1បងប្អូនជាទីស្រឡាញ់ សូមកុំជឿគ្រប់ទាំងវិញ្ញាណផ្សេងៗឡើយ។ ផ្ទុយទៅវិញ ចូរល្បងលវិញ្ញាណទាំងនោះ ដើម្បីឲ្យឃើញថា មកពីព្រះជាម្ចាស់ឬយ៉ាងណា ដោយសារមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងលោកីយ៍នេះ។
2ដោយសារការនេះ អ្នកនឹងស្គាល់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ គ្រប់ទាំងវិញ្ញាណដែលទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្តបានត្រឡប់ទៅជាសាច់ឈាមគឺមកពីព្រះជាម្ចាស់
3ហើយគ្រប់ទាំងវិញ្ញាណផ្សេងៗដែលមិនទទួលស្គាល់ ថាព្រះយេស៊ូមកពីព្រះជាម្ចាស់។ នេះគឺជាវិញ្ញាណនៃអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត ដែលអ្នកបានឮថា វានឹងមក ហើយឥឡូវនេះ វាបានមកក្នុងលោកីយ៍រួចរាល់ហើយ។
4កូនៗជាទីស្រឡាញ់អើយ អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះពួកវាហើយ ដោយសារព្រះអង្គដែលនៅក្នុងអ្នក គឺធំជាងម្នាក់ដែលនៅក្នុងលោកីយ៍នេះ។
5ពួកគេមកពីលោកីយ៍ េហតុដូច្នេះហើយ អ្វីដែលពួកគេនិយាយចេញពីលោកីយ៍មក ហើយពួកលោកីយ៍បានស្តាប់ពួកគេ។
6យើងមកពីព្រះជាម្ចាស់។ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ នឹងស្តាប់យើង។ ដោយសារយើងស្គាល់វិញ្ញាណនៃសេចក្តីពិត និងវិញ្ញាណនៃខុសឆ្គង។
7បងប្អូនជាទីស្រឡាញ់ ចូរយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់ ហើយអស់អ្នកណាដែលមានសេចក្តីស្រឡាញ់គឺកើតចេញមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះជាម្ចាស់។
8អ្នកណាដែលគ្មានសេចក្តីស្រឡាញ់មិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់។
9ដោយសារការនេះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសម្តែងឲ្យឃើញនៅក្នុងចំណោមយើង ថាព្រះជាម្ចាស់បានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកក្នុងលោកីយ៍នេះ ដើម្បីឲ្យយើងអាចរស់នៅដោយសារព្រះអង្គ។
10នៅក្នុងសេចក្តីស្រឡាញ់នេះ មិនមែនដោយសារយើងស្រឡាញ់ព្រះជាម្ចាស់ទេ ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់យើង ហើយព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គមកធ្វើជាយញ្ញបូជាធួននឹងបាបសម្រាប់លោះបាបរបស់យើង។
11បងប្អូនជាទីស្រឡាញ់ ប្រសិនបើ ព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងដល់ម៉េ្លះ ដូច្នេះ យើងត្រូវស្រឡាញ់ដល់គ្នាទៅវិញទៅមកដែរ។
12គ្មាននរណាម្នាក់ធ្លាប់បានឃើញព្រះជាម្ចាស់ទេ។ ប្រសិនបើ យើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅក្នុងយើង ហើយសេចក្តីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើងដែរ។
13ដោយសារការនេះ យើងដឹងថា យើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គនៅក្នុងយើង ដោយសារព្រះអង្គបានប្រទានដល់យើងនូវព្រះវិញ្ញាណរបស់ព្រះអង្គ។
14ហើយយើងបានឃើញ ហើយបានធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាមកសង្គ្រោះលោកីយ៍ទាំងមូល។
15អស់អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ ព្រះអង្គនឹងស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ។
16យើងបានស្គាល់ ហើយបានជឿលើសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានសម្រាប់យើង។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅក្នុងសេចក្តីស្រឡាញ់នេះ ក៏ស្ថិតនៅក្នុងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
17ដោយសារការនេះ បានធ្វើឲ្យសេចក្តីស្រឡាញ់នេះបានគ្រប់លក្ខណ៍នៅក្នុងចំណោមយើង ដូច្នេះ យើងនឹងមានទំនុកចិត្តនៅថ្ងៃជំនុំជម្រះ ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់ យើងដែលនៅក្នុងលោកីយ៍នេះក៏មានសេចក្តីស្រឡាញ់ដែរ។
18ដូច្នេះហើយ គ្មានការភ័យខ្លាចនៅក្នុងសេចក្តីស្រឡាញ់ឡើយ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ បណ្តេញភាពភ័យខ្លាច ព្រោះភាពភ័យខ្លាចដោយសារមានការជំនុំជម្រះ។ ប៉ុន្តែ អ្នកណាដែលភ័យខ្លាច មិនបានសិ្ថតនៅក្នុងសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍នៅឡើយទេ។
19យើងស្រឡាញ់ ដោយសារព្រះអង្គស្រឡាញ់យើងជាមុន។
20ប្រសិនបើ នរណាម្នាក់និយាយថា «ខ្ញុំស្រឡាញ់ព្រះជាម្ចាស់» ប៉ុន្តែ ស្អប់បងប្អូនរបស់ខ្លួន គាត់ជាមនុស្សកុហក។ ព្រោះអស់អ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ដែលមើលឃើញ មិនអាចស្រឡាញ់ព្រះជាម្ចាស់ ដែលគាត់មើលមិនឃើញបានទេ។
21នេះគឺជាបញ្ជាដែលយើងបានទទួលពីព្រះអង្គ៖ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ ត្រូវស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។