ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ យ៉ូហាន 2

Read Scripture freely. Divine Threads study for this chapter is coming later.

1កូនរាល់គ្នាអើយ ខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើដល់អ្នក ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត។ ប៉ុន្តែ ប្រសិនបើ នរណាម្នាក់បានធ្វើបាប គឺយើងមានមេធាវី ដែលនៅជាមួយព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ត ព្រះអង្គជាព្រះដ៏សុចរិត។
2ទ្រង់គឺជាតង្វាយធួននឹងបាបរបស់យើង​ ហើយមិនគ្រាន់តែសម្រាប់បាបរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។
3តាមរយៈការនេះយើងប្រាកដថា យើងស្គាល់ព្រះអង្គ ប្រសិនបើយើង កាន់តាមបបញ្ជារបស់ព្រះអង្គ។
4អ្នកណាដែលនិយាយថា «ខ្ញុំស្គាល់ព្រះជាម្ចាស់» ប៉ុន្តែ មិនកាន់តាមបញ្ជារបស់ព្រះអង្គទេ គឺជាមនុស្សកុហក ហើយសេចក្តីពិតមិននៅក្នុងគាត់។
5ប៉ុន្តែ អស់អ្នកណាដែលកាន់តាមព្រះបន្ទូល ពិតជាស្គាល់ព្រះជាម្ចាស់ ហើយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់នៅក្នុងអ្នកនោះ។
6ហេតុដូច្នេះ អ្នកណាដែលនិយាយថា គាត់នៅជាប់ក្នុងព្រះជាម្ចាស់ អ្នកនោះត្រូវដើរដូចជាព្រះយេស៊ូបានដើរដែរ។
7បងប្អូនស្ងួនភ្ងាអើយ ខ្ញុំមិនបានសរសេរបញ្ជាតិថ្មីមកកាន់អ្នករាល់គ្នាទេ ប៉ុន្តែ ជាបញ្ជាចាស់ ដែលអ្នកធ្លាប់មានតាំងពីដំបូងមក។ បញ្ជាចាស់គឺជាព្រះបន្ទូលដែលអ្នកបានឮ។
8លើសពីនេះ ខ្ញុំសរសេរបញ្ជាថ្មីមកកាន់អ្នក ជាសេចក្តីពិតនៅក្នុងព្រះគ្រិស្ត និងក្នុងអ្នក ដោយសារសេចក្តីងងឹតកំពុងតែកន្លងផុតទៅ ហើយពន្លឺនៃសេចក្តីពិតក៏កំពុងតែជះពន្លឺដែរ។
9អ្នកណាដែលនិយាយថា គាត់នៅក្នុងពន្លឺ ហើយស្អប់បងប្អូនរបស់គាត់ នោះកំពុងស្ថិតក្នុងភាពងងឹតហើយ។
10អ្នកណាដែលស្រឡាញ់បងប្អូនខ្លួន គឺស្ថិតនៅក្នុងពន្លឺ ហើយគ្មានឱកាសធ្វើឲ្យរវាតចិត្តនៅក្នុងគាត់បានឡើយ។
11ប៉ុន្តែ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួនវិញ គឺកំពុងស្ថិតក្នុងភាពងងឹត ក៏ដើរក្នុងភាពងងឹតដែរ គាត់មិនដឹងថាគាត់កំពុងទៅណានោះទេ ព្រោះភាពងងឹងបានធ្វើឲ្យភ្នែករបស់គាត់មើលមិនឃើញ។
12ខ្ញុំសរសេរមកអ្នក ជួនកូនជាទីស្រឡាញ់រាល់គ្នាអើយ ពីព្រោះបាបរបស់អ្នកបានអត់ទោស គឺដោយសារព្រះនាមរបស់ព្រះអង្គ។
13ខ្ញុំសរសេរមកអ្នក ជួនឪពុករាល់គ្នាអើយ ដោយអ្នកស្គាល់ព្រះអង្គតាំងពីដំបូង។ ខ្ញុំសរសេរមកអ្នក ជួនកំឡោះៗរាល់គ្នាអើយ ដោយសារអ្នកបានឈ្នះអារក្ស។ ខ្ញុំសរសេរមកអ្នករាល់គ្នា កូនតូចៗរាល់គ្នាអើយ ដោយសារអ្នកស្គាល់ព្រះបិតា។
14ខ្ញុំសរសេរមកអ្នករាល់គ្នា ឪពុករាល់គ្នាអើយ ដោយសារអ្នកបានស្គាល់ព្រះតាំងពីដំបូងមក។ ខ្ញុំសរសេរមកអ្នករាល់គ្នា កម្លោះរាល់គ្នាអើយ ដោយសារអ្នកមានកម្លាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នក ហើយអ្នកបានយកឈ្នះអារក្សហើយ។
15កុំស្រឡាញ់លោកីយ៍ ឬអ្វីៗដែលនៅក្នុងលោកីយ៍ឡើយ។ ប្រសិនបើ នរណាម្នាក់ស្រឡាញ់លោកីយ៍ សេចក្តីស្រឡាញ់របស់ព្រះបិតាមិននៅក្នុងអ្នកនោះទេ។
16ដ្បិត អ្វីៗដែលនៅក្នុងលោកីយ៍ គឺជាសេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម និងសេចក្តីប៉ងប្រាថ្នានៃភ្នែក ព្រមទាំងអំនួតនៃជីវិត មិនមែនមកពីព្រះបិតាទេ ប៉ុន្តែ មកពីលោកីយ៍វិញ។
17លោកីយ៍ និងសេចក្តីប៉ងប្រាថ្នារបស់លោកីយ៍នឹងកន្លងផុតទៅ។ ប៉ុន្តែ អស់អ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច។
18កូនតូចៗរាល់គ្នាអើយ នេះគឺជាពេលចុងក្រោយហើយ។ ដូចដែលអ្នករាល់គ្នាបានឮថាពួកប្រឆាំងនឹងព្រះគ្រិស្តកំពុងតែមកដែរ ឥឡូវនេះ ពួកប្រឆាំងនឹងព្រះគ្រិស្តបានមកហើយ។ ដូច្នេះ យើងដឹងថា នេះគឺជាពេលចុងក្រោយហើយ។
19ពួកគេបានចេញពីពួកយើង ប៉ុន្តែ ពួកគេមិនមែនជាគ្នាយើងទេ។ ប្រសិនបើ ពួកគេជាគ្នារបស់យើងមែន ពួកគេនឹងនៅជាមួយយើងហើយ។ ប៉ុន្តែ ពួកគេបានចេញពីយើង នោះបង្ហាញថា ពួកគេមិនមែនជាគ្នាយើងទេ។
20ប៉ុន្តែ អ្នករាល់គ្នាមានប្រេងតាំងពីព្រះអង្គដ៏បរិសុទ្ធ ហើយអ្នកស្គាល់សេចក្តីពិតទាំងអស់ហើយ។
21ខ្ញុំមិនបានសរសេរមកកាន់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាមិនស្គាល់សេចក្តីពិតនោះទេ ប៉ុន្តែ ដោយសារអ្នកស្គាល់សេចក្តីពិត ក៏ដោយសារនៅក្នុងសេចក្តីពិតគ្មានការកុហកដែរ។
22តើអ្នកណាជាមនុស្សកុហក តើអ្នកណាដែលកុហកគឺជាអ្នកដែលបដិសេធព្រះយេស៊ូថាជាព្រះគ្រិស្ត? អ្នកនោះគឺជាអ្នកដែលប្រឆាំងនិងព្រះគ្រិស្ត ដោយសារគាត់បដិសេធព្រះបិតា និងព្រះរាជបុត្រា។
23គ្មាននរណាដែលបដិសេធព្រះបុត្រា មានព្រះបិតានោះទេ។ អ្នកណាដែលទទួលស្គាល់ព្រះបុត្រា ក៏ទទួលស្គាល់ព្រះបិតាដែរ។
24អ្នកក៏ដូចគ្នាដែរ ចូរឲ្យអ្វីដែលអ្នកបានឮតាំងពីដំបូងបាននៅជាប់ក្នុងអ្នករាល់គ្នា។ ប្រសិនបើ អ្នកបានឮអ្វីតាំងពីដំបូងស្ថិតនៅជាប់ក្នុងអ្នក នោះអ្នកក៏នៅជាប់ក្នុងព្រះបុត្រា និងក្នុងព្រះវរបិតាដែរ។
25នេះគឺជាសេចក្តីសន្យាដែលព្រះអង្គបានប្រទានដល់យើង គឺជាជីវិតអស់កល្ប។
26ខ្ញុំសរសេរការទាំងនេះមកអ្នករាល់គ្នា ចំពោះអ្នកដែលនឹងនាំអ្នករាល់ឲ្យវង្វេង។
27អ្នករាល់គ្នាក៏ដូចគ្នាដែរ ប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នាហើយ ដូច្នេះ អ្នករាល់គ្នាមិនចាំបាច់ត្រូវការនរណាម្នាក់បង្រៀនអ្នករាល់គ្នាទេ។ ប៉ុន្តែ ប្រេងតាំងរបស់ព្រះអង្គនឹងបង្រៀនអ្នកគ្រប់យ៉ាង ព្រមទាំងបង្រៀនសេចក្តីពិត មិនមែនការកុហកទេ ហើយសេចក្តីពិតនោះបានបង្រៀនអ្នករាល់គ្នាឲ្យនៅជាប់ជាមួយព្រះអង្គ។
28ឥឡូវនេះ កូនៗជាទីស្រឡាញ់អើយ ចូរនៅជាប់ក្នុងព្រះអង្គ ដើម្បីនៅពេលព្រះអង្គលេចមក យើងនឹងមានសេចក្តីក្លាហាន ហើយនឹងមិនអាម៉ាស់នៅចំពោះព្រះអង្គនៅពេលដែលព្រះអង្គយាងមកនោះទេ។
29ប្រសិនបើ អ្នកដឹងថាព្រះអង្គសុចរិត អ្នកក៏ដឹងដែរថា មនុស្សគ្រប់គ្នាធ្វើអ្វីដែលត្រឹមត្រូវគឺបានកើតពីព្រះអង្គមក។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។