ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 19

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទសូលបានបញ្ជាទៅសម្តេចយ៉ូណាថានជាបុត្រា និងពួករាជបម្រើឲ្យសម្លាប់លោកដាវីឌចោល។ ប៉ុន្តែ សម្តេចយ៉ូណាថានជាបុត្រាព្រះបាទសូល មានការគោរពដល់លោកដាវីឌយ៉ាងខ្លាំង
2ដូច្នេះ សម្តេចយ៉ូណាថានបានប្រាប់លោកដាវីឌថា៖ «ព្រះបិតារបស់ខ្ញុំ គឺព្រះបាទសូល មានបំណងចង់សម្លាប់លោក។ ហេតុដូច្នេះ ចូរប្រយ័ត្នព្រឹកស្អែក ហើយទៅលាក់ខ្លួននៅកន្លែងដែលសុវត្ថិភាពចុះ។
3ខ្ញុំនឹងចេញទៅឈរនៅជិតបិតារបស់ខ្ញុំនៅឯវាលកន្លែងដែលលោកនៅនោះ រួចខ្ញុំនឹងទូលបិតាអំពីលោក។ បើខ្ញុំមានព័ត៌មានអ្វីជាក់លាក់ ខ្ញុំនឹងប្រាប់អ្នក»។
4សម្តេចយ៉ូណាថានបានទូលពីស្នាដៃល្អៗរបស់លោកដាវីឌដល់បិតាថា៖ «សូមបិតាកុំធ្វើបានលោកដាវីឌជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ ដ្បិត លោកដាវីឌពុំបានធ្វើអ្វីប្រឆាំងនឹងបិតាទេ ផ្ទុយទៅវិញអ្វីៗដែលលោកដាវីឌបានធ្វើ គឺនាំមកនូវផលប្រយោជន៍ដល់បិតាវិញ។
5លោកដាវីឌបានយកជីវិតរបស់ខ្លួន ទៅវាយសម្លាប់ពួកភីលីស្ទីន។ ព្រះអម្ចាស់បានប្រទានជ័យជម្នះដ៏សម្បើមដល់ជនជាតិអ៊ីស្រាអែលទាំងអស់។ ដូចបិតាបានឃើញ និងបានរីករាយព្រះទ័យស្រាប់ហើយ។ ហេតុអ្វីបិតាត្រូវប្រព្រឹត្តបែបនេះចំពោះមនុស្សគ្មានកំហុស ដោយសម្លាប់លោកដាវីឌទាំងគ្មានហេតុផលដូច្នេះទៅវិញ?»។
6ព្រះបាទសូលបានស្តាប់សម្តេចយ៉ូណាថាន ទាំងបានស្បថថា៖ «លោកដាវីឌនឹងមិនត្រូវស្លាប់ឡើង យើងស្បថដោយនូវព្រះជន្មរបស់ព្រះអម្ចាស់»។
7ក្រោយមកសម្តេចយ៉ូណាថានបានហៅលោកដាវីឌ ហើយរៀបរាប់រឿងទាំងអស់នោះដល់ដាវីឌ។ សម្តេចយ៉ូណាថានបាននាំលោកដាវីឌចូលគាល់ស្តេចសូល ដូចដែលធ្លាប់នៅគ្រាមុនៗដែរ។
8ក្រោយមកមានសង្គ្រាមទៀត លោកដាវីឌបានចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយឈ្នះដោយសម្លាប់ពួកនោះជាច្រើន។ មានពួកគេជាច្រើនបានរត់គេចពីលោកដាវីឌ។
9មានវិញ្ញាណដ៏គ្រោះថ្នាក់ពីព្រះអម្ចាស់បានមកឯព្រះបាទសូលខណះស្តេចកំពុងគង់នៅដំណាក់ទាំងកាន់លំពែងនៅព្រះហស្ត ហើយលោកដាវីឌកំពុងលេងពិន។
10ព្រះបាទសូលបានព្យាយាមចោលលោកដាវីឌឲ្យជាប់នឹងជញ្ជាំងដោយលំពែងនោះ ប៉ុន្តែ លោកដាវីឌបានគេចផុត ហើយរត់គេចពីព្រះបាទសូល ឯលំពែងក៏ទៅជាប់នឹងជញ្ជាំងទៅ។ លោកដាវីឌបានគេចខ្លួននៅយប់នោះ។
11ហើយព្រះបាទសូលបានបញ្ជូនអ្នកឃ្លាំមើលឲ្យទៅផ្ទះលោកដាវីឌ ក្រែងលោព្រឹកឡើងស្តេចអាចសម្លាប់លោកដាវីឌបាន។ ព្រះនាងមិកាល់ជាភរិយាលោកដាវីឌបានប្រាប់លោកដាវីឌថា៖ «បើបងមិនរត់យប់នេះទេ នោះបងមុខជាស្លាប់នៅថ្ងៃស្អែកមិនខាន»។
12ដូច្នេះ ព្រះនាងមិកាល់បានសម្រូតលោកដាវីឌតាមបង្អួច។ លោកដាវីឌបានរត់គេចចេញ រួចទៅលាក់ខ្លួន។
13ព្រះនាងមិកាល់បានយករូបបដិមាមកដាក់នៅលើគ្រែ រួចយកភួយដែលធ្វើពីរោមពពែគ្របលើក្បាល ហើយបានគ្របនឹងសម្លៀកបំពាក់។
14ពេលស្តេចបានបញ្ជូនអ្នកឃ្លាំមើលមកតាមដានលោកដាវីឌ ព្រះនាងបានប្រាប់ថា៖ «ដាវីឌឈឺហើយ»។
15រួចស្តេចបានបញ្ជូនអ្នកឃ្លាំមើលដោយបន្ទូលថា៖ «ចូរនាំដាវីឌពីគ្រែមកឲ្យយើង ដើម្បីឲ្យយើងសម្លាប់»។
16ពេលអ្នកតាមដានមកដល់ ឃើញតែរូបបដិមានៅលើគ្រែជាមួយខ្នើយដែលធ្វើពីរោមពពែនៅនឹងក្បាលទៅវិញ។
17ព្រះបាទសូលបានថ្លែងទៅព្រះនាងមិកាល់ថា៖ «ហេតុអ្វីបានជាបុត្របញ្ឆោតបិតា ដោយរំដោះសត្រូវបិតាឲ្យទៅ ហើយគេចខ្លួនដូច្នេះ?» ព្រះនាងមិកាល់បានទូលព្រះបាទសូលថា៖ «ដាវីឌបាននិយាយមកខ្ញុំម្ចាស់ថា ឲ្យបងចេញទៅចុះ បើមិនដូច្នោះទេ តើអូនចង់ឲ្យបងសម្លាប់អូនចោលឬ?»។
18លោកដាវីឌបានរត់គេចខ្លួន ហើយបានធ្វើដំណើរទៅរកលោកសាំយូអែលនៅឯម៉ារ៉ា និងបានរៀបរាប់ប្រាប់លោកទាំងអស់នូវអ្វីៗដែលព្រះបាទសូលបានប្រព្រឹត្តចំពោះខ្លួន​។ បន្ទាប់មក អ្នកទាំងពីរបានចាកចេញទៅស្នាក់នៅឯណាយ៉ូត។
19មានគេប្រាប់ព្រះបាទសូលថា៖ «ឃើញដាវីឌ នៅណាយ៉ូត ក្នុងភូមិរ៉ាម៉ា»។
20ក្រោយមក ព្រះបាទសូលបានបញ្ជូនមនុស្សឲ្យមកចាប់លោកដាវីឌ។ កាលពួកគេបានឃើញមានក្រុមព្យាការីនៅជាមួយដែរ ដែលកំពុងថ្លែងព្រះបន្ទូល ហើយមានលោកសាំយូអែលឈរនាំមុខគេផង ស្រាប់តែព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើក្រុមមនុស្សរបស់ព្រះបាទសូល ហើយពួកគេក៏ស្លុងថ្លែងព្រះប​ន្ទូលដែរ។
21កាលរឿងនេះបានឮដល់ព្រះបាទសូល នោះស្តេចក៏ចាត់ឲ្យមនុស្សមួយក្រុមទៀតឲ្យទៅ រួចពួកគេក៏ស្លុងស្មារតីថ្លែងព្រះប​ន្ទូលដែរ។ ក្រោយមកព្រះបាទសូលបានបញ្ជូនមនុស្សក្រុមផ្សេងទៀតជាលើកទីបី តែពួកគេស្លុងស្មារតីថ្លែងព្រះបន្ទូលដូចក្រុមមុនៗដែរ។
22បន្ទាប់មក ព្រះបាទសូលបានយាងមករ៉ាម៉ា ហើយបន្តទៅឯអណ្តូងជ្រៅដែលនៅភូមិសេគូវដោយផ្ទាល់។ ស្តេចបានរាជឱង្ការសួរថា៖ «តើលោកសាំយូអែល និងដាវីឌនៅឯណា?» មានម្នាក់បានទូលស្តេចថា៖ «ឃើញពួកគេនៅឯណាយ៉ូត ក្នុងភូមិរ៉ាម៉ា»។
23ព្រះបាទសូលបានយាងទៅណាយ៉ូត ក្នុងភូមិរ៉ាម៉ា។ នោះព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើស្តេច រួចស្តេចបានស្លុងស្មារតីថ្លែងព្រះបន្ទូលរហូតដល់ណាយ៉ូតក្នុងភូមិរ៉ាម៉ា។
24ស្តេចបានដោះព្រះភូសាចេញ ហើយថ្លែងព្រះបន្ទូលនៅចំពោះមុខលោកសាំយូអែល។ ស្តេចដេកដួលទាំងខ្លួនទទេទាំងថ្ងៃទាំងយប់។ ហេតុដូច្នេះ ហើយទើបគេសួរថា «តើស្តេចសូលចូលក្នុងព្យាការីដែរឬ?»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។