1លោកសាំយូអែលបានថ្លែងទៅកាន់អុីស្រាអែលទាំងមូលថា៖ «ខ្ញុំបានស្តាប់តាមអ្នករាល់គ្នាគ្រប់យ៉ាង ហើយខ្ញុំក៏បានរើសស្តេចមួយអង្គសម្រាប់អ្នករាល់គ្នាផងដែរ។
2ពេលនេះ មានស្តេចមួយអង្គ នៅចំពោះអ្នករាល់គ្នាហើយ ខ្ញុំចាស់ហើយសក់ស្កូវថែមទៀត កូនប្រុសៗរបស់ខ្ញុំក៏នៅជាមូួយអ្នករាល់គ្នាដែរ។ ខ្ញុំបាននៅជាមួយអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃនេះ។
3ខ្ញុំនៅទីនេះហើយ ចូររៀបរាប់ដល់ព្រះអម្ចាស់ប្រឆាំងនឹងខ្ញុំ និងស្តេចដែលព្រះអង្គបានតាំងឡើងនេះចុះ បើខ្ញុំបានយកគោរបស់អ្នកណា ឬបានយកលារបស់អ្នកណា ឬក៏បានកេងបន្លំរបស់អ្នកណា ហើយបានធ្វើឲ្យអ្នកណាមិនសប្បាយចិត្ត? ឬមួយខ្ញុំបានបិទភ្នែកទទួលសំណូកពីអ្នកណានោះ? ចូរធ្វើបន្ទាល់ប្រឆាំងនឹងខ្ញុំចុះ ហើយខ្ញុំនឹងទូទាត់សងអ្នករាល់គ្នាវិញ។
4ពួកគេនិយាយឡើងថា៖ «លោកពុំបានបោកបញ្ឆោតយើងខ្ញុំទេ មិនដែលនាំទុក្ខ ឬក៏មិនដែលលួចអ្វីពីអ្នកណាដែរ»។
5លោកបានតបវិញថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ និងស្តេចដែលព្រះអង្គបានតាំងជាសាក្សីស្រាប់ គឺថាអ្នករាល់គ្នាគ្មានអ្វីទាស់នឹងខ្ញុំឡើយ»។ ពួកគេបានឆ្លើយវិញថា៖ «មែនហើយ ព្រះអម្ចាស់ជាសាក្សី»។
6លោកសាំយូអែលមានប្រសាសន៍ទៅប្រជាជនថា៖ «គឺព្រះអម្ចាស់ហើយ ជាអ្នកដែលរើសតាំងលោកម៉ូសេ និងលោកអើរ៉ុនឲ្យដឹកនាំដូនតារបស់អ្នករាល់គ្នាចេញពីអេសុីបមក។
7ពេលនេះ ចូរបង្ហាញខ្លួនមកចុះ ដើម្បីឲ្យខ្ញុំអាចរៀបរាប់នឹងអ្នករាល់គ្នានៅចំពោះព្រះអម្ចាស់អំពីការប្រព្រឹត្តដ៏សុចរិតទាំងអស់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងដូនតាអ្នករាល់គ្នា។
8កាលលោកយ៉ាកុបបានមកដល់អេសុីប ហើយបុព្វបុរសរបស់អ្នករាល់គ្នាស្រែកអង្វររកព្រះអម្ចាស់ នោះព្រះអម្ចាស់បានចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យដឹកនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីអេសុីបមក ហើយពួកគាត់បានតាំងលំនៅនៅទីនេះ។
9ប៉ុន្តែ ពួកលោកបានបំភ្លេចព្រះអម្ចាស់ជាព្រះរបស់ពួកលោក ព្រះអង្គក៏ប្រគល់ពួកលោកទៅឲ្យសុីសេរ៉ា ជាមេបញ្ជាការកងទ័ពរបស់ក្រុងហាសោរ ទៅក្នុងដៃរបស់ពួកភីលីស្ទីន និងទៅក្នុងដៃរបស់ស្តេចម៉ូអាប់ ពួកគេទាំងនេះហើយដែលបានវាយប្រហារបុព្វបុរសរបស់អ្នករាល់គ្នា។
10ពួកគេបានស្រែករកព្រះអម្ចាស់ថា យើងខ្ញុំបានប្រព្រឹត្តអំពើបាប ពីព្រោះយើងខ្ញុំបានបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។ ប៉ុន្តែ ពេលនេះ សូមព្រះអង្គសង្គ្រោះយើងខ្ញុំពីដៃរបស់សត្រូវនៃយើងខ្ញុំផង នោះយើងខ្ញុំនឹងត្រឡប់មកបម្រើព្រះអង្គវិញ។
11ដូច្នេះ ព្រះអម្ចាស់បានចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងលោកសាំយូអែល ហើយបានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នាលើពួកសត្រូវទាំងអស់ដែលនៅជុំវិញអ្នករាល់គ្នា ហើយអ្នករាល់គ្នារស់នៅដោយសុវត្ថិភាព។
12ពេលអ្នករាល់គ្នាបានឃើញស្តេចណាហាសរបស់ពួកអាម៉ូនមកប្រហារអ្នករាល់គ្នា អ្នករាល់គ្នាបែរជានិយាយមកខ្ញុំថា ទេ! តែផ្ទុយទៅវិញ សូមឲ្យស្តេចមួយអង្គសោយរាជ្យលើពួកយើចុះ ខណៈដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាគឺជាស្តេចរបស់អ្នករាល់គ្នាទៅហើយនោះ។
13ឥឡូវនេះ មានស្តេចដែលអ្នករាល់គ្នាបានជ្រើសរើសហើយ ជាស្តេចដែលអ្នករាល់គ្នាបានសុំ ហើយដែលព្រះអម្ចាស់បានចង្អុលប្រាប់ពីស្តេចនោះ។
14បើអ្នករាល់គ្នាកោតខ្លាចព្រះអម្ចាស់ ចូរបម្រើព្រះអង្គ ស្តាប់តាមព្រះសូរសៀងព្រះអង្គ ហើយមិនត្រូវបះបោប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ទេ ទាំងអ្នករាល់គ្នាទាំងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នាត្រូវដើរតាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាចុះ។
15បើអ្នករាល់គ្នាមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ តែបែរជាបះបោប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ នោះព្រះហស្តរបស់ព្រះអម្ចាស់នឹងប្រឆាំងនឹងអ្នករាល់គ្នា ដូចដែលប្រឆាំងនឹងបុព្វបុរសរបស់អ្នករាល់គ្នាដែរ។
16ទោះបីមកដល់ពេលនេះ ចូរបង្ហាញខ្លួនអ្នក ហើយចាំមើលកិច្ចការដ៏សម្បើមដែលព្រះអម្ចាស់នឹងធ្វើនៅចំពោះភ្នែករបស់អ្នករាល់គ្នាចុះ។
17តើមិនមែនពេលនេះជារដូវចម្រូតទេឬអី? មើល ខ្ញុំនឹងស្រែករកព្រះអម្ចាស់ នោះព្រះអង្គនឹងធ្វើឲ្យមានផ្គរ និងភ្លៀងមក។ នោះ អ្នករាល់គ្នានឹងដឹង ហើយឃើញពីភាពអាក្រក់របស់អ្នករាល់គ្នាធំប៉ុណ្ណា ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ដោយទូលសុំស្តេចមួយអង្គសម្រាប់ខ្លួនអ្នករាល់គ្នា។
18ដូច្នេះ លោកសាំយូអែលបានស្រែករកព្រះអម្ចាស់ នៅថ្ងៃដដែលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានផ្គរ និងភ្លៀងមក ហើយប្រជាជនទាំងអស់មានសេចក្តីស្ញែងខ្លាចដល់ព្រះអម្ចាស់ និងលោកសាំយូអែលជាខ្លាំង។
19ប្រជាជនទាំងអស់បាននិយាយទៅលោកសាំយូអែលថា៖ «សូមទូលអង្វរទៅព្រះអម្ចាស់ជាព្រះរបស់លោកសម្រាប់អ្នកបម្រើលោកផង នោះយើងខ្ញុំនឹងមិនត្រូវស្លាប់ឡើយ។ ដោយព្រោះ ពួកយើងបានបន្ថែមអំពើបាបដ៏អាក្រក់របស់យើងខ្ញុំ ដោយសុំស្តេចមួយអង្គសម្រាប់យើងខ្ញុំដូច្នេះ»។
20លោកសាំយូអែលឆ្លើយថា៖ «កុំភ័យខ្លាចអី អ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់មែន ប៉ុន្តែ មិនត្រូវបែរចិត្តចេញពីព្រះអម្ចាស់ឡើយ តែត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្តរបស់អ្នករាល់គ្នាចុះ។
21កុំងាកទៅរកអ្វីដែលគ្មានប្រយោជន៍ ឬមិនអាចសង្គ្រោះអ្នករាល់គ្នា ពីព្រោះរបស់ទាំងអស់នោះឥតប្រយោជន៍ទេ។
22ដោយយល់ដល់ព្រះនាមដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់នឹងមិនបដិសេធប្រជាជនរបស់ព្រះអង្គឡើយ ពីព្រោះកាលដែលរើសអ្នករាល់គ្នាឲ្យទៅជាប្រជារាស្ត្ររបស់ព្រះអង្គ នោះគាប់ព្រះទ័យរបស់ព្រះអង្គ។
23ចំពោះខ្ញុំ ចូរកុំឲ្យខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ដោយលែងទូលអង្វរសម្រាប់អ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នានូវអ្វីដែលល្អ ហើយសុចរិត។
24ដោយគ្រាន់តែកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គក្នុងសេចក្តីពិតឲ្យអស់ពីចិត្តរបស់អ្នករាល់គ្នាចុះ។ ចូរនឹកចាំអំពីការអស្ចារ្យដែលបានធ្វើឡើងសម្រាប់អ្នករាល់គ្នា។
25ប៉ុន្តែ បើអ្នកនៅតែប្រព្រឹត្តអាក្រក់ ទាំងអ្នករាល់គ្នាទាំងស្តេចរបស់អ្នករាល់គ្នានឹងត្រូវវិនាសមិនខាន»។