ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 11

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទសាឡូម៉ូនបានស្រឡាញ់ស្រី្តជនជាតិបរទេសជាច្រើននាក់៖ មានបុត្រីរបស់ស្តេចផារោន ស្ត្រីជនជាតិ​ម៉ូអាប់ ជនជាតិ​អាំម៉ូន ជនជាតិ​អេដុម ជនជាតិស៊ីដូន និង​ជនជាតិ​ហេត
2ជាជាតិដែលព្រះអម្ចាស់បានមានបន្ទូលហាមជនជាតិអ៊ីស្រាអែលថា៖ «កុំឲ្យរៀបការជាមួយពួកគេ ហើយកុំឲ្យពួកគេរៀបការជាមួយកូនស្រីៗរបស់អ្នករាល់គ្នា ដោយសារពួកគេនឹងទាក់ទាញចិត្តអ្នករាល់គ្នាទៅព្រះរបស់ពួកគេ»។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីទាំងនេះ។
3ព្រះបាទសាឡូម៉ូនមានមហេសី៧០០នាក់ និងស្រីស្នំ៣០០នាក់។ មហេសីទាំងឡាយរបស់ស្តេចបានឲ្យចិត្តរបស់ស្តេចងាកឆ្ងាយពីព្រះអម្ចាស់។
4នៅពេលដែលព្រះបាទសាឡូម៉ូនចាស់ទៅ មហេសីរបស់ស្តេចបានបង្វែរចិត្តរបស់ស្តេចទៅព្រះរបស់ពួកគេ ដួងចិត្តរបស់ស្តេចមិនបានចុះចូលជាមួយព្រះជាម្ចាស់ជាព្រះទាំងស្រុងទេ គឺមិនដូចព្រះបាទដាវីឌជាបិតារបស់ស្តេចឡើយ។
5ព្រះ‌បាទ​សាឡូម៉ូន​បានដើរតាម​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម ជារូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។
6ព្រះបាទសាឡូម៉ូនបានធ្វើអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចមិនបានដើរតាមព្រះអម្ចាស់ទាំងស្រុងឡើយ មិនដូចព្រះបាទដាវីឌជាបិតារបស់ស្តេចឡើយ។
7បន្ទាប់មក ព្រះបាទសាឡូម៉ូនបាន​សង់ទីខ្ពស់​មួយ​នៅ​លើ​ភ្នំ សម្រាប់ព្រះ​កេម៉ូស​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។
8ស្តេចក៏បានសង់ទីខ្ពស់​សម្រាប់មហេសីបរទេសរបស់ស្តេចដែរ ដែលជាកន្លែងថ្វាយគ្រឿងក្រអូប និងយញ្ញបូជាទៅព្រះរបស់ពួកគេនៅកន្លែងនោះ។
9ព្រះអម្ចាស់បានពិរោធនឹងព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង ដោយសារស្តេចបានបែរព្រះទ័យចេញពីព្រះអង្គ ជាព្រះរបស់អ៊ីស្រាអែល ទោះបីជាស្តេចបានជួបជាមួយព្រះអង្គពីរដង
10ហើយព្រះអង្គបានបង្គាប់ស្តេចអំពីរឿងទាំងនេះ ដែលថាស្តេចមិនអាចដើរតាមព្រះដ៏ទៃជាដាច់ខាត។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនបានធ្វើតាមការបង្គាប់របស់ព្រះអម្ចាស់ឡើយ។
11ដូច្នេះហើយ បានជាព្រះអម្ចាស់មានបន្ទូលមកកាន់សាឡូម៉ូនថា៖ «ដោយសារអ្នកធ្វើការទាំងនេះ ហើយមិនបានរក្សាសម្ពន្ធមេត្រី និងច្បាប់របស់យើង ដែលយើងបានបង្គាប់ដល់អ្នក យើងនឹងហែករាជ្យរបស់អ្នក និងឲ្យដល់អ្នកបម្រើរបស់អ្នក។
12ទោះជាយ៉ាងណាក៏ដោយ ដោយយល់ដល់ព្រះបាទដាវីឌជាបិតារបស់អ្នក យើងនឹងមិនធ្វើការនេះកើតឡើងក្នុងថ្ងៃអាយុរបស់អ្នកទេ ប៉ុន្តែ យើងនឹងហែកនៅក្នុងដៃបុត្ររបស់អ្នក។
13យើងនឹងមិនហែកអាណាចក្រទាំងអស់ឡើយ យើងនឹងឲ្យកុលសម្ព័ន្ធមួយទៅកូនរបស់អ្នក ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង និងយល់ដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើស។
14បន្ទាប់មក ព្រះអម្ចាស់បណ្តាលឲ្យមានគូវិវាទរបស់ព្រះបាទសាឡូម៉ូនងើបឡើង គឺលោក​ហាដាឌ ជា​អ្នកស្រុក​អេដុម។
15លោកជា​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អេដុម។ នៅពេលដែលព្រះបាទដាវីឌគង់នៅអេដុំ លោកយ៉ូអាប់ជាមេទ័ពបានឡើងទៅដុតសាកសពបុរសទាំងអស់ដែលបានលោកសម្លាប់រួចហើយនៅស្រុកអេដុម។
16និងទាហានអ៊ីស្រាអែលនៅទីនោះប្រាំមួយខែរហូតបានសម្លាប់បុរសៗទាំងអស់នៅស្រុកអេដុម។​
17ប៉ុន្តែ លោកហាដាឌអ្នកបម្រើរបស់ឪពុកលោកបាននាំលោកជាមួយអ្នកស្រុកអេដុមផ្សេងទៀតទៅស្រុកអេស៊ីបតាំងពីលោកនៅក្មេងនៅឡើយ។​
18ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ពួក​គេ​នាំប្រុសៗជា​មួយពួកគេ ទៅ​ស្រុក​អេស៊ីប ទៅជួបព្រះចៅផារោនជាស្តេចស្រុកអេស៊ីប។ ស្តេចបានឲ្យ​ផ្ទះ​សំបែង និង​អាហារ​ ព្រម​ទាំង​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។
19ស្តេចផារោនពេញចិត្តនឹងលោកហាដាឌយ៉ាងខ្លាំង ដូច្នេះ ស្តេចក៏លើប្អូនថ្លៃរបស់ស្តេចឲ្យធ្វើជាភរិយាលោក ជាប្អូនស្រីរបស់ព្រះ‌មហា‌ក្សត្រិយានី​ថាផ្នេស។
20ប្អូនស្រីរបស់ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេសបានបង្កើតកូនប្រុសមួយឲ្យលោកាហាដាឌ។ ពួកគេបានដាក់ឈ្មោះថាកេនូ‌បាត។ ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេសបានចិញ្ចឹមកូននោះនៅក្នុងវាំងរបស់ព្រះចៅផានរោន។ ដូច្នេះ កេនូបាតរស់នៅក្នុងវាំងស្តេចផារោន។
21នៅពេលដែលលោកនៅស្រុកអេស៊ីបនៅឡើយ លោកហាដាឌបានឮថាស្តេចដាវីឌបានសុគតហើយ ហើយលោកមេទ័ពយ៉ូអាប់បានស្លាប់ហើយដែរ នោះលោកក៏បានទូលទៅស្តេចផារោនថា៖ «ចូរឲ្យទូលបង្គំចេញទៅស្រុករបស់ទូលបង្គំវិញផង»។
22បន្ទាប់មក ស្តេចផារោនមានរាជឱង្ការទៅគាត់ថា៖ «តើអ្នកនៅជាមួយយើងមានខ្វះខាតអ្វីទៀត ដែលធ្វើឲ្យអ្នកចង់ទៅស្រុករបស់អ្នកវិញ»? លោកហាដាឌទូលថា៖ «មិនមានអ្វីខ្វះខាតអ្វីទេព្រះអង្គ តែសូមអនុញ្ញាត្តិឲ្យទូលបង្គំទៅផង»។
23ព្រះជាម្ចាស់ក៏ឲ្យមានម្នាក់ទៀតងើបឡើងប្រឆាំងនឹងព្រះបាទសាឡូម៉ូនដែរ គឺលោក​រេសោន ជា​កូន​របស់​លោក​អេលីយ៉ាដា ដែលបានរត់ពីព្រះ‌បាទ​ហាដា-‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបាជាចៅហ្វាយរបស់ខ្លួន។
24លោករេសោនបានប្រមូលមនុស្សប្រុសជាច្រើនមកជាមួយលោក ហើយលោកក្លាយជាមេក្រុមលើក្រុមតូចនោះ នៅពេលដែលស្តេចដាវីឌបានវាយប្រហារក្រុមរបស់លោករេសោនជាអ្នកស្រុកស្រុក​សូបា។ អ្នកស្រុកសូបាទាំងនោះបានរត់ទៅក្រុងដាម៉ាស ហើយរស់នៅទីនោះ ហើយលោករេសោនបានគ្រប់គ្រងក្រុងដាម៉ាស។
25លោកជាសត្រូវរបស់អ៊ីស្រាអែលក្នុងរាជ្យរបស់ព្រះបាទសាឡូម៉ូន គឺលោកតែងតែធ្វើទុក្ខបុកម្នេញអ៊ីស្រាអែល។ លោករេសោន ​ តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុកអារ៉ាម។​
26លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាតមកពីកុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ជាអ្នកគ្រប់គ្រង់របស់​ព្រះ‌បាទ​សាឡូម៉ូន ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេចដែរ។
27មូលហេតុដែលធ្វើឲ្យលោកប្រឆាំងនឹងស្តេច ព្រោះព្រះបាទសាឡូម៉ូនបានសង់កន្លែងមួយនៅមីឡូ និងជួសជុលកំពែង​បាក់​បែក​នៅ​ក្រុងព្រះ‌បាទ​ដាវីឌជា​បិតារបស់ទ្រង់។
28លោកយេរ៉ូបោមជាមនុស្សដ៏អង់អាច។ ព្រះបាទសាឡូម៉ូនបានឃើញថាលោកជាបុរសវ័យក្មេងដែលក្លៀវក្លា ដូច្នេះហើយ ស្តេចបានឲ្យលោកគ្រប់គ្រងលើអ្នកធ្វើការក្នុងគ្រួសាររបស់លោកយ៉ូសែប។
29នៅក្នុងពេលនោះ នៅពេលដែលលោកយេរ៉ូបោមចេញពីក្រុងយេរូសាឡឹមលោកព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បានជួបលោកនៅតាមផ្លូវ។ លោកអហ៊ីយ៉ាបានស្លៀកសំលៀកបំពាក់ថ្មី ហើយលោកទាំងពីរបានដើរជាមួយគ្នានៅវាលស្រែ។
30បន្ទាប់មក លោកអហ៊ីយ៉ាបានដោះអាវនោះមកហែកជាដប់ពីរចំណែក។
31លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំណែក ព្រោះព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «មើល យើងនឹងហែកអាណាចក្រចេញពីដៃរបស់ព្រះបាទសាឡូម៉ូន ហើយយើងនឹងប្រគល់កុលសម្ព័ន្ធដប់ដល់អ្នក
32(ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងនៅសល់មួយកុលសម្ព័ន្ធ ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង គឺក្រុងដែលយើងបានជ្រើសរើសចេញពីកុលសម្ព័ន្ធអ៊ីស្រាអែល)
33ដោយសារតែគេបាន​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួកគេមិនបានដើរនៅក្នងផ្លូវរបស់យើង មិនបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងភ្នែករបស់យើង មិនរក្សាច្បាប់ និងបញ្ញត្តរបស់យើង ដូចព្រះបាទដាវីឌជាបិតារបស់គេឡើយ។
34ទោះជាយ៉ាងណាក៏ដោយ យើងមិនដករាជ្យទាំងមូលចេញពីដៃរបសសាឡូម៉ូនឡើយ។ ផ្ទុយទៅវិញ យើងនឹងឲ្យសាឡូម៉ូនគ្រងរាជ្យអស់មួយជីវិត ដោយសារយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលរក្សាបញ្ញាត្ត និងច្បាប់របស់យើង។
35ប៉ុន្តែ យើងនឹងដករាជ្យពីបុត្ររបស់ព្រះបាទសាឡូម៉ូន ហើយយើងនឹងប្រគល់ឲ្យអ្នក ដប់កុលសម្ព័ន្ធ។
36យើងនឹងឲ្យកុលសម្ព័ន្ធមួយដល់បុត្ររបស់ព្រះបាទសាឡូម៉ូន ដូច្នេះ ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងនឹងនៅមានចង្កៀងចំពោះយើងនៅក្រុងយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ដើម្បីដាក់នាមរបស់យើង។
37យើងនឹងប្រគល់ដល់អ្នក ហើយអ្នកនឹងគ្រប់គ្រង ដើម្បីសម្រេចតាមអ្វីដែលយើងចង់បាន ហើយអ្នកនឹងក្លាយជាស្តេចលើជនជាតិអ៊ីស្រាអែល។​
38បើអ្នកស្តាប់តាមអ្វីដែលយើងបង្គាប់អ្នក ហើយបើអ្នកដើរតាមមាគារបស់យើង ហើយធ្វើរឿងត្រឹមត្រូវនៅក្នុងភ្នែករបស់យើង ដោយរក្សាច្បាប់ និងបញ្ញត្តរបស់យើង ដូចដែលព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងបានធ្វើ នោះយើងនឹងនៅជាមួយអ្នក និងកសាងគ្រួសាររបស់អ្នក ដូចយើងបានធ្វើសម្រាប់ព្រះបាទដាវីឌ ហើយយើងនឹងប្រគល់អ៊ីស្រាអែលឲ្យអ្នក។
39យើងនឹងដាក់ទោសកូនចៅរបស់ព្រះបាទដាវីឌ តែមិនរហូតនោះទេ»។
40ដូច្នេះ ព្រះបាទសាឡូម៉ូនព្យាយាមសម្លាប់លោកយេរ៉ូបោម។ ប៉ុន្តែ លោកយេរ៉ូបោមបានភាសខ្លួនទៅស្រុកអេស៊ីប ទៅជួបព្រះបាទស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប ហើយលោកនៅស្រុកអេស៊ីបរហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
41និយាយពីរឿងទាក់ទងនឹងព្រះបាទសាឡូម៉ូន អ្វីដែលស្តេចបានធ្វើ និងប្រាជ្ញារបស់ស្តេច តើមិនបានសរសេរទុកនៅក្នុងសៀវភៅប្រវត្តិរបស់ទ្រង់ទេឬអី?
42ព្រះបាទសាឡូម៉ូនបានគ្រងរាជ្យលើទឹកដីអ៊ីស្រាអែលអស់សែសិបឆ្នាំ។
43ស្តេចបានសុគតរួមជាមួយពួកបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងស្តេចដាវីឌជាបិតាទ្រង់។ ព្រះ‌បាទ​រេហូ‌បោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យបន្ត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។