ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 28

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទដាវីឌបានកោះហៅពួកមន្ត្រីទាំងអស់នៃជនជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម ពួកមេដឹកនាំនៃកុលសម្ព័ន្ធ មេបញ្ជាកងពលនានាដែលបានបម្រើព្រះរាជាតាមមុខងារដែលពួកគេបានគ្រោងទុក មេបញ្ជាការ មេកង មេក្រុម និងអ្នកត្រួតត្រាលើទ្រព្យសម្បត្តិ និងហ្វូងសត្វទាំងអស់របស់ស្តេច ព្រមទាំងពួករាជបុត្រ ពួកមន្រ្តីនិងទាហានប្រយុទ្ធដែលមានជំនាញទាំងអស់។
2ព្រះបាទដាវីឌក្រោកឈរឡើងហើយមានរាជឱង្ការថា៖ «បងប្អូន និងប្រជាជនរបស់ខ្ញុំអើយសូមស្ដាប់ខ្ញុំ! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ យើងបានរៀបចំកន្លែងសម្រាប់សង់ព្រះដំណាក់ឡើង។
3ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំថា អ្នកនឹងមិនសង់ព្រះដំណាក់សម្រាប់នាមយើងទេ ព្រោះអ្នកជាអ្នកធ្វើសង្គ្រាម និងបានបង្ហូរឈាមជាច្រើន»។
4ប៉ុន្តែ ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានជ្រើសរើសខ្ញុំចេញពីក្រុមគ្រួសាររបស់ឪពុកខ្ញុំឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលរហូតតទៅ។ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាធ្វើជាមេដឹកនាំ។ ក្នុងកុលសម្ព័ន្ធយូដា និងក្នុងអំបូរឪពុកខ្ញុំព្រះជាម្ចាស់បានជ្រើសរើសខ្ញុំឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រាអែលទាំងមូល។
5ក្នុងចំណោមបុត្រយើងជាច្រើន ព្រះជាម្ចាស់ជ្រើសរើសសាឡូម៉ូនឲ្យអង្គុយនៅលើបល្ល័ង្កនៃព្រះរាជ្យរបស់ព្រះអម្ចាស់ ហើយលើជនជាតិអ៊ីស្រាអែល។
6ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «សាឡូម៉ូនជាបុត្ររបស់អ្នកនឹងសង់ដំណាក់ និងទីលានរបស់យើង ពីព្រោះយើងបានជ្រើសរើសគេឲ្យធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។
7ប្រសិនបើ គេគោរពប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃនេះ នោះយើងនឹងតាំងឲ្យរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេររហូត»។
8ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូលជាក្រុមជំនុំនៃព្រះអម្ចាស់ និងនៅចំពោះព្រះភ័ក្ត្រព្រះរបស់យើង អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ធ្វើដូច្នេះអ្នករាល់គ្នានឹងទទួលដីល្អនេះទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយរបស់អ្នករហូតតទៅ។
9«រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរស្ដាប់បង្គាប់ព្រះនៃបិតា ហើយគោរពបម្រើព្រះអង្គអោយអស់ពីចិត្ដ និងដោយស្ម័គ្រពីចិត្ដ។ ដ្បិត​ ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិនបើ បុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យរកទ្រង់ឃើញ ប៉ុន្តែ ប្រសិនបើ បុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងបោះបង់បុត្រជារៀងរហូត។
10ចូរពិចារណាចុះ! ព្រះអម្ចាស់បានជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់នេះធ្វើជាទីសក្ការរបស់ព្រះអង្គ។ ចូររឹងមាំហើយធ្វើវាចុះ»។
11បន្ទាប់មក ព្រះបាទដាវីឌប្រគល់គម្រោងការផ្សេងៗសម្រាប់ព្រះដំណាក់ព្រះ ‌ព្រះវិហារ បន្ទប់ឃ្លាំង បន្ទប់ជាន់ខាងលើ បន្ទប់ខាងក្នុង និងបន្ទប់ដែលមានគម្របធ្វើពិធីជម្រះកាយ ដល់ព្រះបាទសាឡូម៉ូន។
12ព្រះ‌បាទ​ដាវីឌ​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិត‌គូរ​នឹង​ធ្វើ សម្រាប់​ទី‌លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ សម្រាប់​ដាក់​ទ្រព្យ​នៃ​ព្រះ‌ដំណាក់ និង​របស់​របរ​ដ៏​សក្ការ។
13ស្ដេច​ប្រគល់​បញ្ជី​ពួក​បូជា‌ចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់
14ស្ដេច​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សម្រាប់​ការ​ប្រើ‌ប្រាស់​គ្រប់​បែប​យ៉ាង
15ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់របស់ជើងចង្កៀងនិងទម្ងន់របស់ចង្កៀន ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើ‌ប្រាស់​របស់​ចង្កៀង​នីមួយៗ។
16ស្តេចឲ្យ ទម្ងន់មាសសម្រាប់តុនីមួយៗសម្រាប់ដាក់នំប៉័ងថ្វាយព្រះជាម្ចាស់ ព្រមទាំងទម្ងន់សម្រាប់តុនីមួយៗដែលធ្វើពីប្រាក់។
17ស្តេចឲ្យគេយកមាសសុទ្ធថ្លឹងសម្រាប់ធ្វើសម ផើង​សម្រាប់​ប្រោះ​ឈាម និងពែង។ ស្តេចឲ្យទម្ងន់សម្រាប់ចានមាសនីមួយៗនិងទម្ងន់របស់ចានប្រាក់នីមួយៗ។
18ស្តេចឲ្យទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ​សម្រាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​ រូប​ចេរូប៊ីន​ធ្វើ​ពី​មាសដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។
19ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «បិតាបានកត់ត្រា នូវកំណត់ត្រា​ទាំង​នេះ​​ទុក​ក្នុង​ឯក‌សារ ដែល​បិតា​បាន​ទទួល​ពី​ព្រះ‌អម្ចាស់ នៅក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លម្អិត​អំពី​របៀប​ធ្វើ តាម​គំរូ»។
20ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ព្រះបាទសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរនាំគ្នាធ្វើកិច្ចការកុំភ័យខ្លាចឬតប់ប្រមល់ឡើយ! ដ្បិត ព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្ររហូតដល់កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ត្រូវចប់សព្វគ្រប់។
21ពួក​បូជា‌ចារ្យ និង​ពួក​លេវី ​ត្រូវបាន​បែង​ចែក​ជា​ក្រុមៗ សម្រាប់​បម្រើ​ការ‌ងារ​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​បុត្រ ដើម្បី​ជួយ​សម្រេច​ការ‌ងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​បុត្រ​ដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។