ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 5

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះជាកូនចៅរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេនជាកូនច្បងបានទេ។
2រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិត ស្តេចដែលគ្រប់គ្រងអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល។
3កូនប្រុសៗរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន ហេណុក ប៉ាលូ ហេស្រុន និងកើមី។
4រីឯកូនចៅរបស់លោកយ៉ូអែលមានរាយនាមដូចតទៅនេះកូនប្រុសរបស់លោកយ៉ូអែលគឺសេម៉ាយ៉ា។ លោកសេម៉ាយ៉ាជាឪពុករបស់កុក។ លោកកុកជាឪពុករបស់ស៊ីម៉ាយ។
5កូនប្រុសរបស់លោកស៊ីម៉ាយ គឺមីកា កូនរបស់លោកមីកា គឺរីអាយ៉ា កូនរបស់លោករីអាយ៉ា គឺបាល
6លោកបាលមានកូនប្រុសឈ្មោះ បេរ៉ា ដែលត្រូវព្រះចៅទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនាំទៅជាឈ្លើយ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។
7បងប្អូនរបស់បេរ៉ាមានឈ្មោះក្នុងបញ្ជីរាយនាម តាមវង្សត្រកូលដូចតទៅ អ្នកទីមួយគឺលោកយីអែល បន្ទាប់មក លោកសាការី
8​លោកបេឡាជាកូនរបស់លោកអសាស លោកអសាសជាកូនរបស់លោកសេម៉ា លោកសេម៉ាជាកូនរបស់លោកយ៉ូអែល។ កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។
9​នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់វាលរហោស្ថាន ដ្បិត គេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។
10នៅក្នុងរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងជាមួយនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូលផង។
11ពូជពង្សរបស់លោកកាដរស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលេកា។
12លោកយូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។
13បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារដូចតទៅ គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។
14អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់ហ៊ូរី។ លោកហ៊ូរីជាកូនរបស់លោកយ៉ារ៉ូអា។ លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ។ លោកកាឡាដជាកូនរបស់លោកមីកែល។ លោកមីកែលជាកូនរបស់លោកយេស៊ីសាយ។ លោកយេស៊ីសាយជាកូនរបស់លោកយ៉ាដោ។ លោកយ៉ាដោជាកូនរបស់លោកប៊ូស។​
15លោកអហ៊ីជាកូនរបស់លោកអាបឌាល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
16​អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។
17អ្នកទាំងនោះមានឈ្មោះនៅក្នុងបញ្ជីជំរឿនប្រជាជននៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្តេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែល។
18កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលមានទាហានចំនួន៤៤, ០០០នាក់ដែលអាចចេញទៅធ្វើសឹកសង្រ្គាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចម្បាំង។
19ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។
20នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គ នោះព្រះអង្គក៏ជួយពួកគេមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។​
21ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ ៥០០០០ក្បាល ចៀម ២៥០០០០ក្បាល និងលា២០០០ក្បាល ព្រមទាំងចាប់មនុស្សបានមួយសែននាក់។
22ពួកគេសម្លាប់ខ្មាំងសត្រូវជាច្រើននាក់ដែរ ដ្បិតចម្បាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។
23កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ (ភ្នំហ៊ើរម៉ូន) ហើយពួកគេកើនចំនួនឡើងជាច្រើន។
24រីឯមេដឹកនាំលើគ្រួសាររបស់ពួកគេមានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានឈ្មោះល្បី ព្រមទាំងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេផង។
25ប៉ុន្តែ ពួកគេមិនបានស្មោះត្រង់នឹងព្រះជាម្ចាស់នៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជនជាតិទាំងឡាយនៅក្នុងស្រុកនោះ គឺជនជាតិដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។
26ហេតុនេះ ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបណ្តាលចិត្តព្រះបាទពូល (ព្រះបាទទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី) ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលីស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។