ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 18

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយដាវីឌបានទូលព្រះបាទសូលរួចហើយ ដួងចិត្តរបស់សម្តេចយ៉ូណាថានបានពេញចិត្តនឹងដាវីឌ ថែមទាំងស្រឡាញ់ដាវីឌស្មើជីវិតផង។
2ព្រះបាទសូលបានយកដាវីឌឲ្យមកបម្រើស្តេចតាំងពីថ្ងៃនោះមក ស្តេចមិនអនុញ្ញាតឲ្យដាវីឌត្រឡប់ទៅផ្ទះរបស់ឪពុកខ្លួនវិញទេ។
3ក្រោយមក សម្តេចយ៉ូណាថានបានចងសម្ព័ន្ធមេត្រីមិត្តភាពជាមួយនឹងដាវីឌ ព្រោះសម្តេចយ៉ូណាថានពេញចិត្តនឹងដាវីឌស្មើនឹងជីវិត។
4សម្តេចយ៉ូណាថានបានយករ៉ូបដែលខ្លួនកំពុងស្លៀក រួមទាំងគ្រឿងសឹក ដូចជាដាវ ធ្នូ និងខ្សែក្រវ៉ាតទៅឲ្យដាវីឌថែមទៀតផង។
5ដាវីឌបានទៅគ្រប់ទីកន្លែងដែលព្រះបាទសូលបានចាត់ឲ្យទៅ ព្រមទាំងទទួលបានជោគជ័យទៀតផង។ ព្រះបាទសូលបានឲ្យដាវីឌត្រួតលើកងទ័ពទាំងអស់។ ប្រជាជន និងរាជ្យមប្រើទាំងអស់របស់ព្រះបាទសូលពេញចិត្តគ្រប់ៗគ្នា។
6កាលពួកគេបានត្រឡប់មកផ្ទះបន្ទាប់ពីមានជ័យជម្នះលើពួកភីលីស្ទីនវិញ ស្រីៗបានចេញមកពីតាមទីក្រុងទាំងអស់នៃស្រុកអ៊ីស្រាអែល ទាំងច្រៀង ទាំងរាំជាមួយក្រាប និងឧបករណ៍ភ្លេងជាច្រើនដោយអំណរ ដើម្បីជួបព្រះបាទសូល។
7ស្ត្រីៗបានច្រៀងប្រដាក់គ្នា រួចលេងភ្លេងផងដែរ។ ពួកគេបានច្រៀងថា៖ «ព្រះបាទសូលបានប្រហារសត្រូវរាប់ពាន់នាក់ ឯដាវីឌប្រហារបានមួយម៉ឺននាក់»។
8ព្រះបាទសូលមានកំហឹងជាខ្លាំង ដោយស្តេចមិនសព្វព្រះទ័យនឹងចម្រៀងដែលគេច្រៀងនោះទេ។ ស្តេចបានមានរាជឱង្ការថា៖ «គេបានរៀបរាប់ថា ដាវីឌបានប្រហារដល់មួយម៉ឺននាក់ ប៉ុន្តែ យើងវិញបានត្រឹមរាប់ពាន់នាក់ប៉ុណ្ណោះ។ តើវានឹងទទួលអ្វីលើសនឹងទៀត តើមិនមែននៅតែអំណាចប៉ុណ្ណោះទេឬអី?»
9ចាប់ពីពេលនោះមក ព្រះបាទសូលបានកើតការសង្ស័យលើដាវីឌ។
10ថ្ងៃបន្ទាប់ វិញ្ញាណដ៏គ្រោះថ្នាក់ដែលមកពីព្រះជាម្ចាស់បានមកសណ្ឋិតលើព្រះបាទសូល ហើយស្តេចបានស្រែកឡូឡាពេញក្នុងដំណាក់។ ដូច្នេះ ដាវីឌបានយកឧបករណ៍មកលេង ដូចបានធ្វើសព្វដង។
11ព្រះបាទសូល មានលំពែងមួយនៅក្នុងដំណាក់ ស្តេចបានចោលលំពែងនោះ ដោយបានព្រះតម្រិះថា៖ «យើងនឹងដោតដាវីឌទៅនឹងជញ្ជាំង»។ ប៉ុន្តែ ដាវីឌបានគេចពីព្រះបាទសូល រួចខ្លួនដល់ទៅពីរដង។
12ព្រះបាទសូលបានភ័យខ្លាចនឹងដាវីឌ ពីព្រោះព្រះអម្ចាស់គង់នៅជាមួយដាវីឌ ព្រះអង្គលែងគង់នៅជាមួយព្រះបាទសូលទៀតហើយ។
13ដូច្នេះហើយ ព្រះបាទសូលបានដកដាវីឌចេញ ហើយតែងតាំងឲ្យដាវីឌធ្វើជាមេបញ្ជាការលើមួយពាន់នាក់ប៉ុណ្ណោះ ដាវីឌបានចេញចូលនៅចំពោះមុខប្រជាជនជានិច្ច។
14ដាវីឌបានកំពុងចម្រើនឡើង ដោយសារព្រះអម្ចាស់បានគង់ជាមួយលោក។
15កាលព្រះបាទសូលបានឃើញការរីកចម្រើនឡើងរបស់ស្តេច ព្រះអង្គបានក្រោកឡើង។
16ប៉ុន្តែ អស់ទាំងជនជាតិអ៊ីស្រាអែល និងយូដាបានជាប់ចិត្តនឹងដាវីឌ ដោយដាវីឌបានធ្វើកិច្ចការជាច្រើននៅកណ្តាលចំណោមពួកគេ។
17ក្រោយមក ព្រះបាទសូលបានមានរាជឱង្ការមកដាវីឌថា៖ «នេះនែ ជាបុត្រីច្បងគេបង្អស់របស់យើងឈ្មោះម្រ៉ាម។ យើងនឹងលើបុត្រនេះឲ្យឯង ដើម្បីឲ្យធ្វើជាប្រពន្ធឯង។ គ្រាន់តែមានកម្លាំងនិងចិត្តក្លាហានដើម្បីប្រយុទ្ធរួមជាមួយនឹងព្រះអម្ចាស់»។ ដោយព្រះបាទសូលបានគិតថា៖ «ចូរកំុឲ្យដៃរបស់យើងនៅលើវាឡើយ ប៉ុន្តែ ត្រូវទុកឲ្យដៃរបស់ពួកភីល្ទីនលើវាវិញចុះ»។
18ដាវីឌបានទូលព្រះបាទសូលថា៖ «តើទូលបង្គំជាអ្វី ហើយសាច់ញាតិទូលបង្គំជាអ្វី ឬគ្រួសារឪពុកទូលបង្គំជាអ្វីនៅស្រុកអុីស្រាអែលនេះដែលទូលបង្គំគួរតែជាបុត្រប្រសាររបស់ស្តេច?»។
19ប៉ុន្តែ កាលនោះ ពេលម្រ៉ាមជាបុត្រីរបស់ព្រះបាទសូលដែលត្រូវប្រទានឲ្យដាវីឌ តែនាងបែរជាត្រូវប្រទានឲ្យធ្វើជាប្រពន្ធរបស់អទ្រីអែល ជាអ្នកក្រុងមេហូឡាវិញ។
20ប៉ុន្តែ ព្រះនាងមិកាល់ជាបុត្រីរបស់ស្តេចសូលបានជំពាក់ព្រះទ័យនឹងដាវីឌ។ មានគេបានទូលស្តេចសូល ហើយការនេះត្រូវព្រះទ័យព្រះបាទសូលផងដែរ។
21រួចព្រះបាទសូលបានគិតថា៖ «យើងនឹងប្រគល់នាងឲ្យវា ដូច្នេះ នាងនឹងទៅជាអន្ទាក់ដល់វា ហើយពួកភីលីស្ទីននឹងលើកដៃប្រយុទ្ធនឹងវាមិនខាន»។ ហើយព្រះបាទសូលបានមានរាជឱង្ការទៅលោកដាវីឌជាលើកទីពីរថា៖ «ឯងនឹងក្លាយទៅជាបុត្រប្រសាររបស់យើង»។
22ព្រះបាទសូលបានបញ្ជាទៅរាជបម្រើថា៖ «ចូរនិយាយទៅលោកដាវីឌស្ងាត់ៗថា៖ «មើលចុះ ស្តេចគាប់ព្រះទ័យនឹងអ្នកណាស់ ហើយបាវរបស់ស្តេចទាំងប៉ុន្មានក៏ពេញចិត្តអ្នកដែរ។ ឥឡូវ ចូរឲ្យបានក្លាយជាកូនប្រសារប្រុសរបស់ស្តេចចុះ»។
23ក្រោយមក បាវបម្រើរបស់ស្តេចបាននិយាយសំដីទាំងនោះទៅលោកដាវីឌ ហើយលោកដាវីឌបាន​មានប្រសាសន៍ថា៖ «តើអ្នកយល់ថា ធ្វើជាបុត្រប្រសាររបស់ស្តេច ងាយខ្លាំងណាស់ឬ? ព្រេាះខ្ញុំជាមនុស្សក្រីក្រ ហើយគ្មានស័ក្តិយស
24រួចបាវរបស់ព្រះបាទសូលបានរាយការណ៍គ្រប់ពាក្យសម្តីទាំងអស់របស់លោកដាវីឌ ដល់ព្រះបាទសូលវិញ។
25ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរនិយាយទៅលោកដាវីឌថា ស្តេចមិនចង់បានចំណងដៃអ្វីទេ គ្រាន់តែយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ដើម្បីសងសឹកខ្មាំងរបស់ស្តេចគ្រប់គ្រាន់ហើយ»។ កាលនោះ ព្រះបាទសូលបានរកឧបាយកលដើម្បីឲ្យលោកដាវីឌធ្លាក់ក្នុងដៃរបស់ពួកភីលីស្ទីន។
26ពេលរាជ្យបម្រើរបស់ស្តេចបានប្រាប់លោកដាវីឌនូវរាជសាររបស់ស្តេចហើយ នោះធ្វើឲ្យលោកដាវីឌមានកិត្តិយសដែលអាចធ្វើជាបុត្រប្រសារបស់ស្តេច។
27មុនផុតកំណត់សេចក្តីសន្យារបស់ស្តេចប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកដាវីឌបានចេញទៅជាមួយគ្នីគ្នា ហើយបានសម្លាប់ពួកភីលីស្ទីនអស់ពីររយនាក់។ លោកដាវីឌបានយកស្បែកអង្គជាតិរបស់ពួកនោះមក រួចថ្វាយទៅស្តេចគ្រប់ចំនួន ដូច្នេះ លោកដាវីឌក៏បានក្លាយជាបុត្រប្រសារបស់ស្តេច។ ព្រះបាទសូលបានប្រទានព្រះនាងមិកាល់ឲ្យធ្វើជាភរិយារបស់លោកដាវីឌ។
28កាលព្រះបាទសូលបានឃើញ ហើយជ្រាបថា ព្រះអម្ចាស់គង់ជាមួយនឹងលោកដាវីឌ ហើយព្រះនាងមិកាល់ក៏ស្រឡាញ់លោកដាវីឌផងនោះ
29ស្តេចកាន់តែខ្លាចលោកដាវីឌ។ ព្រះបាទសូលនៅតែចាត់ទុកលោកដាវីឌជាសត្រូវបន្តទៀត។
30ក្រោយមក ពួកមេដឹកនាំរបស់ភីលីស្ទីនបានចេញមកដើម្បីធ្វើសង្គ្រាមតាមទម្លាប់។ ឯលោកដាវីឌបានទទួលជ័យជម្នះច្រើនជាងរាជបម្រើរបស់ព្រះបាទសូលទៅទៀត ដូច្នេះហើយ បានជាឈ្មោះរបស់លោកដាវីឌកាន់តែល្បីជាខ្លាំង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។