1ក្រោយមក លោកដាវីឌបានភាសខ្លួនពីណាយ៉ូតក្នុងភូមិរ៉ាម៉ា ដើម្បីមកជួបសម្តេចយ៉ូណាថានហើយមានប្រសាសន៍ថា៖ «ទូលបង្គំបានធ្វើអ្វីខុស? តើអ្វីជាអំពើទុច្ចរិតរបស់ទូលបង្គំ? តើទូលបង្គំបានប្រព្រឹត្តអ្វីខុសនឹងបិតារបស់ព្រះអង្គ បានជាទ្រង់ស្វះស្វែងចង់យកជីវិតទូលបង្គំបែបនេះ?»
2សម្តេចយ៉ូណាថានបានថ្លែងទៅលោកដាវីឌវិញថា៖ «សូមកុំឲ្យមានរឿងនេះឡើយ ឯងនឹងមិនស្លាប់ទេ។ បិតារបស់ខ្ញុំធ្វើអ្វី ទោះកិច្ចការតូច ឬធំក្តី មិនដែលលាក់ខ្ញុំទេ។ ហេតុអ្វីបិតារបស់ខ្ញុំលាក់រឿងនេះនឹងខ្ញុំដូច្នេះ? មិនគួរយ៉ាងដូច្នេះសោះ»។
3រួចលោកដាវីឌបានស្បថម្តងទៀតថា៖ «បិតារបស់សម្តេចជ្រាបយ៉ាងច្បាស់ថា សម្តេចពេញចិត្តនឹងទូលបង្គំ។ ដោយព្រះអង្គមានបន្ទូលថា កុំឲ្យរឿងនេះដឹងដល់យ៉ូណាថាន បើមិនដូច្នោះទេទ្រង់មុខជាក្រៀមក្រំមិនខាន។ ប៉ុន្តែ ខ្ញុំសូមស្បថចំពោះព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ និងនៅមុខសម្តេចថា សេចក្តីស្លាប់នៅប្រគៀកនឹងទូលបង្គំណាស់»។
4បន្ទាប់មក សម្តេចយ៉ូណាថានមានរាជឱង្ការទៅលោកដាវីឌថា៖ «អ្វីក៏ដោយ ឲ្យតែអ្នកនិយាយចេញមក ខ្ញុំនឹងធ្វើឲ្យ»។
5លោកដាវីឌបានទូលតបវិញថា៖ «ស្អែកជាថ្ងៃបុណ្យដើមខែ តាមទម្លាប់ខ្ញុំត្រូវទទួលទានអាហាររួមតុជាមួយព្រះករុណា។ ប៉ុន្តែ សូមទុកឲ្យទូលបង្គំចេញទៅ នោះទូលបង្គំអាចលាក់ខ្លួនរហូតដល់ល្ងាចថ្ងៃទីបី។
6បើបិតារបស់សម្តេចរកទូលបង្គំ សូមទូលប្រាប់ព្រះអង្គវិញថា៖ «ដាវីឌបានសុំទូលបង្គំចេញទៅស្រុកកំណើត គឺបេថ្លេហិម ដើម្បីឲ្យទាន់ថ្វាយយញ្ញបូជាជាមួយគ្រួសារទាំងមូល»។ តែបើព្រះករុណាមានរាជឱង្ការថា មិនអីទេ នោះមានន័យថា ទូលបង្គំនឹងមានសេរីភាពហើយ។
7ប៉ុន្តែ បើព្រះករុណាខ្ញាល់ខ្លាំង នោះសម្តេចដឹងហើយថា ព្រះករុណាបានសម្រេចចង់ដកជីវិតទូលបង្គំហើយ។
8ហេតុដូច្នេះ សូមសម្តែងសេចក្តីសប្បុរសដល់ទូលបង្គំផង។ ព្រោះសម្តេចបានចងសម្ព័ន្ធមេត្រីជាមួយទូលបង្គំដោយនូវព្រះនាមព្រះអម្ចាស់ហើយ។ ប៉ុន្តែ បើសម្តេចឃើញថា ទូលបង្គំមានកំហុស សូមសម្លាប់ទូលបង្គំដោយផ្ទាល់មកចុះ មិនចាំបាច់យកទូលបង្គំទៅថ្វាយបិតារបស់ព្រះអង្គទេ»។
9សម្តេចយ៉ូណាថានបានថ្លែងថា៖ «សូមកុំគិតដូច្នេះអី! បើខ្ញុំដឹងថា បិតាបានសម្រេចធ្វើបាបឯង តើមិនឲ្យខ្ញុំប្រាប់ឯងទេឬអី?»។
10លោកដាវីឌក៏បានទូលសម្តេចយ៉ូណាថានវិញថា៖ «តើអ្នកណានឹងប្រាប់ទូលបង្គំ បើបិតារបស់សម្តេចតបនឹងសម្តេចយ៉ាងតឹងរឹងនោះ?»
11សម្តេចយ៉ូណាថានបានឆ្លើយវិញថា៖ «មកនេះ ចូរយើងចេញទៅឯវាល»។ រួចអ្នកទាំងពីរក៏បានចេញទៅឯវាល។
12សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅដាវីឌថា៖ «សូមឲ្យព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលធ្វើជាសាក្សី។ ពេលខ្ញុំទូលសួរបិតារបស់ខ្ញុំថ្ងៃស្អែកថ្មើរនេះ ឬនៅថ្ងៃទីបី ហើយមើល បើបិតាមានបំណងល្អចំពោះឯង តើមិនឲ្យខ្ញុំបញ្ជូនដំណឹងនេះឲ្យឯងដឹងទេឬ?
13បើបិតារបស់ខ្ញុំនៅតែមានបំណងបំផ្លាញឯង ហើយខ្ញុំមិនចាត់គេឲ្យប្រាប់ឯងឲ្យដឹងទេ សូមព្រះអម្ចាស់ដាក់ទោសខ្ញុំឲ្យខ្លាំងមកចុះ ខ្ញុំនឹងឲ្យឯងចេញទៅមានសេរីភាព។ សូមព្រះអម្ចាស់គង់ជាមួយឯង ដូចព្រះអង្គធ្លាប់គង់ជាមួយបិតារបស់ខ្ញុំដែរ។
14បើខ្ញុំនៅមានជីវិតរស់ សូមឯងបង្ហាញសម្ពន្ធមេត្រីភាពយ៉ាងស្មោះត្រង់ដែលបានធ្វើនៅចំពោះព្រះអម្ចាស់ នោះខ្ញុំនឹងមិនស្លាប់ឡើយ។
15សូមកុំកាត់ចំណងភាពស្មោះត្រង់នៃសម្ពន្ធមេត្រីនេះពីពូជពង្សវត្សត្រកូលរបស់ខ្ញុំឡើយ បើទោះពេលណាព្រះអម្ចាស់បំផ្លាញសត្រូវទាំងអស់របស់ដាវីឌចេញពីផែនដីនេះក្តី»។
16ដូច្នេះ សម្តេចយ៉ូណាថានបានចងសម្ពន្ធមេត្រីជាមួយវង្សត្រកូលរបស់លោកដាវីឌដោយថ្លែងថា៖ «បើមិនដូច្នោះទេ សូមព្រះអម្ចាស់ទូទាត់រឿងនេះតាមរយៈដៃរបស់ខ្មាំងសត្រូវលោកដាវីឌចុះ»។
17សម្តេចយ៉ូណាថានបានស្នើឲ្យលោកដាវីឌស្បថម្តងទៀត ពីព្រោះតែសេចក្តីស្រឡាញ់របស់សម្តេចចំពោះលោកដាវីឌ ដោយសម្តេចពេញចិត្តលោកដាវីឌស្មើព្រះជន្មរបស់សម្តេចដែរ។
18សម្តេចថ្លែងទៅព្រះបាទដាវីឌថា៖ «ស្អែកជាថ្ងៃបុណ្យដើមខែ។ ឯងមុខជាខកខាន ពីព្រោះកន្លែងរបស់ឯងគ្មានអ្នកអង្គុយទេ។
19ពេលបានលាក់ខ្លួននៅទីនោះបីថ្ងៃហើយ ចូរចេញពីទៅនោះ ហើយទៅកន្លែងដែលឯងធ្លាប់លាក់ខ្លួនសិន គឺនៅក្បែរផ្ទាំងថ្មឈ្មោះអេសែល។
20ខ្ញុំនឹងបាញ់ព្រួញបីគ្រាប់ទៅក្បែរនោះ គឺដូចខ្ញុំបាញ់ទៅរកគោលដៅមួយអ៊ីចឹង។
21បន្ទាប់មក ខ្ញុំនឹងចាត់បាវម្នាក់ថា៖ «ចូរទៅរកគ្រាប់ព្រួញទាំងនោះមក។ បើខ្ញុំនិយាយប្រាប់វាថា៖ «ចូរមើលគ្រាប់ព្រួញនៅជិតឯងខាងនោះ ចូរយកមកណេះ» នោះចូរចេញមក ឯងមានសុវត្ថិភាព ដោយគ្មានគ្រោះថ្នាក់អ្វីទេ ខ្ញុំសូមស្បថដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ។
22ក៏ប៉ុន្តែ បើខ្ញុំនិយាយថាទៅបាវនោះថា មើល៍ គ្រាប់ព្រួញធ្លាក់ឆ្ងាយជាងឯង។ ដូច្នេះ ចូរឯងចេញទៅចុះ ដ្បិត ព្រះអម្ចាស់បានឲ្យឯងចេញទៅហើយ។
23អ្វីដែលយើងបាននិយាយព្រមព្រៀងគ្នានោះ មានព្រះអម្ចាស់ជាសាក្សីសម្រាប់យើងរហូតហើយ»។
24ក្រោយមក លោកដាវីឌបានលាក់ខ្លួននៅឯវាល។ ពេលបុណ្យដើមខែបានចូលមកដល់ នោះស្តេចគង់សោយព្រះស្ងោយ។
25ស្តេចគង់នៅកន្លែងដូចសព្វមួយដង នៅជិតជញ្ជាំង។ សម្តេចយ៉ូណាថានបានគង់នៅជិតនោះ លោកអប៊ីនើរអង្គុយនៅក្បែរស្តេចសូល។ ប៉ុន្តែ កន្លែងលោកដាវីឌ គ្មានអ្នកណាអង្គុយទេ។
26ព្រះបាទសូលពុំបានមានរាជឱង្ការអ្វីទេនៅថ្ងៃនោះ ពីព្រោះបានគិតថា៖ «មានអ្វីមិនស្រួលបានកើតឡើងដល់លោកដាវីឌហើយ។ លោកដាវីឌមិនបរិសុទ្ធទេ គឺពិតជាមិនបរិសុទ្ធមែន»។
27ប៉ុន្តែ នៅថ្ងៃបន្ទាប់ គឺបន្ទាប់ពីថ្ងៃបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅតែគ្មានអ្នកអង្គុយដដែល។ ព្រះបាទសូលបានសួរសម្តេចយ៉ូណាថានជាបុត្រាថា៖ «ហេតុអ្វីកូនប្រុសរបស់លោកអ៊ីសាយមិនចូលរួមតុអាហារទាំងម្សិលមិញ ឬថ្ងៃនេះដូច្នេះ?»
28សម្តេចយ៉ូណាថានបានទូលតបថា៖ «ដាវីឌបានសុំការអនុញ្ញាតពីទូលបង្គំដើម្បីទៅភូមិបេថ្លេហិម
29ថា សូមអនុញ្ញាតឲ្យទូលបង្គំទៅ។ ព្រោះគ្រួសាររបស់ទូលបង្គំនឹងថ្វាយយញ្ញបូជានៅក្នុងក្រុង ហើយបងប្រុសរបស់ទូលបង្គំឲ្យទូលបង្គំទៅទីនោះ។ ពេលនេះ បើព្រះអង្គមិនយល់ទាស់ទេ សូមអនុញ្ញាតឲ្យទូលបង្គំទៅជួបជុំបងប្អូនរបស់ទូលបង្គំផង។ ដោយហេតុផលនេះហើយ ទើបដាវីឌមិនអាចមករួមតុអាហារជាមួយព្រះករុណា»។
30ព្រះបាទសូលខ្ញាល់យ៉ាងខ្លាំងនឹងសម្តេចយ៉ូណាថាន ដោយមានរាជឱង្ការទៅថា៖ «បុត្រឯងចង្រៃណាស់ អាបុត្រអត់ពូជ! ស្មានថាបិតាមិនដឹងថាឯងពេញចិត្តកូនអ៊ីសាយមែនទេ ឯងធ្វើបែបនេះនឹងធ្វើឲ្យខ្លួនអាម៉ាសទាំងមាតាឯងថែមទៀត។
31ដរាបណាកូនរបស់អ៊ីសាយនៅមានជីវិតលើផែនដីនេះ នោះឯងគ្មានថ្ងៃអាចឡើងគ្រងរាជ្យបានឡើយ។ ដូច្នេះពេលនេះ ចូរចាត់គេឲ្យទៅតាមចាប់វាមកឲ្យយើងវិញ វាត្រូវតែស្លាប់»។
32សម្តេចយ៉ូណាថានបានតបទៅបិតាវិញថា៖ «ដោយហេតុអ្វីទើបត្រូវដាវីឌមានទោសដល់ស្លាប់? តើដាវីឌបានធ្វើអ្វីខុស?»
33ពេលនោះព្រះបាទសូលបានចោលលំពែងដាក់សម្តេចដើម្បីសម្លាប់ចោល។
34សម្តេចយ៉ូណាថានបានជ្រាបថា បិតាបានសម្រេចថាត្រូវសម្លាប់លោកដាវីឌចោលហើយ ដូច្នេះ សម្តេចបានក្រោកចេញពីតុទាំងកំហឹងដោយមិនបានសោយអ្វីទាំងអស់នៅថ្ងៃបុណ្យដើមខែនោះ ដោយសារស្តេចបានខ្ញាល់នឹងលោកដាវីឌ ហេតុនេះហើយ បិតារបស់ព្រះអង្គមិនបានទុកមុខឲ្យព្រះអង្គទេ។
35ពេលព្រឹកឡើង សម្តេចយ៉ូណាថានបានចាកចេញទៅឯវាលដើម្បីជួបលោកដាវីឌ ទាំងមានក្មេងម្នាក់នៅជាមួយសម្តេចផង។
36សម្តេចបានប្រាប់ក្មេងនោះថា ចូររត់ទៅរកគ្រាប់ព្រួញដែលខ្ញុំបាញ់។ ខណៈក្មេងនោះបានរត់ទៅ ព្រះអង្គបានបាញ់មួយគ្រាប់ផ្សេងទៀតឲ្យកាន់តែឆ្ងាយជាងក្មេងនោះ។
37ពេលក្មេងនោះទៅដល់កន្លែងគ្រាប់ព្រួញនោះ សម្តេចបានស្រែកទៅក្មេងនោះថា៖ «តើឯងរកឃើញគ្រាប់ព្រួញដែលធ្លាក់ឆ្ងាយជាងឯងទេ?»។
38ក្រោយមក សម្តេចយ៉ូណាថានបានស្រែកប្រាប់ក្មេងនោះទៀតថា៖ «ប្រញាប់ឡើង កុំបង្អង់នៅទីនោះឡើយ!» ហេតុនេះ ក្មេងនោះក៏បានប្រមូលគ្រាប់ព្រួញ រួចត្រឡប់មករកសម្តេចវិញ។
39ប៉ុន្តែ ក្មេងនោះមិនដឹងអ្វីទាំងអស់។ មានតែសម្តេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។
40សម្តេចយ៉ូណាថានបានប្រទានអាវុធរបស់ព្រះអង្គទៅក្មេងនោះដោយបន្ទូលថា៖ «ចូរយកទៅឯក្រុងវិញចុះ»។
41ខណៈក្មេងនោះបានទៅបាត់ លោកដាវីឌបានក្រោកឈរឡើងនៅពីក្រោយពំនូកទម្លាក់មុខទៅដី ហើយឱនចុះបីដង។ ពួកគេបានថើបគ្នាទៅវិញទៅមក ហើយយំទាំងអស់គ្នា គឺលោកដាវីឌយំយ៉ាងខ្លាំង។
42សម្តេចយ៉ូណាថានមានរាជឱង្ការទៅលោកដាវីឌថា៖ «ចូរចេញទៅឲ្យបានសុខសាន្តចុះ ព្រោះយើងបានស្បថក្នុងព្រះនាមព្រះអម្ចាស់ហើយថា សូមព្រះអម្ចាស់ធ្វើជាសាក្សីរវាងយើងទាំងពីរ និងរវាងកូនចៅរបស់ខ្ញុំនិងកូនចៅរបស់ឯងរហូតតទៅ។ បន្ទាប់មក លោកដាវីឌបានក្រោកឡើងហើយបានចាកចេញទៅ ហើយសម្តេចយ៉ូណាថានបានត្រឡប់មកទីក្រុងវិញ។