ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 24

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេលព្រះបាទសូលយាងត្រឡប់ពីចម្បាំងជាមួយពួកភីលីស្ទីនវិញ មានគេទូលស្តេចថា៖ «ដាវីឌនៅឯទីរហោស្ថានអេនគេឌី»។
2នោះព្រះបាទសូលបានជ្រើសរើសទាហានពីអ៊ីស្រាអែលទាំងមូលចំនួនបីពាន់នាក់ឲ្យចេញទៅតាមរករកលោកដាវីឌ និងមនុស្សរបស់លោកនៅតំបន់ថ្មពពែព្រៃ។
3យាងមកតាមផ្លូវ ស្តេចបានឆ្លងកាត់ក្រោលចៀម ដែលមានល្អាងភ្នំមួយ។ ស្តេចបានចូលទៅក្នុងល្អាងនោះដើម្បីដោះទុក្ខសត្វ។ លោកដាវីឌ និងគ្នីគ្នារបស់លោកស្ថិតនៅក្នុងល្អាងនោះតែនៅជ្រៅទៅទៀតដែរ។
4មនុស្សរបស់លោកដាវីឌបានជម្រាបលោកថា៖ «នេះគឺជាថ្ងៃដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកហើយថា យើងនឹងប្រគល់ខ្មាំងសត្រូវរបស់ឯងមកក្នុងដៃរបស់ឯង ដើម្បីឲ្យឯងប្រព្រឹត្តចំពោះសត្រូវនោះតាមប្រាថ្នាចុះ»។ នោះលោកដាវីឌបានក្រោកឡើង ហើយលូនចូលទៅយ៉ាងស្ងាត់ ហើយបានកាត់ជាយព្រះភូសារបស់ព្រះបាទសូលមក។
5បន្ទាប់មក ចិត្តរបស់លោកដាវីឌបានធ្វើឲ្យលោកដាវីឌក្តៅក្រហាយ ពីព្រោះលោកបានកាត់ជាយព្រះភូសារបស់ស្តេច។
6លោកបាននិយាយទៅមនុស្សរបស់លោកថា៖ «សូមព្រះអម្ចាស់ឃាត់ខ្ញុំកុំឲ្យប្រព្រឹត្តដូច្នេះចំពោះម្ចាស់ ដែលព្រះអម្ចាស់បានចាក់ប្រេងតាំង គឺឃាត់ដៃរបស់ខ្ញុំមិនឲ្យប្រឆាំងនឹងស្តេចឡើយ តែឲ្យមើលទៅស្តេចថា ជាអ្នកដែលព្រះបានចាក់ប្រេងអភិសេកវិញ»។
7ដូច្នេះ លោកដាវីឌបានស្តីបន្ទោសមនុស្សរបស់លោកនឹងពាក្យសំដីទាំងនោះ ហើយមិនអនុញ្ញាតឲ្យពួកគេប៉ះពាល់ព្រះបាទសូលទេ។ ព្រះបាទសូលបានក្រោកឡើង ហើយចាកចេញបន្តដំណើរទៅមុខទៀត។
8បន្ទាប់មក លោកដាវីឌក៏បានក្រោកឈរឡើង ហើយចាកចេញពីល្អាងនោះ រួចស្រែកទៅព្រះបាទសូលថា៖ «ឱព្រះករុណាជាម្ចាស់របស់ទូលបង្គំអើយ»។ ពេលព្រះបាទសូលក្រលែកទៅក្រោយឃើញលោកដាវីឌបានឱនមុខក្រាបដល់ដី និងបានបង្ហាញការគោរពរបស់លោកដល់ស្តេច។
9លោកដាវីឌបានទូលស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាស្តាប់គេថា ដាវីឌចង់ធ្វើបាបព្រះករុណដូច្នេះ?»។
10ថ្ងៃនេះ ព្រះអង្គបានទតឃើញនឹងព្រះនេត្រហើយថា ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងដៃរបស់ទូលបង្គំនៅក្នុងល្អាងនេះ។ ក៏មានអ្នកប្រាប់ឲ្យទូលបង្គំធ្វើឃាតព្រះអង្គដែរ តែទូលបង្គំបានទុកជីវិតឲ្យព្រះអង្គវិញ។ ដោយទូលបង្គំនិយាយថា ទូលបង្គំនឹងមិនលើកដៃប្រហារម្ចាស់របស់ទូលបង្គំឡើយ ដ្បិត ព្រះករុណាគឺជាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក។
11ព្រះករុណាឃើញទេ សូមទតមើលជាយព្រះភូសារបស់ព្រះករុណាចុះ គឺស្ថិតក្នុងដៃរបស់ទូលបង្គំឯណេះ។ ហេតុផលពិតដែលទូលបង្គំបានកាត់ជាយព្រះភូសារបស់ព្រះករុណា ហើយមិនធ្វើឃាតព្រះករុណាដូច្នេះ ព្រះករុណាអាចនឹងដឹងថា ទូលបង្គំគ្មានបំណងអាក្រក់ ឬគ្មានអំពើក្បត់នៅក្នុងដៃទូលបង្គំឡើយ ហើយទូលបង្គំក៏ពុំបានធ្វើបាបប្រឆាំងនឹងព្រះករុណាដែរ សូម្បីតែ ព្រះអង្គកំពុងតាមប្រមាញ់យកជីវិតរបស់ទូលបង្គំក្តី។
12សូមព្រះអម្ចាស់រកយុត្តិធម៌រវាងទូលបង្គំ និងព្រះករុណាចុះ។ សូមព្រះអម្ចាស់ដាក់ទោសទូលបង្គំចុះ បើមានការនោះមែន ប៉ុន្តែ ទូលបង្គំមិនលើដៃប្រហារព្រះករុណាឡើយ។
13ដូចមានសុភាសិតបុរាណពោលថា៖ មនុស្សអាក្រក់មុខជាប្រព្រឹត្តអាក្រក់។ ប៉ុន្តែ ឯដៃរបស់ទូលបង្គំវិញ គឺមិនប្រឆាំងនឹងព្រះករុណាឡើយ។
14តើស្តេចរបស់អ៊ីស្រាអែលចេញមកប្រយុទ្ធនឹងអ្នកណា? តើព្រះករុណាតាមប្រមាញ់អ្នកណា? តាមឆ្កែងាប់ ឬតាមរកចៃឆ្កែប៉ុណ្ណោះ!
15សូមព្រះអម្ចាស់ធ្វើជាចៅក្រម និងសម្រេចក្តីរវាងយើងទាំងពីរ ហើយសូមព្រះអង្គទតមើល ហើយការពារក្តីនេះដល់ទូលបង្គំ នោះព្រះអម្ចាស់នឹងអនុញ្ញាតឲ្យទូលបង្គំរួចខ្លួនពីព្រះហស្តរបស់ព្រះករុណ»។
16ពេលលោកដាវីឌបានបញ្ចប់នូវពាក្យទាំងនោះចំពោះព្រះបាទសូលហើយ​ នោះព្រះបាទសូលបានមានបន្ទូលថា៖ «នេះជាសម្លេងរបស់កូន ឬ​​​ ដាវីឌកូនប្រុសបិតា?» រួចព្រះបាទសូលព្រះកន្សែង។
17ស្តេចបានមានរាជឱង្ការទៅលោកដាវីឌទៀតថា៖ «បុត្រសុចរិតជាងបិតា ដោយបុត្របានប្រព្រឹត្តអំពើល្អចំពោះបិតា តបនឹងអំពើអាក្រក់ដែលបិតាបានប្រព្រឹត្តដាក់បុត្រ។
18បុត្របានប្រកាសថ្ងៃនេះនូវអំពើដ៏សប្បុរសដែលបុត្របានធ្វើចំពោះបិតា ដោយបុត្រមិនបានសម្លាប់បិតានៅពេលព្រះអម្ចាស់បានប្រគល់បិតាទៅក្នុងកណ្តាប់ដៃរបស់បុត្រក្តី។
19កាលណាគេឃើញសត្រូវរបស់ខ្លួនហើយ គេនឹងមិនទុកឲ្យសត្រូវនោះរួចខ្លួនឡើយ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ល្អដល់បុត្រដោយព្រោះទង្វើដែលបុត្របានប្រព្រឹត្តចំពោះបិតាថ្ងៃនេះ។
20ឥឡូវ បិតាជ្រាបច្បាស់ថា បុត្រនឹងទៅជាស្តេច ហើយរាជ្យអាណាចក្ររបស់អ៊ីស្រាអែលនឹងគង់វង្សក្រោមការគ្រប់គ្រងរបស់បុត្រមិនខាន។
21សូមបុត្រស្បថនឹងបិតាដោយនូវព្រះនាមព្រះអម្ចាស់ថា បុត្រនឹងមិនកាត់ផ្តាច់ពូជពង្សវង្សត្រកូលរបស់បិតាទេ ហើយបុត្រនឹងមិនបំផ្លាញព្រះនាមបិតាចេញពីក្រុមគ្រួសាររបស់បិតាដែរ»។
22ក្រោយមក ព្រះបាទសូលបានត្រឡប់ទៅព្រះដំណាក់វិញ ប៉ុន្តែ លោកដាវីឌ និងទាហានដែលនៅជាមួយបានឡើងទៅទីមាំមួនវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។