ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 23

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេលព្រះបាទដាវីឌមានអាយុចាស់ណាស់ហើយ ព្រះអង្គបានតែងតាំងព្រះបាទសាឡូម៉ូនជាបុត្រឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល។
2ស្តេចបានប្រមូលមេដឹកនាំអ៊ីស្រាអែលទាំងអស់ និងក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីឲ្យមកជួបជុំគ្នា។
3គេរាប់ចំនួនក្រុមលេវីដែលមានអាយុសាមសិបឆ្នាំឡើងទៅ។ ពួកគេទាំងអស់មានចំនួន៣៨, ០០០នាក់។
4ព្រះបាទដាវីឌមានរាជឱង្កាថា៖ «ក្នុងចំណោមមនុស្សទាំងនេះមានពីរម៉ឺនបួនពាន់នាក់ត្រូវមើលការខុសត្រូវលើកិច្ចការរបស់ព្រះដំណាក់របស់ព្រះអម្ចាស់ហើយប្រាំមួយពាន់នាក់ជាមន្ដ្រី និងជាចៅក្រម។
5បួនពាន់​នាក់ទៀត​ជា​អ្នក​យាម​ទ្វារ​ព្រះ‌ដំណាក់ បួនពាន់នាក់ ជា​អ្នក​ចម្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​កាន់​ឧបករណ៍​ភ្លេង​ដែល​យើង​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។
6ព្រះ‌បាទ​ដាវីឌ​បាន​បែង​ចែក​កូន​ចៅ​លេវី​ជា​ក្រុម តាម​អំបូរ​របស់​ពួក​គេ គឺ​អំបូរ​គើរ‌សុន អំបូរ​កេ‌ហាត់ និង​អំបូរ​ម៉្រារី។
7មកពីអំបូរកូនចៅ​របស់​លោក​គើរ‌សុន​មាន ឡាដាន និង​ស៊ី‌ម៉ៃ។
8កូន​របស់​លោក​ឡាដាន​មាន​បី​នាក់​គឺ យេហ៊ី‌អែល​ជា​មេ​ដឹក​នាំ សេថាម និង​យ៉ូ‌អែល។
9កូន​របស់​លោក​ស៊ី‌ម៉ៃ​មាន​បី​នាក់​គឺ សេឡូ‌ម៉ូត ហាស៊ាល និង​ហារ៉ាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាដាន។
10លោក​ស៊ី‌ម៉ៃ​មាន​កូន​បួន​នាក់​ទៀត​គឺ យ៉ាហាត់ ស៊ីស្សា យេអ៊ូស និង​បេរា។
11លោក​យ៉ាហាត់ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីស្សាជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូសនិង​លោក​បេរា គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ ទទួលខុសត្រូវលើការងារតែមួយ។
12លោកកេហាត់មានកូនប្រុសបួននាក់គឺអាំរ៉ាម អ៊ីសារ, ហេប្រូននិងអ៊ូសៀល។
13កូនប្រុសៗរបស់លោកអាំរ៉ាមគឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអើរ៉ុនត្រូវបានជ្រើសរើសឲ្យញែកអ្វីៗដែលសក្ការបំផុតដែលគាត់ និងកូនចៅរបស់គាត់ត្រូវថ្វាយគ្រឿងក្រអូបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គ និងប្រទានពរក្នុងនាមព្រះអង្គជារៀងរហូត។
14ប៉ុន្តែ លោកម៉ូសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់កូនៗ របស់លោកត្រូវបានគេចាត់ទុកថា ជាពួកលេវី។
15កូនប្រុសៗរបស់ម៉ូសេគឺគើរសុម និងអេលាស៊ើរ។
16កូនចៅរបស់លោកគើរសុមគឺសេប៊ូអែលជាកូនច្បង។ កូនចៅរបស់អេលីស៊ើរគឺរេហាបយ៉ា។
17អេលាស៊ើរមិនមានកូនប្រុសទៀតទេ ប៉ុន្តែ លោករេហាបយ៉ាមានកូនចៅជាច្រើន។
18កូនប្រុសរបស់អ៊ីសហាគឺស៊ីឡូមជាមេដឹកនាំ។
19កូនចៅ​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា ជា​កូនច្បង លោក​អម៉ា‌រីយ៉ា​ជា​កូន​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​កូន​ទី​បី និង​លោក​យេកា‌មាម​ជា​កូន​ទី​បួន។
20កូនប្រុសៗ​របស់​លោក​អ៊ូ‌ស៊ាល​គឺ លោក​មីកា ជាកូនទីមួយ និង​លោក​យីសយ៉ា ជា​កូន​ទី​ពីរ។
21កូនចៅរបស់លោកម៉្រារីមាន លោកម៉ាលី។ កូនប្រុសៗរបស់លោកម៉ាលីមានអេលាសា និងគីស។
22អេលាសាបានស្លាប់ដោយមិនមានកូនទេ គាត់មានតែកូនស្រីៗប៉ុណ្ណោះ។ កូនៗរបស់លោកគីស បានរៀបការជាមួយពួកគេ។​
23កូនទាំងបីរបស់លោកមូស៊ី គឺម៉ាលី អេដើ និងយេរេម៉ូត។
24ទាំងនេះជាកូនចៅលេវីទៅតាមពូជអំបូររបស់ពួកគេ។ ពួកគេជាមេដឹកនាំដែលត្រូវបានគេរាប់បញ្ចូលក្នុងត្រកូលនៃអំបូរដែលត្រូវធ្វើកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ។
25ព្រះបាទដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គបានប្រទានឲ្យប្រជាជនរបស់ព្រះអង្គសម្រាក។ ព្រះអង្គបានសង់ព្រះដំណាក់របស់ព្រះអង្គនៅក្រុងយេរូសាឡឹមរហូតតទៅ។
26ដូច្នេះ ពួក​លេវី​មិន​ចាំបាច់​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា​ទៀត​ឡើយ»។
27គេបានរាប់ចំនួនកូនចៅលេវីចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ព្រះបាទដាវីឌ។
28ពួកគេមានភារកិច្ចជួយកូនចៅរបស់លោកអើរ៉ុនក្នុងការបំពេញកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេត្រូវថែរក្សាទីធ្លា បន្ទប់នានា ពិធីជម្រះវត្ថុផ្សេងៗដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធនិងបំពេញកិច្ចការផ្សេងៗទៀតក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
29ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ រៀបចំ​ម្សៅ​ម៉ដ្ដ​សម្រាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀបចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀតដែលលាយជាមួយប្រេង។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់និងទំហំ​នៃរង្វាល់​ទាំង​ប៉ុន្មាន​ដែរ។
30ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
31ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃបុណ្យ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជានិច្ច នៅចំពោះព្រះជាម្ចាស់។
32ពួកគេទទួលបន្ទុកក្នុងការមើលថែពន្លាជួបព្រះអម្ចាស់ ទីសក្ការបូជា និងជួយកូនចៅអើរ៉ុនក្នុងការបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។