1នៅពេលដែលព្រះនាងសេបា បានឮពីភាពល្បីល្បាញរបស់ព្រះបាទសាឡូម៉ូនទាក់ទងនឹងព្រះនាមរបស់ព្រះអម្ចាស់ ព្រះនាងបានមកសាកល្បងជាមួយនឹងសំណួរដ៏ពិបាកៗ។
2ព្រះនាងមកក្រុងយេរូសាឡឹមជាមួយក្បួនដង្ហែយ៉ាងវែង ជាមួយអូដ្ឋដែលមានដឹកគ្រឿងក្រអូប មានមាសជាច្រើន និងថ្មមានតម្លៃជាច្រើនដែរ។ នៅពេលដែលព្រះនាងមកដល់ ព្រះនាងបានទូលព្រះបាទសាឡូម៉ូននូវអ្វីដែលមាននៅក្នុងចិត្តព្រះនាង។
3ព្រះបាទសាឡូម៉ូនបានឆ្លើយគ្រប់សំណួរដែលព្រះនាងបានសួរ។ គ្មានសំណួរអ្វីមួយដែលព្រះនាងសួរហើយព្រះបាទសាឡូម៉ូនឆ្លើយមិនបាននោះទេ។
4នៅពេលដែលព្រះនាងសេបាបានឃើញពីប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្តេចបានសង់
5អាហារនៅលើតុរបស់ស្តេច ការអង្គុយរបស់អ្នកបម្រើស្តេច ការងាររបស់អ្នកបម្រើស្តេច និងសំលៀកបំពាក់របស់ពួកគេ និងពួកមហាតលិក និងរបៀបក្នុងការថ្វាយតង្វាយដុតនៅក្នុងដំណាក់របស់ព្រះអម្ចាស់ នោះព្រះនាងក៏ភ្លេចដកដង្ហើម។
6ព្រះនាងទូលទៅស្តេចថា៖ «អ្វីដែលខ្ញុំម្ចាស់បានឮពីពាក្យសំដី និងពីប្រាជ្ញារបស់ព្រះអង្គនៅក្នុងទឹកដីរបស់ខ្ញុំម្ចាស់ជាការពិតមែន។
7ខ្ញុំម្ចាស់មិនជឿលើអ្វីដែលខ្ញុំម្ចាស់បានឮទេ រហូតដល់ខ្ញុំម្ចាស់បានមកដល់ទីនេះ ហើយឥឡូវនេះ ភ្នែករបស់ខ្ញុំម្ចាស់បានឃើញហើយ។ អ្វីដែលគេបាននិយាយពីប្រាជ្ញា និងទ្រព្យសម្បត្តិរបស់ព្រះអង្គមិនដល់ពាក់កណ្តាលផង! ព្រះអង្គពិតជាល្បីដូចដែលខ្ញុំម្ចាស់បានឮពីព្រះអង្គមែន។
8មហេសីទាំងអស់របស់ទ្រង់ពិតជាមានពរមែន អ្នកបម្រើរបស់ព្រះអង្គពិតជាមានពរដែលអាចនៅតែឈចំពោះព្រះអង្គ ព្រោះគេបានឮពីប្រាជ្ញារបស់ព្រះអង្គ។
9សូមសរសើរតម្កើងព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដែលបានដាក់អំណរនៅក្នុងព្រះអង្គ ដែលបានដាក់ព្រះអង្គនៅលើបល្ល័ង្កស្រុកអ៊ីស្រាអែល។ ដោយសារព្រះអម្ចាស់ស្រឡាញ់អ៊ីស្រាអែលរហូតទៅ ព្រះអង្គបានឲ្យទ្រង់ក្លាយជាស្តេច ដើម្បីឲ្យទ្រង់បានគ្រងរាជ្យដោយយុត្តិធម៌ និងដោយសេចក្តីសុចរិត។
10ព្រះនាងបានថ្វាយមាស ១២០ហាប រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ មិនដែលមានអ្នកណាបានថ្វាយគ្រឿងក្រអូបដ៏ច្រើនដូចដែលព្រះនាងសេបាបានថ្វាយទៅព្រះបាទសាឡូម៉ូននោះឡើយ។
11ទាហានជើងទឹករបស់ព្រះបាទហ៊ីរ៉ាម ដែលបាននាំមាសពីស្រុកអូភារ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកដែរ។
12ស្តេចបានយកឈើខ្លឹមចន្ទន៍មកធ្វើជាសសររបស់ព្រះវិហាររបស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច និងធ្វើជាពិណ និងឃឹមសម្រាប់អ្នកចម្រៀងដែរ។ មិនដែលមានឈើខ្លឹមចន្ទន៍ណាល្អដូចឈើនេះ ដែលបានឃើញ ឬបាននាំមកស្រុកអ៊ីស្រាអែលទៀតឡើយ។
13ព្រះបាទសាឡូម៉ូនបានប្រទានអ្វីៗគ្រប់យ៉ាងដល់ព្រះនាងសេបា គឺគ្រប់អ្វីដែលព្រះនាងចង់បាន អ្វីក៏ដោយឲ្យតែព្រះនាងសុំពីលើអ្វីដែលព្រះបាទសាឡូម៉ូនបានប្រទានដល់ព្រះនាងនៅក្នុងវាំង។ ដូច្នេះ ព្រះនាងក៏បានត្រឡប់ទៅទឹកដីរបស់ព្រះនាងជាមួយអ្នកបម្រើរបស់ព្រះនាងវិញ។
14ឥឡូវនេះ មាសដែលគេបានថ្វាយដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ គឺ៦៦៦ហាប
15ក្រៅពីមាសដែលអ្នកជំនួញ និងឈ្មួញបានថ្វាយស្តេច។ ស្ដេចទាំងអស់នៃស្រុកអារ៉ាប់ និងពួកអ្នកដឹកនាំនៅក្នុងប្រទេសក៏បានយកមាស និងប្រាក់មកថ្វាយព្រះបាទសាឡូម៉ូនដែរ។
16ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ។ ខែលនីមួយៗមានទម្ងន់ប្រាំមួយរយតម្លឹង។
17ស្តេចក៏ធ្វើខែលតូចៗបីរយពីមាសដែរ។ ខែលនិមួយៗមានទម្ងន់ប្រាំមួយនាលិ ស្តេចបានដាក់របស់ទាំងនោះនៅក្នងវាំងស្រុកលីបង់។
18បន្ទាប់មក ស្តេចបានធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក និងស្រោបដោយមាសសុទ្ធ។
19មានជណ្តើរប្រាំមួយកាំឡើងទៅលើបល្ល័ង្ក ហើយនៅខាងក្រោយបល្ល័ង្កនោះមានរាងមូល។ មានកំណល់ដៃនៅសងខាង ហើយមានតោពីរនៅខាងមុខកំណល់ដៃនោះ។
20មានតោដប់ពីរនៅលើជណ្តើរ មានម្ខាងប្រាំមួយ។ គ្មានបល្ល័ង្កណាមួយក្នុងនគរផ្សេងដូចបល្ល័ង្កនេះឡើយ។
21ពែងដែលព្រះបាទសាឡូម៉ូនប្រើសុទ្ធតែធ្វើពីមាស ហើយពែងនៅក្នុងវាំងឯព្រៃស្រុកលីបង់សុទ្ធតែធ្វើពីមាសសុទ្ធ។ គ្មានអ្វីមួយធ្វើពីប្រាក់ទេ ព្រោះប្រាក់ក្នុងរាជ្យព្រះបាទសាឡូម៉ូនគេមិនរាប់ថាជារបស់មានតម្លៃទេ។
22ស្តេចមានកងទ័ពជើងទឹកដែលចេញសំពៅទៅសមុទ្រ ជាមួយនឹងកងទ័ពជើងទឹករបស់ព្រះបាទហ៊ីរ៉ាម។ រៀងរាល់បីឆ្នាំម្តងកងទ័ពជើងទឹកបាននាំមាស ប្រាក់ និង ភ្លុក ក្ងោក និងស្វាផងដែរ។
23ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើស្តេចណាៗទាំងអស់។
24មនុស្សនៅផែនដីទាំងមូលចង់ជួបព្រះបាទសាឡូម៉ូន ដើម្បីឮពីប្រាជ្ញារបស់ស្តេច ដែលព្រះជាម្ចាស់បានដាក់ក្នុងចិត្តរបស់ស្តេច។
25អ្នកដែលបានមកជួបស្តេចបាននាំសួយសារអាករ ភាជន៍ធ្វើពីប្រាក់ និងមាស សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា ពីមួយឆ្នាំទៅមួយឆ្នាំ។
26ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងទ័ពសេះ។ ស្តេចមានរទេះចម្បាំង១៤០០ និងទ័ពសេះមួយម៉ឺនពីរពាន់នាក់ ដែលស្តេចបានឲ្យពួកគេនៅក្រុងដែលដាក់រទេះចម្បាំង និងនៅជាមួយព្រះអង្គផ្ទាល់នៅក្រុងយេរូសាឡឹម។
27ស្តេចមានប្រាក់នៅក្នុងក្រុងយេរូសាឡឹមច្រើនដូចថ្មនៅតាមផ្លូវ។ ព្រះអង្គមានឈើតាត្រៅសម្បូរដូចដើមឧទុម្ពរ ដែលដុះនៅតាមវាលទំនាប។
28ព្រះបាទសាឡូម៉ូនមានសេះ ដែលទិញពីអេស៊ីប និងពីគីលីគាមក។ ឈ្មួញរបស់ស្តេចបានទិញសេះទាំងនោះទាំងហ្វូង តាមតម្លៃក្នុងមួយហ្វួងៗ។
29រទេះសម្បូរបានទិញមកពីស្រុកអេស៊ីប មួយថ្លៃ ៦០០ស្លឹងជាប្រាក់ ហើយសេះមួយថ្លៃ១៥០ស្លឹង។ សេះ និងរទេះទាំងនេះ គឺលក់ទៅឲ្យស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិអារ៉ាមដែរ។