1បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនដឹងថា បុព្វបុរស របស់យើងសុទ្ធតែបានដើរក្រោមពពក និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។
2ពួកលោកបានទទួលពិធីជ្រមុជជាមួយលោកម៉ូសេក្នុងពពក និងក្នុងសមុទ្រ។
3ហើយពួកគាត់ហូបអាហារខាងវិញ្ញាណដូចគ្នា។
4គ្រប់គ្នាពិសាទឹកខាងឯវិញ្ញាណដូចគ្នា។ ដ្បិត ពួកលោកបានពិសាទឹកខាងឯវិញ្ញាណពីថ្ម ដែលដើរតាមគេ និងថ្មនោះគឺជាព្រះគ្រិស្ត។
5ប៉ុន្តែ ព្រះជាម្ចាស់មិនបានសព្វព្រះហឫទ័យនឹងពួកគេភាគច្រើន ហើយសាកសពរបស់ពួកគេជាច្រើនបានស្លាប់នៅទីរហោស្ថាន។
6ឥឡូវ ការទាំងនោះគឺជាគំរូសម្រាប់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់ធ្វើការអាក្រក់ដូចបុព្វបុរសយើងបានធ្វើឡើយ។
7កុំថ្វាយបង្គំព្រះក្លែងក្លាយ ដូចពួកបុព្ធបុរសយើងខ្លះបានធ្វើនោះឡើយ ដ្បិតមានសេចក្តីចែងថា៖ «បណ្តាលជនបានអង្គុយសីុផឹក ហើយក្រោកលេងសប្បាយ»។
8សូមកុំឲ្យយើងប្រព្រឹត្តអំពើផិតក្បត់ដូចពួកគេភាគច្រើនបានធ្វើឡើយ។ ដែលជាហេតុនាំឲ្យពួកគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
9ហើយយើងមិនត្រូវល្បងលជាមួយនឹងព្រះគ្រិស្ត ដូចពួកគេជាច្រើនបានល្បងល ហើយក៏បានវិនាសទៅដោយពស់ចឹកឡើយ។
10ក៏កុំឲ្យត្អូញត្អែរ ដូចពួកគេភាគច្រើនបានធ្វើ ហើយក៏បានវិនាស ដោយទេវតានៃសេចក្តីស្លាប់។
11ដូច្នេះ ការទាំងនេះបានកើតឡើងដល់ពួកគេ គឺជាគំរូសម្រាប់យើង។ ហើយមានសេចក្តីចែងទុក ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
12ដូច្នេះ ចូរឲ្យគ្រប់គ្នាដែលគិតថា គាត់នឹងឈរ ត្រូវប្រយ័ត្នប្រយែងឡើង ដើម្បីកុំឲ្យគាត់ត្រូវដួលចុះវិញ។
13គ្មានការល្បួងលណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គមិនបណ្ដោយឲ្យសាតាំងល្បួងបងប្អូនហួសពីកម្លាំងរបស់បងប្អូនទេ។ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។
14ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ចូររត់ចេញពីព្រះក្លែងក្លាយចុះ។
15ខ្ញុំនិយាយការទាំងនេះទៅបងប្អូនដោយគិតដល់បងប្អូនទេ ដូច្នេះហើយ បងប្អូនអាចធ្វើការវិនិច្ឆ័យនូវពាក្យដែលខ្ញុំនិយាយនេះ។
16ពេលយើងលើកពែងនៃព្រះពរឡើង តើមិនមានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ដទេឬអី? នំប៉័ងដែលយើងកាច់ តើយើងមិនបានចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្ដដែរទេឬអី។
17ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ ទោះបីយើងមានគ្នាច្រើនក្ដី តែរូបកាយតែមួយទេ។ យើងទាំងអស់គ្នារួមគ្នាមកជារូបកាយតែមួយ ក្នុងការកាច់នំប័ុង។
18ចូរមើលអំពីសាសន៍អ៊ីស្រាអែល តើអស់អ្នកដែលហូបតង្វាយដែលថ្វាយជាយញ្ញបូជា មានចំណែកនៅក្នុងអាសនៈ?
19តើខ្ញុំកំពុងនិយាយអំពីអ្វី? តើព្រះក្លែងក្លាយមានប្រយោជន៍ទេ? ឬតើអាហារដែលបានសែនដល់ព្រះក្លែងក្លាយគ្មានប្រយោជន៍ទេឬអី?
20ប៉ុន្តែ ខ្ញុំនិយាយអំពីការអ្វីដែលសាសន៍ដទៃថ្វាយយញ្ញបូជា ពួកគេថ្វាយការទាំងនោះទៅដល់អារក្ស មិនមែនថ្វាយទៅព្រះម្ចាស់ទេ។ ខ្ញុំមិនចង់ឲ្យបងប្អូនមានចំណែកអ្វីជាមួយអារក្សឡើយ!
21បងប្អូនមិនអាចផឹកពីពែងរបស់ព្រះជាម្ចាស់ ហើយនិងពីពែងរបស់អារក្សផងបាននោះទេ។ បងប្អូនមិនអាចប្រកបរួមតុរបស់ព្រះជាម្ចាស់ផង ហើយរួមតុរបស់អារក្សផងនោះទេ។
22ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
23«យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បានមែន» ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍នោះទេ។ «យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បានមែន» ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែធ្វើឲ្យមនុស្សចម្រើនឡើងទេ។
24ចូរកុំឲ្យមាននរណាស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗស្វែរប្រយោជន៍សម្រាប់អ្នកជិតខាងរបស់ខ្លួនវិញ។
25បងប្អូនអាចហូបអ្វីៗដែលគេលក់នៅតាមផ្សារតាមចិត្តបាន ដោយមិនបាច់សួរទេ ព្រោះខ្លាចធ្វើខុសនឹងមនសិការ។
26ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់»។
27ប្រសិនបើ មានអ្នកមិនជឿអញ្ជើញបងប្អូនទៅបរិភោគអាហារ ហើយបងប្អូនយល់ព្រមទៅ សូមបរិភោគអាហារទាំងប៉ុន្មាន ដែលគេលើកមកជូនបងប្អូន មិនបាច់សួរទេ ព្រោះខ្លាចធ្វើខុសនឹងមនសិការ។
28ប៉ុន្តែ ប្រសិនបើ មានគេប្រាប់ថា៖ «អាហារនេះបានសែនដល់ព្រះដទៃហើយ» កុំហូបធ្វើអី្វ។ ធ្វើបែបនេះគឺដើម្បីជាប្រយោជន៍សម្រាប់អ្នកដែលបានប្រាប់ ហើយក៏កុំឲ្យខុសនឹងមនសិការដែរ។
29ខ្ញុំមិនបាននិយាយថាវាខុសនឹងមនសិការ របស់បងប្អូននោះទេ តែបារម្ភពីមនសិការអ្នកដទៃវិញ។ ដ្បិត ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ?
30ប្រសិនបើខ្ញុំទទួលទានអាហារទាំងមានឥរិយាបទល្អ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារ ដែលខ្ញុំបានអរព្រះគុណព្រះអង្គរួចហើយនោះទៅវិញ?
31ដូច្នេះ ទោះបីបងប្អូនហូបឬផឹកអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់វិញ។
32សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិក ឬក្រុមជំនុំរបស់ព្រះជាម្ចាស់រវាតចិត្តឡើយ។
33ខ្ញុំបានព្យាយាមផ្គាប់ចិត្តមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ។ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ។ ខ្ញុំធ្វើការនេះដើម្បីឲ្យពួកគេទទួលការសង្គ្រោះ។