ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 21

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមក លោកដាវីឌបានមកដល់ភូមិណូប ដើម្បីជួបបូជាចារ្យ​អហ៊ីម៉ាឡេក។ លោកអហ៊ីម៉ាឡេកបានមកជួបលោកដាវីឌទាំងភិតភ័យ ហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាលោកនៅតែម្នាក់ឯង គ្មានអ្នកណានៅជាមួយដូច្នេះ?»
2លោកដាវីឌបានតបទៅលោកអហ៊ីម៉ាឡេកជាបូជាចារ្យវិញថា៖ «ស្តេចបានចាត់ខ្ញុំឲ្យធ្វើបេសកកម្មមួយនេះថា៖ «មិនត្រូវឲ្យនរណាម្នាក់ដឹងពីកិច្ចការងារនៃបេសកកម្មដែលយើងចាត់ឲ្យឯង និងបង្គាប់ឲ្យធ្វើនេះទេ»។ ខ្ញុំក៏បានដឹកនាំទាហាននៅកន្លែងមួយផងដែរ។
3ឥឡូវ លោកមានអ្វីខ្លះ? សូមឲ្យនំបុ័ងប្រាំដុំមកខ្ញុំ ឬអ្វីដែលលោកមានមកខ្ញុំផង»។
4លោកបូជាចារ្យបានតបនឹងលោកដាវីឌវីញថា៖ «នៅទីនេះ គ្មាននំបុ័ងធម្មតាទេ ប៉ុន្តែ មាននំប័ុងតាំងថ្វាយព្រះជាម្ចាស់អាចទទួលទានបាន ប្រសិនបើទាហានទាំងនោះមិនបានប៉ះពាល់ជាមួយស្ត្រី»។
5លោកដាវីឌបានឆ្លើយតបនឹងបូជាចារ្យវិញថា៖ «មែនហើយ ជាធម្មតា មុនចេញទៅសមរភូមិយើងមិនបានប៉ះពាល់នឹងស្ត្រីណាទេ ហើយក្នុងកំឡុងបីថ្ងៃមកហើយយើងបាននៅដោយឡែកពីស្ត្រីៗ។ អ្វីៗដែលជារបស់បុរសៗ គឺត្រូវញែកចេញដាច់ បើទោះជាមានបេសកកម្មធម្មតាក៏ដោយ។ តើថ្ងៃនេះ ពួកយើងមិនញែកខ្លួនដោយឡែកទេឬអី!»
6ឮដូច្នោះ បូជាចារ្យបានឲ្យនំបុ័ងតាំងថ្វាយព្រះជាម្ចាស់ដែលបានញែកដោយឡែកនោះ ដល់លោកដាវីឌ ព្រោះគ្មាននំបុ័ងអ្វីធម្មតាផ្សេងទៀតក្រៅពីនំបុ័ងតាំងថ្វាយព្រះជាម្ចាស់ ដែលត្រូវយកពីព្រះហស្តរបស់ព្រះអម្ចាស់ និងដើម្បីដូរដាក់នំបុ័ងក្តៅថ្មីបន្ទាប់ពីរើនំបុ័ងចាស់ចេញហើយ។
7ខណៈនោះ មានបាវម្នាក់របស់ស្តេចសូលក៏នៅទីនោះជាវេនបម្រើព្រះអម្ចាស់របស់គាត់ដែរនៅថ្ងៃនោះ។ លោកមានឈ្មោះថា ដូអេក ជាជនជាតិអេដុម ជាអ្នកគ្រប់គ្រងលើអ្នកមើលហ្វូងសត្វរបស់ព្រះបាទសូល។
8លោកដាវីឌបានមានប្រសាសន៍ទៅលោកអហ៊ីម៉ាឡេកថា៖ «តើលោកមានដាវ ឬលំពែងដែរឬទេ? ដោយសារស្តេចបានចាត់ខ្ញុំឲ្យបេសកកម្មនេះបន្ទាន់ ខ្ញុំពុំបានយកដាវ លំពែងរបស់ខ្ញុំមកជាមួយទេ»។
9បូជាចារ្យតបថា៖ «នៅទីនេះមានដាវរបស់កូលីយ៉ាត ជាទាហានរបស់ពួកភីលីស្ទីន ដែលលោកបានសម្លាប់នៅឯជ្រោះអេឡា ដែលរំុនឹងក្រណាត់ នៅពីក្រោយអាវអេផូដ​។ ប្រសិនបើ លោកចង់យកដាវនោះ ចូរយកទៅចុះ។​ ​​ព្រោះថាគ្មានអ្វីផ្សេងក្រៅពីនេះទេ»។ លោកដាវីឌបានតបវិញថា៖ «តើគ្មានដាវផ្សេងស្រដៀងនេះឬទេ បើមានសូមយកមកប្រគល់ឲ្យខ្ញុំនៅទីនេះចុះ»។
10នៅថ្ងៃដដែលនោះ លោកដាវីឌបានគេចខ្លួនពីព្រះបាទសូល ទៅជួបនឹងព្រះបាទអគីស នៅក្រុងកាថ។
11រាជបម្រើរបស់ព្រះបាទអគីសបានទួលប្រាប់ស្តេចថា៖ «តើនេះមិនមែនជាលោកដាវីឌ ជាស្តេចរបស់អ៊ីស្រាអែលទេឬអី។ មានមនុស្សច្រៀងតគ្នាទៅវិញទៅមកពីលោកដាវីឌនេះថា ព្រះបាទសូលបានសម្លាប់រាប់ពាន់ ឯលោកដាវីឌបានសម្លាប់សត្រូវរាប់ម៉ឺន»។
12លោកដាវីឌបានទទួលពាក្យទាំងនោះដាក់ក្នុងចិត្ត ហើយមានសេចក្តីភ័យខ្លាចចំពោះព្រះបាទអគីស ស្តេចក្រុងកាថជាខ្លាំង។
13លោកបានប្តូរកាយវិការនៅនឹងមុខពួកគេ ហើយធ្វើពុតជាលីលានៅពេលពួកនោះចាប់លោកផង។ លោកបានធ្វើជាគូសសញ្ញាផ្សេងៗនៅលើខ្លោងទ្វារ រួចបង្ហូរទឹកមាត់ចុះមកលើពុកចង្ការបស់ខ្លួនឯងទៀតផង។
14ឃើញដូច្នេះ ព្រះបាទអគីសបានថ្លែងទៅរាជបម្រើថា៖ «មើលចុះ ឯងឃើញទេ បុរសនេះឆ្កួតហើយ។ ហេតុអ្វីបានជាឯងយកមនុស្សបែបនេះមកជួបយើងដូច្នេះ?
15តើយើងខ្វះមនុស្សបែបនេះណាស់ឬ បានជាឯងយកមនុស្សនេះមកសម្តែងកាយវិការលីលានៅចំពោះមុខយើងដូច្នេះ? ឯងមិនគួរយកមនុស្សបែបនេះមកក្នុងដំណាក់របស់យើងទេ?»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។