ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 14

Read Scripture freely. Divine Threads study for this chapter is coming later.

1ថ្ងៃមួយ សម្តេចយ៉ូណាថាន ជាបុត្រាព្រះបាទសូលបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹកឲ្យសម្តេចថា៖ «តោះ ចូរយើងទៅឯជំរំរបស់ពួកភីលីស្ទីននៅឯម្ខាងណោះ»។ ប៉ុន្តែ សម្តេចមិនបានទូលបិតារបស់សម្តេចទេ។
2ព្រះបាទសូលបានគង់នៅឯជាយភូមិគីបៀរ គឺនៅក្រោមដើមទទឹមនៅមីក្រូន។ មានទ័ពប្រហែលជាប្រាំមួយរយនាក់នៅជាមួយស្តេច
3រួមទាំងលោកអហុីយ៉ា ជាកូនរបស់លោកអហុីទូប (ជាប្អូនរបស់អុីកាបុដ) ជាចៅរបស់លោកភីនេហាស ដែលជាចៅទួតរបស់លោកអេលី ជាបូជាចារ្យរបស់ព្រះអម្ចាស់នៅឯសុីឡូ ដែលជាអ្នកពាក់អាវអេផូដ។ ពួកទាហានពុំបានដឹងថា សម្តេចយ៉ូណាថានយាងទៅណាទេ។
4នៅឯម្ខាងទៀតនៃច្រកដែលសម្តេចយ៉ូណាថានចង់ទៅដើម្បីឲ្យទៅដល់កន្លែងដាក់ទ័ពពួកភីលីស្ទីន មានថ្មរដិរដុបចោតទាំងសងខាង ដែលគេហៅថាបូសេសនិង​មួយទៀតហៅថា សេនេ។
5ចំណោតថ្មមួយនៅឯទិសខាងជើងខាងមុខមីកម៉ាស់ ហើយចំណោតថ្មម្ខាងទៀតនៅខាងត្បូងចំពីមុខកេបា។
6សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹករបស់សម្តេចថា៖ «តោះ ចូរយើងឆ្លងកាត់លានដ្ឋានទ័ពរបស់ពួកមិនកាត់ស្បែកទាំងនេះ។ ព្រះអម្ចាស់អាចនឹងធ្វើការជំនួសយើង ព្រោះគ្មានអ្វីដែលឃាត់ព្រះអម្ចាស់មិនឲ្យជួយបើមានមនុស្សតិច ឬច្រើនក្តី»។
7អ្នកកាន់គ្រឿងសឹករបស់សម្តេចបានតបវិញថា៖ «សូមសម្តេចធ្វើអ្វីតាមចិត្តរបស់សម្តេចចុះ។ សូមចេញទៅចុះ មើល ទូលបង្គំនៅជាមួយសម្តេចហើយ គឺដើម្បីធ្វើតាមបង្គាប់របស់សម្តេចទាំងអស់»។
8សម្តេចយ៉ូណាថានបានមានឱង្ការថា៖ «យើងនឹងឆ្លងទៅរកពួកគេ ហើយបង្ហាញខ្លួនចំពោះពួកគេ។
9បើពួកគេនិយាយមកយើងថា ចាំទីនោះសិនទៅ ពួកយើងនឹងទៅរកពួកឯង នោះយើងនឹងឈប់នៅត្រង់កន្លែងរបស់យើង គឺយើងមិនឆ្លងទៅរកពួកគេទេ។
10ប៉ុន្តែ បើពួកគេឆ្លើយឆ្លងមកយើងថា មករកពួកយើងមក នោះយើងនឹងឆ្លងទៅ ពីព្រោះព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់យើងហើយ។ នេះហើយគឺជាទីសម្គាល់សម្រាប់យើង»។
11ដូច្នេះ អ្នកទាំងពីរបានបង្ហាញខ្លួននៅឯលានដ្ឋានទ័ពរបស់ពួកភីលីស្ទីន។ ពួកទាហានភីលីស្ទីនបាននិយាយថា៖ «មើល ជនជាតិ​ហេព្រើរ​កំពុងតែចេញមកពីរន្ធដែលពួកគេបានរត់ពួនហើយ»។
12បន្ទាប់មក ទាហានក្នុងលានដ្ឋាននោះបានស្រែកហៅសម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹកឲ្យសម្តេចថា៖ «មករកពួកយើងមក យើងនឹងបង្ហាញពួកឯងខ្លះ»។ សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹករបស់សម្តេចថា៖ «មកតាមខ្ញុំ ពីព្រោះព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងដៃរបស់អុីស្រាអែលហើយ»។
13សម្តេចយ៉ូណាថានបានតោងឡើងដោយដៃនឹងជើងរបស់សម្តេច ឯអ្នកកាន់គ្រឿងសឹករបស់សម្តេចបានតាមពីក្រោយសម្តេច។ សម្តេចយ៉ូណាថានបានប្រហារជីវិតរបស់ពួកភីលីស្ទីនទាំងនោះនៅនឹងមុខ ហើយអ្នកកាន់គ្រឿងសឹករបស់សម្តេចក៏បានសម្លាប់ពួកនោះខ្លះនៅចំពោះមុខសម្តេចដែរ។
14មុនដំបូងសម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹករបស់សម្តេចបានស្លាប់ពួកគេប្រហែលម្ភៃនាក់ក្នុងទំហំដីមួយស្រែ។
15មានចលាចលនៅជំរំ នៅឯវាល និងក្នុងចំណោមពួកភីលីស្ទីន។ សូម្បីក្នុងលានដ្ឋាន និងអ្នកចម្បាំងរបស់ពួកគេក៏មានការភ័យខ្លាចដែរ។ ផែនដីបានជញ្ជួយភាពភ័យខ្លាចកើតឡើងយ៉ាងខ្លាំង។
16ក្រោយមក ពួកអ្នកឃ្លាំមើលរបស់ស្តេចសូលនៅឯគីបៀរនៃទឹកដីបេនយ៉ាមីនបានមើលឃើញថា ពួកទាហានរបស់ភីលីស្ទីនកំពុងរត់ប្រសាច ខ្លះរត់ទៅឯណេះ ខ្លះរត់ទៅឯណោះ។
17នោះព្រះបាទសូលមានបន្ទូលទៅទាហានដែលនៅជាមួយព្រះអង្គថា៖ «ចូររាប់គ្នាយើង តើបាត់អ្នកណាខ្លះ»។ ពេលពួកគេរាប់រួចហើយ គឺបាត់សម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹករបស់សម្តេច។
18ព្រះបាទសូលបានមានរាជឱង្ការទៅលោកអហុីយ៉ាថា៖ «ចូរយកហឹបរបស់ព្រះជាម្ចាស់មកទីនេះ»​ ព្រោះកាលណោះ ហឹបនោះស្ថិតនៅជាមួយប្រជាជនអុីស្រាអែល។
19ខណៈព្រះបាទសូលកំពុងមានរាជឱង្ការទៅបូជាចារ្យ ការវឹកវរនៅក្នុងជំរំរបស់ពួកភីលីស្ទីនកាន់តែបន្តខ្លាំងឡើង។ នោះព្រះបាទសូលមានរាជឱង្ការទៅបូជាចារ្យថា៖ «សូមដកដៃរបស់លោកចេញ»។
20ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្តេចបានរួមកម្លាំងគ្នាហើយចេញទៅច្បាំង។ ដាវរបស់ពួកទាហានភីលីស្ទីនបានវាយប្រហារគ្នាឯង ហើយភាពភាន់ច្រឡំបានកើតឡើងក្នុងចំណោមពួកគេ។
21ជនជាតិហេព្រេីរខ្លះដែលពីមុនបាននៅជាមួយនឹងពួកភីលីស្ទីន និងធ្លាប់ជ្រកកោនក្នុងជំរំរបស់ពួកភីលីស្ទីននោះ បានរត់មករួមដៃជាមួយទាហានអុីស្រាអែល ជាមួយព្រះបាទសូល និងជាមួយសម្តេចយ៉ូណាថានវិញ។
22ពួកទាហានអុីស្រាអែលខ្លះដែលបានរត់គេចខ្លួននៅតាមភ្នំជិតអេប្រាអុីមបានឮថា ពួកភីលីស្ទីនបានរត់ភាសខ្លួន នោះពួកគេក៏ចេញមកដេញតាមប្រហារពួកនោះនៅក្នុងសមរភូមិដែរ។
23ថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអុីស្រាអែល ហើយការវាយប្រហារគ្នាបានបន្តដល់បេតអាវេនទៀត។
24ថ្ងៃនោះ ទាហានអុីស្រាអែលមិនសប្បាយចិត្ត ដោយព្រះបាទសូលបានយកពួកគេខ្លះដាក់ក្រោមសម្បថថា៖ «អ្នកណាបរិភោគអាហារមុនពេលល្ងាចមកដល់ គឺមុនពេលយើងបានសងសឹកលើសត្រូវរបស់យើង អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ដូច្នេះហើយ ពួកទាហាន គ្មាននរណាម្នាក់ហ៊ានភ្លក់អាហារអ្វីទាំងអស់។
25ក្រោយមក ពួកគេដើរចូលព្រៃ ហើយទីនោះមានទឹកឃ្មុំស្រក់មកលើដី។
26កាលពួកគេបានចូលក្នុងព្រៃ ទឹកឃ្ញុំបានស្រក់ចុះ ប៉ុន្តែ គ្មាននរណាហ៊ានយកម្រាមដៃរបស់ខ្លួនបៀកដាក់ចូលមាត់ឡើយ ព្រោះពួកគេខ្លាចសម្បថ។
27សម្តេចយ៉ូណាថានមិនបានឮបិតារបស់ទ្រង់បានចងពួកពលទាហានដោយសម្បថឡើយ សម្តេចក៏បានយកចុងដំបងដែលនៅក្នុងដៃមកជ្រលក់ចូលសំបុកឃ្មុំនោះ ហើយយកដៃបៀកមកដាក់ក្នុងមាត់របស់សម្តេច ហើយភ្នែករបស់សម្តេចក៏បានភ្លឺស្រស់ថ្លា។
28ក្រោយមក មានម្នាក់ក្នុងចំណោមនោះបានទូលឆ្លើយថា៖ «ព្រះបិតារបស់សម្តេចបានដាក់ពួកទាហានយ៉ាងតឹងរឹងជាមួយសម្បថថា៖ «អ្នកណាបរិភោគអាហារអ្វីនៅថ្ងៃនេះមុខជាត្រូវបណ្តាសាមិនខាន ដូច្នេះហើយ ទើបពួកទាហានខ្សោយដោយហេវហត់»។
29សម្តេចយ៉ូណាថានបានតបវិញថា៖ «ព្រះបិតារបស់ខ្ញុំបានបង្ករឿងហើយ។ មើលនេះ តើភ្នែករបស់ខ្ញុំបានភ្លឺថ្លាបែបណា ពីព្រោះខ្ញុំបានភ្លក់ទឹកឃ្មុំនឹងតែបន្តិចប៉ុណ្ណោះ។
30តើវាមិនប្រសើរជាងនេះទេឬអី បើទាហានបានបរិភោគដោយសេរីនៅថ្ងៃនេះ ពីអាហារនៃជយភណ្ឌបានពីសត្រូវដែលពួកយើងរកបាននោះ? ព្រោះពេលនេះអ្នកដែលប្រហារពួកសត្រូវមើលទៅមិនអស្ចារ្យសោះក្នុងចំណោមពួកភីលីស្ទីន»។
31ពួកគេបានវាយពួកភីលីស្ទីននៅថ្ងៃនោះ ពីមីកម៉ាស់រហូតដល់អាយ៉ាឡូន។ ទាហានបានអស់កម្លាំងជាខ្លាំង
32ពួកគេបានប្រញាប់លោភទៅយកជ័យភណ្ឌ ដោយបានយកចៀម គោ និងកូនគោ រួចសម្លាប់សត្វទាំងនោះនៅនឹងដី ហើយបានបរិភោគទាំងមាននៅឈាមផង។
33ពួកគេបានទូលព្រះបាទសូលថា៖ «មើល ពួកគេបានប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ ដោយបរិភោគទាំងនៅឈាម»។ ព្រះបាទសូលបានមានរាជឱង្ការថា៖ «អ្នករាល់គ្នាប្រព្រឹត្តដោយមិនស្មោះត្រង់ទេ។ ចូររមៀលផ្ទាំងថ្មធំមួយមកឲ្យខ្ញុំឥឡូវនេះ
34ហើយទៅហៅពួកទាហានដោយប្រាប់ទៅ ឲ្យពួកគេរាល់គ្នាយកគោ និងចៀមរៀងៗខ្លួនមក ហើយសម្លាប់នៅទីនេះ រួចបរិភោគចុះ។ កុំប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ដោយបរិភោគទាំងជាមួយឈាមឡើង»។ ដូច្នេះ ពួកគេបាននាំយកគោរៀងៗខ្លួនមកនៅយប់នោះ ហើយសម្លាប់នៅត្រង់ផ្ទាំងថ្មនោះ។
35ព្រះបាទសូលបានសង់អាសនាថ្វាយព្រះអម្ចាស់ ជាអាសនាដំបូងដែលស្តេចបានសង់ថ្វាយព្រះអម្ចាស់។
36បន្ទាប់មក ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរយើងដេញតាមពួកភីលីស្ទីននៅយប់នេះ ហើយរឹបអូសពីពួកគេរហូតដល់ព្រឹក យើងមិនត្រូវទុកឲ្យពួកគេណាម្នាក់នៅមានជីវិតឡើយ»។ ពួកទាហានបានតបវិញថា៖ «ចូរប្រព្រឹត្តតាមតែព្រះអង្គយល់ថាល្អចុះ»។ ប៉ុន្តែ បូជាចារ្យមានប្រសាសន៍ថា៖ «យើងទូលសួរព្រះជាម្ចាស់សិន»។
37ព្រះបាទសូលបានទូលសួរព្រះជាម្ចាស់ថា៖ «តើគួរឲ្យទូលបង្គំដេញតាមពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អុីស្រាអែលឬទេ?» ព្រះជាម្ចាស់មិនបានឆ្លើយតបនឹងស្តេចវិញទេនៅថ្ងៃនោះ។
38រួចមកព្រះបាទសូលមានរាជឱង្ការថា៖ «ចូរអស់អ្នកដឹកនាំរបស់ប្រជាជនមកទីនេះ សូមមើលថាតើមាននរណាបានប្រព្រឹត្តបាបបែបណាថ្ងៃនេះ។
39យើងសូមស្បថខណៈព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលសង្គ្រោះអុីស្រាអែលថា ទោះបីលោកយ៉ូណាថាន់ជាបុត្រាទូលបង្គំក្តី បើធ្វើបាប គឺត្រូវតែស្លាប់»។ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកទាហានហ៊ានឆ្លើយតបអ្វីទេ។
40បន្ទាប់មក ព្រះបាទបានមានបន្ទូលទៅទានហានអុីស្រាអែលទាំងអស់ថា៖ «អ្នករាល់គ្នាត្រូវឈរទៅម្ខាង ហើយយើងនឹងលោកយ៉ូណាថាននឹងឈរនៅម្ខាងទៀត»។ ទាហានបានទូលតបទៅព្រះបាទសូលវិញថា៖ «សូមធ្វើតាមតែព្រះករុណយល់ថាល្អចុះ»។
41ហេតុដូច្នេះហើយព្រះបាទសូលទូលទៅព្រះអម្ចាស់ជាព្រះរបស់អុីស្រាអែលថា៖ «សូមបង្ហាញយើងខ្ញុំផង»។ ពេលនោះគេចាប់ប៉ះចំព្រះបាទសូល និងសម្តេចយ៉ូណាថាន ឯពួកទាហានត្រូវបានរួចខ្លួន។
42បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរសួរបន្តទៀតរវាងយើងនឹងលោកយ៉ូណាថានជាបុត្រារបស់យើង»។ នោះក៏ប៉ះចំសម្តេចយ៉ូណាថាន។
43ព្រះបាទសូលបានសួរសម្តេចយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី»។ សម្តេចយ៉ូណាថានបានទូលស្តេចថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិចពីចុងដំបងដែលនៅក្នុងដៃរបស់ទូលបង្គំ។ ទូលបង្គំនៅទីនេះហើយ ទូលបង្គំនឹងត្រូវស្លាប់»។
44ព្រះបាទសូលមានរាជឱង្ការថា៖ «បុត្រត្រូវតែស្លាប់ លោកយ៉ូណាថាន បើមិនធ្វើដូច្នេះទេ សូមព្រះជាម្ចាស់ដាក់ទោសបិតាឲ្យខ្លាំងចុះ!»។
45បន្ទាប់មក ទាហានបានទូលព្រះបាទសូលថា៖ «តើគួរឲ្យសម្តេចយ៉ូណាថានសុគតឬ ដ្បិតសម្តេចជាអ្នកបានសាងស្នាដៃនៃជ័យជម្នះសម្រាប់អុីស្រាអែល? សូមកុំឲ្យកើតដូច្នេះឡើយ! ទូលបង្គំសូមស្បថដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា នឹងគ្មានសក់មួយសសៃណារបស់សម្តេចជ្រុះដល់ដីឡើង ដ្បិត សម្តេចបានធ្វើការជាមួយព្រះជាម្ចាស់នៅថ្ងៃនេះ​» ដោយការសង្គ្រោះពីពួកទាហានសម្តេចមិនត្រូវបានសម្លាប់ឡើយ។
46នោះព្រះបាទសូលក៏បានឈប់ដេញតាមពួកភីលីស្ទីន ហើយពួកភីលីស្ទីនទាំងនោះបានទៅកន្លែងរបស់ខ្លួនវិញ។
47កាលព្រះបាទសូលបានចាប់ផ្តើមដឹកនាំជនជាតិអុីស្រាអែល ស្តេចបានច្បាំងនឹងសត្រូវទាំងអស់របស់ស្តេចដែលនៅជុំវិញ។ ស្តេចបានវាយជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ស្តេចទាំងប៉ុន្មានរបស់សូបា និងពួកភីលីស្ទីនផង។ សមរភូមិណាដែលស្តេចបានចេញទៅ ស្តេចតែងទទួលបានជ័យជម្នះ ដាក់ទោសលើសត្រូវទាំងនោះ។
48ស្តេចបានប្រព្រឹត្តដោយចិត្តក្លាហាន ហើយបានវាយឈ្នះលើពួកអាម៉ាឡេក។ ស្តេចបានរំដោះជនជាតិអុីស្រាអែលពីកណ្តាប់ដៃរបស់សត្រូវពួកគេ។
49បុត្រារបស់ព្រះបាទសូលមានដូចជា សម្តេចយ៉ូណាថាន សម្តេចយីសវី និងសម្តេចម៉ាលគីស៊ូអា។ បុត្រីរបស់ព្រះអង្គមានឈ្មោះដូចតទៅ បុត្រីច្បងគឺ ព្រះនាងម្រ៉ាប និងព្រះនាងមិកាល់ជាប្អូន។
50ព្រះជាយារបស់ព្រះបាទសូលគឺ ព្រះនាងអហុីណោម ជាកូនស្រីរបស់អហុីម៉ាស់។ មេបញ្ជាការទាហានរបស់ស្តេចគឺ លោកអប៊ីនើរ ជាកូនប្រុសរបស់លោកនើរ ដែលជាឪពុកមាររបស់ព្រះបាទសូល។
51លោកគីស ជាឪពុករបស់ព្រះបាទសូល ហើយលោកនែរ ជាឪពុករបស់លោកអប៊ីនើរ ដែលត្រូវជាកូនប្រុសរបស់លោកអបៀល។
52ព្រះបាទសូលបានប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងពួកភីលីស្ទីនរហូតនៅក្នុងជីវិត។ ពេលព្រះបាទសូលបានឃើញអ្នកណាខ្លាំង ឬក្លាហាន ស្តេចតែងយកអ្នកនោះមកជាមួយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។