1លោកដាវីឌបានចាកចេញ ហើយភៀសខ្លួនទៅល្អាងភ្នំឈ្មោះអាឌូឡាំ។ ពេលបងៗ និងអ្នកផ្ទះរបស់ឪពុកលោកបានដឹងដំណឹងនេះ ពួកគេបានចុះទៅទីនោះដើម្បីជួបនឹងលោក។
2អស់អ្នកដែលមានទុក្ខព្រួយ អ្នកជាប់បំណុល អ្នកដែលខកចិត្តទាំងប៉ុន្មានបានមកជុំគ្នាជួបជាមួយលោកដាវីឌ។ លោកដាវីឌបានក្លាយជាអ្នកដឹកនាំលើពួកគេ ហើយពួកគេមានគ្នាប្រមាណបួនរយនាក់ដែលនៅជាមួយលោកដាវីឌ។
3ក្រោយមក លោកដាវីឌបានចេញពីទីនោះទៅឯមីសប៉ា ក្នុងស្រុកម៉ូអាប់។ លោកបានទូលស្តេចម៉ូអាប់ថា៖ «សូមអនុញ្ញាតឲ្យឪពុកម្តាយទូលបង្គំទៅនៅជាមួយព្រះករុណារហូតដល់ទូលបង្គំជ្រាបព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះទូលបង្គំយ៉ាងណាសិន»។
4នោះលោកបានទុកពួកគាត់នៅនឹងស្តេចម៉ូអាប់។ ឪពុកម្តាយរបស់លោកបាននៅជាមួយលោកគ្រប់ពេល ហើយលោកដាវីឌបានទៅជាទីដ៏មាំមួនសម្រាប់ពួកគេវិញ។
5រួចព្យាការីនៅកាដបានប្រាប់លោកដាវីឌថា៖ «កុំស្នាក់នៅទីដែលគិតថាមាំមួននេះឡើយ ចូរចាកចេញពីទីនេះទៅទឹកដីស្រុកយូដា»។ ដូច្នេះ លោកដាវីឌបានចាកចេញពីទីនោះ រួចបន្តដំណើរទៅឯព្រៃហារេកវិញ។
6នោះព្រះបាទសូលបានជ្រាបថា លោកដាវីឌបានដឹងរឿងនេះហើយ ទាំងពួកទាហាននៅជាមួយលោក។ កាលព្រះបាទសូលកំពុងតែគង់ក្រោមម្លប់ដើមម៉ៃសាក់នៅភូមិគីបៀរ ឯរ៉ាម៉ា ទាំងកាន់លំពែងក្នុងដៃផង ក៏មានបាវបម្រើជាច្រើនឈរជុំវិញស្តេចទៀតផង។
7ព្រះបាទសូលបានសួរបាវដែលឈរជិតនោះថា៖ «ឱពួកបេនយ៉ាមីនអើយចូលស្តាប់! តើកូនប្រុសរបស់អ៊ីសាយឲ្យស្រែ និងចម្ការទំពាំងបាយជូរទៅអ្នករាល់គ្នាឬ? តើវាជាអ្នកធ្វើឲ្យអស់លោកទៅជាមេទ័ពលើទាហានរាប់ពាន់នាក់ និងលើរាប់រយនាក់ឬ?
8តើនោះមិនមែនជាថ្នូរឲ្យអ្នកដាក់អន្ទាក់ប្រឆាំងនឹងយើងទេឬ? គ្មាននរណាមករាយការណ៍ឲ្យយើងដឹង ពេលបុត្ររបស់យើងចងសម្ពន្ធមេត្រីជាមួយកូនប្រុសលោកអ៊ីសាយទេ។ គ្មាននរណាម្នាក់ស្តាយខ្ញុំទេ ហើយក៏នរណារាយការណ៍ប្រាប់យើងពីការដែលបុត្រយើងឃុបឃិតនឹងបាវរបស់យើង គឺជាមួយលោកដាវីឌ ដាក់អន្ទាក់មកយើងទេ។ ថ្ងៃនេះ វាលាក់ខ្លួន ហើយចាំស្ទាក់យើង ពួកវាត្រៀមវាយប្រហារយើង។
9ក្រោយមក លោកដូអេក ជាជនជាតិអេដុម ដែលឈរនៅជិតបាវបម្រើរបស់ព្រះបាទសូលទូលទៅស្តេចថា៖ «ទូលបង្គំបានឃើញកូនប្រុសរបស់លោកអ៊ីសាយមកឯភូមិណូប ជួបនឹងកូនរបស់លោកអហ៊ីទូប ឈ្មោះអហ៊ីម៉ាឡេក។
10លោកអហ៊ីម៉ាឡេកបានទូលទៅព្រះអម្ចាស់ដើម្បីជួយដល់លោកដាវីឌ ទាំងបានផ្តល់អាហារឲ្យ ជាមួយនឹងដាវរបស់កូលីយ៉ាត ជាទាហានរបស់ពួកភីលីស្ទីនផង»។
11បន្ទាប់មក ស្តេចក៏ចាត់ម្នាក់ឲ្យទៅកោះហៅលោកបូជាចារ្យអហ៊ីម៉ាឡេក នៅឯភូមិណូប ជាកូនរបស់លោកអហ៊ីទូប និងអ្នកផ្ទះរបស់ឪពុករបស់គាត់មក។ ពួកគេទាំងអស់គ្នាបានមកជួបស្តេច។
12ស្តេចមានរាជឱង្ការថា៖ «ឱកូនលោកអហ៊ីទូបអើយ ចូរស្តាប់យើង»។ លោកអហ៊ីម៉ាឡេកបានទូលស្តេចវិញថា៖ «ក្រាបទូលព្រះអង្គ ទូលបង្គំនៅទីនេះហើយ»។
13ព្រះបាទសូលបានមានរាជឱង្ការថា៖ «ឱលោកហើយនិងកូនប្រុសរបស់លោកអ៊ីសាយអើយ ហេតុអ្វីបានជាលោកត្រឡប់មកប្រឆាំងនឹងយើងដូច្នេះ លោកបានផ្តល់នំបុ័ង និងដាវ ព្រមទាំងទូលអង្វរព្រះជាម្ចាស់ដើម្បីជួយលោកដាវីឌ លាក់វានៅកន្លែងដ៏កំបាំង គឺដើម្បីឲ្យលោកដាវីឌក្រោកឡើងប្រឆាំងនឹងយើងដូច្នេះ មើលវាធ្វើសព្វថ្ងៃចុះ?»
14បន្ទាប់មក លោកអហ៊ីម៉ាឡេកបានឆ្លើយនឹងស្តេចវិញថា៖ «តើមានបាវបម្រើណាមួយរបស់ស្តេចដែលមានភាពស្មោះត្រង់ដូចជាលោកដាវីឌឬទេ លោកគឺជាបុត្រប្រសារបស់ស្តេច ហើយលើសពីកងការពារ និងត្រូវបានគេគោរពណាស់នៅក្នុងរាជ្យវង្សរបស់ព្រះអង្គ។
15តើនេះជាថ្ងៃទីមួយដែលទូលបង្គំបានអធិស្ឋានសូមព្រះជាម្ចាស់ជួយលោកឬ? កុំឲ្យទូលបង្គំធ្វើដូច្នេះឡើយ! សូមស្តេចកុំខ្ញាល់នឹងអ្នកបម្រើព្រះអង្គ និងពូជពង្សរបស់ទូលបង្គំឡើយ។ ពីព្រោះទូលបង្គំពុំបានដឹងរឿងអ្វីឡើយ»។
16ស្តេចបានតបវិញថា៖ «លោកមុខជាស្លាប់មិនខាន លោកអហ៊ីម៉ាឡេក គឺលោក ព្រមទាំងពូជពង្សរបស់លោកផងដែរ»។
17ស្តេចបានបញ្ជាកងការពារដែលនៅជុំវិញនោះថា៖ «ចូរប្រហារជីវិតបូជាចារ្យនៃព្រះអម្ចាស់។ ដោយព្រោះដៃរបស់ពួកគេក៏នៅខាងលោកដាវីឌដែរ ហើយដោយព្រោះពួកគេដឹងថា លោកដាវីឌបានគេចខ្លួន ប៉ុន្តែ មិនរាយការណ៍ដល់យើងទេ»។ ប៉ុន្តែ មនុស្សរបស់ស្តេចមិនចង់លើកដៃប្រហារជីវិតបូជាចារ្យរបស់ព្រះជាម្ចាស់ទេ។
18បន្ទាប់មកស្តេចបានមានបន្ទូលទៅលោកដូអេកថា៖ «ចូរទៅប្រហាជីវិតបូជាចារ្យទាំងនេះទៅ»។ លោកដូអេក ជាជនជាតិអេដុម ក៏បានបែរទៅសម្លាប់បូជាចារ្យទាំងនោះ គឺបានសម្លាប់អស់ប៉ែតសិបប្រាំនាក់ ជាអស់អ្នកដែលពាក់អាវអេផូដដែលធ្វើពីក្រណាត់ទេសឯកនៅថ្ងៃនោះ។
19ស្តេចបានសម្លាប់ទាំងមនុស្សប្រុសស្រី ទាំងក្មេង ទាំងទារក ទាំងគោ ទាំងលា និងចៀមនៅភូមិណូប ដែលរស់នៅក្នុងភូមិនោះ។ ស្តេចបានសម្លាប់ពួកគេទាំងអស់ដោយមុខដាវ។
20ក៏ប៉ុន្តែកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសៗរបស់លោកអហ៊ីម៉ាឡេក ដែលជាចៅរបស់លោកអហ៊ីទូប ឈ្មោះអបៀថើរ បានរត់គេចភៀសខ្លួនទៅតាមលោកដាវីឌ។
21លោកអបៀថើរបានប្រាប់លោកដាវីឌថា ព្រះបាទសូលបានសម្លាប់បូជាចារ្យរបស់ព្រះអម្ចាស់ជាច្រើន។
22លោកដាវីឌបានតបទៅលោកអបៀថើរវិញថា៖ «ខ្ញុំដឹងថា នៅថ្ងៃមួយនោះលោកដូអេកបាននៅទីនោះ ហើយបានឃើញខ្ញុំ រួចគាត់ពិតជាអ្នកប្រាប់ស្តេចសូល។ ដោយសារតែខ្ញុំ គ្រួសាររបស់ឪពុកលោកបានបាត់បង់ជីវិតទាំងអស់។
23ចូរនៅជាមួយខ្ញុំចុះ ហើយកុំភ័យខ្លាចអ្វីឡើយ។ ព្រោះអ្នកដែលចង់សម្លាប់លោក ក៏ចង់យកជីវិតរបស់ខ្ញុំដែរ។ លោកនៅជាមួយខ្ញុំ មានសុវត្ថិភាពហើយ»។