ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ យ៉ូហាន 5

Read Scripture freely. Divine Threads study for this chapter is coming later.

1អស់អ្នកណាដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ត ដែលកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះបិតា ក៏ស្រឡាញ់កូនដែលកើតចេញពីព្រះអង្គដែរ។
2ដោយសារការនេះ យើងដឹងថា យើងស្រឡាញ់បុត្រធីតារបស់ព្រះអង្គ៖ នៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមបញ្ជារបស់ព្រះអង្គ។
3ដ្បិត ការនេះគឺជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់៖ គឺថា យើងកាន់តាមបញ្ជារបស់ព្រះអង្គ។ ហើយបញ្ជារបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ។
4មនុស្សគ្រប់រូបដែលកើតមកពីព្រះជាម្ចាស់បានឈ្នះលោកីយ៍ហើយ។ ហើយនេះគឺជាជ័យជំនះដែលឈ្នះលោកីយ៍៖ គឺដោយជំនឿរបស់យើង។
5តើអ្នកណាជាអ្នកឈ្នះលោកីយ៍? គឺជាអ្នកដែលជឿលើព្រះយេស៊ូថាជាព្រះបុត្រានៃព្រះជាម្ចាស់។
6នេះគឺជាអ្នកដែលបានមកដោយទឹក និងលោហិត៖ គឺព្រះយេស៊ូគ្រិស្ត។ ព្រះអង្គបានយាងមកមិនគ្រាន់តែដោយទឹក ប៉ុន្តែ ដោយទឹក និងព្រះលោហិត។
7ព្រោះមានការបីយ៉ាងដែលធ្វើបន្ទាល់ពីការនេះ៖
8ព្រះវិញ្ញាណ ទឹក និងព្រះលោហិត។ ទាំងបីនេះព្រមព្រៀងគ្នា។
9ប្រសិនបើ យើងទទួលទីបន្ទាល់ពីមនុស្ស ទីបន្ទាល់របស់ព្រះជាម្ចាស់ប្រសើរជាង។ ព្រោះទីបន្ទាល់របស់ព្រះជាម្ចាស់គឺបែបនេះ គឺថា ព្រះបានធ្វើបន្ទាល់ទាក់ទងនឹងព្រះបុត្រារនស់ព្រះអង្គ។
10អស់អ្នកណាដែលជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ គេមានទីបន្ទាល់នៅក្នុងខ្លួនគេ។ អស់អ្នកណាដែលមិនជឿថាព្រះជាម្ចាស់បានបង្កើតព្រះអង្គចេញមក គឺជាមនុស្សកុហក ដោយសារគាត់មិនបានជឿទីបន្ទាល់ដែលព្រះជាម្ចាស់បានប្រទានមកទាក់ទងនឹងព្រះបុត្រារបស់ព្រះអង្គ។
11ហើយទីបន្ទាល់គឺយ៉ាងដូច្នេះ៖ ព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។
12អ្នកណាដែលមានព្រះបុត្រា គឺមានជីវិត។ ហើយអ្នកណាដែលគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ក៏គ្មានជីវិតដែរ។
13ខ្ញុំសរសេរសេចក្តីទាំងនេះ មកកាន់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ ចំពោះអ្នកណាដែលជឿនៅក្នុងព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់។
14ហើយនេះក៏ជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គដែរ គឺថាប្រសិនបើយើង សូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
15ហើយប្រសិនបើយើងដឹងថា ព្រះអង្គស្តាប់យើង អ្វីៗដែលយើងបានទូលសុំពីព្រះអង្គ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងបានសុំពីព្រះអង្គនោះហើយ។
16ប្រសិនបើ នរណាម្នាក់ឃើញបងប្អូនរបស់គាត់ធ្វើបាប ដែលមិនមានទោសដល់ស្លាប់ គាត់ត្រូវអធិស្ឋាន ហើយព្រះអង្គនឹងប្រទានជីវិតដល់គាត់។ ខ្ញុំសំដៅលើអស់អ្នកដែលធ្វើបាបដែលមិនមានទោសដល់ស្លាប់។ បើធ្វើបាបមានទោសដល់ស្លាប់ ខ្ញុំមិននិយាយថា គាត់គួរអធិស្ឋានសម្រាប់ការនោះទេ។
17អ្វីៗដែលមិនសុចរិតគឺជាបាប ប៉ុន្តែ ក៏មានបាបដែលមិនមានទោសដល់ស្លាប់ដែរ។
18យើងដឹងថា អស់អ្នកណាដែលកើតមកពីព្រះជាម្ចាស់មិនធ្វើបាបទេ។ ប៉ុន្តែ ព្រះអង្គដែលកើតមកពីព្រះជាម្ចាស់ នឹងការពារគាត់ឲ្យមានសុវត្តិភាព ហើយការអាក្រក់មិនអាចធ្វើទុក្ខគាត់បានទេ។
19យើងដឹងថា​យើងមកពីព្រះជាម្ចាស់ ហើយយើងដឹងថា លោកីយ៍ទាំងមូលកំពុងតែដេកនៅក្នុងមេកំណាច។
20ប៉ុន្តែ យើងដឹងថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ហើយបានប្រទានមកយើងនូវការយល់ដឹង ដើម្បីឲ្យយើងបានដឹងថា ព្រះអង្គជាសេចក្តីពិត។ ហើយយើងនៅក្នុងព្រះជាម្ចាស់នៃសេចក្តីពិតដែរ ហើយនៅក្នុងព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត។ ព្រះជាម្ចាស់គឺជាព្រះដ៏ពិត និងជាជីវិតអស់កល្ប។
21កូនៗរាល់គ្នាអើយ ចូររក្សាខ្លួនចេញពីរូបព្រះផ្សេងៗ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។