1ទាក់ទងនឹងរឿងដែលអ្នកបានសរសេរមកខ្ញុំអំពី «គឺជាការល្អដែលបុរសមិនត្រូវពាល់មនុស្សស្រី្ត»។
2ប៉ុន្តែ ដោយព្រោះមានការល្បួងជាច្រើនទៅលើការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធផ្ទាល់ខ្លួន ហើយស្ត្រីម្នាក់ៗក៏ត្រូវមានប្ដីផ្ទាល់ខ្លួនដែរ។
3ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្ដីវិញដែរ។
4ប្រពន្ធមិនមានសិទ្ធិអំណាចលើរួបកាយរបស់ខ្លួននោះទេ ប៉ុន្តែ ប្ដីមានសិទ្ធិលើរូបកាយនោះ ហើយប្តីក៏គ្មានសិទ្ធិអំណាចទៅលើរួបកាយរបស់ខ្លួនដែរ ប៉ុន្តែ ប្រពន្ធមានសិទ្ធិអំណាចលើរូបការរបស់ប្តីនោះដូចគ្នា។
5មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែព្រមព្រៀងគ្នានៅក្នុងកំឡុងពេលពិសេសណាមួយ។ សូមធ្វើការដូច្នេះចុះ ដើម្បីញែកខ្លួនរបស់អ្នកសម្រាប់អធិស្ឋាន។ បន្ទាប់មក អ្នកទាំងពីរចូលទៅរកគ្នាម្តងទៀត ធ្វើដូច្នេះសាតាំងនឹងមិនអាចល្បួងអ្នក ដោយព្រោះអ្នកខ្វះការគ្រប់គ្រងខ្លួនឯងឡើយ។
6ប៉ុន្តែ ខ្ញុំនិយាយពីការទាំងនេះ ដោយបើកសិទ្ធិឲ្យបងប្អូន មិនមែនបង្គាប់បងប្អូនទេ។
7ខ្ញុំធ្លាប់ប្រាថ្នាសូមឲ្យគ្រប់គ្នាបានដូចខ្ញុំដែរ។ ប៉ុន្តែ គ្រប់គ្នាមានអំណោយទានផ្សេងៗគ្នា មកពីព្រះជាម្ចាស់។ ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតក៏ទទួលយ៉ាងនោះ។
8សម្រាប់អ្នកដែលនៅលីវ និងស្ត្រីមេម៉ាយ ខ្ញុំចង់និយាយថាល្អហើយដែលពួកគេអាចនៅលីវបាន គឺនៅលីវដូចខ្ញុំដែរ។
9ប៉ុន្តែ បើគេមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ពួកគេគួររៀបការទៅ។ ព្រោះបើរៀបការប្រសើរជាងទុកឲ្យចិត្តនៅពុះកញ្ជ្រោលដដែរ។
10ឥឡូវ សម្រាប់អ្នកដែលរៀបការខ្ញុំសូមណែនាំយ៉ាងដូច្នេះវិញ មិនមែនមកពីខ្ញុំទេ តែមកពីព្រះអម្ចាស់វិញ ប្រពន្ធមិនត្រូវនៅបែកពីប្តីនោះទេ
11(ប៉ុន្តែ ប្រសិនបើនាងនៅបែកពីប្តីមែន មិនត្រូវយកប្ដីទៀតទេ នាងគួរតែកុំរៀបការម្ដងទៀតធ្វើអ្វី ឬគួរតែទៅជានានិងប្ដីវិញ) ហើយប្តីមិនត្រូវលែងលះប្រពន្ធដែរ។
12ប៉ុន្តែ ចំពោះអ្នកផ្សេងទៀត ខ្ញុំនិយាយ មិនមែនព្រះអម្ចាស់ទេ ប្រសិនបើ បងប្អូនណាម្នាក់មានប្រពន្ធដែលជាអ្នកមិនជឿ ហើយបើនាងពេញចិត្តរស់នៅជាមួយគាត់ ដូច្នេះ បុរសនោះមិនគួរលែងលះនាងឡើយ។
13ប្រសិនបើ ស្រ្តីណាម្នាក់មានប្តីដែលជាអ្នកមិនជឿ ហើយបើគាត់ពេញចិត្តនឹងរស់ជាមួយនាង ដូច្នេះ ស្រ្តីនោះមិនគួរលែងលះប្តីឡើយ។
14ដ្បិត ប្តីដែលមិនជឿត្រូវបានញែកដោយឡែក ដោយព្រោះប្រពន្ធរបស់គាត់ ហើយប្រពន្ធដែលមិនជឿត្រូវបានញែកដោឡែក ដោយព្រោះបងប្អូនប្រុសជាអ្នកជឿដែរ។ បើមិនដូច្នោះទេ កូនៗរបស់អ្នករាល់គ្នាមុខជាមិនបានស្អាតឡើង ប៉ុន្តែ ពួកគេត្រូវបានញែកដោយឡែកហើយ។
15ប៉ុន្តែ ប្រសិនបើបី្ត ឬប្រពន្ធមិនជឿចង់បែក ចូរឲ្យពួកគាត់ទៅចុះ។ ក្នុងករណីនេះ បងប្អូនប្រុសស្រីមិនបានជាប់ចំណងសន្យាអ្វីឡើយ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងដើម្បីរស់ក្នុងសេចក្តីសុខសាន្ត។
16ដ្បិត តើបងប្អូនអាចដឹងបានយ៉ាងដូចម្តេចថា ប្រពន្ធអាចនឹងសង្រ្គោះប្តីរបស់ខ្លួនបាប? ឬ តើបងប្អូនអាចដឹងបានយ៉ាងដូចម្តេចថា ប្តីអាចនឹងសង្រ្គោះប្រពន្ធរបស់ខ្លួន?
17ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅឲ្យបានស្របតាមព្រះអម្ចាស់បានប្រទានឲ្យម្នាក់ៗ ព្រះជាម្ចាស់បានត្រាស់ហៅ។ នេះគឺជាតួនាទីរបស់ខ្ញុំនៅក្រុមជំនុំទាំងអស់។
18តើមាននរណាបានកាត់ស្បែកពេលគាត់ទទួលជឿព្រះអង្គទេ? គាត់មិនគួរបង្ហាញថាគាត់មិនបានកាត់ស្បែកនោះទេ។ តើមាននរណាមិនបានកាត់ស្បែក ពេលគាត់ទទួលជឿព្រះអង្គទេ? បើដូច្នេះ គាត់មិនបាច់កាត់ស្បែកទេ។
19ដ្បិត ការកាត់ស្បែក ឬមិនបានកាត់ស្បែកមិនមែនជាបញ្ហាទេ។ អ្វីដែលជាបញ្ហានោះគឺការស្តាប់បង្គាប់តាមបទបញ្ជារបស់ព្រះជាម្ចាស់វិញទេ។
20ម្នាក់ៗគួរប្រកាន់ខ្ជាប់ក្នុងការត្រាសហៅ តាំងពីពេលព្រះជាម្ចាស់បានហៅអ្នកនោះមកក្នុងជំនឿ។
21តើព្រះជាម្ចាស់បានហៅអ្នកក្នុងកាលដែលអ្នកនៅជាទាសករនៅឡើយមែនទេ? កុំបារម្ភអំពីការនោះពេក។ ប៉ុន្តែ ប្រសិនបើអ្នកមិនមែនជាទាសករ វាជាការល្អសម្រាប់ហើយ
22ដ្បិត នរណាម្នាក់ដែលបានត្រាសហៅតាមរយៈព្រះអម្ចាស់ក្នុងភាពជាទាសករ នោះមានសេរីភាពក្នុងព្រះអម្ចាស់វិញ។ ដូចគ្នាផងដែរ អ្នកដែលបានទទួលសេរីភាពដោយការជឿ អ្នកនោះបានក្លាយជាទាសកររបស់ព្រះគ្រិស្តវិញ។
23អ្នកទាំងអស់គ្នាបានបង់ថ្លៃលោះរួចហើយ ដូច្នេះ កុំឲ្យខ្លួនអ្នកក្លាយជាទាសកររបស់មនុស្សឡើយ។
24បងប្អូនអើយ មិនថាបងប្អូនរស់នៅក្នុងភាពយ៉ាងណា នៅពេលព្រះជាម្ចាស់ត្រាស់ហៅបងប្អូននោះទេ បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះ នៅចំពោះព្រះអង្គបែបនោះទៅ។
25ឥឡូវនេះទាក់ទងនឹងអ្នកដែលមិនទាន់រៀបការ ខ្ញុំមិនបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ។ ក៏ប៉ុន្តែ ខ្ញុំសូមជូនយោបល់ ក្នុងនាមម្នាក់ដែលព្រះអង្គមានព្រះហឫទ័យមេត្តាដល់ខ្ញុំ ដែលបងប្អូនអាចទុកចិត្តបាន។
26ដូច្នេះ ខ្ញុំគិតថា ក្នុងពេលដែលមានវិបត្តិដែលកើតឡើងនៅពេលនេះ គឺជាការល្អសម្រាប់ឲ្យមនុស្សប្រុសនៅទំនេរល្អជាង។
27តើអ្នកមានចំណងទំនាក់ទំនងជាមួយមនុស្សស្រីមែនទេ? កុំរកដោះដៃពីនាងឡើយ។ តើអ្នកបានលែងប្រពន្ធមែនទេ? ដូច្នេះ កុំយកប្រពន្ធទៀតឡើយ។
28ប៉ុន្តែ ប្រសិនបើអ្នកបានរៀបការ អ្នកមិនបានធ្វើបាបអ្វីទេ។ ប្រសិនបើ មនុស្សស្រីនៅលីវមិនទាន់រៀបការ នោះនាងមិនបានធ្វើបាបទេ។ មែនហើយ ពួកអ្នករៀបការហើយ មានបញ្ហាច្រើនណាស់ក្នុងជីវិត ខ្ញុំចង់ឲ្យអ្នកនៅឲ្យឆ្ងាយពីពួកគេ។
29បងប្អូនអើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលវេលាកាន់តែខ្លីណាស់ហើយ។ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ។
30អស់អ្នកដែលយំសោក ដូចជាមិនយំសោក ហើយអស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញអ្វីមួយ ធ្វើដូចជាមិនមែនម្ចាស់ទ្រព្យឡើយ
31ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្តដូចជាមិនបានប្រើប្រាស់ដែរ។ ដ្បិតពិភពលោកនេះប្រែប្រួល ហើយទីបញ្ចប់នឹងមកដល់ដែរ។
32ខ្ញុំចង់ឲ្យបងប្អូនមានសេរីភាពពីការខ្វល់ខ្វាយ។ អ្នកដែលមិនរៀបការត្រូវខ្វល់ខ្វាយជាមួយអ្វីនៅក្នុងព្រះអម្ចាស់ និងធ្វើយ៉ាងណាឲ្យព្រះអង្គសព្វព្រះហឫទ័យវិញ។
33ប៉ុន្តែ អ្នកដែលបានរៀបការហើយ ត្រូវខ្វល់ខ្វាយជាមួយអ្វីដែលនៅក្នុងលោកីយ៍វិញ គឺត្រូវធ្វើយ៉ាងណាឲ្យប្រពន្ធពេញចិត្ត
34គាត់មានចិត្តបែងចែក។ មនុស្សស្រីដែលមិនរៀបការ ឬស្រី្តព្រហ្មចារី ត្រូវខ្វល់ខ្វាយពីអ្វីដែលនៅក្នុងព្រះអម្ចាស់ ដោយញែករូបកាយ ហើយវិញ្ញាណសម្រាប់ព្រះអង្គ។ ប៉ុន្តែ ស្រ្តីដែលរៀបការវិញ គឺត្រូវខ្វល់ខ្វាយពីអ្វីដែលនៅក្នុងលោកីយ៍វិញ ធ្វើយ៉ាងណាដើម្បីឲ្យប្តីពេញចិត្ត។
35ខ្ញុំនិយាយការនេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន ហើយវាមិនជាការដាក់កំហិត បង្ខិតបង្ខំលើបងប្អូនទេ។ តែខ្ញុំនិយាយអ្វីដែលត្រឹមត្រូវ ដើម្បីឲ្យបងប្អូនបានថ្វាយខ្លួនដល់ព្រះអម្ចាស់ ដោយមិនមានការបង្ខិតបង្ខំ។
36ប៉ុន្តែ ប្រសិនបើនរណាម្នាក់គិតថា គាត់មិនបានប្រព្រឹត្ត និងគោរព គូដណ្តឹងរបស់ខ្លួនទេ ហើយបើនាងហួសអាយុនៃការរៀបការនោះ ដូច្នេះ កុំចាំទៀត បុរសនោះគួរធ្វើតាមអ្វីដែលគាត់ចប់។ បែបនេះគាត់មិនបានធ្វើបាបទេ។ អ្នកទាំងពីរគួររៀបការ។
37ប្រសិនបើ អ្នកនោះបានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្តបាន ហើយសម្រេចចិត្តថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។
38ដូច្នេះ បើមានអ្នកផ្សេងណាមករៀបការ ជាមួយគូដណ្តឹង គឺជាការប្រសើរ ហើយសម្រាប់អ្នកដែលជ្រើសរើសមិនរៀបការ រឹតតែប្រសើរជាងទៀត។
39ប្រពន្ធត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់។ តែបើប្ដីស្លាប់ នាងមានសេរីភាពរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្តនាង ឲ្យតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។
40ប៉ុន្តែ តាមការគិតរបស់ខ្ញុំ ប្រសិនបើ នាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។