1ព្រះបាទណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូនបានដឹកនាំទ័ពព័ទ្ធក្រុងយ៉ាបេស ស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់បាននិយាយទៅព្រះបាទណាហាសថា៖ «សូមចងសម្ព័ន្ធមេត្រីជាមួយពួកយើងខ្ញុំ យើងខ្ញុំនឹងគោរពបម្រើស្តេច»។
2ព្រះបាទណាហាស ជាស្តេចរបស់អាម៉ូនបានតបវិញថា៖ «យើងនឹងដាក់លក្ខ័ណប្រព្រឹត្តចំពោះអ្នករាល់គ្នា គឺត្រូវឲ្យយើងខ្វេះភ្នែកស្តាំទាំងអស់របស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យអុីស្រាអែលទាំងអស់ត្រូវអាម៉ាស»។
3ក្រោយមក ពួកចាស់ទុំនៃក្រុងយ៉ាបេសបានទូលទៅស្តេចវិញថា៖ «សូមទុកពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃ ដើម្បីឲ្យយើងខ្ញុំអាចបញ្ជូនអ្នកនាំសារទៅគ្រប់តំបន់របស់អុីស្រាអែលសិន។ បើគ្មាននរណាជួយពួកយើងខ្ញុំទេ នោះយើងខ្ញុំនឹងប្រគល់ខ្លួនជូន»។
4អ្នកនាំសារបានមកដល់គីបៀរ ជាកន្លែងដែលលោកសូលរស់នៅ ហើយបានប្រាប់ប្រជាជននៅទីនោះនូវអ្វីដែលបានកើតឡើង។ ប្រជាជនទាំងអស់បានស្រែកយំជាខ្លាំង។
5ឯលោកសូលបានដឹកគោទៅឯវាល។ លោកសូលបានមានប្រសាសន៍ថា៖ «តើមានរឿងអ្វីកើតឡើងបានជាប្រជាជនស្រែកយំខ្លាំងដូច្នេះ?» គេបានប្រាប់លោកសូលនូវអ្វីដែលអ្នកក្រុងយ៉ាបេសបានប្រាប់។
6ពេលលោកសូលបានឮដូច្នេះ ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានយាងមកសណ្ឋិតពីលើលោក ហើយលោកខឹងយ៉ាងខ្លាំង។
7លោកបានយកគោមួយនឹមមកកាត់ជាចំណែកតូចៗ ហើយផ្ញើទៅគ្រប់តំបន់នៃស្រុកអុីស្រាអែលទាំងមូលជាមួយនឹងអ្នកនាំសារ។ លោកបានមានប្រសាន៍ថា៖ «អ្នកណាដែលមិនចេញមកជាមួយខ្ញុំ សូល និងលោកសាំយូអែលទេ អ្នកនោះនឹងដូចជាចំណែកតូចៗរបស់សាច់គោនេះដូច្នេះដែរ»។ នោះភាពភ័យខ្លាចព្រះអម្ចាស់បានកើតមានលើប្រជាជន ពួកគេបានចេញមករួមគ្នាដូចមនុស្សតែម្នាក់។
8កាលលោកបានកែនពួកគេនៅបេសេកហើយ ឃើញថាមានទ័ពអុីស្រាអែលដល់ទៅ សាមសិបម៉ឺននាក់ ហើយជនជាតិយូដាមាន បីម៉ឺននាក់។
9ពួកគេបាននិយាយទៅអ្នកនាំសារដែលមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៃស្រុកកាឡាដដូចតទៅ ថ្ងៃស្អែកពេលថ្ងៃពេញកំដៅ អ្នករាល់គ្នានឹងបានរួចជាមិនខាន»។ ដូច្នេះ អ្នកនាំសារបានចេញទៅហើយប្រាប់អ្នកក្រុងយ៉ាបេស រួចពួកគេរីករាយជាខ្លាំង។
10ក្រោយមក អ្នកក្រុងយ៉ាបេសបានទូលទៅព្រះបាទណាហាសថា៖ «ថ្ងៃស្អែក ពួកយើងខ្ញុំនឹងប្រគល់ខ្លួនជូនស្តេច ហើយព្រះអង្គអាចធ្វើអ្វីតាមតែព្រះអង្គយល់ឃើញថាល្អចុះ»។
11ថ្ងៃបន្ទាប់ លោកសូលបានរៀបប្រជាជនជាបីក្រុម។ ពួកគេបានមកកណ្តាលជំរំទ័ពពេលព្រឹកដើម្បីឃ្លាំមើល ហើយក៏បានចេញទៅវាយប្រហារ និងបានជ័យជម្នះលើពួកអាម៉ូនរហូតដល់ថ្ងៃពេញកម្តៅ។ អ្នកដែលបានរួចជីវិត បានរត់គេចខ្លួន ហើយគ្មានអ្នករត់ទាំងគូដែលនៅរស់ទេ។
12ក្រោយមក ប្រជាជនបានជម្រាបលោកសាំយូអែលថា៖ «បើនរណាបាននិយាយថា តើឲ្យលោកសូលសោយរាជ្យលើពួកយើងឬ? ចូរនាំពួកនោះចេញមក យើងនឹងប្រហារជីវិតពួកគេ»។
13ប៉ុន្តែ ព្រះបាទសូលបានមានរាជឱង្ការថា៖ មិនត្រូវប្រហារជីវិតនរណាក្នុងថ្ងៃនេះឡើយ ពីព្រោះថ្ងៃនេះ ព្រះអម្ចាស់បានសង្គ្រោះអ៊ុីស្រាអែល»។
14លោកសាំយូអែលបានថ្លែងទៅប្រជាជនថា៖ «តោះ យើងនាំគ្នាទៅគីលកាល់ ហើយអភិសេកស្តេចជាថ្មីនៅទីនោះ»។
15ដូច្នេះប្រជាជនទាំងអស់បានធ្វើដំណើរទៅគីលកាល់ ហើយលើកលោកសូល ជាស្តេចនៅចំពោះព្រះអម្ចាស់នៅគីលកាល់នោះ។ នៅទីនោះ ពួកគេបានថ្វាយយញ្ញបូជាមេត្រីភាពនៅចំពោះព្រះអម្ចាស់ ទាំងព្រះបាទសូល ទាំងប្រជាជនបានពេញដោយអំណរជាខ្លាំង។