ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ កូរិនថូស 5

Read Scripture freely. Divine Threads study for this chapter is coming later.

1យើងបានឮដំណឹងថា ក្នុង​ចំណោម​បងប្អូន ​កើតមាន​រឿង​អសីលធម៌ខាងផ្លូវភេទ ជាអំពើកាមគុណ ទោះបីជាក្នុង​សាសន៍​ដទៃ​ក៏​មិន​ដែល​មាន​បែបនេះដែរ។ ដំណឹងនោះគឺថា មានម្នាក់ក្នុងចំណោមបងប្អូន ​បាន​រួមរ័ក្ស​ជា​មួយ​ប្រពន្ធរបស់​​ឪពុកខ្លួន។
2បងប្អូនក៏ក្រអឺក្រទមខ្លាំងទៀត! តើបងប្អូនមិនគួរតែកាន់ទុក្ខជំនួសវិញទេឬអី? ម្នាក់ដែលបានប្រព្រឹត្ត​អំពើ​ថោក​ទាប​នេះ ត្រូវដេញចេញ​ពី​ចំណោម​បងប្អូន​។
3ទោះបីជា ខ្ញុំមិនបាននៅជាបងប្អូនខាងឯរូបកាយ ប៉ុន្តែខ្ញុំនៅជាមួយបងប្អូនខាងវិញ្ញាណខ្ញុំវិញ ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ដល់ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ គឺ​ដូច​ជា​ខ្ញុំ​បាននៅ​ជា​មួយ​បងប្អូន​ដែរ។
4ពេលបងប្អូនជួបជុំគ្នា ក្នុងនាមរបស់ព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅទីនោះផងដែរ គឺក្នុងអំណាចរបស់ព្រះអម្ចាស់យេស៊ូរបស់យើង ក៏ដូចជាការដាក់ទោសដល់អ្នកនោះដែរ។
5ខ្ញុំត្រូវ​តែ​បញ្ជូន​ម្នាក់​នេះ​ទៅ​សាតាំង ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​។
6អំនួតរបស់បងប្អូនមិនល្អទេ។ តើបងប្អូន​មិន​ដឹង​ទេ​ឬអីថាមេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យម្សៅទាំង​មូល​ដោរ​ឡើង​បាន?
7​ចូរជម្រះ​ខ្លួន​ឲ្យស្អាតជាចេញពីមេចាស់​នេះ ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជានំប័ុងដែល​គ្មាន​មេ។ ដ្បិត​ ព្រះ‌គ្រិស្ដបាន​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើងក្នុង​ពិធី​បុណ្យ​ចម្លង។
8ដូច្នេះ ចូលយើង​សាទរពិធី​បុណ្យ​រំលង ដោយ​មិន​មែនជាមួយ​​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ទេ។ ផ្ទុយទៅវិញ ចូរយើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​​ចិត្ត​ស្មោះ​ត្រង់​វិញ។
9ក្នុង​សំបុត្រ​របស់​ខ្ញុំ មិនបាន​សរសេរ​​ថា កុំ​ទាក់ទង​នឹងមនុស្ស​ដែល​ប្រព្រឹត្ត​កាម‌គុណ​ឲ្យ​សោះនោះទេ។
10មិនមានន័យ​សំដៅ​ទៅ​លើ​មនុស្សដែល​ប្រព្រឹត្ត ​កាម‌គុណ​ទូទៅ​ក្នុង​លោក​ីយ៍នេះទេ ឬ​អ្នក​លោភ‌លន់​ ឬអ្នក​ប្លន់​​ទ្រព្យ​ ឬ​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ បើ​បងប្អូនត្រូវតែនៅឲ្យឆ្ងាយពីមនុស្សទាំងនោះ ​មាន​ន័យាថាបងប្អូន ត្រូវចាក​ចេញ​ពីពិភព​លោក​នេះហើយ។
11ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរមកកាន់បងប្អូន មិនឲ្យទាក់ទងជាមួយអ្នកណាដែលបានហៅថាបងប្អូន ប៉ុន្តែ អ្នកនោះរស់នៅក្នុងជីវិតកាម‌គុណ​ ឬមាន​ចិត្ត​លោភ‌លន់​ ឬថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ឬជេរ​ប្រមាថ​គេ ឬប្រមឹក ឬ​ប្លន់​យកទ្រព្យ​គេ។ សូម​កុំហូបអាហារ​រួម​ជា​មួយ​ជន​ប្រភេទ​នេះ​ឲ្យសោះ។
12ដ្បិត តើខ្ញុំរួមជាមួយក្នុងការដាក់ទោសដល់អ្នកដែលនៅក្រៅក្រុមជុំនំទេ? ផ្ទុយទៅវិញ តើបងប្អូនមិនត្រូវដាក់ទោសដល់អ្នកដែលនៅខាងក្រៅនោះទេ?
13ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ពួកខាងក្រៅ។ «​ចូរបណ្តេញ​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​វិញ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។