ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1កូនចៅរបស់លោកយូដាមាន ពេរេស ហេស្រុន កើរមី ហ៊ើរនិងសូបាល។
2លោករីយ៉ាអា ជាកូនរបស់លោកសូបាល បង្កើតយ៉ាហាត់ យ៉ាហាត់បង្កើតអហ៊ូម៉ាយ និងឡាហាដ អ្នកទាំងនេះជាអំបូរសូរ៉ាត។
3អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះហាសែលលេពូនី។
4លោកពេនួលជាអ្នកសង់ភូមិកេដោរ លោកអេស៊ើរជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហ៊ើរ ជាកូនច្បងរបស់អេប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។
5លោកអាស៊ើរជាអ្នកសង់ក្រុងត្កូអា មានប្រពន្ធពីរ គឺនាងហេឡា និងនាងណាអារ៉ា។
6នាងណាអារ៉ាបង្កើតកូនប្រុសជូនគាត់ ដែលមានឈ្មោះថា អហូសាំ ហេភើរ ថេម៉ានី អហាសថារី។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់នាងណាអារ៉ា។
7រីឯកូនរបស់នាងហេឡាមាន សេរ៉េត សូហារ និងអេតណាន។
8លោកកូសបង្កើតអនូប និងសូបេបា ព្រមទាំងអំបូរអខាហែល ជាកូនប្រុសរបស់ហារូម។
9លោកយ៉ាបេស ជាមនុស្សដែលគេគោរពរាប់អានច្រើនជាងបងប្អូនរបស់គាត់។ ម្តាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។
10លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សូមប្រទានពរទូលបង្គំ សូមពង្រីកទឹកដីរបស់ទូលបង្គំ ហើយដាក់ព្រះហស្តលើទូលបង្គំ កុំឲ្យទូលបង្គំជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!» ដូច្នេះ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។
11លោកកេលូប ដែលត្រូវជាប្អូនរបស់លោកស៊ូហា បង្កើតបានមេហើរ ដែលជាឪពុករបស់អែសថូន
12លោកអែសថូនបង្កើតបេតរ៉ាផា ផាសេហា និងថេហ៊ីណា។ លោកថេហ៊ីណាជាអ្នកសង់ភូមិណាហាស។ ពូជពង្សរបស់អ្នកទាំងនេះរស់នៅក្នុងតំបន់រេកា។
13កូនប្រុសៗរបស់លោកកេណាសគឺអូធ្នាល និងសេរ៉ាយ៉ា។ កូនប្រុសៗរបស់លោកអូធ្នាលគឺហាថាត និងមេអូណូថាយ
14លោកមេអូណូថាយ ជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ា ជាឪពុករបស់យ៉ូអាប់ ជាបុព្វបុរសរបស់ពួកសិប្បករដែលរស់នៅតាមតំបន់ជ្រលងភ្នំរបស់ពួកសិប្បករ។
15លោកកាលែប ជាកូនរបស់លោកយេភូនេ មានកូនប្រុសបីនាក់គឺ អ៊ីរូ អេឡា និងណាអាម។ កូនប្រុសរបស់អេឡា គឺ កេណាស។
16កូនប្រុសៗរបស់លោកយេហាលែលគឺស៊ីភ ស៊ីផា ធារីយ៉ា និងអសារ៉ែល។
17កូនប្រុសៗរបស់អែសរ៉ាគឺយេធើរ ម៉ារេឌ អេភើរ និងយ៉ាឡូន។ លោកម៉ារេឌបានរៀបការជាមួយព្រះនាងប៊ីធា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។
18អ្នកទាំងនេះគឺជាកូនប្រុសរបស់នាងប៊ីធា ជាអ្នកដែលលោកម៉ារេឌបានរៀបការជាមួយ។ រីឯប្រពន្ធរបស់លោកម៉ារេឌមួយទៀត ដែលជាជនជាតិយូដា បង្កើតបានយេរេឌ ជាអ្នកសង់ក្រុងកេដោរ ហេប៊ើរជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។
19កូនប្រុសពីរនាក់របស់ប្រពន្ធលោកហ៊ូឌា ដែលជាមួយប្អូនស្រីរបស់លោកណាហាំ ម្នាក់បានក្លាយជាឪពុករបស់ពួកកាមីត ជាអ្នកសង់ក្រុងកៃឡា។ ហើយម្នាក់ទៀតគឺលោកម៉ាកាធីជាអ្នកសង់ក្រុងអែសធេម៉ូរ។
20កូនប្រុសៗរបស់លោកស៊ីម៉ូនគឺ អាំណូន រីនណា បេន-ហាណាន និងធីឡូន។​ កូនប្រុសៗរបស់លោកអ៊ីស៊ីគឺសូហេត និងបេន-សូហេត។
21កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺអ៊ើរ ជាអ្នកសង់ក្រុងលេកា លោកឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា
22លោកយ៉ូគីម អ្នកស្រុកកូសេបា លោកយ៉ូអាស់ និងលោកសារ៉ាប់ ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីពីចាស់បុរាណ)
23អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការថ្វាយស្តេច។
24រីឯកូនចៅរបស់លោកស៊ីម្មាន មាន នេមូល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល។
25កូនចៅរបស់លោកសូលមានរាយនាមតាមតំណវង្សត្រកូលជាបន្តបន្ទាប់ដូចតទៅ សាលូម មីបសាម មីសម៉ា
26កូនចៅរបស់លោកមីសម៉ា​គឺ​ហាមូអែល កូនរបស់លោកហាមូអែល គឺសាគើរ កូនរបស់សាគើរ គឺស៊ីម៉ាយ។
27លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ដូច្នេះ ពូជពង្សរបស់លោកស៊ីមា្មនមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។
28អ្នកទាំងនោះរស់នៅតាមក្រុងបៀសេបា ម៉ូឡាដា ហាសា-ស៊ូអាល។
29ពួកគេក៏រស់នៅតាមភូមិប៊ីលហា អេសែម ថូឡាឌ
30បេធូល ហោម៉ា ស៊ីកឡាក់
31បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែមផងដែរ។ ក្រុងទាំងនោះគឺជាទីក្រុងរបស់ពួកគេរហូតដល់រជ្ជកាលព្រះបាទដាវីឌ។
32ពួកគេក៏រស់នៅតាមទីក្រុងប្រាំទៀតគឺ អេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។
34មេដឹកនាំអំបូររបស់ពួកគេមានរាយនាមដូចតទៅ លោកមេសូបាប់​ លោកយ៉ាមលេក លោកយ៉ូសា​ ជាកូនរបស់លោកអម៉ាស៊ីយ៉ា
35លោកយ៉ូអែល លោកយេហ៊ូ ជាកូនរបស់លោកយ៉ូស៊ីមយ៉ា ជាចៅរបស់លោកសេរ៉ាយ៉ា និងជាចៅទួតរបស់លោកអស៊ីអែល
36លោកអេលីយ៉ូណៃ លោកយាកូបា លោកយេសូហាយ៉ា លោកអសាយ៉ា លោកអឌីអែល លោកយេស៊ីមាលលោកបេណាយ៉ា
37លោកស៊ីសា ជាកូនរបស់លោកស៊ីភី ជាចៅរបស់លោកអឡូន ជាចៅទួតរបស់លោកយេដាយ៉ា ជាចៅលួតរបស់លោកស៊ីមរី ជាចៅលារបស់លោកសេម៉ាយ៉ា
38អ្នកទាំងនោះសុទ្ធតែមេលើអំបូររបស់គេ ហើយក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនឡើងជាច្រើន។
39ដូច្នេះ ពួកគេបានចូលទៅជិតក្រុងកេដោរ ដែលនៅខាងកើតជ្រលងភ្នំ ដើម្បីស្វែងរកវាលស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វរបស់ពួកគេ។
40ពួកគេរកបានវាលស្មៅដ៏បរិបូរ។ រីឯស្រុកនោះក៏ទូលាយ ស្ងប់ស្ងាត់ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។
41នៅរជ្ជកាលព្រះបាទហេសេគាជាស្តេចស្រុកយូដា អស់អ្នកដែលមានឈ្មោះខាងលើ បានមកដល់ស្រុកនោះ ពួកគេបំផ្លាញទីលំនៅ និងជម្រកទាំងប៉ុន្មាននៅក្នុងស្រុកនោះ។ ពួកគេបានបំផ្លាញអ្វីៗ និងប្រជាជនឲ្យវិនាសទាំងស្រុង ដោយសារពួកគេបានរកឃើញទីនោះមានវាលស្មៅសម្រាប់ហ្វូងចៀមរបស់ពួកគេ។
42មានកូនចៅរបស់លោកស៊ីម្មានប្រមាណប្រាំរយនាក់ទៀត បាននាំគ្នាទៅតំបន់ភ្នំសៀរ ដោយមានលោកពេឡាធា លោកនារីយ៉ា លោករេផាយ៉ា និងលោកអ៊ូស៊ាល ជាកូនលោកអ៊ីស៊ី ធ្វើជាមេដឹកនាំ។
43ពួកគេប្រហារជនជាតិអាម៉ាឡេកដែលនៅសេសសល់ រួចក៏តាំងទីលំនៅក្នុងស្រុកនោះ រហូតដល់សព្វថ្ងៃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។