានលើកនាងឲ្យទៅលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីម។