1មានគេប្រាប់លោកដាវីឌថា៖ «មើល ពួកភីលីស្ទីនបានវាយប្រហារក្រុងកៃឡា ហើយប្លន់ពីកន្លែងបោកបែនស្រូវ»។
2ដូច្នេះ លកដាវីឌបានទូលអង្វរព្រះអម្ចាស់សុំជំនួយថា៖ «តើទូលបង្គំត្រូវចេញទៅ ហើយវាយប្រហារពួកភីលីស្ទីនទាំងនោះឬទេ?» ព្រះអម្ចាស់បានមានព្រះបន្ទូលទៅលោកដាវីឌវិញថា៖ «ចូរចេញទៅចុះ ហើយវាយប្រហារពួកភីលីស្ទីននោះ និងរំដោះក្រុងកៃឡាមកវិញចុះ»។
3មនុស្សរបស់លោកដាវីឌបានប្រាប់លោកដាវីឌថា៖ «យើងមានការភ័យខ្លាចនៅស្រុកយូដានេះទៅហើយ។ ចុះទម្រាំបើយើងចេញទៅឯក្រុងកៃឡាដើម្បីវាយពួកទាហានរបស់ភីលីស្ទីន តើមិនកាន់តែភ័យខ្លាចជាងនេះថែមទៀតទេឬអី?»
4លោកដាវីឌក៏បានទូលសួរព្រះអម្ចាស់ដើម្បីជួយម្តងទៀត។ ព្រះអម្ចាស់បានតបវិញថា៖ «ចូរក្រោកឡើង ចុះទៅក្រុងកៃឡាចុះ។ ព្រោះយើងបានឲ្យឯងមានជ័យជម្នះលើពួកភីលីស្ទីនហើយ»។
5លោកដាវីឌ និងមនុស្សដែលនៅជាមួយលោកក៏បានចេញទៅក្រុងកៃឡា និងបានវាយជាមួយនឹងពួកភីលីស្ទីន។ លោកបាននាំយកហ្វូងសត្វរបស់ពួកគេមកវិញ ហើយបានសម្លាប់ពួកភីលីស្ទីនរង្គាលផង ហើយបានរំដោះអ្នកក្រុងកៃឡាមកវិញ។
6កាលលោកអបៀថើរ ជាកូនប្រុសរបស់លោកអហ៊ីម៉ាឡេក បានរត់ភៀសខ្លួនទៅចូលរួមជាមួយនឹងលោកដាវីឌ គឺលោកបានយកមកជាមួយនូវអាវអេផូដផងដែរ។
7មានគេបានទូលព្រះបាទសូលថា៖ «ដាវីឌបានទៅក្រុងកៃឡា»។ ស្តេចក៏បានមានរាជឱង្ការឡើងថា៖ «ព្រះជាម្ចាស់បានប្រគល់វាមកក្នុងដៃរបស់យើងហើយ។ ពីព្រោះវាបានចូលទៅក្នុងក្រុងដែលមានទ្វារ និងរនាំងផង»។
8ព្រះបាទសូលបានហៅកម្លាំងទាំងអស់បន្ថែមដើម្បីចេញទៅប្រយុទ្ធ ដោយចុះទៅក្រុងកៃឡា ព័ទ្ធចាប់លោកដាវីឌ និងមនុស្សរបស់លោកដាវីឌផង។
9លោកដាវីឌបានជ្រាបថា ព្រះបាទសូលបានរៀបអន្ទាក់ដើម្បីធ្វើបាបលោក លោកក៏បានប្រាប់ទៅលោកបូជាចារ្យអបៀថើរថា៖ «ចូរយកអាវអេផូដមក»។
10បន្ទាប់មក លោកដាវីឌបានទូលថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលអើយ ទូលបង្គំបានឮថា ព្រះបាទសូលបានមករកទូលបង្គំនៅឯក្រុងកៃឡានេះ ដើម្បីបំផ្លាញក្រុងនេះព្រោះតែទូលបង្គំ។
11តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំទៅក្នុងព្រះហស្តរបស់ស្តេចឬទេ? តើព្រះបាទសូលនឹងមកទីនេះដូចទូលបង្គំបានឮឬទេ? ឱព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឆ្លើយមកទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គផង»។ ព្រះអម្ចាស់បានតបវិញថា៖ «ស្តេចនឹងចុះមកទីនេះ»។
12នោះ លោកដាវីឌបានសួរថា៖ «តើមនុស្សនៅក្រុងកៃឡានេះ នឹងប្រគល់ទូលបង្គំ និងមនុស្សដែលនៅជាមួយទូលបង្គំទៅព្រះហស្តរបស់ព្រះបាទសូលឬទេ?» ព្រះអម្ចាស់បានតបថា៖ «ពួកគេនឹងប្រគល់ឯងទៅ»។
13លោកដាវីឌ និងមនុស្សរបស់លោក ដែលមានគ្នាប្រមាណប្រាំមួយរយនាក់បានក្រោកឡើង ហើយចេញពីក្រុងកៃឡា ពួកគេចេញពីកន្លែងមួយ ទៅកន្លែងមួយទៀត។ មានគេទូលប្រាប់ព្រះបាទសូលថា លោកដាវីឌបានគេចខ្លួនពីក្រុងកៃឡាហើយ រួចស្តេចក៏ឈប់តាម។
14លោកដាវីឌបានស្នាក់នៅកន្លែងដ៏មាំមួននៅទីរហោស្ថាន គឺក្នុងស្រុកដែលនៅលើទីទួលនៃទីរហោស្ថានស៊ីភ។ ព្រះបាទសូលបានស្វែងរកលោកដាវីឌរៀងរាល់ថ្ងៃ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានប្រគល់លោកទៅក្នុងដៃរបស់ស្តេចឡើយ។
15លោកដាវីឌបានជ្រាបថា ព្រះបាទសូលចេញមកតាមរកយកជីវិតរបស់លោកដូច្នេះ លោកបានស្នាក់នៅឯទីរហោស្ថានស៊ីភ នៅហូរ៉េសា។
16ឯសម្តេចយ៉ូណាថានជាបុត្រារបស់ ព្រះបាទសូលបានក្រោកឡើង ហើយចេញទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីពង្រឹងលោកឲ្យខ្លាំងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ថែមទៀត។
17សម្តេចបានមានរាជឱង្ការទៅលោកដាវីឌថា៖ «កុំភ័យខ្លាចអ្វីឡើយ។ បិតារបស់ខ្ញុំមិនអាចរកឯងឃើញទេ។ ឯងនឹងក្លាយជាស្តេចលើអ៊ីស្រាអែល ហើយខ្ញុំនឹងនៅជិតឯង។ បិតារបស់ខ្ញុំក៏បានដឹងរឿងនេះដែរ»។
18អ្នកទាំងពីរបានចងសម្ពន្ធមេត្រីនៅចំពោះព្រះអម្ចាស់។ លោកដាវីឌបន្តស្នាក់នៅហូរ៉េសាទៀត ឯសម្តេចយ៉ូណាថានបានត្រឡប់ទៅដំណាក់របស់ព្រះអង្គវិញ។
19អ្នករស់នៅទីរហោស្ថានស៊ីភបានមកទូលស្តេចសូលនៅឯគីបៀរថា៖ «លោកដាវីឌកំពុងលាក់ខ្លួនក្នុងចំណោមយើងខ្ញុំនៅហូរ៉េសា ជាកន្លែងដ៏មាំមួន គឺលើទួលហាគីឡា ដែលនៅខាងត្បូងយេស៊ីម៉ូន។
20សូមព្រះអង្គយាងមកឥឡូវនេះចុះ! សូមយាងមកទីនេះ តាមព្រះទ័យរបស់ព្រះអង្គ! ខាងទូលបង្គំយើងខ្ញុំនឹងប្រគល់លោកដាវីឌមកក្នុងព្រះហស្តរបស់ព្រះអង្គមិនខាន»។
21ព្រះបាទសូលមានបន្ទូលថា៖ «សូមព្រះអម្ចាស់ប្រទានពរអស់លោក ដោយអស់លោកមានការឈឺឆ្អាលសម្រាប់យើងដូច្នេះ។
22ចូរទៅមើលឲ្យប្រាកដចុះ! ចូររកវា និងឲ្យដឹងកន្លែងដែលវាកំពុងលាក់ខ្លួន ហើយមានអ្នកណាខ្លះបានឃើញវានៅទីនោះ។ មានគេបានប្រាប់យើងថា វាល្បិចខ្លាំងណាស់។
23ដូច្នេះ ចូរមើលឲ្យដឹងគ្រប់កន្លែងដែលវាលាក់ខ្លួន។ ត្រូវត្រឡប់មករកយើងជាមួយនឹងព័ត៌មានច្បាស់ការណ៍ នោះយើងនឹងទៅជាមួយពួកអ្នករាល់គ្នា។ បើវានៅទីនោះមែន យើងនឹងស្វែងរកវាគ្រប់រាប់ពាន់តំបន់ក្នុងស្រុកយូដាមិនខាន»។
24ពួកគេក៏បានចេញទៅដល់ទីរហោស្ថានស៊ីភមុនព្រះបាទសូល។ ឯពេលនេះ លោកដាវីឌ និងមនុស្សដែលនៅជាមួយលោកនៅឯទីរហោស្ថានម៉ាអូន ក្នុងអារ៉ាបា ខាងត្បូងយេស៊ីម៉ូនវិញ។
25ព្រះបាទសូល និងទាហានបានចេញទៅស្វែងរកលោក ប៉ុន្តែ លោកដាវីឌបានជ្រាបពីដំណឹងទាំងនោះ លោកក៏ចុះទៅទីទួលដែលសំបូរផ្ទាំងថ្ម ហើយលាក់ខ្លួននៅទីរហោស្ថានម៉ាអូននោះ។ ពេលព្រះបាទសូលដឹង ស្តេចក៏បានដេញតាមរកលោកដាវីឌនៅឯទីរហោស្ថានម៉ាអូនដែរ។
26ព្រះបាទសូលបានបន្តដំណើរនៅម្ខាងភ្នំ ហើយលោកដាវីឌ និងមនុស្សរបស់លោកក៏បន្តដំណើរនៅឯម្ខាងទៀតនៃភ្នំនោះដែរ។ លោកដាវីឌប្រញាប់ប្រញាលគេចឲ្យផុតពីព្រះបាទសូល។ កាល ព្រះបាទសូល និងទាហានបានកំពុងឡោមព័ទ្ធក្រុមលោកដាវីឌ ដើម្បីនឹងចាប់ពួកលោកហើយ
27ស្រាប់តែមានអ្នកនាំសារម្នាក់ចូលមកទូលព្រះបាទសូលថា៖ «សូមព្រះអង្គប្រញាប់យាងទៅ ដ្បិត ពួកភីលីស្ទីនបានប្រមូលកម្លាំងវាយប្រហារចូលទឹកដីរបស់យើងហើយ»។
28ឮដូច្នេះ ព្រះបាទសូលបានបញ្ឈប់ការដេញតាមលោកដាវីឌ ហើយចេញទៅវាយពួកភីលីស្ទីនវិញ។ ហេតុដូច្នេះហើយ ទើបគេហៅកន្លែងនោះថា៖ «ផ្ទាំងថ្មគេចខ្លួន»។
29លោកដាវីឌបានចាកចេញពីទីនោះ ហើយបានស្នាក់នៅទីមាំមួនអេនគេឌី។