ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ សាំយូអែល 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទសូលបានឡើងគ្រងរាជ្យកាលពីព្រះជន្មសាមសិបព្រះវស្សា ហើយព្រះអង្គគ្រងរាជ្យសម្បត្តិលើអុីស្រាអែលរយៈពេលសែសិបឆ្នាំ
2ព្រះអង្គបានជ្រើសរើសបុរសអុីស្រាអែលបីពាន់អ្នកធ្វើជាកងទ័ព។ មានទ័ពពីរពាន់នាក់នៅជាមួយព្រះអង្គនៅឯមីកម៉ាស់ និងតំបន់ទីទួលបែតអែល ខណៈនោះក៏មានទ័ពមួយពាន់នាក់នៅជាមួយសម្តេចយ៉ូណាថាន នៅឯគីបៀរ ទឹកដីបេនយ៉ាមីនដែរ។ ទ័ពដែលនៅសេសសល់ ស្តេចឲ្យទៅផ្ទះនិងត្រសាលរៀងៗខ្លួនវិញ។
3សម្តេចយ៉ូណាថានបានវាយយកលានដ្ឋានទ័ពរបស់ពួកភីលីស្ទីននៅឯគីបៀរ ហើយពួកភីលីស្ទីនក៏បានដឹងដំណឹងនេះដែរ។ បន្ទាប់មកព្រះបាទសូលបានផ្លុំត្រែឡើងលើទឹកដីទាំងមូល ដោយមានបន្ទូលថា៖ «ចូរឲ្យជនជាតិហេព្រេីរឮឡើង»។
4កាលជនជាតិអុីស្រាអែលទាំងអស់បានឮថាព្រះបាទសូលបានវាយឈ្នះលានដ្ឋានទ័ពរបស់ពួកភីលីស្ទីន ហើយអុីស្រាអែលបានក្លាយទៅជាក្លិនមិនស្រួលដល់ពួកភីលីស្ទីន ដូច្នេះ នោះទាហានបានប្រមូលគ្នាមកចូលរួមទាំងអស់គ្នាជាមួយព្រះបាទសូលនៅឯគីលកាល់។
5ពួកភីលីស្ទីនបានមកជួបជុំគ្នាដើម្បីវាយប្រឆាំងនឹងអុីស្រាអែលដោយមាន រទេះចម្បាំងបីពាន់គ្រឿង អ្នកបររទេះចម្បាំងប្រាំមួយពាន់នាក់ និងទាហានថ្មើជើងជាច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានឡើងមកបោះជំរំនៅឯមីកម៉ាស់ ខាងកើតបេតអាវេន។
6ពេលទាហានអុីស្រាអែលបានឃើញថា ខ្លួនកំពុងវឹកវរហើយ ប្រជាជនមានការភ័យខ្លាច អ្នកខ្លះបានពួនក្នុងរូងភ្នំ តាមគុម្ពោត តាមក្រហែងថ្ម តាមអណ្តូង និងតាមអន្លុង។
7មានជនជាតិហេព្រេីរខ្លះបានរត់ឆ្លងទៅម្ខាងទៀតនៃទន្លេយ័រដាន់ ទៅឯស្រុកកាដ និងស្រុកកាឡាដ។ ប៉ុន្តែ ព្រះបាទសូលនៅតែគង់នៅឯគីលកាល់ ហើយទាហានទាំងអស់បានទៅតាមព្រះអង្គទាំងភ័យញាប់ញ័រ។
8ព្រះអង្គបានរង់ចាំដល់ទៅប្រាំពីរថ្ងៃ ជាពេលដែលលោកសាំយូអែលបានរៀបចំទុក។ ប៉ុន្តែ លោកសាំយូអែលពុំបានមកគីលកាល់ទេ ហើយទាហានខ្លះបានរត់ចោលព្រះបាទសូល។
9ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរយកតង្វាយដុត និងតង្វាយមេត្រីភាពមកឲ្យយើង»។ បន្ទាប់មក ស្តេចបានថ្វាយតង្វាយដុត។
10ក្រោយព្រះអង្គថ្វាយតង្វាយដុតចប់សព្វគ្រប់យើង លោកសាំយូអែលបានមកដល់។ ព្រះបាទសូលបានចេញមកទទួលលោក ហើយជម្រាបសួរលោកផង។
11លោកសាំយូអែលបានមានប្រសាសន៍ថា៖ «តើព្រះអង្គបានធ្វើអ្វី?» ព្រះបាទសូលបានតបវិញថា៖ «កាលខ្ញុំបានឃើញពួកទាហានកំពុងរត់ចោលខ្ញុំ ហើយលោកពុំបានមកដល់ទាន់ពេលដែលបានកំណត់ទៀត ឯពួកទ័ពភីលីស្ទីនបានមកផ្តុំគ្នានៅឯមីកម៉ាស់
12ខ្ញុំក៏បាននិយាយថា ឥឡូវនេះ ពួកភីលីស្ទីននឹងចុះមកតទល់នឹងយើងនៅគីលកាល់នេះ ហើយខ្ញុំពុំអាចស្វែងរកព្រះហប្ញទ័យរបស់ព្រះអម្ចាស់ទៀត។ ដូច្នេះ ខ្ញុំក៏បង្ខំខ្លួនឯងថ្វាយតង្វាយដុតតែម្តងទៅ»។
13លោកសាំយូអែលបានតបនឹងព្រះបាទសូលវិញថា៖ «ព្រះអង្គបានប្រព្រឹត្តយ៉ាងទទឹងទិស ព្រះអង្គពុំបានស្តាប់តាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាដែលបានប្រទានដល់ព្រះករុណាទេ។ បើមិនដូច្នោះទេ ព្រះអម្ចាស់នឹងតាំងរាជ្យរបស់ព្រះករុណាឲ្យដឹកនាំលើអុីស្រាអែលរហូតតទៅមិនខាន។
14ប៉ុន្តែ ពេលនេះ រាជ្យរបស់ព្រះអង្គនឹងមិនបន្តទៅមុខទៀតទេ។ ព្រះអម្ចាស់បានរកបុរសម្នាក់ផ្សេងទៀតចេញពីព្រះទ័យរបស់ព្រះអង្គផ្ទាល់ ហើយព្រះអម្ចាស់ក៏បានតាំងបុរសនោះជាអ្នកដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គជំនួសវិញ ពីព្រោះព្រះករុណាពុំបានស្តាប់បង្គាប់អ្វីដែលព្រះអង្គបានបញ្ជាដល់ព្រះករុណាទេ»។
15បន្ទាប់មក លោកសាំយូអែលបានក្រោកឡើង ហើយចាកចេញពីគីលកាល់ឆ្ពោះទៅគីបៀរនៃទឹកដីបេនយ៉ាមីន។ ព្រះបាទសូលបានជំរឿនទាហានដែលមានវត្តមានជាមួយព្រះអង្គ ឃើញមានប្រាំមួយរយនាក់។
16ព្រះបាទសូល សម្តេចយ៉ូណាថានជាបុត្រារបស់ព្រះអង្គ និងទាហានដែលនៅសេសសល់ទាំងនោះ នៅចាំឯភូមិកេបានៃទឹកដីបេនយ៉ាមីន។ ប៉ុន្តែ ពួកភីលីស្ទីននៅតែបោះទ័ពនៅមីកម៉ាស់ដដែរ។
17មានអ្នកប្រយុទ្ធបីក្រុមចេញពីជំរំរបស់ពួកភីលីស្ទីន។ ក្រុមមួយតម្រង់ទៅឯក្រុងអូប្រា គឺទៅស្រុកស៊ូអាល។
18ក្រុមមួយទៀតតម្រង់ទៅក្រុងបេតហូរ៉ូន ហើយក្រុមមួយផ្សេងទៀតតម្រង់ទៅព្រំប្រទល់ម្ខាងនៃជ្រលងសេបោម ឯទីរហោស្ថាន។
19គេរកពុំឃើញមានជាងដែកណាម្នាក់នៅក្នុងស្រុកអុីស្រាអែលទាំងមូលនោះទេ ពីព្រោះពួកភីលីស្ទីននិយាយថា៖ «បើទុកឲ្យមានជាងដែក នោះ ជនជាតិហេព្រេីរនឹងធ្វើដាវ ឬលំពែងសម្រាប់ខ្លួនគេជាមិនខាន»។
20ប៉ុន្តែ ជនជាតិអុីស្រាអែលទាំងអស់ បានទៅស្រុកភីលីស្ទីនដើម្បីច្រុងផាលនង្គ័ល ផ្លែចប ផ្លែពូថៅ និងកណ្តៀវរបស់ពួកគេរៀងៗខ្លួន។
21កាលណោះតម្លៃពីរស្លឹងសម្រាប់ច្រុងផាលនង្គ័ល និងចប ឯតម្លៃមួយស្លឹងគឺ សំលៀងផ្លែពូថៅ និងតម្រង់រនាស់។
22ដូច្នេះ នៅថ្ងៃប្រឈមនឹងសមរភូមិ ពួកទាហានដែលនៅជាមូួយនឹងព្រះបាទសូល និងសម្តេចយ៉ូណាថានគ្មានដាវ ឬលំពែងនៅនឹងដៃ មានតែព្រះបាទសូល និងបុត្រារបស់ស្តេច គឺសម្តេចយ៉ូណាថានប៉ុណ្ណោះដែលមាន។
23ទ័ពរបស់ពួកភីលីស្ទីនខ្លះបានបញ្ជូនទៅច្រកមីកម៉ាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។