ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 21

Read Scripture freely. Divine Threads study for this chapter is coming later.

1មារសាតាំងបានក្រោកឡើងប្រឆាំងនឹងអ៊ីស្រាអែល ហើយបណ្តាលឲ្យព្រះបាទដាវីឌធ្វើជំរឿនជនជាតិអ៊ីស្រាអែល។
2ព្រះបាទដាវីឌមានរាជឱង្កាទៅកាន់លោកយ៉ូអាប់ និងមេបញ្ជាការកងទ័ពថា៖ «ចូរទៅជំរឿនជនជាតិអ៊ីស្រាអែលចាប់ពីបៀរសេបារហូតដល់ដាន់ ហើយរាយការណ៍មកយើង ដើម្បីឲ្យយើងដឹងចំនួនពួកគេ»។
3លោកយ៉ូអាប់មានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់ធ្វើឲ្យកងទ័ពរបស់ព្រះអង្គធំជាងនេះមួយរយដងទៅទៀត។ ប៉ុន្ដែ ព្រះអម្ចាស់របស់ខ្ញុំជាស្តេចអើយ! តើពួកគេទាំងអស់គ្នាមិនមប្រើម្ចាស់ខ្ញុំទេឬអី? ហេតុអ្វីបានជាម្ចាស់របស់ខ្ញុំចង់បានដូច្នេះ? ហេតុអ្វីបានជានាំឲ្យមានកំហុសនេះលើអ៊ីស្រាអែល?
4ប៉ុន្តែ ពាក្យរបស់ព្រះរាជាគឺប្រឆាំងនឹងលោកយ៉ូអាប់។ លោកយ៉ូអាប់ចាកចេញទៅពាសពេញស្រុកអ៊ីស្រាអែលទាំងមូល។ បន្ទាប់មក គាត់បានត្រឡប់មកក្រុងយេរូសាឡិមវិញ។
5លោកយ៉ូអាប់បានរាយការណ៍អំពីចំនួនសរុបនៃចំនួនអ្នកប្រយុទ្ធជូនព្រះបាទដាវីឌ។ នៅអ៊ីស្រាអែលមានបុរស ១, ១០០, ០០០ នាក់ដែលមានដាវអាចច្បាំងបាន។ នៅស្រុកយូដាមានកងទ័ព ៤៧០, ០០០ នាក់។
6ប៉ុន្តែ ពួកលេវី និងពួកបេនយ៉ាមីនមិនត្រូវបានរាប់បញ្ចូលក្នុងចំណោមពួកគេទេ ព្រោះលោកយ៉ូអាប់មិនពេញចិត្ត និងបញ្ជារបស់ស្តេចទេ។
7ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងអំពើនេះទេ ដូច្នេះ ព្រះអង្គក៏វាយប្រហារជនជាតិអ៊ីស្រាអែល។
8ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំបានប្រព្រឹត្ដអំពើបាប ដោយព្រោះការនេះ។ឥឡូវនេះ សូមដកទោសទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គផងព្រោះទូលបង្គំបានប្រព្រឹត្ដល្ងីល្ងើបំផុតហើយ»។
9ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កាដ ជា​ព្យាការីរបស់​ព្រះ‌បាទ​ដាវីឌ​ថា៖
10«ចូរ​ទៅ​ប្រាប់​ដាវីឌ​ដូច​ត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ!»។
11លោកកាដចូលទៅគាល់ព្រះបាទដាវីឌហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ សូមជ្រើសរើសមួយក្នុងចំណោមហេតុការណ៍ទាំងនេះចុះ
12គ្រោះអត់ឃ្លានរយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពនៅចំពោះមុខខ្មាំងសត្រូវរយៈពេលបីខែ ឬដាវរបស់ព្រះអម្ចាស់ គឺជាគ្រោះកាចមួយនៅក្នុងស្រុកដែលទេវតារបស់ព្រះអម្ចាស់បំផ្លាញទូទាំងស្រុកអ៊ីស្រាអែលរយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាសម្រេចថាត្រូវយកមួយណា ដើម្បីទូលបង្គំ ទូលចំពោះព្រះជាម្ចាស់ដែលចាត់ទូលបង្គំអោយមក»។
13ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «ខ្ញុំកំពុងរងទុក្ខវេទនាខ្លាំងណាស់។ សូមឲ្យខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ជាជាងដៃរបស់មនុស្ស ដ្បិត ការប្រព្រឹត្ដដ៏សប្បុរសរបស់ព្រះអង្គធំធេងណាស់»។
14ព្រះអម្ចាស់បានធ្វើឲ្យគ្រោះកាចមកលើជនជាតិអ៊ីស្រាអែលហើយមានមនុស្សប្រាំពីរម៉ឺននាក់បានស្លាប់។
15ព្រះជាម្ចាស់បានចាត់ទេវតាមួយរូបឲ្យទៅបំផ្លាញក្រុងយេរូសាឡឹម។ នៅពេលដែលទេវតាហៀបនឹងបំផ្លាញវាព្រះអម្ចាស់បានឃ្លាំមើលហើយព្រះអង្គបានផ្លាស់ប្តូរព្រះទ័យអំពីការបំផ្លាញនេះ។ ព្រះអង្គមានបន្ទូលទៅកាន់ទេវតាដែលកំពុងតែបំផ្លាញថា៖ «ល្មមហើយ! ឥឡូវសូមដកដៃអ្នកមកវិញទៅ»។ គ្រានោះទេវតារបស់ព្រះអម្ចាស់ឈរនៅលានបោកបែនស្រូវរបស់លោកអណានជាជនជាតិយេប៊ូស។
16ព្រះបាទដាវីឌក្រឡេកមើលទៅឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះផែនដី និងលើមេឃមានកាន់ដាវនៅដៃលើកមកលើក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌនិងពួកព្រឹទ្ធាចារ្យដែលស្លៀកបាវកាន់ទុក្ខបានក្រាបចុះអោនមុខដល់ដី។
17ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «តើមិនមែនទូលបង្គំដែលបញ្ជាអោយរាប់ចំនួនកងទ័ពទេឬអី? ទូលបង្គំបានធ្វើអំពើអាក្រក់នេះ​ តែចៀមទាំងនេះ តើពួកគេបានធ្វើអ្វីខ្លះ? ព្រះជាម្ចាស់អើយ សូមឲ្យគ្រោះកាចនេះបានធ្លាក់មកលើទូលបង្គំ និងគ្រួសារទូលបង្គំវិញ ប៉ុន្តែ សូមកុំឲ្យកើតមានលើប្រជាជនរបស់ព្រះអង្គឡើយ»។
18ទេវតារបស់ព្រះអម្ចាស់បញ្ជាឲ្យលោកកាដទូលព្រះបាទដាវីឌថា៖ «ដាវីឌត្រូវឡើងទៅសង់អាសនៈមួយសម្រាប់ព្រះអម្ចាស់នៅលានបោកស្រូវរបស់អណានជាអ្នកស្រុកយេប៊ូស។
19ព្រះបាទដាវីឌក៏ឡើងទៅតាមការដាស់តឿនរបស់លោកកាដតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
20ពេលលោកអណានកំពុងច្រូតស្រូវសាលី គាត់បែរទៅឃើញទេវតា។ គាត់ និងកូនប្រុសបួននាក់ដែលនៅជាមួយគាត់ក៏បានពួនខ្លួន។
21នៅពេលដែលព្រះបាទដាវីឌទៅជិត លោកអណានបានមើល និងឃើញព្រះបាទដាវីឌ។ លោកចាកចេញពីលានបោកស្រូវហើយក្រាបថ្វាយបង្គំព្រះបាទដាវីឌដល់ដី។
22ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «សូមលក់លានបោកស្រូវនេះឲ្យខ្ញុំផងខ្ញុំនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។
23លោកអណានមានប្រសាសន៍ទៅកាន់ព្រះបាទដាវីឌថា៖ «សូមព្រះករុណាយកវាចុះ! សូមធ្វើតាមអ្វីដែលគួរឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គចុះ។ ទូលបង្គំនឹងប្រគល់របស់ទាំងអស់នេះដល់ព្រះអង្គ» ។
24ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «ទេខ្ញុំសូមទិញអ្វីៗទាំងអស់ដោយពេញថ្លៃ ខ្ញុំនឹងមិនយករបស់អ្នកមកធ្វើជាតង្វាយដុតថ្វាយព្រះអម្ចាស់ទេ ប្រសិនបើ ខ្ញុំមិនបានចំណាយអ្វីសោះ»។
25ដូច្នេះ ព្រះបាទដាវីឌបានចំណាយមាសប្រាំមួយរយតម្លឹងសម្រាប់កន្លែងនោះ។
26ព្រះបាទដាវីឌសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះហើយក៏ថ្វាយតង្វាយដុតទាំងមូល និងតង្វាយមេត្រីនៅទីនោះ។ ព្រះបាទដាវីឌបានអង្វររកព្រះអម្ចាស់ ហើយព្រះអង្គបានឆ្លើយតបដោយភ្លើងពីលើមេឃមកលើអាសនៈថ្វាយតង្វាយដុតទាំងមូល។
27ក្រោយមកព្រះអម្ចាស់បានបញ្ជាឲ្យទេវតាដាក់ដាវចូលទៅក្នុងស្រោមវិញ។
28ពេលព្រះបាទដាវីឌឃើញថាព្រះអម្ចាស់បានឆ្លើយតប និងពាក្យទូលអង្វររបស់ព្រះអង្គនៅលានបោកស្រូវរបស់លោកអណានជាអ្នកស្រុកយេប៊ូស ព្រះករុណាក៏ធ្វើពិធីថ្វាយដង្វាយនៅទីនោះ។
29នៅគ្រានោះ ព្រះពន្លារបស់ព្រះអម្ចាស់ដែលលោកម៉ូសេបានធ្វើនៅវាលរហោស្ថាន និងអាសនៈសម្រាប់ថ្វាយតង្វាយដុតស្ថិតនៅលើទីសក្ការៈនៅគីបៀន។
30ទោះយ៉ាងណាព្រះបាទដាវីឌមិនអាចទៅទីនោះ ដើម្បីសុំការណែនាំពីព្រះជាម្ចាស់ទេ ដោយព្រោះខ្លាចដាវរបស់ទេវតារនៃព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។