ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ យ៉ូហាន 3

Read Scripture freely. Divine Threads study for this chapter is coming later.

1សូមមើល ថាតើសេចក្តីស្រឡាញ់ដែលព្រះបិតាមានសម្រាប់យើងយ៉ាងណា នោះព្រះអង្គក៏ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គដែរ នេះឯងជាអ្វីដេលយើងមាន។ ដោយហេតុនេះហើយ បានជាលោកីយ៍មិនស្គាល់យើងទេ ដោយសារលោកីយ៍មិនស្គាល់ព្រះអង្គ។
2បងប្អូនជាទីស្រឡាញ់ ឥឡូវនេះ យើងគឺជាបុត្រធីតារបស់ព្រះអង្គ ហើយមិនទាន់បានបើកសម្តែងឲ្យយើងឃើញថានឹងទៅជាយ៉ាងណាទេ។ យើងដឹងថា នៅពេលដែលព្រះគ្រិស្តលេចមក យើងនឹងបានដូចព្រះអង្គ យើងនឹងបានឃើញព្រះអង្គ ថាព្រះអង្គជានរណា។
3អ្នកណាដែលមានជំនឿអំពីអនាគត នឹងផ្តោតទៅលើព្រះអង្គ ហើយនឹងធ្វើឲ្យខ្លួនឯងបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។
4អ្នកណាដែលប្រព្រឹត្តបាបគឺកំពុងតែធ្វើអ្វីដែលខុសច្បាប់ ព្រោះបាបគឺជាភាពខុសច្បាប់។
5អ្នកដឹងហើយថា ព្រះគ្រិស្តបានលេចមកដើម្បីដកយកអំពើបាបចេញ ហើយក្នុងព្រះអង្គគ្មានបាបសោះឡើយ។ គ្មាននរណាម្នាក់ដែលនៅជាប់នឹងព្រះអង្គ ហើយបន្តធ្វើបាបទៀតនោះទេ។
6ក៏គ្មាននរណាដែលបន្តធ្វើបាប បានឃើញព្រះអង្គ ឬបានស្គាល់ព្រះអង្គនោះដែរ។
7កូនៗជាទីស្រឡាញ់ កុំអនុញ្ញាតឲ្យនរណាម្នាក់នាំអ្នកឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តអំពើសុចរិតនឹងបានសុចរិត ដូចជាព្រះគ្រិស្តសុចរិតដែរ។
8អ្នកណាដែលប្រព្រឹត្តអំពើបាបគឺមកពីសាតាំង ព្រោះសាតាំងបានធ្វើបាបតាំងពីដំបូង។ ដោយហេតុនេះហើយ បានជាព្រះបុត្រានៃព្រះបានលេចមក ដើម្បីព្រះអង្គអាចបំផ្លាញកិច្ចការបស់សាតាំងចោល។
9អស់អ្នកណាដែលបានកើតមកពីព្រះជាម្ចាស់មិនបន្តធ្វើបាបទៀតទេ ពីព្រោះគ្រាប់ពូជរបស់ព្រះជាម្ចាស់បានស្ថិតក្នុងអ្នកនោះ។ គាត់មិនអាចបន្តធ្វើបាបទៀតបានទេ ដោយសារគាត់បានកើតចេញពីព្រះជាម្ចាស់មក។
10ការនេះហើយ បានបើកសម្តែងឲ្យឃើញពីកូនរបស់ព្រះជាម្ចាស់ និងកូនរបស់សាតាំង។ អស់អ្នកណាដែលមិនបានធ្វើអ្វីដែលសុចរិត មិនមែនមកពីព្រះជាម្ចាស់ទេ ហើយអ្នកដែលស្អប់បងប្អូនរបស់ខ្លួនក៏ដូច្នោះដែរ។
11នេះហើយគឺជាសារដែលអ្នកបានឮតាំងពីដំបូងថា៖ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក
12មិនដូចជាលោកកាអិនទេ គាត់កើតចេញពីសាតាំង ហើយបានសម្លាប់ប្អូនប្រុសរបស់គាត់។ ហេតុអ្វីបានជាគាត់សម្លាប់លោកអេបិល? ដោយសារកិច្ចការរបស់គាត់មកពីសាតាំង ហើយប្អូនប្រុសរបស់គាត់សុចរិត។
13សូមកុំភ្ញាក់ផ្អើលឡើយ បងប្អូនអើយ ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា។
14យើងដឹងថា យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិតហើយ ដោយសារយើងស្រឡាញ់បងប្អូន។ អ្នកណាដែលមិនស្រឡាញ់បងប្អូន ស្ថិតក្នុងសេចក្តីស្លាប់ហើយ។ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន គឺជាឃាតករ។
15អ្នកដឹងហើយថា គ្មានឃាតករណាមានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងគាត់ទេ។
16ដោយសារការនេះ យើងស្គាល់សេចក្តីស្រឡាញ់ ដោយសារព្រះគ្រិស្តបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង។ យើងក៏គួរតែលះបង់ជីវិតរបស់យើងសម្រាប់បងប្អូនរបស់យើងដែរ។
17ប៉ុន្តែ អស់អ្នកណាមានរបស់ដែលនៅក្នុងលោកីយ៍នេះ ហើយឃើញបងប្អូនមានការខ្វះខាត ហើយបិទចិត្តមេត្តាចំពោះអ្នកនោះ តើសេចក្តីស្រឡាញ់ព្រះជាម្ចាស់ស្ថិតនៅក្នុងគាត់យ៉ាងដូចម្តេចទៅ?
18កូនៗជាទីស្រឡាញ់អើយ ចូរឲ្យយើងស្រឡាញ់មិនគ្រាន់តែជាពាក្យ ឬសំដីតែប៉ុណ្ណឹងទេ ប៉ុន្តែ ចូរស្រឡាញ់ដោយការប្រព្រឹត្ត និងសេចក្តីពិតផង។
19ដោយសារការនេះ យើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងក៏មានអំណះអំណាងនៅក្នុងចិត្តរបស់យើងនៅចំពោះព្រះអង្គដែរ។
20ប្រសិនបើ ចិត្តរបស់យើងកាត់ទោសយើង ព្រះជាម្ចាស់ធំជាងចិត្តរបស់យើង ហើយព្រះស្គាល់អ្វីៗទាំងអស់។
21បងប្អូនជាទីស្រឡាញ់ ប្រសិនបើ ចិត្តរបស់យើងមិនកាត់ទោសយើងទេ យើងមានទំនុកចិត្តនៅចំពោះព្រះជាម្ចាស់។
22អ្វីក្តីដែលយើងសូម យើងនឹងបានទទួលពីព្រះអង្គ ដោយសារយើងបានកាន់តាមបញ្ជារបស់ព្រះអង្គ ហើយធ្វើតាមអ្វីៗដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។
23នេះគឺជាបញ្ជារបស់ព្រះអង្គ៖ គឺថា យើងត្រូវជឿលើព្រះនាមព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលព្រះអង្គប្រទានបញ្ជានេះមកដល់យើង។
24អ្នកណាដែលកាន់តាមបញ្ជារបស់ព្រះអង្គ គឺស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ដោយសារការនេះ យើងដឹងថា ព្រះអង្គនៅជាប់នឹងយើង ដោយព្រះវិញ្ញាណដែលព្រះអង្គប្រទានដល់យើង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។