ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 29

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូនជាបុត្ររបស់យើង តែបុត្រយើងនៅក្មេងនិងគ្មានបទពិសោធន៍ ហើយកិច្ចការនេះធំធេងណាស់។ ព្រះវិហារនេះមិនមែនសម្រាប់ប្រជាជនទេគឺសម្រាប់ព្រះអម្ចាស់ជាព្រះនៃយើង។
2ខ្ញុំបាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារសង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិ ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចម្រុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។
3ឥឡូវនេះ ដោយសារខ្ញុំរីករាយនឹងព្រះដំណាក់នៃព្រះរបស់ខ្ញុំ ដូច្នេះខ្ញុំបានប្រគល់មាស និងប្រាក់ផ្ទាល់ខ្លួនសម្រាប់កិច្ចការនេះ។ ខ្ញុំកំពុងធ្វើកិច្ចការនេះបន្ថែមលើអ្វីៗទាំងអស់ដែលខ្ញុំបានរៀបចំសម្រាប់ព្រះដំណាក់បរិសុទ្ធនេះ
4គឺ​ខ្ញុំ​ប្រគល់​មាស​សុទ្ធពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ‌ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។
5ខ្ញុំបានថ្វាយមាស និងប្រាក់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់។ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់?»។
6ពេល​នោះ តង្វាយស្ម័គ្រចិត្តត្រូវបានធ្វើឡើងដោយមេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច
7ពួកគេ​ស្ម័គ្រ​ចិត្តថ្វាយ​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ​កាក់មាសចំនួន​មួយ​ម៉ឺនកាក់ ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺនប្រាំបីពាន់​ហាប និង​ដែក​មួយ​សែន​ហាប។
8អស់អ្នកណាដែលមានត្បូងពេជ្រ អោយគេទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ក្រោមការគ្រប់គ្រងរបស់យេហ៊ីអែលជាកូនចៅរបស់លោកគើរសុន។
9ប្រជាជននាំគ្នាអរសប្បាយព្រោះតែតង្វាយស្ម័គ្រចិត្តទាំងនេះ ដ្បិត ពួកគេបានថ្វាយព្រះអម្ចាស់យ៉ាងស្មោះអស់ពីចិត្ត។ ព្រះបាទដាវីឌក៏ត្រេកអរយ៉ាងខ្លាំងដែរ។
10ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់នៅចំពោះមុខអង្គប្រជុំទាំងមូល។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលជាបុព្វបុរសរបស់យើងអស់កល្បជាអង្វែងតរៀងទៅ។​
11ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង។ ដ្បិត អ្វីៗទាំងអស់នៅលើមេឃ និងនៅលើផែនដីគឺជាកម្មសិទ្ធិរបស់ព្រះអង្គព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។
12ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងកិត្តិយសហើយព្រះអង្គគ្រប់គ្រងលើមនុស្សទាំងអស់។ ព្រះចេស្តា និងឬទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​អាច​ធ្វើឲ្យមនុស្សអស្ចារ្យ និងផ្តល់កម្លាំងដល់នរណាម្នាក់ស្រេចលើព្រះអង្គ។
13ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
14ប៉ុន្តែ តើទូលបង្គំជាអ្វី និងជាប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែលយើងអាចថ្វាយតង្វាយទាំងនេះដោយស្ម័គ្រចិត្តដល់ព្រះអង្គ? អ្វីៗទាំងអស់គឺមកពីព្រះអង្គ ហើយអ្វីៗទាំងអស់ដែលយើងខ្ញុំថ្វាយដល់ព្រះអង្គគឺសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។
15នៅចំពោះព្រះភ័ក្រព្រះអង្គ យើងខ្ញុំជាជនបរទេស និងជាអ្នកស្នាក់អាស្រ័យនៅ ដូចដូនតារបស់យើងដែរ។ អាយុជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាស្រមោលហើយគ្មានសង្ឃឹមរស់លើផែនដីទៀតឡើយ។
16ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! ទ្រព្យសម្បត្តិទាំងអស់ដែលយើងខ្ញុំប្រមូលបានក្នុងគោលបំណងសង់ព្រះដំណាក់ថ្វាយព្រះកិត្តិនាមរបស់ព្រះអង្គ សុទ្ធតែជាអំណោយមកពីព្រះអង្គហើយជាកម្មសិទ្ធិរបស់ព្រះអង្គ។
17ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំដឹងថាព្រះអង្គពិនិត្យមើលចិត្ត ហើយរីករាយនឹងសេចក្តីទៀងត្រង់។ ចំណែកទូលបង្គំវិញ ទូលបង្គំបានថ្វាយរបស់ទាំងអស់នេះដោយចិត្តស្មោះត្រង់ហើយ ឥឡូវនេះ ទូលបង្គំរីករាយដោយឃើញប្រជាជនរបស់ព្រះអង្គដែលមានវត្តមាននៅទីនេះ បានថ្វាយទៅកាន់ព្រះអង្គដោយស្ម័គ្រពីចិត្ត។
18ឱព្រះអម្ចាស់ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលជាបុព្វបុរសរបស់យើងខ្ញុំអើយ! សូមប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គប្រកាន់ខ្ជាប់នូវចិត្តស្មោះត្រង់ចំពោះព្រះអង្គរហូតតទៅផង។
19សូមប្រោសប្រទានឲ្យសាឡូម៉ូនជាបុត្ររបស់ទូលបង្គំឲ្យមានចិត្តស្មោះត្រង់កាន់តាមបទបញ្ជា និងសម្ពន្ធមេត្រីរបស់ព្រះអង្គហើយប្រតិបត្តិតាមគំរោងការទាំងប៉ុន្មាននេះឥតងាករេឡើយ ដើម្បីឲ្យគេអាចសង់ព្រះដំណាក់ដែលទូលបង្គំបានត្រៀមទុក»។
20ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់អ្នក!»។ អង្គប្រជុំទាំងមូលនាំគ្នាលើកតម្កើងព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ហើយក្រាបថ្វាយបង្គំស្តេច។
21ស្អែកឡើងពួកគេនាំគ្នាយកយញ្ញបូជាថ្វាយព្រះអម្ចាស់ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអង្គ។ ពួកគេបានថ្វាយគោឈ្មោលមួយពាន់ក្បាលចៀមឈ្មោលមួយពាន់ក្បាល និងកូនចៀមមួយពាន់ក្បាលដោយមានស្រា ព្រមទាំងយញ្ញបូជាជាច្រើនសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។
22នៅថ្ងៃនោះពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដោយអរសប្បាយយ៉ាងខ្លាំង។ គេបានតែងតាំងព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចជាលើកទីពីរ ហើយចាក់ប្រេងអភិសេកស្តេចឲ្យគ្រងរាជ្យលើគេ។ ពួកគេក៏បានចាក់ប្រេងតាំងលោកសាដុក ដើម្បីធ្វើជាបូជាចារ្យ។
23ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះជាម្ចាស់ ដើម្បីស្នងរាជ្យជំនួសព្រះបាទដាវីឌជាបិតា។ រាជ្យព្រះអង្គថ្កុំថ្កើង ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏នាំគ្នាស្តាប់បង្គាប់ព្រះបាទសាឡូម៉ូន។
24មេដឹកនាំទាំងអស់ ព្រមទាំងពលទាហាន និងបុត្រទាំងអស់របស់ព្រះបាទដាវីឌបានស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។
25ព្រះអម្ចាស់បានលើកតម្កើងព្រះបាទសាឡូម៉ូននៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល និងប្រទានឲ្យស្តេចមានឫទ្ធានុភាពខ្លាំងក្លាជាងស្តេចនានាដែលព្រះអង្គបានតែងតាំងឲ្យធ្វើជាស្តេចនៅអ៊ីស្រាអែល។
26ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយបានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
27ព្រះបាទដាវីឌគ្រងរាជ្យជាស្តេចស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
28ព្រះអង្គបានសោយទិវង្គតដោយជរា បន្ទាប់ពី មានអាយុយឺនយូរ ហើយទ្រព្យសម្បត្ដិស្ដុកស្ដម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូនជាបុត្របានឡើងស្នងរាជ្យបន្តពីព្រះបិតា។
29សមិទ្ធិផលនៃរាជកិច្ចទាំងឡាយរបស់ស្តេចដាវីឌត្រូវបានសរសេរនៅក្នុងប្រវត្ដិសាស្ដ្ររបស់ព្យាការីសាំយូអែល ព្យាការីណាថាន់ និងនៅក្នុងប្រវត្តិសាស្ត្ររបស់ព្យាការីកាដ។
30គេ​ក៏​រៀប​រាប់​អំពី​រាជ​សម្បត្តិ និង​វិរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច ព្រម​ទាំង​ហេតុ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជ‌កាល​របស់​ស្ដេច ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ក្នុង​អាណា‌ចក្រ​ដទៃ​ទៀត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។