1លោកសាំយូអែលបានទូលទៅព្រះបាទសូលថា៖ «ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកចាក់ប្រេងតាំងឲ្យព្រះអង្គធ្វើជាស្តេចលើប្រជារាស្ត្រអុីស្រាអែលរបស់ព្រះអង្គ។ ឥឡូវនេះ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
2នេះជាអ្វីដែលព្រះអម្ចាស់នៃពួកពលបរិវាមានព្រះបន្ទូល យើងបានកត់ត្រាទុកនូវអ្វីដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអុីស្រាអែល ដែលប្រឆាំងនឹងពួកគេនៅតាមផ្លូវ ខណះពួកគេកំពុងចាកចេញពីស្រុកអេសុីប។
3ដូច្នេះ ចូរចេញទៅឥឡូវនេះ ដើម្បីវាយប្រហារជនជាតិអាម៉ាឡេក ហើយត្រូវបំផ្លាញអ្វីៗទាំងអស់របស់ពួកគេ។ មិនត្រូវទុកចិត្តទុកជីវិតឲ្យពួកគេឡើយ ប៉ុន្តែ ត្រូវផ្តាច់ជីវិតទាំងប្រុសទាំងស្រី ទាំងក្មេង ទាំងទារក ទាំងគោ ចៀម អូដ្ឋ និងលា»។
4ព្រះបាទសូលបានកេនប្រជាជន ហើយរាប់ពួកគេនៅឯថេលែម ឃើញមានម្ភៃមឺុននាក់ ជាទ័ពថ្មើជើង ហើយមួយមឺុននាក់ទៀតជាទាហានដែលមកពីកុលសម្ព័ន្ធយូដា។
5ក្រោយមក ព្រះបាទសូលបានយាងមកឯក្រុងរបស់ពួកអាម៉ាឡេក ហើយរង់ចាំនៅឯជ្រលងភ្នំ។
6រួចព្រះបាទសូលបានមានបន្ទូលទៅជនជាតិកែនថា «ចូរថយចេញឲ្យឆ្ងាយពីចំណោមជនជាតិអាម៉ាឡេក ដើម្បីកុំឲ្យវិនាសជាមួយពួកនោះ។ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តដោយសប្បុរសដល់ប្រជាជនអុីស្រាអែល ខណៈពួកគេបានចាកចេញពីស្រុកអេសុីប»។ ដូច្នេះ ពួកកែនក៏បានជន្លាសចេញពីពួកអាម៉ាឡែក។
7បន្ទាប់មក ព្រះបាទសូលបានចេញទៅវាយប្រហារជនជាតិអាម៉ាឡេក ចាប់ពីហាវីឡា រហូតដល់សើុរ ខាងកើតនៃស្រុកអេសុីប។
8ព្រះអង្គបានចាប់អកាក់ជាស្តេចរបស់ជនជាតិអាម៉ាឡេកទាំងរស់។ ស្តេចបានប្រហារជីវិតពួកគេទាំងអស់ដោយមុខដាវ។
9ប៉ុន្តែ ព្រះបាទសូល និងទាហានបានទុកជីវិតឲ្យស្តេចអកាក់ ហើយទុកចៀម គោ កូនគោបំប៉ន និងកូនចៀមដែលល្អបំផុត។ អ្វីៗដែលល្អ ពួកគេមិនបានបំផ្លាញចោលទេ។ ប៉ុន្តែ ពួកគេបានបំផ្លាញអ្វីៗទាំងអស់ដែលគ្មានប្រយោជន៍វិញ។
10ក្រោយមក ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖
11«យើងស្តាយណាស់ដែលបានតាំងឲ្យលោកសូលធ្វើជាស្តេច ពីព្រោះលោកសូលមិនបានស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមបញ្ជារបស់យើងទេ»។ លោកសាំយូអែលខឹងយ៉ាងខ្លាំង លោកបានទូលអង្វរព្រះអម្ចាស់ពេញមួយយប់នោះ។
12លោកសាំយូអែលបានក្រោកពីព្រលឹម ដើម្បីទៅជួបព្រះបាទសូលនៅព្រឹកនោះ។ គេបានប្រាប់លោកសាំយូអែលថា៖ «ព្រះបាទសូលបានយាងមកកើមែល ហើយបានធ្វើស្តូបមួយសម្រាប់ខ្លួននៅទីនោះ រួចបន្តដំណើរត្រឡប់ទៅគីលកាល់វិញ»។
13ដឹងដូច្នោះ លោកសាំយូអែលបានមកជួបព្រះបាទសូលហើយទូលស្តេចថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់ព្រះអង្គ! ខ្ញុំបានសម្រេចតាមព្រះរាជ្យបញ្ជារបស់ព្រះអម្ចាស់រួចហើយ»។
14លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចុះសម្រែកចៀម និងសម្លេងថ្ងូររបស់គោស្អីបានឮឡើងមកដល់ត្រចៀករបស់ខ្ញុំដូច្នេះ?»
15ព្រះបាទសូលបានតបថា៖ «គឺសម្លេងសត្វដែលពួកទាហានបានយកមកពីពួកអាម៉ាឡេក។ ដោយពួកគេបានទុកនូវ ចៀម និងគោដែលល្អបំផុត ដើម្បីធ្វើយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោក។ អ្វីៗក្រៅពីនេះ ពួកយើងបានបំផ្លាញចោលទាំងស្រុងហើយ»។
16រួចលោកសាំយូអែលបាននិយាយទៅព្រះបាទសូលថា៖ «ឈប់សិន ខ្ញុំនឹងទូលព្រះអង្គនូវអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលបានតបវិញថា៖ «ចូរនិយាយមកចុះ!»។
17លោកសាំយូអែលមានប្រសាសន៍ថា៖ «ទោះបីព្រះអង្គមើលខ្លួនឯងថា តូចតាចក្តី តើមិនមែនព្រះអង្គត្រូវបានតាំងឲ្យដឹកនាំកុលសម្ព័ន្ធអីុស្រាអែលទេឬអី? ព្រះអម្ចាស់បានតាំងឲ្យព្រះអង្គធ្វើជាស្តេចលើអីុស្រាអែល
18ហើយព្រះអម្ចាស់បានចាត់ឲ្យព្រះអង្គចេញទៅថា ចូរទៅ ហើយប្រហារពួកមនុស្សបាបទាំងស្រុង គឺពួកអាម៉ាឡេក ត្រូវវាយពួកគេរហូតឲ្យរាបដល់ដី។
19ចុះហេតុដូចម្តេចបានជាព្រះករុណាមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ តែបែរជាប្រមូលយកជយភណ្ឌ ហើយធ្វើរឿងអាក្រក់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះទៅវិញ?»
20ព្រះបាទសូលបានឆ្លើយតបលោកសាំយូអែលវិញថា៖ «ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយតើ ព្រមទាំងបានគោរពតាមរបៀបដែលព្រះអម្ចាស់ចាត់ខ្ញុំឲ្យចេញទៅដែរ។ ខ្ញុំបានចាប់ព្រះបាទអកាក់ស្តេចរបស់ពួកអាម៉ាឡេក រួចបានសម្លាប់ផ្តាច់ទាំងស្រុងពួកអាម៉ាឡេក។
21គឺទាហាន ដែលបានយកជយភណ្ឌ មានចៀម និងគោ ជារបស់ល្អបំផុតដែលបានញែកទុក ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោកនៅគីលកាល់»។
22លោកសាំយូអែលបានទូលវិញថា៖ «តើព្រះអម្ចាស់គាប់ព្រះទ័យនឹងតង្វាយដុត ព្រមទាំងយញ្ញបូជាជាជាងការស្តាប់បង្គាប់ព្រះអម្ចាស់ឬ? ការគោរពប្រតិបត្តិតាម នោះប្រសើរជាងយញ្ញបូជា ហើយឯស្តាប់បង្គាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។
23ព្រោះការបះបោរ គឺស្មើនឹងអំពើបាបនៃការរកគ្រូទស្សទាយដែរ ឯការធ្វើចិត្តរឹងរូស គឺអាក្រក់ ហើយទុច្ចរិតទៀតផង។ ដោយព្រោះព្រះករុណាបានផាត់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចោល នោះព្រះអង្គក៏បដិសេធព្រះករុណពីការធ្វើស្តេចដែរ»។
24ព្រះបាទសូលបានមានរាជឱង្ការមកលោកសាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តបាបហើយ ព្រោះបានបំពានព្រះបញ្ជារបស់ព្រះអម្ចាស់ និងសំដីរបស់លោក ដោយខ្ញុំខ្លាចពួកទាហាន ហើយបានធ្វើតាមពួូកគេ។
25ឥឡូវនេះ សូមអត់ទោសឲ្យខ្ញុំផង ហើយមកជាមួយខ្ញុំវិញ ដូច្នេះ ខ្ញុំអាចថ្វាយបង្គំព្រះអម្ចាស់បាន»។
26លោកសាំយូអែលបានទូលព្រះបាទសូលថា៖ «ទូលបង្គំនឹងមិនទៅជាមួយព្រះករុណាវិញទេ ព្រោះព្រះករុណាបានបោះបង់ព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ហើយព្រះអម្ចាស់ក៏បានបោះបង់ព្រះករុណាពីការធ្វើជាស្តេចលើជនជាតិអីុស្រាអែលវិញដែរ»។
27កាលលោកសាំយូអែលបានដើរចាកចេញនោះ ព្រះបាទសូលបានចាប់ជាយរ៉ូបរបស់លោកជាប់ ហើយវាបានរហែកផង។
28លោកសាំយូអែលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហែកអាណាចក្រអីុស្រាអែលពីព្រះករុណានៅថ្ងៃនេះហើយ រួចបានប្រគល់ដល់ម្នាក់ផ្សេងទៀត ដែលប្រសើរជាងព្រះករុណា។
29ហើយព្រះអម្ចាស់ដែលជាកម្លាំងរបស់អីុស្រាអែល មិនដែលកុហក មិនប្តូរព្រះទ័យដែរ ព្រះអង្គមិនមែនមនុស្ស ដែលដូរព្រះទ័យចុះឡើងទេ។
30ក្រោយមក ព្រះបាទសូលមានរាជឱង្ការថា៖ «ខ្ញុំពិតជាបានប្រព្រឹត្តបាបមែន។ ប៉ុន្តែ សូមទុកមុខឲ្យខ្ញុំនៅចំពោះមុខចាស់ទុំ និងចំពោះប្រជាជនអីុស្រាអែលផង។ សូមមកជាមួយខ្ញុំសិន ដើម្បីឲ្យខ្ញុំថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់លោកផង»។
31ដូច្នេះ លោកសាំយូអែលក៏មកជាមួយព្រះបាទសូល ហើយស្តេចបានថ្វាយបង្គំព្រះអម្ចាស់ពេលនោះ។
32បន្ទាប់មក លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចូរនាំព្រះបាទអកាក់ ជាស្តេចនៃជនជាតិអាម៉ាឡេកឲ្យខ្ញុំទីនេះ»។ គេបាននាំស្តេចអកាក់មកដល់ទាំងជាប់ច្រវ៉ាក់ រួចព្រះបាទអកាក់បានមានរាជឱង្ការថា៖ «ពិតណាស់ ការឈឺចាប់នោះបានកន្លងផុតទៅហើយ»។
33លោកសាំយូអែលបានតបវិញថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រីៗព្រាត់កូនយ៉ាងណា ម្តាយរបស់ឯងក៏នឹងព្រាត់កូនយ៉ាងនោះដែរ»។ នោះលោកសាំយូអែលបានកាប់ព្រះបាទអកាក់ជាកង់ៗនៅចំពេាះព្រះអម្ចាស់នៅឯគីលកាល់នោះទៅ។
34លោកសាំយូអែលបានធ្វើដំណើរទៅរ៉ាម៉ា ឯព្រះបាទសូលបានយាងទៅដំណាក់របស់ស្តេចនៅគីបៀរវិញ។
35លោកសាំយូអែលលែងជួបព្រះបាទសូលរហូតដល់ថ្ងៃដែលលោកលាចាកលោក ដោយលោកបានកាន់ទុកសម្រាប់ព្រះបាទសូល។ ព្រះអម្ចាស់បានសោកស្តាយដោយបានតាំងឲ្យព្រះបាទសូលឲ្យធ្វើជាស្តេចលើអីុស្រាអែល។