1ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទីនេះជាព្រះដំណាក់របស់ព្រះជាម្ចាស់នឹងអាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូលរបស់ជនជាតិអ៊ីស្រាអែល»។
2ព្រះបាទដាវីឌក៏បញ្ជាឲ្យអ្នកបម្រើរបស់លោកប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលឲ្យមកជួបជុំគ្នា។ ព្រះករុណាបានចាត់តាំងពួកគេឱ្យធ្វើជាជាងចម្លាក់ថ្មកាត់ដុំថ្មដើម្បីសង់ព្រះដំណាក់របស់ព្រះជាម្ចាស់។
3ព្រះបាទដាវីឌបានត្រៀមដែកយ៉ាងច្រើនទុកធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើតម្ពក់។ ព្រះអង្គក៏បានត្រៀមលង្ហិនយ៉ាងច្រើនសន្ធឹកដែលមិនអាចថ្លឹងបានដែរ
4ហើយមានឈើតាត្រៅយ៉ាងច្រើនសន្ធឹកដែលគេមិនអាចរាប់បាន។(ដ្បិតអ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុសបាននាំយកឈើតាត្រៅយ៉ាងសន្ធឹកមកថ្វាយព្រះបាទដាវីឌ)។
5ព្រះបាទដាវីដមានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រាយើង នៅក្មេងហើយគ្មានបទពិសោធន៍ រីឯដំណាក់ដែលត្រូវសង់ថ្វាយព្រះអម្ចាស់ត្រូវតែមានភាពថ្កុំថ្កើងរុងរឿងនិងល្បីល្បាញជាងគេនៅក្នុងស្រុកនានា។ ដូច្នេះយើងនឹងត្រៀមសំភារៈសំរាប់ការសាងសង់អាគារនេះ»។ ដូច្នេះព្រះបាទដាវីឌបានត្រៀមសំភារៈសាងសង់ជាច្រើនមុនពេលព្រះអង្គសោយទិវង្គត។
6ព្រះបាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែផ្ដាំឲ្យសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
7ព្រះអង្គមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សម្រាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។
8ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា៖ឯងបានបង្ហូរឈាមច្រើនណាស់ ហើយឯងក៏បានធ្វើសង្គ្រាមជាច្រើនផង។ ដូច្នេះ ឯងមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតឯងបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។
9ទោះជាយ៉ាងណា ឯងនឹងមានកូនប្រុសម្នាក់ដែលនឹងក្លាយជាបុរសដែលមានសន្តិភាព។ យើងនឹងអោយគាត់សំរាកពីខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញ។ ដ្បិតឈ្មោះរបស់គេត្រូវហៅថាសាឡូម៉ូនហើយយើងនឹងអោយអ៊ីស្រាអែលមានសុខសាន្តត្រាណនៅក្នុងរាជរបស់គេ។
10បុត្រនោះនឹងសង់ដំណាក់សំរាប់នាមយើង។ គេនឹងក្លាយជាកូនរបស់យើងហើយយើងនឹងធ្វើជាឪពុករបស់គេ។ យើងនឹងតាំងបល្ល័ង្កនៃរាជាណាចក្ររបស់ព្រះអង្គគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលរហូតតទៅ។
11ឥឡូវនេះបុត្រអើយសូមអោយព្រះអម្ចាស់គង់ជាមួយបុត្រនិងជួយអោយបុត្រទទួលជោគជ័យ។ សូមឲ្យបុត្រអាចសង់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់បុត្រដូចព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់។
12មានតែព្រះអម្ចាស់ទេដែលអាចផ្តល់យោបល់និងប្រាជ្ញាដល់បុត្រដើម្បីអោយបុត្រប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រនៅពេលដែលព្រះអង្គតែងតាំងបុត្រអោយគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។
13ប្រសិនបើបុត្រប្រតិបត្តិតាមក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេស្ដីអំពីជនជាតិអ៊ីស្រាអែលនោះបុត្រមុខជាទទួលជោគជ័យមិនខាន។ ចូររឹងមាំនិងក្លាហាន។ កុំខ្លាចឬបាក់ទឹកចិត្តឡើយ។
14ឥឡូវនេះ មើល៍បិតាបានត្រៀមរៀបចំទុកសំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាសចំនួន១០ម៉ឺនតោន ប្រាក់មួយលានតោនហើយលង្ហិននិងដែកយ៉ាងច្រើនសន្ធឹក។បិតាក៏បានត្រៀមឈើនិងថ្មផងដែរ។បុត្រត្រូវតែបន្ថែមលើអ្វីៗទាំងអស់នេះបន្ថែមទៀត។
15បុត្រមានកម្មករច្រើននាក់នៅជាមួយបុត្រ៖ គឺមានជាងចម្លាក់ថ្ម ជាងចម្លាក់ឈើ ជាងឈើនិងជាងសិប្បកម្មជំនាញគ្រប់ប្រភេទ។
16សុទ្ធតែជាអ្នកអាចធ្វើការជាមួយមាសប្រាក់លង្ហិននិងដែក។ ដូច្នេះចូរចាប់ផ្តើមធ្វើការហើយសូមព្រះអម្ចាស់គង់ជាមួយបុត្រ» ។
17ព្រះបាទដាវីឌក៏បញ្ជាអោយមេដឹកនាំអ៊ីស្រាអែលទាំងអស់ជួយព្រះបាទសាឡូម៉ូនជាបុត្រដោយពោលថា៖
18«ព្រះអម្ចាស់ជាព្រះរបស់អ្នកគង់នៅជាមួយអ្នកហើយប្រទានអោយអ្នកមានសន្តិភាពនៅគ្រប់ទិសទី។ព្រះអង្គបានប្រគល់ប្រជាជននៅតាមតំបន់នេះមកក្នុងកណ្តាប់ដៃរបស់យើងហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ព្រះអម្ចាស់ និងប្រជារាស្ត្ររបស់ព្រះអង្គដែរ។។
19ឥឡូវនេះចូរស្វែងរកព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិតរបស់អ្នក។ ចូរក្រោកឡើងហើយសង់ទីសក្ការៈរបស់ព្រះ អម្ចាស់ជាព្រះរបស់អ្នក ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់ព្រះជាម្ចាស់ ទៅតម្កល់ទុកក្នុងព្រះដំណាក់ដែលនឹងសង់ឡើងសម្រាប់ព្រះនាមរបស់ព្រះអម្ចាស់»។