ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 26

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះជាការបែងចែករបស់អ្នកយាមទ្វារ ពីកុលសម្ព័ន្ធកូរ៉ា មានលោកមេសេលេមីយ៉ាជាកូនរបស់លោកកូរ៉េ ជាពូជពង្សរបស់អេសាភ។
2កូនប្រុសរបស់លោកមេសេលេមីយ៉ាមាន៖ លោកសាការី ជាកូនច្បង លោកយ៉ាឌែលជាកូនទីពីរ លោកសេបាឌាជាកូនទីបី លោកយ៉ាណាលជាកូនទីបួន
3លោកអេឡាមជាកូនទីប្រាំ​ លោកយេហូហាណានជាកូនទីប្រាំមួយ លោកអេលាហូណៃជាកូនទីប្រាំពីរ។
4កូនប្រុសរបស់លោកអូបិឌ-អេឌមមាន៖ លោកសេម៉ាយ៉ាជាកូនច្បង លោកយេហូសាបាតជាកូនទីពីរ លោកយ៉ូអាជាកូនទីបី សាខារជាកូនទីបួន លោកណាថាណែលជាកូនទីប្រាំ
5អលោកមាលាជាកូនទីប្រាំមួយ លោកអ៊ីសាកជាកូនទីប្រាំពីរ លោកពេលូថាយជាកូនទីប្រាំបី ដ្បិត ព្រះជាម្ចាស់បានប្រទានពរដល់លោកអូបេដអេដុម។
6លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​អូបេដ‌អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត ​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។
7កូនៗរបស់សេម៉ាយ៉ា មានលោកអូតនី លោករេផាអែល លោកអូបិឌ និងលោកអែលសាបាត។ ញាតិសន្ដានរបស់គាត់គឺលោកអេលីហ៊ូ និងលោកសេម៉ាស៊ីយ៉ាក៏ជាបុរសដែលមានសមត្ថភាពច្រើនដែរ។
8អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអូបិឌ-អេដុម។ ពួកគេ និងកូនប្រុសព្រមទាំងសាច់ញាតិរបស់ពួកគេគឺជាបុរសដែលមានសមត្ថភាពបំពេញភារកិច្ចរបស់ពួកគេក្នុងការងារបម្រើព្រះជាម្ចាស់នៅក្នុងព្រះពន្លា។ ពួកគេមានគ្នា៦២នាក់ដែលត្រូវជាសាច់ញាតិរបស់លោកអូបិឌ-អេដុម។
9លោកមេសេលេមីយ៉ាមានកូនប្រុស និងសាច់ញាតិចំនួនដប់ប្រាំបីនាក់ដែលសុទ្ធតែមានសមត្ថភាព។
10កូនប្រុសរបស់លោកហូសាដែលជាកូនចៅរបស់ម៉្រារីមាន លោកស៊ីមរីជាមេដឹកនាំ (ទោះបីគាត់មិនមែនជាកូនច្បងក៏ដោយឪពុកគាត់បានតែងតាំងគាត់ឲ្យធ្វើជាមេដឹកនាំ)
11លោកហ៊ីលគីយ៉ាទីពីរ លោកថេបាលាជាកូនទីបី លោកសាការី ជាកូនទីបួន ។ កូនប្រុស និងញាតិសន្ដានរបស់លោកហូសាទាំងអស់មានចំនួនដប់បីនាក់។
12ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ​ជា​បងប្អូន​របស់​គេ មាន​មុខងារ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។
13ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់។
14ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាកា‌រី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។
15លោកអូបិឌ-អេដុមត្រូវបានតែងតាំងឲ្យយាមទា្វរខាងត្បូង ចំណែកកូនៗរបស់គាត់ត្រូវយាមឃ្លាំង។
16លោកស៊ូភីម និងលោកហូសាត្រូវយាមទ្វារខាងលិច និងទ្វារសាលេគែត ដែលស្ថិតនៅផ្លូវខាងលើ។ គ្រប់ក្រុមគ្រួសារត្រូវចែកវេនគ្នាយាម។
17នៅទិសខាងកើតមានពួកលេវី ៦នាក់ ខាងជើងបួននាក់ក្នុងមួយថ្ងៃ នៅខាងត្បូងមានបួននាក់ក្នុងមួយថ្ងៃហើយនៅឃ្លាំងមានពីរគូ។
18នៅទីលានខាងលិចមានបន្ទប់អមបួន ហើយមានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់យាមតាមមាត់ទ្វារបន្ទប់អមនោះ។
19អ្នកទាំងនេះជាក្រុមអ្នកយាមទ្វារ។ ពួកគេត្រូវបានជ្រើសរើសពីកូនចៅរបស់លោកកូរ៉ា និងកូនចៅលោកម៉្រារី។
20ក្នុងចំណោមពួកលេវីលោកអហ៊ីយ៉ាទទួលខុសត្រូវលើទ្រព្យសម្បត្ដិក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ និងទ្រព្យសម្បត្ដិដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
21កូនចៅរបស់លោកឡាដានជាកូនចៅរបស់លោកគើរសុន អ្នកដែលជាមេដឹកនាំលើក្រុមគ្រួសាររបស់ឡាដានពីអំបូរគើរសុនមាន លោកយេហ៊ីលី និងកូនៗរបស់គាត់
22គឺលោកសេថាមនិងយ៉ូអែលជាបងប្អូនរបស់គាត់ដែលមើលខុសត្រូវលើឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។
23ក្នុងនោះក៏មានឆ្មាំទ្វារ ដែលចាប់ឆ្នោតពីត្រកូលរបស់លោកអាំរ៉ាម លោកអ៊ីសា លោកហេប្រុន និងលោកអ៊ូសៀល។
24លោកសេបួលជាកូនរបស់លោកគើរសុមដែលជាកូនរបស់លោកម៉ូសេជាអ្នកមើលខុសត្រូវលើឃ្លាំង។
25សាច់ញាតិរបស់គាត់មកពីអំបូរអេលាស៊ើរមានរេហាប៊ីយ៉ា លោករេហាប៊ីយ៉ាជាឪពុកលោកយេសាយ៉ា លោកយេសាយ៉ាជាឪពុកលោកយ៉ូរ៉ាម លោកយ៉ូរ៉ាមជាឪពុករបស់លោកស៊ីគ្រី លោកស៊ីគ្រីជាឪពុកជាឪពុករបស់លោកសេឡូម៉ូត។
26លោក​សេឡូ‌ម៉ូត និង​បងប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការ​ទាំង​ប៉ុន្មានដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។
27វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជ័យ‌ភណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។
28ពួកគេគ្រប់គ្រងលើវត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាំយូ‌អែលជាព្យាការី ​ព្រះ‌បាទ​សូលជា​បុត្រ​របស់​លោក​គីស លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ថ្វាយ​ព្រះ‌អម្ចាស់។ គ្រប់របស់ទាំងអស់សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សេឡូ‌ម៉ូត និង​បងប្អូន​របស់​គាត់។
29ក្នុងចំណោមកូនចៅរបស់លោកអ៊ីសាមានលោកកេណាយ៉ា និងកូនប្រុសរបស់លោកទទួលបន្ទុកកិច្ចការស៊ីវិលនៃប្រជាជនអ៊ីស្រាអែល។ ពួកគេជាមន្រ្តី និងជាចៅក្រម។
30ក្នុងចំណោមកូនចៅរបស់លោកហេប្រុនមានហាសាប៊ីយ៉ា និងបងប្អូនរបស់គាត់ដែលមានចំនួន ១, ៧០០ នាក់ជាអ្នកទទួលខុសត្រូវលើកិច្ចការរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្តេច។ ពួកគេស្ថិតនៅភាគខាងលិចទន្លេយ័រដាន់។
31ពីចំណោមកូនចៅលោកហេប្រូន មានលោកយេរីយ៉ាជាមេដឹកនាំ ហើយបានរាប់បញ្ចូលក្នុងបញ្ជីគ្រួសាររបស់ពួកគេ។ នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌពួកគេបានពិនិត្យមើលកំណត់ត្រានានាហើយបានរកឃើញក្នុងចំណោមពួកគេដែលជាមនុស្សពូកែនៅយ៉ាសើរនៅស្រុកកាឡាត។
32លោកយេរីយ៉ាមានសាច់ញាតិចំនួន ២, ៧០០ នាក់ដែលជាមេដឹកនាំគ្រួសារដែលមានសមត្ថភាព។ ព្រះបាទដាវីឌតែងតាំងអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលសម្រាប់កិច្ចការទាំងអស់ដែលទាក់ទងនឹងព្រះ និងសម្រាប់ស្ដេច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។