ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយពីព្រះបាទសាឡូម៉ូនបានបញ្ចប់ការសង់ដំណាក់របស់ព្រះអម្ចាស់ ​និងវាំងរបស់ស្តេច ហើយក្រោយពីស្តេចសម្រេចបាននូវអ្វីដែលស្តេចចង់ធ្វើរួចមកហើយ
2ព្រះអម្ចាស់បានយាងមកជួបព្រះបាទសាឡូម៉ូនជាលើកទីពីរ ដូចដែលព្រះអង្គបានមកជួបស្តេចនៅគីបៀនដែរ។
3បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់ស្តេចថា៖ «យើងបានឮសេចក្តីអធិស្ឋាន និងការទូលអង្វរបស់អ្នកដែលអ្នកបានសុំពីយើងហើយ។ យើងបានញែកដំណាក់នេះ គឺដំណាក់ដែលអ្នកបានសង់សម្រាប់យើង ដើម្បីឲ្យនាមយើងនៅទីនេះជារៀងរហូត។ ភ្នែក និងដួងចិត្តរបស់យើងនឹងនៅទីនោះគ្រប់ពេល។
4សម្រាប់អ្នក បើអ្នកដើរនៅចំពោះយើងដូចជាដាវីឌជាបិតារបស់អ្នកបានដើរដោយចិត្តស្មោះត្រង់ និងដោយសុច្ចរិត ដោយស្តាប់បង្គាប់គ្រប់ទាំងបទបពាា្ជដែលយើងបានបង្គាប់អ្នក និងរក្សាច្បាប់ និងវិន័យរបស់យើង
5នោះយើងនឹងឲ្យរាជ្យរបស់អ្នកនៅលើអ៊ីស្រាអែលនៅគង់វង្សរហូតទៅ ដូចជាយើងបានសន្យាជាមួយដាវីឌជាបិតារបស់អ្នកថា៖ «កូនចៅរបស់អ្នកនឹងសោយរាជ្យលើអ៊ីស្រាអែលរៀងរហូតតទៅ»។
6ប៉ុន្តែ បើអ្នកបែរឆ្ងាយពីយើង ទោះបីជាអ្នក ឬកូនរបស់អ្នកក្តី ហើយមិនរក្សាបញ្ញត្ត និងច្បាប់របស់យើងដែលយើងបានប្រគល់ដល់អ្នក ហើយបើអ្នកទៅថ្វាយបង្គំព្រះផ្សេង និងឱនក្បាលនៅចំពោះព្រះទាំងនោះ
7នោះយើងនឹងដកអ៊ីស្រាអែលចេញពីទឹកដីដែលយើងបានប្រគល់ដល់ពួកគេ ហើយដំណាក់ដែលយើងបានញែកសម្រាប់នាមយើងនេះមិនខាន យើងនឹងរំលាយចោលពីមុខយើង ហើយអ៊ីស្រាអែលនឹងត្រូវគេមើលងាយ និងចំអកឲ្យក្នុងចំណោមមនុស្សទាំងឡាយ។
8វិហារនេះនឹងត្រូវខ្ទេចខ្ទីអស់ ហើយអស់អ្នកដែលបានដើរឆ្លងកាត់ទីនេះនឹងរន្ធត់ និងហួសចិត្ត។ ពួកគេនឹងសួរគ្នាថា៖ «តើហេតុអ្វីបានជាព្រះអម្ចាស់ធ្វើបែបនេះជាមួយនឹងទឹកដី និងដំណាក់មួយនេះ»?
9អ្នកផ្សេងទៀតនឹងឆ្លើយថា៖ «ដោយសារពួកគេបោះបង់ព្រះអម្ចាស់ជាព្រះរបស់ពួកគេចោល ជាព្រះដែលនាំបុព្វបុរសរបស់ពួកគេចេញពីទឹកដីអេស៊ីប ហើយពួកគេទៅគោរពព្រះដទៃ និងឱនក្បាលចំពោះព្រះទាំងនោះ និងថ្វាយបង្គំផង។ ហេតុនេះហើយបានជាព្រះអម្ចាស់បាននាំមហន្តរាយទាំងអស់នេះមកលើពួកគេ»។
10នៅចុងឆ្នាំទីម្ភៃ ដែលព្រះបាទសាឡូម៉ូនបានបញ្ចប់ការសង់អគារទាំងពីរនោះ គឺព្រះវិហាររបស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច។
11ឥឡូវនេះ ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសបានថ្វាយឈើតាត្រៅ ឈើកកោះ និងមាសដល់ព្រះបាទសាឡូម៉ូន តាមដែលស្តេចត្រូវការ ដូច្នេះ ព្រះបាទសាឡូម៉ូនបានប្រទានក្រុងម្ភៃនៅក្នុងទឹកដីកាលីឡេដល់ស្តេចហ៊ីរ៉ាម។
12ព្រះបាទហ៊ីរ៉ាមយាងពីក្រុងទីរ៉ុស ដើម្បីទតមើលក្រុងដែលព្រះបាទសាឡូម៉ូនបានថ្វាយដល់ទ្រង់ ប៉ុន្តែស្តេចមិនពេញចិត្តទេ។
13ដូច្នេះព្រះបាទហ៊ីរ៉ាមទូលថា៖ «តើក្រុងទាំងនេះឬដែលព្រះអង្គប្រទានដល់ទូលបង្គំ»? ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល» ដែលគេហៅរហូតមកដល់សព្វថ្ងៃនេះ។
14ព្រះបាទហ៊ីរ៉ាមបានបញ្ជូនមាស១២០ហាបមកថ្វាយព្រះបាទសាឡូម៉ូន។
15ខាងក្រោមនេះជាមូលហតុដែលព្រះបាទសាឡូម៉ូនបានកែនមនុស្សមកធ្វើការ៖​ ដើម្បីសង់ព្រះវិហារបស់ព្រះអម្ចាស់ និងវាំងរបស់ព្រះអង្គ សង់នៅមីឡូ​ និងសង់ជញ្ជាំងក្រុងយេរូសាឡឹម ក្រុង​ហា‌សោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ។
16ផារោនជាស្តេចស្រុកអេស៊ីបបាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ើរ។ ស្តេចបានដុតក្រុងនោះ និងសម្លាប់ជនជាតិកាណាននៅក្នុងក្រុងនោះ។ បន្ទាប់មក ព្រះចៅផារោនបានឲ្យក្រុងនោះទៅបុត្រីរបស់ទ្រង់ ដែលជាមហេសីរបស់ព្រះបាទសាឡូម៉ូន ជាអំណោយថ្ងៃមង្គលការ។
17ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ក្រុងកេស៊ើរ ក្រុង​បេត‌ហូ‌រ៉ូន ផ្នែក​ខាង​ក្រោមឡើងវិញ
18ក្រុង​បាឡាត ក្រុង​ថាត់‌ម៉ោរ ដែល​នៅ​តំបន់​វាល​រហោ‌ស្ថាន​ក្នុងទឹកដីស្រុកយូដា
19និងក្រុងដែលជាឃ្លាំងដែលជាកម្មសិទ្ធិរបស់ទ្រង់ និងក្រុងសម្រាប់ដាក់រទេះចំបាំង និងក្រុងសម្រាប់ទ័ពសេះ និងអ្វីៗដែលស្តេចសព្វព្រះទ័យសង់នៅក្នុងក្រុងយេរូសាឡឹម នៅស្រុក​លីបង់ និងនៅក្នុងទឹកដីដែលទ្រង់គ្រប់គ្រង។
20ដោយសារមនុស្សទាំងអស់​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរេ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ដែលមិនមែនជាប្រជាជន​អ៊ីស្រា‌អែល​
21កូនចៅរបស់ពួកគេដែលបានបន្តរស់នៅក្នុងទឹកដីនេះ គឺអស់អ្នកដែលជនជាតិអ៊ីស្រាអែលមិនអាចបំផ្លាញបានទាំងស្រុង ព្រះបាទសាឡូម៉ូនបានឲ្យពួកគេធ្វើការយ៉ាងធ្ងន់ ដែលពួកគេនៅមានរហូតដល់សព្វថ្ងៃ។
22ទោះជាយ៉ាងណាក៏ដោយ ព្រះបាទសាឡូម៉ូនមិនបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការធ្ងន់ឡើយ។ ផ្ទុយទៅវិញពួកគេបានក្លាយជាទាហានរបស់ស្តេច ជាអ្នកគ្រប់គ្រង ជាអ្នកមើលខុសត្រូវ ជាមេបញ្ជាការរទេះចំបាំង និងអ្នកជិះសេះរបស់ស្តេច។
23អ្នកទាំងនេះក៏ជាមេបញ្ជាការ ដែលបានគ្រប់គ្រងលើអ្នកមើលខុសត្រូវលើអ្នកធ្វើការថ្វាយព្រះបាទសាឡូម៉ូនមាន ៥៥០នាក់ សុទ្ធតែជាអ្នកដែលមើលខុសត្រូវលើអ្នកធ្វើការ។
24បុត្រីរបស់ព្រះចៅផារោនផ្លាស់ពីក្រុងរបស់ព្រះបាទដាវីឌទៅឯដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយព្រះនាង។ ក្រោយមក ព្រះបាទសាឡូម៉ូនបានសង់នៅមីឡូ។
25ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយមួយឆ្នាំបីដង មានតង្វាយដុត តង្វាយមេត្រីភាពនៅលើអាសនាដែលបានសង់ថ្វាយព្រះអម្ចាស់ បានដុតគ្រឿងក្រអូបនៅលើអាសនាដែលនៅចំពោះព្រះអម្ចាស់។​ ដូច្នេះ ព្រះអង្គបានបញ្ចប់ការសង់ព្រះវិហារ ហើយឥឡូវនេះ បានដាក់ឲ្យប្រើប្រាស់។
26ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​សំពៅ​នៅ​អេស៊ាន-‌គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​មាត់​សមុទ្រ​កក់​ក្នុងទឹកដី​អេដុម។
27ព្រះបាទហ៊ីរ៉ាមបានបញ្ជូនអ្នកបម្រើរបស់ស្តេចទៅជួបកងទ័ពជើងទឹករបស់ព្រះបាទសាឡូម៉ូន ជាអ្នកដែលស្ទាត់ជំនាញខាងសមុទ្រ ជាមួយអ្នកបម្រើផ្ទាល់របស់ព្រះបាទសាឡូម៉ូន។
28ពួកគេបានទៅដល់ស្រុក​អូភារជាមួយអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន។ ពីទីនោះពួកគេបាននាំយកមាស ៤២០ហាបថ្វាយព្រះបាទសាឡូម៉ូន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។