ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 17

Read Scripture freely. Divine Threads study for this chapter is coming later.

1គ្រានោះ ពួកភីលីស្ទីនបានប្រមូលទ័ពដើម្បីធ្វើសង្គ្រាម។ ពួកគេបានប្រមូលគ្នានៅឯសូកូ ស្រុកយូដា។ ពួកគេបានបោះតង់នៅចន្លោះសូកូ និងអាសេកា គឺនៅតំបន់អេផេសដាំមីម។
2ព្រះបាទសូល និងទ័ពអ៊ីស្រាអែលបានប្រមូលគ្នា ហើយបោះតង់នៅក្នុងជ្រលងអេឡា រួចបានដាក់ទ័ពឲ្យចេញទៅតយុទ្ធនឹងពួកភីលីស្ទីន។
3ពួកភីលីស្ទីនបានឈរនៅលើភ្នំមួយម្ខាង ហើយអ៊ីស្រាអែលក៏បានឈរលើភ្នំម្ខាងទៀតដែលមានជ្រលងនៅកណ្តាលពួកគេទាំងពីរ។
4មានបុរសខ្លាំងម្នាក់បានចេញមកពីជំរំពួកភីលីស្ទីន ឈ្មោះថា កូលីយ៉ាត មកពីក្រុងកាថ ដែលមានកម្ពស់ប្រហែលបីម៉ែត្រ។
5បុរសនោះពាក់ពួកលង្ហិនលើក្បាល និងមានអាវក្រោះផង។ អាវនោះមានទម្ងន់ហាសិបប្រាំពីគីឡូក្រាម ជាអាវលង្ហិន។
6មានស្រោបលង្ហិនលើជើងទាំងពីរ និងស្ពាយលំពែងលង្ហិនលើស្មាផង។
7លំពែងនោះធំ មានចងខ្សែដើម្បីចោលដូចជាកីតម្បាញ។ ផ្លែលំពែងនោះ មានទម្ងន់ប្រាំពីគីឡូក្រាមធ្វើពីដែក និងមានម្នាក់ដែលកាន់ខែលដើរពីមុខផង។
8ម្នាក់នោះឈរ ស្រែកទៅទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចេញមកប្រយុទ្ធដូច្នេះ? យើងជាជនជាតិភីលីស្ទីន តើពួកឯងមិនមែនជាកញ្ជះរបស់ព្រះបាទសូលទេឬអី? ចូររើសបុរសម្នាក់ជាតំណាងពួកឯង ហើយចាត់វាឲ្យចេញមករកយើង។
9បើឃើញថា វាអាចវាយ ហើយសម្លាប់យើងបាន នោះយើងនឹងធ្វើជាកញ្ជះពួកឯង។ ប៉ុន្តែ បើយើងវាយ ហើយសម្លាប់វាបាន នោះពួកឯងត្រូវមកបម្រើយើងវិញ»។
10ជនភីលីស្ទីននោះបាននិយាយម្តងទៀតថា៖ «ថ្ងៃនេះ យើងចេញមកតតាំងនឹងទ័ពអ៊ីស្រាអែល។ ចូរចាត់ម្នាក់ចេញមក ដើម្បីវាយតទល់គ្នា»។
11កាលព្រះបាទសូល និងទាហានអ៊ីស្រាអែលទាំងអស់បានឮសំដីរបស់ទាហានភីលីស្ទីនោះ ពួកគេបានបាក់ទឹកចិត្ត ហើយភ័យញ័រ។
12កាលនោះដាវីឌជាកូនអ្នកអំបូរអេប្រាតា ក្នុងភូមិបេថ្លេហិម ស្រុកយូដា គឺជាកូនប្រុសលោកអ៊ីសាយ។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ ក្នុងរជ្ជកាលរបស់ព្រះបាទសូល លោកអ៊ីសាយមានវ័យចាស់ហើយក្នុងចំណោមប្រជាជន។
13មានកូនប្រុសច្បងបីនាក់របស់លោកបានទៅចូលរួមធ្វើសង្គ្រាមជាមួយព្រះបាទសូលដែរ។ អ្នកទាំងបីដែលទៅសមរភូមិនោះមានឈ្មោះថា លោកអេលាប លោកអប៊ីណាដាប់ និងលោកសាម៉ា។
14ដាវីឌ ជាកូនពៅគេបង្អស់ ឯបងបីនាក់បានទៅតាមព្រះបាទសូល។
15ដាវីឌបានធ្វើដំណើរចុះឡើងទៅឯព្រះបាទសូល និងត្រឡប់ទៅឃ្វាលចៀមរបស់ឪពុកវិញនៅឯបេថ្លេហិម។
16សែសិបថ្ងៃហើយ ដែលទាហានភីលីស្ទីនបានមកក្បែរនោះបង្ហាញខ្លួន ដើម្បីវាយប្រយុទ្ធទាំងព្រឹកទាំងល្ងាច។
17បន្ទាប់មក លោកអ៊ីសាយបានប្រាប់ដាវីឌ ជាកូនប្រុសថា៖ «ចូរយកលាជមួយថង់ និងនំប័ុងដប់ ទៅឲ្យបងៗរបស់ឯងនៅឯជំរំជាប្រញាប់។
18ហើយយកប្រូម៉ាស់ដប់ដុំទៅឲ្យមេទ័ពរបស់ពួកគេផង។ ចូរមើលថា តើបងៗរបស់ឯសុខសប្បាយទេ រួចត្រូវយកអ្វីមកបញ្ជាក់ដើម្បីឲ្យដឹងថាពួកគេសុខសប្បាយមកជាមួយផង។
19បងៗរបស់ឯងកំពុងនៅជាមួយព្រះបាទសូល ហើយទាហានអ៊ីស្រាអែលទាំងអស់ស្ថិតនៅជ្រលងភ្នំអេឡា ប្រយុទ្ធជាមួយពួកភីលីស្ទីន»។
20ដាវីឌបានក្រោកពីព្រលឹម រួចផ្ញើសត្វទាំងប៉ុន្មានទៅឲ្យគង្វាលម្នាក់ផ្សេងទៀត ទាំងបានយកស្បៀងរួចចាកចេញទៅតាមបង្គាប់របស់លោកអ៊ីសាយ។ ដាវីឌបានទៅជំរំ ខណៈពលទាហានបានចេញទៅសមរភូមិស្រែកហ៊ោ។
21បន្ទាប់មក ទាំងទាហានអ៊ីស្រាអែ​ល និងពួកភីលីស្ទីនបានចូលខ្សែត្រៀមដើម្បីប្រយុទ្ធ ក៏ផ្ទុះសង្គ្រាមឡើងរវាងពលទាហាន និងពលទាហាន។
22ដាវីឌបានទុករបស់របរនៅនឹងអ្នកមើលថែ រួចរត់ទៅឯកងទ័ព ហើយជម្រាបសួរបងៗ។
23ពេលបាននិយាយជាមួយបងៗ ទាហានដ៏ខ្លាំងរបស់ភីលីស្ទីន ជាអ្នកក្រុងកាថដែលមានឈ្មោះថា កូលីយ៉ាតបានចេញមកឈរនៅជួរមុខនៃទ័ពភីលីស្ទីនទាំងនិយាយប្រមាថដូចមុនៗ ហើយដាវីឌបានឮពាក្យសំដីទាំងនោះ។
24នៅពេលទ័ពអ៊ីស្រាអែលបានឃើញម្នាក់នោះចេញមកដូច្នេះ ក៏បានរត់គេចដោយមានការភិតភ័យ។
25ទាហានរបស់អ៊ីស្រាអែលបាននិយាយថា៖ «តើអ្នកបានឃើញបុរសម្នាក់ដែលបានចេញមកនោះទេ? វាបានមកដើម្បីប្រមាថដល់ជនជាតិអ៊ីស្រាអែល។ ស្តេចនឹងប្រទាននូវទ្រព្យសម្បត្តិជាច្រើនដល់អ្នកណាដែលអាចសម្លាប់វាបាន ថែមទាំងលើកបុត្រីឲ្យរៀបអភិសេកជាមួយអ្នកនោះទៀតផង មិនត្រឹមតែប៉ុណ្ណោះ គឺស្តេចឲ្យគ្រួសារអ្នកនោះបានរួចពន្ធនៅស្រុកអ៊ីស្រាអែលទាំងមូលដែរ»។
26ដាវីឌបាននិយាយទៅទាហានដែលឈរនៅក្បែរនោះថា៖ «តើនឹងទទួលបានអ្វីបើមានអ្នកអាចសម្លាប់ជនភីលីស្ទីនម្នាក់នេះ ហើយដកយកភាពអាប់ឱនរបស់អ៊ីស្រាអែលចេញ? តើជនភីលីស្ទីននេះជាស្អីបានជាហ៊ានមើលងាយកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»
27បន្ទាប់មក មានអ្នកនិយាយម្តងទៀតនូវអ្វីដែលបានប្រាប់ហើយមុននោះ «ជារង្វាន់ដែលត្រូវទទូលសម្រាប់អ្នកដែលអាចសម្លាប់ជនភីលីស្ទីននោះបាន»។
28អេលាបជាបងបានឮពេលដាវីឌនិយាយគ្នាជាមួយពួកទាហាន។ កំហឹងរបស់អេលាបបានឡើងកំដៅប្រឆាំងនឹងដាវីឌ ដោយនិយាយឡើងថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? តើឯងបានទុកចៀមនឹងអ្នកណានៅឯទីវាល? យើងស្គាល់អំនួតរបស់ឯងហើយ គឺដឹងភាពរពិសក្នុងចិត្តឯង ដោយឯងមកទីនេះគឺដើម្បីមើលគេធ្វើសង្គ្រាមប៉ុណ្ណោះ»។
29ដាវីឌបានតបវិញថា៖ «តើខ្ញុំបានធ្វើខុសអី? គ្រាន់តែសួរទេតើ»។
30រួចមកគាត់ក៏ចេញពីបងបែរទៅរកអ្នកផ្សេង ហើយនិយាយបែបដដែលនោះទៀត។ អ្នកទាំងនោះក៏បានឆ្លើយដូចពីមុនដែរ។
31ពេលសំដីរបស់ដាវីឌបានឮទៅដល់ទាហានជាច្រើនហើយ ពួកគេបានរាយការណ៍សំដីទាំងនោះដល់ព្រះបាទសូល ទាំងនាំចូលគាល់ស្តេចផង។
32បន្ទាប់មក ដាវីឌបានទូលព្រះបាទសូលថា៖ «សូមកុំបណ្តោយបាក់ទឹកចិត្តទាហានឡើយ ទូលបង្គំនឹងចេញទៅវាយនឹងជនភីលីស្ទីននោះ»។
33ព្រះបាទសូលបានមានរាជឱង្ការទៅដាវីឌថា៖ «ឯងមិនអាចចេញទៅប្រឆាំងនឹងជនភីលីស្ទីននេះបានទេ ដ្បិត ឯងនៅក្មេងណាស់ តែឯវា វាជាអ្នកធ្វើសង្គ្រាមតាំងពីនៅក្មេងម្លេ៉ះ»។
34ប៉ុន្តែ ដាវីឌបានទូលទៅព្រះបាទសូលវិញថា៖ «ទូលបង្គំធ្លាប់មើលថែហ្វូងចៀមឪពុករបស់ទូលបង្គំ។ ពេលសឹង្ហ ឬខ្លាឃ្មុំចូលមកចាប់កូនចៀមណាមួយចេញពីហ្វូង ទូលបង្គំដេញតាម
35ហើយប្រហារវា សង្គ្រោះចៀមនោះពីមាត់របស់វា។ កាលវាចូលមកចង់ត្របាក់ទូលបង្គំ នោះទូលបង្គំនឹងចាប់ពុកចង្កាវា វាយវា ហើយសម្លាប់វាផង។
36ទូលបង្គំបានសម្លាប់ទាំងសឹង្ហ និងខ្លាឃ្មុំ។ ឯជនមិនកាត់ស្បែកភីលីស្ទីននេះនឹងមានវាសនាដូចវាមួយមិនខាន ព្រោះវាបានប្រមាថកងទ័ពរបស់ព្រះដ៏មានព្រះជន្មគង់នៅ»។
37ដាវីឌបានបន្ថែមថា៖ «ព្រះអម្ចាស់បានសង្គ្រោះទូលបង្គំពីក្រញាំសឹង្ហ និងពីក្រញាំរបស់ខ្លាឃ្មុំ ព្រះអង្គមុខជាសង្គ្រោះទូលបង្គំពីដៃរបស់ជនភីលីស្ទីននេះដែរ»។ បន្ទាប់មក ព្រះបាទសូលបានមានរាជឱង្ការទៅដាវីឌថា៖ «បើដូច្នេះ ចូរទៅចុះ សូមព្រះអម្ចាស់គង់ជាមួយឯង»។
38ព្រះបាទសូលបានបំពាក់គ្រឿងសឹករបស់ស្តេចឲ្យដាវីឌ។ ស្តេចបានយកមួយលង្ហិនពាក់លើក្បាលដាវីឌ និងបានបំពាក់អាវក្រោះឲ្យទៀតផង។
39ដាវីឌបានយកដាវរបស់ស្តេចមក ប៉ុន្តែ មិនអាចដើរកើតឡើយ ពីព្រោះដាវីឌមិនដែលហ្វឹកហាត់ជាមួយនឹងគ្រឿងសឹកទាំងនោះទេ។ រួចដាវីឌបានទូលព្រះបាទសូលថា៖ «ទូលបង្គំមិនអាចចេញទៅសមរភូមិជាមួយនឹងគ្រឿងទាំងនេះបានឡើង ព្រោះទូលបង្គំមិនធ្លាប់ប្រើវា»។ ដូច្នេះ ក៏ទម្លាក់គ្រឿងទាំងនោះចុះវិញ។
40ដាវីឌបានយកតែរបស់របរខ្លួននៅជាប់នឹងដៃ ហើយរើសគ្រួសរលោងៗប្រាំគ្រាប់មកទុកក្នុងថង់អ្នកគង្វាលចៀម។ ដាវីឌបានត្រៀមដង្ហក់នៅនឹងដៃរួចហើយ ថែមទាំងទៅជិតដល់ជនភីលីស្ទីននោះ។
41ជនភីលីស្ទីនបានមកប្រកៀកនឹងដាវីឌ ជាមួយអ្នកនាំមុខដែលកាន់ខែលឲ្យផងដែរ។
42កាលជនភីលីស្ទីននោះស្វែងរកមើល វាបានឃើញដាវីឌ រួចបានមើលងាយដាវីឌ ដោយសារឃើញដាវីឌជាក្មេងប្រុសនៅតូច មានថ្ពាល់ក្រហម ហើយសង្ហាផងនោះ។
43ក្រោយមក ជនភីលីស្ទីននោះបាននិយាយទៅថា៖ «តើយើងជាឆ្កែឬបានជាឯងមកតយុទ្ធនឹងយើងដោយប្រើដំបងដូច្នេះ?» រួចជនភីលីស្ទីននោះបានដាក់បណ្តាសាដោយនាមព្រះរបស់ពួកគេ។
44ជនភីលីស្ទីននោះបាននិយាយជាមួួយដាវីឌថា៖ «មកនេះ មកទីនេះមក អញនឹងយកសាច់ឯងឲ្យក្អែកស៊ីលើមេឃ ហើយឲ្យសត្វដែលនៅតាមទីវាល»។
45ដាវីឌបានតបនឹងជនភីលីស្ទីននោះថា៖ «ឯងមកប្រយុទ្ធជាមូយយើងដោយប្រើដាវ លំពែង និងដែក ប៉ុន្តែ យើងវិញមករកឯងក្នុងព្រះនាមព្រះអម្ចាស់នៃពួកពលបរិវារ និងជាព្រះនៃកងទ័ពរបស់អ៊ីស្រាអែលដែលឯងបានប្រមាថនោះហើយ។
46ថ្ងៃនេះព្រះអម្ចាស់នឹងប្រទានជ័យជម្នះមកយើង ហើយយើងនឹងសម្លាប់ឯងចេញ ថែមទាំងកាត់ក្បាលឯងចេញពីខ្លួនទៀតផង។ ថ្ងៃនេះយើងនឹងយកសាសពរបស់ទ័ពភីលីស្ទីនឲ្យសត្វស្លាប់លើមេឃ និងសត្វព្រៃស៊ីជាអាហារ។ ធ្វើដូច្នេះ អ្វីៗដែលនៅផែនដីនឹងដឹងថា ពិតជាមានព្រះជាម្ចាស់ ជាព្រះនៅអ៊ីស្រាអែលប្រាកដមែន។
47ហើយពួកគេនឹងមុខជាដឹងថា ព្រះអម្ចាស់ពុំបានផ្តល់ជ័យជម្នះដោយសារមុខដាវ និងលំពែងទេ។ ពីព្រោះព្រះអម្ចាស់នឹងចេញធ្វើសង្គ្រាម ហើយព្រះអង្គ នឹងប្រគល់ពួកឯងមកក្នុងដៃរបស់យើងមិនខាន»។
48កាលជនភីលីស្ទីននោះបានក្រោកឡើង ហើយចេញមកប្រឆាំងនឹងដាវីឌ រួចដាវីឌបានរត់យ៉ាងលឿនទៅរកសត្រូវ ដើម្បីទៅជួបវា។
49ដាវីឌបានលូកដៃចូលក្នុងហោប៉ៅដើម្បីយកគ្រួសចេញមក រួចក្រវីក្រួសនោះ ទៅបុកថ្ងាស់ជនភីលីស្ទីននោះ រួចជននោះបានដួលមុខដល់ដី។
50ដាវីឌបានយកជ័យជម្នះលើជនភីលីស្ទីននោះដោយដង្ហក់ និងគ្រាប់គ្រួសតូចមួយ។ ដាវីឌបានចោលក្រួសនោះទៅលើជនភីលីស្ទីននោះ ហើយសម្លាប់វាបង់។
51ដាវីឌគ្មានដាវនៅនឹងដៃទេ ក្រោយមកដាវីឌបានរត់ទៅឈរពីមុខជនភីលីស្ទីននោះ និងយកដាវចេញពីស្រោម ហើយបានសម្លាប់ រួចថែមទាំងកាត់ក្បាលជននោះផង។ កាលពួកទាហានភីលីស្ទីនបានឃើញថា អ្នកក្លាហានរបស់ពួកគេបានបាត់បង់ជីវិតដូច្នេះ ពួកគេបានរត់ភាសខ្លួនអស់ទៅ។
52បន្ទាប់មក ពលទាហានរបស់អ៊ីស្រាអែល និងពួកយូដាបានក្រោកឡើងទាំងស្រែកខ្លាំងៗដេញតាមពួកភីលីស្ទីនទៅយ៉ាងឆ្ងាយ ដល់ជ្រលងភ្នំ ជាមាត់ទ្វាររបស់ក្រុងអេក្រូន។ សពរបស់ពួកភីលីស្ទីនដេករាលនៅតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងអេក្រូនផង។
53ពួកទាហានអ៊ីស្រាអែលបានត្រឡប់មកពីតាមដេញពួកភីលីស្ទីនវិញ ហើយថែមទាំងរឹបអូសយកអ្វីៗដែលនៅក្នុងជំរំពួកភីលីស្ទីននោះ។
54ដាវីឌបានយកក្បាលរបស់ជនភីលីស្ទីននោះ ហើយយកមកក្រុងយេរ៉ូសាឡិម រួចយកគ្រឿងធ្វើសង្គ្រាមរបស់វាដាក់នៅក្នុងត្រសាលរបស់ខ្លួន។
55កាលព្រះបាទសូលបានឃើញថា ដាវីឌបានវាយប្រហារជនភីលីស្ទីនដូច្នេះ ស្តេចមានរាជឱង្ការទៅអប៊ីនើរជាមេទ័ពថា៖ «លោកអប៊ីនើរ តើយុវជននោះជាកូនប្រុសរបស់អ្នកណា?» លោកអប៊ីនើរបានទូលតបវិញថា៖ «ទូលបង្គំមិនបានដឹងទេព្រះករុណា»។
56ស្តេចមានរាជឱង្ការថា៖ «ចូរសួរអ្នកផ្សេងទៀត ក្រែងគេអាចស្គាល់ក្មេងប្រុសនេះជាកូនប្រុសអ្នកណា»។
57ពេលដាវីឌបានត្រឡប់ពីសម្លាប់ជនភីលីស្ទីននោះវិញ លោកអប៊ីនើរបាននាំដាវីឌមកគាល់ព្រះបាទសូលជាមួយនឹងក្បាលរបស់ជនភីលីស្ទីននោះនៅនឹងដៃថែមទៀតផង។
58ព្រះបាទសូលមានរាជឱង្ការថា៖ «នែអ្នកកម្លោះ តើឯងជាកូនរបស់អ្នកណា? ដាវីឌបានទូលតបវិញថា៖ «ទូលបង្គំជាកូនប្រុសលោកអ៊ីសាយ ជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកភូមិបេថ្លហិម»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។