ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ កូរិនថូស 4

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះគឺជាអ្វីដែលមនុស្សគួរឲ្យតម្លៃដល់យើង ក្នុងនាមជាអ្នកបម្រើរបស់ព្រះគ្រិស្ត និងអ្នកមើលខុសត្រូវក្នុងការដ៏អាថ៌កំបាំងនៃសេចក្តីពិតរបស់ព្រះជាម្ចាស់។
2តាមរបៀបនេះ នេះគឺជាគុណសម្បត្តិសម្រាប់អ្នកមើលខុសត្រូវ គឺពួកគេត្រូវមានចិត្តស្មោះត្រង់។
3ប៉ុន្តែ សម្រាប់ខ្ញុំវិញ វាជារឿងតូចតាចទេដែលខ្ញុំនឹងបារម្ភពីការវិនិច្ឆ័យពីបងប្អូន ឬពីមនុស្សឯទៀត។ ដិ្បត ខ្ញុំក៏មិនដែលវិនិច្ឆ័យខ្លួនឯងនោះទេ។
4ខ្ញុំក៏អត់ដឹងពីការចោទប្រកាន់ដែលធ្វើទាស់នឹងខ្ញុំ ប៉ុន្តែ ការនេះមិនមែនមានន័យថា ខ្ញុំគ្មានទោសនោះទេ។ គឺព្រះអម្ចាស់ទេដែលជាអ្នកវិនិច្ឆ័យខ្ញុំវិញ។
5ដូច្នេះ ចូរកុំថ្លែងពាក្យវិច្ឆ័យពីអ្វីមួយមុនពេលមកដល់ ហើយមុនពេលព្រះអម្ចាស់យាងត្រឡប់មកវិញ។ ព្រះអង្គនឹងនាំពន្លឺមកទីដែលលាក់កំបាំង ក្នុងភាពងងឹត ហើយបើកបង្ហាញគោលបំណងនៃដួងចិត្តដែរ។ គ្រប់គ្នានឹងទទួលការសរសើរមកពីព្រះជាម្ចាស់។
6បងប្អូនអើយ ឥឡូវនេះខ្ញុំបានអនុវត្តគោលការណ៍នេះជាមួយខ្លួនខ្ញុំ និងជាមួយលោកអាប៉ូឡូស មក​និយាយ​ជា​ឧទាហរណ៍ សម្រាប់ជាប្រយោជន៍ដល់បងប្អូន ដូច្នេះ តាមរយៈពួកយើងបងប្អូននឹងរៀនពីអត្តន័យនៃពាក្យដែលនិយាយថា៖ «មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។
7ដ្បិត តើអ្នកណានឹងឃើញភាពខុសគ្នារវាងខ្លួនអ្នក និងអ្នកដទៃ? អ្វីៗដែលអ្នកបានទទួល តើការទាំងនោះមិនមែនបានមកដោយឥតបង់ថ្លៃទេឬអី? ប្រសិនបើ បងប្អូនបានទទួលដោយមិនបង់ថ្លៃ ហេតុអ្វីបានជាអ្នកបែរជាមានអំនួត ទាំងខ្លួនមិនបានធ្វើអ្វីសោះដូច្នេះ?
8បងប្អូនបានអ្វីៗទាំងអស់ដែលបងប្អូនប្រាថ្នាហើយ! ហើយបងប្អូនបានក្លាយជាអ្នកមានដែរហើយ! បងប្អូនក៏បានសោយរាជ្យលើអ្វីៗទាំងនោះ និងឃ្លាតឆ្ងាយពីយើងដែរ! ពិតណាស់ ខ្ញុំក៏ប្រាថ្នាឲ្យអ្នកបានសោយរាជ្យ ដើម្បីឲ្យពួកយើងអាចសោយរាជ្យជាមួយបងប្អូនដែរ។
9ដ្បិត ​ខ្ញុំ​គិតថា ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើងមានតួនាទី​ជា​សាវ័ក​ ដើម្បីដើរតួចុងក្រោយ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត។​ យើងប្រៀបដូចជាទស្សនីយភាពដល់មនុស្សក្នុងលោកីយ៍នេះ និងពួកទេវតាផង។
10ពួកយើងលីលា ដោយព្រោះព្រះគ្រិស្ត ប៉ុន្តែ បងប្អូនវិញមានប្រាជ្ញាក្នុងព្រះគ្រិស្តវិញ។ ពួកយើងខ្សោយ ប៉ុន្តែ បងប្អូនមានកម្លាំង បងប្អូនបានទទួលសិរីរុងរឿង ប៉ុន្តែ ពួកយើងបានទទួលឈ្មោះមិនល្អវិញ។
11មកដល់នៅ​ពេល​ និងម៉ោងនេះ​ ពួកយើង​​ឃ្លាន ហើយ​ស្រេក ខ្វះ​សម្លៀក‌បំពាក់ មានគេវាយដំយើង ហើយ​រស់​នៅ​អនាថា​ផងដែរ។
12ពួកយើងធ្វើការដោយនឿយហត់ តាមរយៈដៃរបស់យើង។ ពេល​គេ​ជេរ​យើង យើង​បាន​ពរ​​វិញ។ ពេល​គេ​បៀត‌បៀន យើង​ស៊ូ‌ទ្រាំ។
13ពេល​គេ​និយាយ​បង្ខូច​យើង យើង​និយាយ​​ដោយ​សប្បុរសវិញ។ យើង​បានត្រឡប់ទៅជា ដូចអ្វីដែលគេបានគិតថា ​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។
14ខ្ញុំមិនបានសរសេការទាំងនេះ ដើម្បីឲ្យបងប្អូនបាក់មុខនោះទេ ប៉ុន្តែ ដើម្បីកែតម្រូវបងប្អូន ដែលដូចជាកូនជាទីស្រឡាញ់របស់ខ្ញុំ។
15ទោះ​បី​ជាបងប្អូន​មាន​​អ្នកណែនាំមួយ​ម៉ឺន​នាក់​ក្នុងព្រះ‌គ្រិស្ដ​ក៏​ដោយ ក៏​បងប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ។ ដ្បិត​ខ្ញុំ​បានក្លាយ​​ជាឪពុកបងប្អូន​ក្នុងព្រះ‌​គ្រិស្ដយេស៊ូ តាមរយៈការ​នាំ​ដំណឹង‌ល្អ។
16ដូច្នេះ ខ្ញុំ​សុំ​ទូន្មាន​បងប្អូន​ថា សូម​យក​តម្រាប់​តាម​ខ្ញុំ។
17នេះហើយជាមូលហេតុ ដែលខ្ញុំចាត់លោកធីម៉ូថេដែលជាកូនដ៏ជាទីស្រឡាញ់និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់។ គាត់នឹងរំលឹកបងប្អូនអំពីរបៀបក្នុងព្រះគ្រិស្ត ដូចជាអ្វីដែលខ្ញុំបានបង្រៀនដល់ពួកគេនៅគ្រប់ទីកន្លែង​ និងគ្រប់ក្រុមជំនុំផង។
18ឥឡូវនេះ មានបងប្អូនខ្លះបានក្លាយទៅជាក្រអឺតក្រទម ដោយគិតថាខ្ញុំនឹងមិនត្រឡប់មករកបងប្អូនវិញទេ។
19ប៉ុន្តែ ខ្ញុំនឹងមករកបងប្អូនឆាប់ៗខាងមុខនេះ ប្រសិនបើ ព្រះអម្ចាស់សព្វព្រះហឫទ័យ។ ដូច្នេះ ខ្ញុំ​នឹងបានដឹង គឺ​មិន​ត្រឹម​តែ​បានឮ​ពាក្យ​សម្ដីរបស់ពួកអ្នកដែលក្រអឺតក្រទមប៉ុណ្ណោះ​ទេ ប៉ុន្តែ ខ្ញុំក៏ឃើញទាំងអំណាចរបស់គេផង។
20ដ្បិតព្រះរាជ្យរបស់ព្រះជាម្ចាស់មិនស្ថិតលើពាក្យសម្តីនោះទេ ប៉ុន្តែ នៅលើអំណាចវិញ។
21តើបងប្អូនចង់បានអ្វី? តើគួរឲ្យ​ខ្ញុំ​មក​រក​បងប្អូនដោយ​រំពាត់​ ឬ​មកជាមួយដោយ​​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​?។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។